អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

IMF និង World Bank បើកការ​ប្រជុំ ដើម្បីរៀបចំផែនការ​ហិរញ្ញវត្ថុពិភពលោក​ ​ប្រឈមនឹងវិបត្តិអាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃចន្ទទី​១០មេសានេះទៅ អ្នកជំនាញហិរញ្ញវត្ថុ នៃមូលនិធិរូបិយបណ្ណអន្តរជាតិ ព្រមទាំង​ធនាគារពិភពលោក នឹងបើកការប្រជុំ​រួមគ្នាពេញមួយសប្តាហ៍ ដើម្បី​និយាយអំពីបញ្ហាហិរញ្ញវត្ថុរបស់​ពិភពលោក។​ ដោយសារតែវិបត្តិ​ជាច្រើនជំពូក​និងដ៏ធ្ងន់ធ្ងរ បង្កឡើងដោយសង្គ្រាម និង​វិបត្តិអាកាសធាតុថែមទៀតនោះ សេដ្ឋកិច្ចពិភពលោកយើង​នៅឆ្នាំ​២០២៣នេះ អាចនឹងមានកំណើនទាបបំផុត។ ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម គឺជាអ្នកទទួលរងនូវការលំបាកបំផុត ខណៈគ្រោះមហន្តរាយធម្មជាតិ បានវាយ​ប្រហារកាន់តែញឹកញាប់ និង​កាន់តែកាចសាហាវ។

បុរសម្នាក់ដើរឆ្លងទឹកទន្លេ ដែលជនលិចដោយ​ភ្លៀងធ្លាក់ខ្លាំងមួយរំពេច នៅភាគខាងត្បូងប្រទេសម៉ាឡាវី ថ្ងៃទី ១៨ មីនា ២០២៣​
បុរសម្នាក់ដើរឆ្លងទឹកទន្លេ ដែលជនលិចដោយ​ភ្លៀងធ្លាក់ខ្លាំងមួយរំពេច នៅភាគខាងត្បូងប្រទេសម៉ាឡាវី ថ្ងៃទី ១៨ មីនា ២០២៣​ AP - Thoko Chikondi
ផ្សាយពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ច​មិនដល់​៣%

ពិភពលោកកំពុងឆ្លងកាត់វិបត្តិធ្ងន់ធ្ងរណាស់ អំឡុងពេលនេះ ដែលធ្វើឲ្យ​បរិបទសេដ្ឋកិច្ច ហិរញ្ញវត្ថុមានភាពរួមរិតតូចចង្អៀត មិនសូវមានសង្ឃឹមច្រើនទេ។ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិខ្វះស្បៀងអាហារ វិបត្តិ​ទំនិញឡើងថ្លៃ អតិផរណា បូកបន្ថែមជាមួយ​នឹង​គ្រោះធម្មជាតិក៏កាចសាហាវផ្ទួនៗគ្នា បានធ្វើបាបពិភពលោកយើងសម្បើមណាស់ ប្រមាណ​១ឆ្នាំកន្លងមកនេះ។ លោកស្រី Vera Songwe អ្នកជំនាញសេដ្ឋកិច្ច​ម្នាក់នៃអង្គការសហប្រជាជាតិ បាន​លើកឡើងថា ស្ថានភាពវិបត្តិគ្រប់ជំពូក​បូកបញ្ចូលគ្នា នាពេលបច្ចុប្បន្ននេះ គឺ​វាហាក់ដូចជាពិភពលោកយើង ទើបតែងើបពីភ្នក់​ភ្លើងសង្គ្រាម​អញ្ចឹង។

យោងតាមលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំ​២០២៣នេះ ពិភពលោកយើងនឹងមានកំណើនសេដ្ឋកិច្ច ប្រហែលមិនដល់​ ​៣% ទេ។ ជាងនេះទៀត​ បញ្ហាសេដ្ឋកិច្ចចុះខ្សោយសន្ទុះនេះ នឹងបន្តយូរឆ្នាំទៅមុខទៀត បើតាមការប្រមើល​មើល។ ពោលគឺពេលនេះ ដល់ឆ្នាំ​២០២៨ កំណើនសេដ្ឋកិច្ចពិភពលោក នឹងមិនមានលើសពី​៣% ជាមធ្យមប្រចាំឆ្នាំ។ តាំងតែពីឆ្នាំ​១៩៩០មក សេដ្ឋកិច្ច​ពិភពលោកមិនដែល​មាន​ការរំពឹងទុក​ទន់ខ្សោយដល់ម្លឹងទេ។

ដោយឡែក ការព្យាករណ៍​របស់ធនាគារពិភពលោកវិញ គឺទាបជាងនេះផង។ ផ្អែកតាមធនាគារពិភពលោក ពីនេះ ដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចសកលលោកនឹងមានកំណើន ប្រមាណតែ​២,២% ក្នុងមួយឆ្នាំ ជាមធ្យម។ ពោលគឺវាជាកំណើនដែលទាបបំផុត ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ​។​

កំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​

គឺក្នុងបរិបទដ៏លំបាកតានតឹង​នេះហើយ ទើបស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ មូលនិធិរូបិយបណ្ណអន្តរជាតិ និងធនាគារពិភពលោក បាន​បើកការប្រជុំពេញ​មួយសប្តាហ៍​ចាប់ពីថ្ងៃចន្ទនេះ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព ដែលអាចធ្វើទៅបានដើម្បីដោះស្រាយ​បញ្ហា។ គោលគំនិតធំបំផុត ដែលគេលើកឡើងនៅក្នុងការជជែកគ្នានេះ គឺការធ្វើកំណែទម្រង់ស៊ីជំរៅតែម្តងនៅក្នុង​ស្ថាប័នហិរញ្ញវត្ថុទាំង២នេះ។

គេនិយាយពីការធ្វើកំណែទម្រង់នេះ គឺធ្វើកំណែទម្រង់ ទៅលើបេសកកម្មការងារ ប្រតិបតិ្តការផ្តល់កម្ចីហិរញ្ញវត្ថុ និងជំនួយ​អភិវឌ្ឍន៍ជាដើម។ មានប្រទេសធំៗជាច្រើន ជាក់ស្តែងសហរដ្ឋអាមេរិកតែម្តង ដែលបានទាមទារជាយូរមកហើយ ថាមូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវតែធ្វើកំណែទម្រង់ ឲ្យ​បានស៊ីជំរៅ ដើម្បី​ធ្វើឲ្យ​បេសកកម្ម ប្រតិបត្តិការរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព​។

ដូចគ្នាដែរ លោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាន​លើកឡើងថា ធនាគារពិភពលោកក៏ត្រូវតែរៀបចំសើរើ ពិនិត្យឡើងវិញដែរ នូវបេសកកម្មការងាររបស់ខ្លួន ក៏ដូចជាសាខា​ទាំងអស់របស់ខ្លួន ដើម្បីធ្វើយ៉ាងណា ជួយក្រុមប្រទេសក្រីក្រ ឲ្យ​មានសមត្ថភាព មានលទ្ធភាព ដោះស្រាយបញ្ហាប្រឈមនឹងវិបត្តិអាកាសធាតុ គ្រោះធម្មជាតិដែលកាន់តែធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ។​

និយាយជារួម គឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែប្រមូលកម្លាំង រៀបចំកៀងគរ រកថវិកាឲ្យ​បានច្រើន។ ថវិកាទាំងនេះ គឺសំដៅយកទៅផ្តល់កម្ចី ឲ្យចំគោលដៅនៅតាមប្រទេសក្រីក្រ ដែលត្រូវការបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈម​ជាច្រើន ជួយជីវភាពប្រជាជន ជួយអភិវឌ្ឍន៍​វិស័យសុខាភិបាល វិស័យអប់រំ វិស័យ​កសិកម្មជាដើម។ ការជួយ​ពង្រឹងសមត្ថភាពប្រទេសក្រីក្រ ទប់ទល់នឹងវិបត្តិអាកាសធាតុ វាគឺជាអាទិភាពមួយធំបំផុត ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ រួមទាំងសាខាងទាំងអស់របស់ខ្លួន ត្រូវតែធ្វើ។

ប៉ុន្មានថ្ងៃមុននេះ លោកស្រី Janet Yallen អះអាងថា ការធ្វើកំណែទម្រង់នៅធនាគារពិភពលោក នឹងបើកឱកាសប្រមូលប្រាក់បានប្រមាណ​៥០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីយកទៅ​ជួយ​ប្រទេសក្រីក្រដែលត្រូវការបំផុត។ ការជជែកគ្នាស៊ីជំរៅ រវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តថែមទៀត​នៅខែ​តុលា។

១០០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រទប់ទល់វិបត្តិអាកាសធាតុ​

ប្រាក់៥០ពាន់លានដុល្លារ ដែលជាលទ្ធផលនៃការធ្វើកំណែទម្រង់ប្រតិបត្តិការ របស់ធនាគារពិភពលោកនេះ ត្រូវបាន​អង្គការ Oxfam ចាត់ទុកថាគ្រាន់ជាកំទេចម្សៅតូចប៉ុណ្ណោះ ព្រោះវាតិចខ្លាំងណាស់។ ផ្អែកតាមតួលេខរបស់​វិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​និងទំនាក់ទំនងអន្តរជាតិ "Iddri" គឺគេ​​ត្រូវការប្រាក់ចំនួនយ៉ាងហោច ១០០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីយកទៅចែកចាយ ក្នុងទម្រង់ប្រាក់កច្ចីនានា ឲ្យទៅ​ប្រទេសក្រីក្រ និងប្រទេសមានចំណូលទាប ដើម្បីដោះស្រាយ​ប្រឈមនឹងវិបត្តិអាកាសធាតុ។ ទឹកប្រាក់ដែលបច្ចុប្បន្នមានតែតួលេខទេ ព្រោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំ ប្រមូល​មិនទាន់បានទេ។

លោក Sébastien Treyer នាយកវិទ្យាស្ថាន ដើម្បីការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ៥០ពាន់លានដុល្លារ ដែល​ធនាគារពិភពលោក​ប្រកាសនេះ គឺវាតិចខ្លាំងណាស់។​ លោកបានអំពាវនាវ ថា​ធនាគារពិភពលោក ត្រូវតែដើរតួនាទី​ ផ្តល់សន្ទុះនាំមុខ ក្នុងការវិនិយោគ ដោយអូសទាញវិស័យឯកជន ឲ្យចូលរួមដែរ។

ទាក់ទិននឹង​ការវិនិយោគជួយ​ប្រទេសក្រីក្រ ដើម្បី​ប្រឈមនឹងវិបត្តិអាសធាតុនេះ លោក Arjay Banga ដែលជាបេក្ខជនតែម្នាក់ឈរឈ្មោះធ្វើជាទេសាភិបាលធនាគារពិភពលោកអាណត្តិក្រោយ​ បាន​លើកឡើងថា លោកចង់ផ្តល់សន្ទុះអូសទាញប្រទេសអ្នកមាន​ទាំងអស់ ឲ្យចូលរួម​ថវិកាឲ្យ​បានច្រើនបំផុត ហើយនឹងអូសទាញវិស័យឯកជនដែរ។

“កតិកាសញ្ញាហិរញ្ញវត្ថុថ្មី​”

ផែនការហិរញ្ញវត្ថុ ជួយ​ប្រទេសក្រីក្រ ពង្រឹងសមត្ថភាពទប់ទល់វិបត្តិអាកាសធាតុនេះ វាគឺជាអ្វីដែលក្រុមប្រទេសងាយ​រងគ្រោះ បានអំពាវនាវជាយូរមកហើយ។ ក្រុមប្រទេសក្រីក្រ ប្រទេសមានចំណូលមធ្យម បានអំពាវនាវ ថាត្រូវតែសម្រេច​ឲ្យបាន​ “កតិកាសញ្ញាហិរញ្ញវត្ថុថ្មី” ដែលនឹងបើក​ឱកាស ឲ្យប្រទេសដែល​ប្រឈមនឹង​វិបត្តិអាកាសធាតុ អាចទទួលបាន​នូវលទ្ធភាពហិរញ្ញវត្ថុ។ ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែ​ប្រើប្រាស់កម្លាំងរបស់ខ្លួន ចូលរួម​ជួយ​ផ្នែកវិនិយោគទៅគ្រប់វិស័យ​ ដែលអាចកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក​ វិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ដែល​ជួយប្រទេសងាយរងគ្រោះ ឲ្យមានសមត្ថភាពទប់​ទល់​និង​គ្រោះធម្មជាតិ។

រដ្ឋាភិបាល​​ប្រទេសបាបាដុស ដែលជាកូនកោះមួយ នៅតំបន់​សមុទ្រការ៉ាអ៊ីប ហើយដែលប្រឈមខ្លាំងបំផុត និងគ្រោះធម្មជាតិ ការឡើងកំពស់ទឹកសមុទ្រនោះ បាន​ស្នើនូវផែនការគួរឲ្យចាប់អារម្មណ៍ជាច្រើនចំណុច។ ទី១ គឺគេចង់ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រើសិទ្ធិ​បោះពុម្ពសាច់​ប្រាក់ ជាពិសេស ដើម្បីយកទៅប្រើ​ក្នុងការវិនិយោគ​លើ​បញ្ហាអាកាសធាតុ។ ធនាគារពហុភាគី ត្រូវតែ​បង្កើនចំនួនកម្ចី ដោយ​ត្រូវដាក់ខសន្យា អនុញ្ញាតឲ្យ​ផ្អាកការសងការប្រាក់២ឆ្នាំជាប់គ្នា នៅពេលមាន​បញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ផែនការនេះ ក៏បានស្នើផងដែរ​ នូវការ​យកពន្ធលើការប្រតិបត្តិការហិរញ្ញវត្ថុ និង​ពីក្រុមហ៊ុនរកស៊ីលើថាមពលហ្វូស៊ីល ដើម្បីយកប្រាក់ទាំងនេះ យកទៅ​ប៉ះប៉ូវ សងការខូចខាត លើបរិស្ថាន។

ចំណុចទាំងអស់នេះ គឺគេនឹងលើកមកនិយាយជជែកគ្នាលំអិត ក្នុងរយៈពេល​ប្រជុំមួយសប្តាហ៍នេះ។ តែយ៉ាងណា​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បាន​លើកឡើងផងដែរ អំពីហានិភ័យ​ប្រឈមមួយចំនួន ដែលត្រូវតែប្រយ័ត្ន ព្រោះថាវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន មិនសូវមានស្ថិរភាពទេ។ បញ្ហាអតិផរណា ជារឿងមួយសំខាន់ ហើយអាចរុញធនាគារកណ្តាលតាមប្រទេសនីមួយៗ បង្កើតអត្រាការប្រាក់កណ្តាល។ ដូច្នេះ ធនាគារកណ្តាលត្រូវតែធ្វើយ៉ាងណា ការពារស្ថិរភាពឲ្យ​បាន ដោយទាញកម្រិតអតិផរណាឲ្យនៅទាប តាមតែអាចធ្វើទៅបាន។

វិបត្តិបំណុលសាធារណៈក៏ជាបញ្ហាចោទធំមួយដែរ ដែលអាចធ្វើឲ្យ​ប្រទេសខ្លះក្ស័យធុន បើគិតតែពីខ្ចីលុយ​ខ្លាំងពេក។ បច្ចុប្បន្ននេះមានប្រទេស​១៥%ហើយ ដែលស្ថិតក្នុងស្ថានភាពនេះ ហើយ​៤០%ទៀត កំពុងតែប្រឈមដែរហើយ។ ត្រង់បញ្ហាបំណុលកើនខ្ពស់នេះ អង្គការក្រៅរដ្ឋាភិបាល និងប្រទេសក្រីក្រខ្លះ បានអំពាវនាវ ត្រូវតែលុបបំណុលចោលតែម្តង ព្រោះប្រទេសអ្នកមានទេ ដែលជាអ្នកបំពុលបរិស្ថា បង្កវិបត្តិអាកាសធាតុ ដូច្នេះមិនត្រូវមកច្របាច់ក ប្រទេសក្រីក្រជាមួយការប្រាក់ទៀតនោះទេ។ ចំណុចនេះ នៅមានការខ្វែងយោបល់គ្នាច្រើនណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ