អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែលកំពុងប្រឈមខ្លាំងនឹង​អស្ថិរភាព អសន្តិសុខ រងការវាយ​ប្រហារពីគ្រប់ទិស ទាំងពីក្រៅទាំងពីក្នុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែល​ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​ បាន​កើតកំដៅខ្លាំងគួរឲ្យ​បារម្ភបំផុត។ ក្រោយ​ប្រតិបត្តិការបង្ក្រាបដ៏ហិង្សារបស់សមត្ថកិច្ច​អ៊ីស្រាអែល ​នៅក្នុងព្រះវិហារម៉ូស្កេក្រុងហ្សេរុយសាឡឹម ដែលជាទីសក្ការៈកំពូលនៃសាសនាអ៊ីស្លាម អ៊ីស្រាអែល បានរង​នូវ​ការវាយប្រហារភេរវកម្ម​ផ្ទួនៗគ្នា។ បន្ថែមពីនេះ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបាន​បាញ់​ចេញ ពីលីបង់និង​ពី​ស៊ីរី សំដៅមកខាងជើងអ៊ីស្រាអែល។ លោក​នាយក​រដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយ​ប្រហារឆ្លើយតបវិញ។ ស្ថានការណ៍​ដ៏តានតឹងនេះ កំពុងធ្វើ​ឲ្យមានការព្រួយបារម្ភខ្លាំងណាស់ អំពីស្ថិរភាព និងសន្តិភាព​តំបន់ដើមបូព៌ា ដែល​អ៊ីស្រាអែលក្រោមការដឹកនាំរបស់ក្រុមស្តាំនិយមជ្រុល កាន់តែរឹងរូស និង​កាន់តែសំបូរសត្រូវ​ក្នុងតំបន់​។

កងសមត្ថកិច្ចអ៊ីស្រាអែលយាមការពារជូនជនជ្វីហ្វ ឡើងទៅសូត្រធម៌នៅលើទីលានខាងមុខ​ព្រះវិហារឥស្លាម Al-Aqsa ថ្ងៃអាទិត្យ ទី៩ មេសា ២០២៣
កងសមត្ថកិច្ចអ៊ីស្រាអែលយាមការពារជូនជនជ្វីហ្វ ឡើងទៅសូត្រធម៌នៅលើទីលានខាងមុខ​ព្រះវិហារឥស្លាម Al-Aqsa ថ្ងៃអាទិត្យ ទី៩ មេសា ២០២៣ AP - Mahmoud Illean
ផ្សាយពាណិជ្ជកម្ម

ភេរវកម្មនៅក្នុង​ និង​គ្រាបរ៉ូកែត​ពីខាងក្រៅ​

ស្ថានភាពសន្តិសុខអ៊ីស្រាអែល ហាក់​បាន​ធ្លាក់ដុនដាបខ្លាំងណាស់ ដែលប្រភពបញ្ហា វាមិនទៅណាឆ្ងាយ​ ពីជម្លោះជាតិសាសន៍ ទឹកដី និងសាសនា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនហ្នឹងទេ។ កាលពីយប់ថ្ងៃសុក្រកន្លងទៅ ការវាយប្រហារភេរវកម្ម​២ បាន​កើតឡើង មួួយនៅ​ក្រុងទែលអាវីវ ជនអារ៉ាប់ម្នាក់ បានបើករថយន្តបំបុកមនុស្ស បង្កឲ្យ​ស្លាប់អ្នកទេសចរណ៍ជនជាតិអ៊ីតាលីម្នាក់ និងរបួសមនុស្ស​៧នាក់ផ្សេងទៀត។ ករណីវាយ​ប្រហារមួយទៀត បង្កឡើងដោយជនប៉ះឡេស្ទីន ដែលបានបាញ់រះលើរថយន្ត នៅតំបន់ស៊ីហ្សកដានី បណ្តាលឲ្យស្លាប់នារីអ៊ីស្រាអែល​២នាក់​បងប្អូន អាយុ ១៧ឆ្នាំ និង​២០ឆ្នាំ។

នៅថ្ងៃសៅរ៍​ជនប៉ាឡេស្ទីនម្នាក់អាយុ២០ឆ្នាំ នៅតំបន់Azzun ខាងជើងស៊ីហ្សកដានី ត្រូវបាន​សមត្ថកិច្ចអ៊ីស្រាអែលបាញ់ស្លាប់។ សមត្ថកិច្ចអ៊ីស្រាអែលអះអាងថា ក្នុងប្រតិបត្តិការ​ចុះការពារសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន នៅតំបន់អាណានិគមជ្វីហ្វខាងជើងស៊ីហ្សកដានី ក្រុមយុវជន​ប៉ាឡេស្ទីនហិង្សាបាននាំគ្នាគុបដុំថ្ម និង​គ្រាប់ផ្ទុះជាច្រើនមកលើសមត្ថកិច្ចអ៊ីស្រាអែល ដែលតម្រូវឲ្យ​ខាងគេឆ្លើយបតវិញដើម្បីបំបែកហ្វូង។

នៅភាគខាងជើង​អ៊ីស្រាអែលឯណោះ គ្រាប់រ៉ូកែតប្រមាណ​ជាង​៣០គ្រាប់ត្រូវបានបាញ់ចេញពីលីបង់ សំដៅមកអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍​។ យោងតាមកងទ័ពអ៊ីស្រាអែល គឺ​ក្រុមហាម៉ាប៉ាឡេស្ទីនប្រចាំនៅខាងត្បូងលីបង់ ដែលបានបាញ់គ្រាប់រ៉ូកែតទាំងនេះ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបទៅវិញ ដោយ​បាន​បាញ់មីស៊ីលកំទេចទីតាំងស្តុកគ្រាប់ និងជំរំលាក់ខ្លួនរបស់​ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលក៏បាន​បើកការវាយប្រហារទៅលើ​ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដែរ​។​

ហើយនៅយប់ថ្ងៃសៅរ៍ គ្រាប់រ៉ូកែតចំនួនយ៉ាងហោច៣គ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីស៊ីរី សំដៅមកខ្ពង់រាបហ្គោឡាន ភាគខាងជើងអ៊ីស្រាអែល។ ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល​​បានស្ទាក់កំទេចបាន​គ្រាប់រ៉ូកែតមួយគ្រាប់។ កងទ័ពអ៊ីស្រាអែលក៏បានឆ្លើយតបទៅវិញ នៅវេលាម៉ោង​៥ព្រឹកទាបភ្លឺ ដោយ​បាន​ប្រើយានដ្រូន និងបានបាញ់មីស៊ីល សំដៅទីតាំងមួយចំនួននៅភាគខាងត្បូងស៊ីរី។ ផ្អែកតាមប្រភពពីកងទ័ពស៊ីរី ដែល​បញ្ជាក់​ប្រាប់បណ្តាញព័ត៌មាន Sana គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល បានបង្កឲ្យ​មានការខូចខាតសម្ភារៈ មិនមានស្លាប់​មនុស្សទេ ហើយ​ប្រព័ន្ធខែលមីស៊ីលស៊ីរី បានស្ទាក់កំទេចបាន​ច្រើនគ្រាប់។ ចំណែក​កងទ័ពហ្សកដានីវិញ ដែលស្ថិតនៅ​ក្បែរនោះ បានអះអាងថាយប់ថ្ងៃសៅរ៍ មានគ្រាប់មីស៊ីលបាន​ផ្ទុះលើមេឃ ធ្លាក់បំណែកចូលក្នុងទឹកដី​ហ្សកដានី មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែនស៊ីរី។

វិហារឥស្លាម អាល់អាក់សា

អំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំងនេះ វាគឺជាលទ្ធផលដោយ​ផ្ទាល់តែម្តង នៃ​ប្រតិបត្តិការ​ចូល​បង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងព្រះវិហារអាល់អាក់សា ដែលជាវិហារឥស្លាមជាទីសក្ការៈបំផុតរបស់អ្នកកាន់សាសនាឥស្លាម​។ កាលពីថ្ងៃពុធ សមត្ថកិច្ចអ៊ីស្រាអែល បានអះអាងថាខ្លួនបានចូលទៅបំបែក​ក្រុមជ្រុលនិយមហិង្សា ដែល​ប្រមូលកម្លាំងគ្នា ដាក់រនាំងនៅក្នុងវិហារអាល់អាក់សា រារាំងមិនឲ្យជនជាតិជ្វីហ្វចូលទៅ។ អន្តរាគមន៍ចូលបង្ក្រាប បានបង្កឲ្យ​ផ្ទុះអំពើហិង្សា បាញ់ប្លោងគ្រាប់ គុបដុំថ្ម គុប​គ្រាប់បែកផ្សែង បាញ់កាំជ្រួចផ្កាភ្លើង ផ្ទុះឆេះយ៉ាងអាណាធិបតេយ្យបំផុតនៅក្នុងព្រះវិហារជាទីសក្ការៈនេះ។

ដើម្បី​យល់ពីស្ថានការណ៍ហិង្សា​នេះ យើងត្រូវដឹងពីបរិបទដែលពាក់ព័ន្ធនឹង​ព្រះ​វិហារម៉ូស្កេនេះ គួបផ្សំជាមួយ​កាលៈទេសៈពេលវេលាផងដែរ។ ឆ្នាំនេះ ពិធីបុណ្យ​រ៉ាម៉ាដង់ ឬយើងហៅថាបុណ្យបួសឥស្លាម គឺវាចំពេលជាមួយគ្នា និង​បុណ្យ​ប៉េស្សា ដ៏សំខាន់បំផុតមួយនៃប្រជាជនជ្វីហ្វ។ សហគមន៍អ្នកកាន់សាសនាទាំង២នេះ នៅក្រុងហ្សេរុយសាឡឹមសុទ្ធតែរៀបចំពិធីសូត្រធម៌យ៉ាងធំរៀងៗខ្លួន ដែលធ្វើឲ្យវា​បង្កើននូវសន្ទុះកំហឹង ច្រណែនគ្នា ស្អប់គុំគួនគ្នាខ្លាំង ដោយសារតែបញ្ហាសាសនានេះឯង។ ពោលគឺការរួមរស់ជាមួយគ្នា រវាងសាសនាទាំង២នេះ វាហាក់ដូចជាលំបាកលំបិន តឹងតែងខ្លាំងណាស់។

ព្រះវិហារឥស្លាម អាល់អាក់សា នៅក្រុងហ្សេរុយសាឡឹម​ ដែលយើងតែងតែឃើញក្នុងរូបថត មានដំបូលមូល​ពណ៌មាសដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់នៅសតវត្សទី៧។ វិហារនេះ សង់នៅលើទីទួលថ្មភ្នំ ដែលជាអតីត​ទីតាំងប្រាសាទបុរាណ​ជាទីសក្ការៈ ចំណាស់រាប់ពាន់ឆ្នាំមកហើយ របស់សាសនាជ្វីហ្វ។​ ពោលគឺទីកន្លែងនេះ ជាទីសក្ការៈរបស់អ្នកកាន់សាសនាជ្វីហ្វ ជាយូរលង់មកហើយ តាំងតែពីសាសនាអ៊ីស្លាម និងសាសនាគ្រិស្តមិនទាន់​ចាប់កំណើតទៅទៀត។

ក្រោយការកកើតរដ្ឋអ៊ីស្រាអែលឡើងវិញ និងបន្ទាប់​ពីអ៊ីស្រាអែល​បានចូលកាន់កាប់ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹមនៅឆ្នាំ​​១៩៦៧ គឺអ៊ីស្រាអែលជាអ្នកគ្រប់គ្រង​ទីក្រុងចាស់ហ្សេរុយសាឡឹម ដែលព្រះវិហារនេះស្ថិតនៅ។ ក៏ប៉ុន្តែ មានកិច្ចព្រមព្រៀងមួយ​ត្រូវបានចុះហត្ថលេខា ដោយព្រះវិហារអាល់អាក់សារ ព្រមទាំង​ទីលាន​ខាងមុខ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិឥស្លាមមួយ ចាត់ចែងដោយ​ប្រទេសហ្សកដានី។ ពោលគឺជនជាតិជ្វីហ្វមិនអាច​ឡើងទៅខាងលើនោះ ដើម្បីបន់ស្រន់សូត្រធម៌បានទេ គឺមានតែជនប៉ាឡេស្ទីន កាន់សាសនាឥស្លាមប៉ុណ្ណោះដែលអាចឡើងទៅបាន។ តែអ្នកគ្រប់គ្រងច្រកចេញចូលគឺខាងអ៊ីស្រាអែល។ ដូច្នេះបញ្ហាត្រង់នេះគឺវាតានតឹង នឹងរសើបខ្លាំងណាស់ ដែលបង្កឲ្យ​មានការប្រទូស្តរាយគ្នាជារឿយរវាងភាគីទាំង​២។

បើកទីលានមុខព្រះវិហារអាល់អាក់សា ឲ្យគ្រប់គ្នាអាចចូលទៅសូត្រធម៌?

ជនជាតិជ្​វីហ្វកាន់តែច្រើនឡើងៗ ដែលបានទាមទារឡើងទៅខាងលើទីលាន​ខាងមុខព្រះវិហារអាល់អាក់សា ដើម្បីបួងសួងសូត្រធម៌ ក្នុងអំឡុងពេលបុណ្យធំៗដូចពេលនេះ​។ ត្រង់ចំណុចនេះ យើងសង្កេតឃើញអំពីគោលជំហរ មិនច្បាស់ប្រាកដរបស់​រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដឹកនាំដោយ​លោកណេតាន់យ៉ាហ៊ូ ជាមួយនឹងសមាជិកមកពីបក្ស​ស្តាំនិយមជ្រុុលជ្វីហ្វ ដែលស្អប់ប៉ាឡេស្ទីនខ្លាំងបំផុត។

លោក​ណេតាន់យ៉ាហ៊ូ និងជាពិសេសគឺលោក Itamar Ben Gvir រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល បានប្រកាសក្តែងៗ មុនពេលដែលមាន​រឿងចលាចលនេះ ថាចង់បើកទីលានខាងមុខព្រះវិហារម៉ូស្កេនេះ ឲ្យ​គ្រប់គ្នាបានចូល មិនថាកាន់សាសនាអ្វីនោះទេ។ ក៏ប៉ុន្តែសម្រាប់ប្រជាជនប៉ាឡេស្ទីន អ្នកកាន់សាសនាឥស្លាម គឺគេ​យល់ថានេះ គឺជាចេតនាទុច្ចរិតរបស់រដ្ឋាភិបាល​លោកណេតាន់យ៉ាងហ៊ូ​ ដែលចង់ឈានទៅគ្រប់គ្រងបន្តិចម្តងៗ នៅលើ​ទីសក្ការៈនេះ​ ហើយយូរៗទៅ អ្នកកាន់សាសនាឥស្លាមនឹងមិនអាចឡើងទៅលើនោះបានទៀតទេ។ ក្រុមជនប៉ាឡេស្ទីនបានស្រែកតវ៉ា ក៏បានកើតជា​ការប្រទូស្តរាយគ្នា ឈានទៅដល់​ការចុះទៅបង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងវិហារនេះ។

ក្រុមហាម៉ាកើនឥទ្ធិពល

យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អំពើហិង្សាការប្រមុខដាក់គ្នាកាន់តែខ្លាំងកក្រើក ហើយគឺក្រុមហាម៉ាស ដែលជាអ្នកបានចំណេញឥទ្ធិពល។ នៅក្នុងក្រសែភ្នែក ក៏ដូចជាទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់យុវជនប៉ាឡេស្ទីន គឺមានតែក្រុុម​ចលនាហាម៉ាប៉ាឡេស្ទីននេះហើយ ដែលជាអ្នកការពារ​ផលប្រយោជន៍​ប៉ាឡេស្ទីន ក៏ដូចជាទីសក្ការៈបូជានៃសាសនាអ៊ីស្លាម​ស៊ូនីត។

យ៉ាងណាមិញ ឲ្យតែមានរឿងប្រទូស្តរាយ រាល់លើក ពាក់ព័ន្ធនឹងព្រះវិហារអាល់អាក់សា គឺក្រុមហាម៉ា ចេញមុខប្រកាសសងសឹកអ៊ីស្រាអែលជានិច្ច ដោយ​ការបាញ់​ប្លោងគ្រាប់ពី​តំបន់ហ្កាហ្សា។ តែអ្វីដែលជាកាត់សំគាល់បន្ថែមទៀតនាពេលនេះ គឺកម្លាំងរបស់ក្រុមហាម៉ាស ហាក់កាន់តែរីកធំ លើសពីតំបន់ហ្កាហ្សា ព្រោះថាលើកនេះ មានគ្រាប់រ៉ូកែតបាញ់ចេញពីភាគខាងត្បូងលីបង់ និងចេញពីស៊ីរី។ យោងតាមការវិភាគ ក្រុមហាម៉ាស ហាក់បានការសហការកាន់តែខ្លាំង ពីក្រុមហេបូឡាលីបង់ ដែលធម្មតាគឺជាអ្នកចាត់ចែងសកម្មភាពប្រដាប់អាវុធនិងវាយប្រហារនៅលីបង់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម​កម្លាំងប្រដាប់អាវុធស៊ីរីកូនចៅអ៊ីរ៉ង់ ក៏ហាក់ដូចជាបានចូលរួមដែរ។

ជាច្រើនឆ្នាំមកហើយ ដែលក្រុម​ប្រដាប់អាវុធឥស្លាមគាំទ្រប៉ាឡេស្ទីនទាំងនេះ នាំគ្នាអំពាវនាវ ឲ្យ​មានការរួមកម្លាំងគ្នា ពោលគឺ ហាម៉ាស បូកជាមួយ​ហេបូឡា និងបូកជាមួយអ៊ីរ៉ង់ ដើម្បីរួមគ្នាវាយសង្គ្រប់លើអ៊ីស្រាអែល​។ ឥឡូវរូបរាងនៃការសាមគ្គីរវាងសត្រូវទាំងអស់របស់អ៊ីស្រាអែលនេះ​ មានទម្រង់កាន់តែច្បាស់ហើយ។ ជាងនេះទៀត ខណៈពេលនេះ ផ្ទៃក្នុងអ៊ីស្រាអែល មានការរំជើបរំជួល ចុះខ្សោយ​​ខ្លាំង ដោយសារ​តែ​​ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងចរន្តគំនិតដឹកនាំបែបស្តាំនិយមជ្រុល និងកាន់តែផ្តាច់ការរបស់លោកណេតាន់យ៉ាហ៊ូ ដែលសហការជាមួយពួកជ្វីហ្វជ្រុលនិយម។

យើងឃើញថាអំពើហិង្សាទាំងអស់នេះ វាមិនអាចចង់ងាយ​ៗទេ​! អ្នករងគ្រោះគ្មាននរណាក្រៅពីជនស៊ីវីលស្លូតត្រង់នោះទេ។ គិតពីដើមឆ្នាំនេះមក អំពើហិង្សារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្តាច់ជីវិតជនប៉ាឡេស្ទីន ចំនួន​៩២នាក់ និងជនស៊ីវីល​អ៊ីស្រាអែល ១៨នាក់​ រួមទាំង​អ្នកទេសចរអ៊ុយក្រែន១នាក់ និង​អ៊ីតាលីម្នាក់ផង។​ ជារួមយើងសង្កេតឃើញថា តំបន់ដើមបូព៌ា កំពុងស្ថិតលើរងើកភ្លើងដែលអាចឆាបឆេះបានគ្រប់ពេលវេលា។ កាតាដែលជាអ្នកសម្របសម្រួល បានត្រឹមតែអំពាវនាវឲ្យ​កាត់បន្ថយភាពតានតឹង ទប់កំហឹងរៀងខ្លួន តែហាក់ដូចជាគ្មាននរណាស្តាប់នោះទេ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ