អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចរន្តអគ្គិសនីបាន​មកពី​​ប្រភព “ស្អាតស្អំ​” មានកម្រិត​៣៩% នៅទូទាំងពិភពលោក​ក្នុង​ឆ្នាំ​២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថាមពលអគ្គិសនី បានមកពី​ប្រភព ស្អាតស្អំ​ កកើតឡើងវិញ ដែលមិនមែនជាប្រភពហ្វូស៊ីល មានកម្រិតចំនួន ​៣៩% នៅទូទាំងពិភពលោក​ក្នុង​ឆ្នាំ​២០២២។ នេះបើផ្អែកតាមរបាយការណ៍​បូកសរុបមួយ ចេញផ្សាយនៅថ្ងៃពុធ ទី​១២មេសា។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងគួរ​ឲ្យ​ត្រេកអរ ខណៈពិភពលោកយើង​កំពុងប្រឹងប្រែង កាត់បន្ថយ​ការប្រើ​ប្រាស់ថាមពល​ហ្វូស៊ីល ដែលបញ្ចេញ​ឧស្ម័ន​កាបូនិក និងដែលជាមូលហេតុ​នៃការ​កើនឡើងកំដៅ​ផែនដី​។

ផ្ទាំងសូឡា និងកង្ហារខ្យល់ផលិតចរន្តអគ្គិសនី នៅតំបន់ Milagro, ខេត្ត Navarra ភាគខាងជើងអេស្ប៉ាញ ថ្ងៃទី ២៤ កុម្ភៈ ២០២៣
ផ្ទាំងសូឡា និងកង្ហារខ្យល់ផលិតចរន្តអគ្គិសនី នៅតំបន់ Milagro, ខេត្ត Navarra ភាគខាងជើងអេស្ប៉ាញ ថ្ងៃទី ២៤ កុម្ភៈ ២០២៣ AP - Alvaro Barrientos
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃសង្គ្រាម​នៅអ៊ុយក្រែន​

ពាក្យថា ថាមពលអគ្គិសនីបាន​មកពីប្រភពស្អាតស្អំ គឺគេបូក​ទាំង​ ចរន្តអគ្គិសនី​បាន​មកពីថាម​ពលនុយក្លេអ៊ែរ ជាមួយនឹង​ថាមពលអគ្គិសនី​កកើតឡើងវិញ ដែល​មានដូចជា​ កង្ហារខ្យល់ និ​ង ផ្ទាំងសូឡា និងវារីអគ្គិសនី​ ជាដើម។ យោងតាមរបាយការណ៍​ប្រចាំឆ្នាំGlobal Electricity Review ធ្វើឡើងដោយ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវផ្នែកថាមពល ឈ្មោះ Ember គឺថាមពលអគ្គិសនីស្អាតស្អំទាំងនេះ មានកម្រិត ចំនួន​៣៩% នៃថាមពល​អគ្គិសនីប្រើប្រាស់ទូទាំងពិភពលោក ក្នុងឆ្នាំ​២០២២។

ក្រៅពីនោះ គឺជាចំណែក ថាមពលអគ្គិសនី បានមកពី​ប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និង​ធ្យូងថ្មជាដើម។ ប្រភពថាមពលទាំងនេះ ដូ​ចយើងដឹងហើយ គឺវាបញ្ចេញ​ឧស្ម័នកាបូនិកខ្លាំងសម្បើមណាស់ ទៅក្នុងបរិយាកាស ហើយ​ដែល​បង្កឲ្យ​ផែនដីឡើងកំដៅ បង្កវិបត្តិកអាកាសធាតុ បានជាយើងចាត់ទុកថា​ជាប្រភពថាមពល​មិនស្អាតស្អំ។

របាយការណ៍នេះ​ បានបូកសរុបប្រមូលទិន្នន័យថាមពលអគ្គិសនី នៅក្នុងប្រទេសចំនួន ៧៨ ដែលស្មើនឹង ៩៣% នៃទំហំ​ចរន្តអគ្គិសនីប្រើប្រាស់ក្នុងពិភពលោក។ កម្រិតកើនឡើងខ្ពស់ខ្ពស់នៃចំណែកថាមពលអគ្គិសនី​ស្អាតស្អំ ដែលគួរឲ្យត្រេកអរ សម្រាប់ផែនដីយើងនេះ គឺមួយផ្នែកធំ វាជា​លទ្ធផលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់​ផ្តើម​នៅចុងខែកុម្ភៈ ២០២២។ ដោយសារតែបញ្ហាសង្គ្រាមនេះ រុស្ស៊ីបាន​ឈប់នាំចេញឧស្ម័នទៅកាន់អឺរ៉ុប ហើយអឺរ៉ុបក៏បានកាត់បន្ថយ​យ៉ាងខ្លាំង ក្នុងការទិញប្រេងរបស់រុស្ស៊ី។

អតិផរណា តម្លៃទំនិញឡើងថ្ងៃ ប្រេងឥន្ធនៈ ក៏កាន់តែឡើងថ្លៃ ដែលនាំឲ្យ​ប្រទេសជាច្រើន ងាកទៅរកប្រភពថាមពលដែលស្អាតស្អំ ថាមពលដើរដោយ​ពន្លឺព្រះអាទិត្យ ដើរដោយខ្យល់ជាដើម។ នៅក្នុងបរិបទសេដ្ឋកិច្ច​លំបាកនេះដែរ ប្រទេសជាច្រើន ក៏បាន​អំពាវនាវ ឲ្យ​គ្រប់វិស័យទាំងអស់ ចូលរួមសន្សំសំចៃ កុំប្រើចរន្តអគ្គិសនី​ដោយ​ខ្ជះខ្ជាយ ដែលចំណុចទាំងអស់នេះ វាបានបូកផ្សំគ្នា ធ្វើ​ឲ្យ​កម្រិតថាមពល​អគ្គីសនីបានមកពី​ថាមពលហ្វូស៊ីល វាធ្លាប់ចុះ។

​​ចរន្តអគ្គិសនី​បានមកពីប្រភពមិនចេះរីងស្ងួត មាន១២%

ចរន្តអគ្គិសនី​បានមកពី​ប្រភពមិនចេះរីងស្ងួត ដែលមានដូចជា ថាមពល​បានមកពីកង្ហារខ្យល់ បានមកពីផ្ទាំងសូឡា គឺមានទំហំសរុប ប្រមាណ​១២% នៃថាមពលអគ្គិសនីទូទាំងពិភពលោក។ ពោលគឺវាជាកម្រឹងកើនឡើងគួរ​ឲ្យ​កត់សំគាល់ខ្លាំងណាស់ ខណៈកាលពី​ឆ្នាំ​២០១៥ ថាមពល​អគ្គិសនីប្រភេទនេះ មាន​ត្រឹមតែ​៥%ប៉ុណ្ណោះ។

មានប្រទេសជាង៦០ប្រទេស ដែលបាន​ផលិត​ចរន្តអគ្គិសនី​បាន​មកពីប្រភពមិនចេះរីងស្ងួតនេះ ក្នុងចំណែក​ លើស១០% នៃតម្រូវការ​ក្នុងស្រុករៀងៗខ្លួន។ ហើយ​សហភាពអឺរ៉ុប ដែលជាអ្នកនាំមុខគេ​ក្នុងវិស័យនេះ ដែលមានចំណែកចរន្តអគ្គិសនី​បានមកពីប្រភពកកើតឡើងវិញ ចំនួន​ដល់ទៅ​២២%។ បើគ្រាន់តែ ថាមពលអគ្គិសនីបានមកពីផ្ទាំងសូឡា គឺនៅអឺរ៉ុបបាន​កើន​ឡើងដល់ទៅ​២៤% ក្នុងឆ្នាំ​២០២២កន្លងទៅនេះ​។ តួលេខទាំងនេះ វាគឺជាការបោះជំហាន គួរជាទីសង្ឃឹម ដើម្បីដោះស្រាយ​​បញ្ហាវិបត្តិ​អាកាសធាតុ ដែល​ពិភពលោកយើង ត្រូវប្រឹងប្រែងកាត់​បន្ថយ​ឧស្ម័ន​កាបូនិក ដើម្បីឈានទៅទប់​កំដៅផែនដី កុំ​ឲ្យ​ឡើងសីតុណ្ហភាព លើពី​២°c នៅរវាង​ឆ្នាំ​២០៥០។

ធ្យូងថ្មនៅតែនាំមុខ​

ចរន្តអគ្គិសនី​បាន​មកពី ប្ភពថាមពលធ្យូងថ្ម នៅ​តែធំខ្លាំងជាងគេ ពោលគឺស្មើនឹង​៣៦% នៃការផលិត​ចរន្តអគ្គិសនី​ទូទាំងពិភពលោក ឆ្នាំ​២០២២។ ផ្អែកតាមរបាយការណ៍ខាងលើ កម្រិតចរន្តអគ្គិសនីបានមកពី​ចំហេះធ្យូងថ្ម គឺបានកើនឡើង ចំនួន​១,១% ក្នុងឆ្នាំ​កន្លងទៅ ដែលនេះ​ក៏ព្រោះតែប្រទេសខ្លះ បានងាកទៅប្រើធ្យូងថ្មច្រើន ព្រោះដោយសារតែគ្មានឧស្ម័នរបស់​រុស្ស៊ី។ អ្វីដែលជាគួរឲ្យ​កត់សំគាល់​មួយទៀត

ខណៈដែល​ចរន្តអគ្គិសនី​បានមកពីប្រភពស្អាតស្អំបានកើនទំហំចំណែកមែន ក្នុងឆ្នាំ​កន្លងទៅ​ តែតម្រូវការប្រើប្រាស់ចរន្តអគ្គិសនីជារួម​នៅ​លើពិភព​លោកយើង ក៏បានកើនឡើងដែរ។ ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍​ភាគច្រើន ត្រូវការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែច្រើន ហើយដែល​ជម្រើសដំបូង ថោក ហើយងាយបំផុតនោះ គឺ​ប្រភពថាមពលហ្វូស៊ីល។ ម្លោះហើយ ទំហំនៃការប្រើប្រាស់ថាមពលប្រភេទនេះ ក៏វាកាន់តែរីកធំដែរ។ ចំហេះថាមពលទាំងនេះ បានធ្វើ​ឲ្យ​កើនឡើង នូវ​កម្រិតឧស្ម័ន​ផ្ទះកញ្ចក់នៅក្នុងបរិយាកាស ចំនួន​ប្រមាណ​១,៣% ក្នុង​ឆ្នាំ​២០២២កន្លងទៅ ពោលគឺមានទំហំសរុបប្រមាណ១២ពាន់លានតោន។

“អវសាន​នៃ​យុគសម័យ​ថាមពលហ្វូស៊ីល​”

អ្នកជំនាញដែលសរសេររបាយការណ៍នេះ បាន​លើកឡើងថា ឆ្នាំ​២០២២ ប្រហែលអាច​ជាឆ្នាំចុងក្រោយហើយ​ ដែលមាន​កម្រិតឧស្ម័នពុលកើតចេញពី​ការផលិតចរន្តអគ្គិសនី ឡើងខ្ពស់ខ្លាំងបំផុតបែបនេះ ហើយ​ក៏​ប្រហែលអាចជា​ឆ្នាំចុងក្រោយដែរ នៃការស្ទុះឡើងខ្លាំង របស់​ប្រភពថាមពលហ្វូស៊ីល។ មានន័យថា គេរំពឹងជឿថា ចរន្តអគ្គិសនីបានមកពីប្រភពហ្វូស៊ីល ដែលមានដូចជា ប្រេងឥន្ធនៈ ឧស្ម័ន និង​ធ្យូងថ្ម ប្រាកដជាចុះថយកម្រិត ។ ការចុះថយ​ដែលអាចមានប្រមាណ ០,៣% នៅឆ្នាំនៅក្នុងឆ្នាំ២០២៣ ពោលគឺវាបន្តិចបន្តួចមែន តែវាអាចនឹងរីកធំបន្ថែមទៀតនៅឆ្នាំ​បន្តបន្ទាប់។ ទន្ទឹមគ្នានេះ ទំហំចរន្តអគ្គិសនី​បានមកពីប្រភពស្អាតស្អំ នឹងកើនចំណែក​វិញ។

យ៉ាងណាក៏ដោយ អ្វីៗគឺវាអាស្រ័យ លើការគិតពិចារណាកំណត់គោលដៅរួម របស់រដ្ឋាភិបាល​ប្រទេសនីមួយៗ ថាចង់​ផ្តល់អាទិភាពដល់​វិស័យថាមពលស្អាតស្អំនេះ កម្រិតណា។ ហើយវាក៏អាស្រ័យទៅលើទំហំទឹកប្រាក់​វិនិយោគ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ផលិតចរន្តអគ្គិសនីប្រភេទ​នេះ​ដែរ។ លោកស្រី Malgorzata Wiatros-Motyka ដែលជាអ្នក​ជំនាញចូលរួមសរសេររបាយការណ៍ Global Electricity Review បាន​លើកឡើងថា ទសវត្ស​នេះ វាគឺជាទសវត្សសំខាន់ចុងក្រោយ​បង្អស់ហើយសម្រាប់​អាកាសធាតផែនដីយើង ប្រសិនបើមនុស្សជាតិ​យើង ចង់ដោះស្រាយវិបត្តិ​បម្រែបម្រួល​អាកាសធាតុ។ លោកស្រី​ជឿជាល់ថា ទសវត្សនេះ ប្រហែលអាចជា “ការចាប់ផ្តើមនៃអវសាន​របស់យុគសម័យ ​នៃ​ថាមពលហ្វូស៊ីល”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ