អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ូដង់៖ ផ្ទុះការវាយ​ប្រយុទ្ធដណ្តើមអំណាចគ្នា រវាងក្រុមយោធា ស្លាប់ប្រជាជនស៊ីវីល​ជាច្រើននាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស៊ូដង់ ដែលជាប្រទេសក្រីក្រមួយនៅអាហ្វ្រិក កំពុងតែធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវីល ឬយ៉ាងណា? អស់រយៈពេល​៣ថ្ងៃមកហើយ ដែលនៅ​រដ្ឋធានីកាទូម មានការផ្ទុះអាវុធ វាយប្រយុទ្ធគ្នាយ៉ាងហឹង្សា រវាងក្រុម​យោធា២ក្រុម ដើម្បីដណ្ដើមគ្នា​​​គ្រប់គ្រងអំណាច​។ យ៉ាងហោចណាស់ មាន​ប្រជាជនស៊ីវីល បានស្លាប់ប្រមាណ​១០០នាក់ និងមានរបួសជាច្រើននាក់ផ្សេងទៀត ខណៈការប្រយុទ្ធគ្នាកំពុងបន្តយ៉ាងសកម្ម​។​

ផ្សែងខ្មៅគ្របដណ្តប់​លើ​ផ្ទៃមេឃ នៅព្រលានយន្តហោះក្រុងកាទូម ខណៈក្រុមកងទ័ពគូបដិបក្សទាំង២ក្រុមប្រយុទ្ធដណ្តើម​អំណាចគ្នា។ ក្រុងកាទូម ប្រទេសស៊ូដង់ ថ្ងៃទី ១៥ មេសា ២០២៣
ផ្សែងខ្មៅគ្របដណ្តប់​លើ​ផ្ទៃមេឃ នៅព្រលានយន្តហោះក្រុងកាទូម ខណៈក្រុមកងទ័ពគូបដិបក្សទាំង២ក្រុមប្រយុទ្ធដណ្តើម​អំណាចគ្នា។ ក្រុងកាទូម ប្រទេសស៊ូដង់ ថ្ងៃទី ១៥ មេសា ២០២៣ INSTAGRAM @LOSTSHMI via REUTERS - INSTAGRAM @LOSTSHMI
ផ្សាយពាណិជ្ជកម្ម

ធ្លាប់សហការគ្នា​ធ្វើរដ្ឋប្រហារយោធា ងាកមកដណ្តើមអំណាចគ្នា​

អស់រយៈពេល​ជាច្រើនសប្តាហ៍​មកហើយ ដែលគេបាន​សង្កេតឃើញ នូវការប្រទូស្តរាយគ្នា ជាពាក្យសម្តី​ជេរប្រទេចគ្នាទៅវិញទៅមក រវាងមេដឹកនាំក្រុមកងទ័ពទាំង២ក្រុម។ ទីមួយ​គឺលោក​ Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ ហើយទី២គឺលោក Mohamed Hamdane Daglo ហៅក្រៅថា​ Hemedti ដែលជាមេបញ្ជាការកង​អាវុធហត្ថប្រតិបត្តិការរហ័ស FSR។ ចាប់ពីថ្ងៃសៅរ៍មក លោក​មេបញ្ជាការ​ Hemedti នេះ បានផ្តល់បទសម្ភាសន៍ជាបន្តបន្ទាប់ តាមទូរទស្សន៍​ប្រទេសតំបន់ឈូងសមុទ្រ ដែលជាបក្សពួកខ្លួន និង​ប្រើភាសាស្តីបន្ទោស ជេរប្រមាថទៅលើគូរប្រជែងរបស់ខ្លួន គឺលោក​ Abdel Fattah al-Burhane ដែលជាមេដឹកនាំកំពូលស៊ូដង់។

គួរបញ្ជាក់ថា មេទ័ពដ៏មានអំណាចទាំង​២នេះ សុទ្ធតែ​ជាមនុស្ស​សល់ពីរបបដឹកនាំផ្តាច់ការ របស់ អូម៉ា អាល់បាឆៀរ។ ក្រោយរបបផ្តាច់ការនេះដួលរលំនៅខែមេសា ឆ្នាំ​២០១៩ លោក​ Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាកងទ័ពជាតិ ត្រូវបានតែងតាំង​ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកំពូល បន្ទាប់ពីមេទ័ពរូបនេះ​ បាន​​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមអ្នកនយោបាយ​ស៊ីវីល​ ដើម្បីឈានទៅ​ធ្វើអន្តរកម្មអំណាច​ប្រជាធិបតេយ្យ​។

តែក្រោយ​មក គឺនៅខែតុលា ឆ្នាំ​២០២១ ស្រាប់តែលោកមេទ័ពរូបនេះ បាន​ធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំ​រដ្ឋាភិបាល​អន្តរកាលស៊ីវីល។ ការធ្វើរដ្ឋប្រហារ ដែលមានការចូលរួមសហការពីក្រុមកម្លាំងប្រដាប់អាវុធមួយក្រុមទៀត ឈ្មោះថា កងកម្លាំង​អាវុធហត្ថប្រតិបត្តិការរហ័ស ដឹកនាំដោយ លោកមេបញ្ជាការ​ Mohamed Hamdane Daglo ហៅក្រៅថា​ Hemedti នេះឯង។ ក្រុម​ប្រដាប់អាវុធនេះ ត្រូវគេស្គាល់ថា គឺជាកងកម្លាំងហិង្សាធ្លាប់បានចេញ​មុខ​វាយ​បង្រ្កាប​ក្រុមបះបោល កាលពីក្នុងសង្គ្រាមនៅតំបន់ដាកហ្វួរ ហើយ​ក៏ធ្លាប់ទៅធ្វើប្រតិបត្តិការនៅយេម៉ែន នៅ​លីប៊ីផងដែរ។ យោងតាម​បណ្តាញ​ព័ត៌មាន BBC កងកម្លាំងនេះ គឺជាអ្នកគ្រប់គ្រង អណ្តូងរ៉ែមាសសឹងតែទាំងអស់នៅ​ស៊ូដង់​។

លោក​មេបញ្ជាការ​ Abdel Fattah al-Burhane (ឆ្វេង) និង លោកមេបញ្ជាការ Mohamed Hamdane Daglo (ស្តាំ)
លោក​មេបញ្ជាការ​ Abdel Fattah al-Burhane (ឆ្វេង) និង លោកមេបញ្ជាការ Mohamed Hamdane Daglo (ស្តាំ) © RFI

ឥឡូវពេលនេះ ដៃគូសហការដែលធ្លាប់ពួតកម្លាំងគ្នាធ្វើរដ្ឋប្រហារ បានងាកមក​ធ្វើសង្គ្រាម​វាយប្រយុទ្ធគ្នា​ដណ្តើម​អំណាច​។ ការវាយប្រយុទ្ធដែលបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍​ទី​១៥មេសា នៅកណ្តាល​ក្រុងកាទូម រដ្ឋធានីស៊ូដង់តែម្តង​។ អណ្តូងរ៉េមាស និងជាពិសេសរ៉ែប្រេងកាត ដ៏សន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ អាចជាហេតុផលមួយ នៃការច្រណែនគ្នារវាងមេបញ្ជាការកងទ័ពទាំង២នេះ​។

ស្ថានការណ៍ស្រពិចស្រពិល

គិតមកត្រឹមថ្ងៃចន្ទនេះ ការវាយប្រយុទ្ធគ្នា នៅតែសកម្មដដែលទេ។ យោងតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលប្រចាំនៅក្រុងកាទូម គឺសំលេងផ្ទុះ​គ្រាប់កាំភ្លើងទាំងតូចទាំងធំ នៅតែលាន់ឮ យ៉ាងទ្រហឹងអឺងកង។ ផ្សែងខ្មៅឆាបឆេះ ក្លិនគ្រាប់រំសេវពាសពេញ​ទីក្រុងតែម្តង​។ កាលពីថ្ងៃអាទិត្យ កងទ័ពអាកាសស៊ូដង់ បានទាំងបាញ់ប្លោងទំលាក់គ្រាប់បែក នៅកណ្តាលក្រុង​កាទូមថែមទៀត ដើម្បី​កំទេចទីបញ្ជាការដ្ឋានកងអាវុធហត្ថ​ប្រតិបត្តិការរហ័ស។

យោងតាមអ្នករាយ​ការណ៍ព័ត៌មានបារាំង គឺគិតមកត្រឹមពេលនេះ គ្មានអ្វីអាចអះអាងថា ខាងណាឈ្នះ ខាងណាចាញ់ ខាងណាវាយដណ្តើម​បានអ្វីខ្លះនោះទេ។ ក្រុម​កងកម្លាំង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស របស់​លោក​មេបញ្ជាការ Hemedti អះអាងថាកំពុងបើក​ប្រតិបត្តិការ​ ដណ្តើមយក​ទីតាំងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហើយអះអាងទៀតថា​បានវាយដណ្តើមគ្រប់គ្រង ព្រលានយន្តហោះក្រុងកាទូម និង​បាន​ចូលទៅគ្រប់គ្រង​វិមានប្រធានាធិបតីថែមទៀត​។

ក៏ប៉ុន្តែ ខាងកទ័ពជាតិដែលស្ថិតក្រោម​ការដឹកនាំរបស់​លោកមេបញ្ជាការ​ Abdel Fattah al-Burhane វិញ បានអះអាងថា អត់ទេ ! ស្ថានការគឺកងទ័ពគ្រប់គ្រងបានយ៉ាងល្អ ហើយទីបញ្ជាការដ្ឋានកងទ័ពជាតិលើផ្ទៃប្រទេស ក៏ត្រូវបានការពារបាន​យ៉ាងល្អដែរ។ ចំណែកទូរទស្សន៍ជាតិស៊ូដង់វិញ ភាគីទាំងសងខាង សុទ្ធតែអះអាង បានដណ្តើម​បាន តែ​រៀងៗខ្លួន។ ដូច្នេះ គឺថាស្ថានការណ៍ពេលនេះ នៅស្រពេចស្រពិលណាស់ មិនដឹងខាងណា ចាញ់រឺឈ្នះទេ ព្រោះការប្រយុទ្ធកំពុងបន្តយ៉ាងសកម្ម​ នៅសឹងតែគ្រប់ទីកន្លែងនៅក្រុងកាទូម។​ លោក​មេបញ្ជាការ​ Abdel Fattah al-Burhane ដែលជាមេដឹកនាំទី១នៅស៊ូដង់ ក៏បាត់មុខ មិនទាន់ចេញមក​ថ្លែងការណ៍អ្វីដែរ​ គិតមកត្រឹមពេលនេះ។

ស្លាប់ជនស៊ីវីល​យ៉ាងហោចជិត១០០នាក់​

យោងតាម​តួលេខរបស់សហជីពក្រុមគ្រូពេទ្យស៊ូដង់ គិតពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យម្សិលមិញ យ៉ាងហោចមាន​ប្រជាជនស៊ីវីល​ស្លាប់ ចំនួន​៩៧នាក់ និងរបួសច្រើននាក់ខ្លាំងណាស់។ ពាក់កណ្តាល​នៃមនុស្សស្លាប់និង​របួស គឺនៅក្នុងទីក្រុងកាទូមតែម្តង ព្រោះជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក។ តួលេខនេះ មិនទាន់រាប់ ចំនួន​ទាហានស្លាប់ទាំងសងខាងផងទេ ដែលតាមស្មានគឺច្រើនសិបនាក់ណាស់។

ដូចយើងដឹងហើយ ស៊ូដង់ជាប្រទេសដែលសំបូរធនធានរ៉ែប្រេងកាតក្នុងចំណោមប្រទេស​ផលិតប្រេង ក៏ប៉ុន្តែប្រទេស​នេះក្រីក្រខ្លាំងណាស់ ហើយ​ប្រឈមនឹងការប្រជែងអំណាច គ្មានស្ថិរភាពទេ។ ជាង​១ភាគ៣ នៃប្រជាជនស៊ូដង់ចំនួន ៤៥លាននាក់ រស់នៅរំពឹងទៅលើជំនួយ​ស្បៀងអាហារ ជំនួយមនុស្សធម៌ពីអង្គការក្រៅរដ្ឋាភិបាលនានា ជាក់ស្តែងដូចនៅតំបន់ដាកហ្វួរជាដើម។ ការវាយប្រយុទ្ធដណ្តើមអំណាចគ្នា រវាងពួកកងទ័ពទាំង២ក្រុមនាពេលនេះ បាន​បណ្តាល​ឲ្យស្លាប់បុគ្គលិកអង្គការ​ កម្មវិធីស្បៀងអាហារពិភពលោក ចំនួន​៣នាក់នៅដាកហ្វួរ។ ឥឡូវអង្គការនេះ បានសម្រេចផ្អាកប្រតិបត្តិការការងាររបស់ខ្លួន ដើម្បីការពារសុវត្ថិភាពបុគ្គលិក​ ខណៈការវាយ​ប្រយុទ្ធផ្ទុះអាវុធ កំពុងសកម្មយ៉ាងហិង្សា។

នៅទីក្រុងកាទូមវិញ ផ្អែកតាមលោក Kholoold Khair ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Confluence Advisory នៅទីក្រុងកាទូម គឺ​នេះជាលើកទីមួយហើយ ដែលមានការប្រយុទ្ធគ្នាយ៉ាងហិង្សាខ្លាំងបែបនេះ បើគិតពីឆ្នាំ​១៩៥៦មក នៅពេលដែល​មានសង្គ្រាមដណ្តើមឯករាជ្យពីអង់គ្លេស។ នៅព្រឹកថ្ងៃ​ចន្ទនេះ ក្រុមគ្រូពេទ្យ និង​បុគ្គលិកអង្គការមនុស្សធម៌​បានទាញសញ្ញាអាសន្ន ដោយសារតែការប្រយុទ្ធគ្នានៅកាទូម បាន​បណ្តាល​ឲ្យដាច់ចរន្តអគ្គិសនី នៅតាមមន្ទីរពេទ្យ ដែលខ្វះមុខខ្វះក្រោយរួចទៅហើយ។

តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពេទ្យទាំ​ង៩នៅ​កាទូម ដាច់ចរន្តអគ្គិសនី គ្មានឈាមដើម្បីជួយសង្គ្រោះមនុស្សរបួស គ្មានសេរូម និង​ខ្វះសម្ភា​រៈវះកាត់សង្គ្រោះ ​ជាច្រើនផ្សេងទៀ​ត។ ជាងនេះទៀត មនុស្សម្នា ទាំងអ្នកជំងឺអ្នករបួស និង​ក្រុមគ្រួសារ មិនអាចចាកចេញពីមន្ទីរពេទ្យបានទេ ដោយសារតែនៅតែនៅខាងក្រៅ មាន​ការវាយ​ប្រយុទ្ធផ្ទុះអាវុធ វាយប្រយុទ្ធបាញ់ប្លោងគ្រប់ច្រកល្ហក។ ស្ថានការណ៍បានបណ្តាល​ឲ្យ​មានការកកស្ទះ នៅតាម​មន្ទីរពេទ្យ​ គ្មានចំណីអាហារ គ្មានទឹកបរិភោគ​។

អេហ្ស៊ីប និង អារ៉ាប៊ីសាអូឌីត​

បើគិត​ពី​ព្រឹត្តិការណ៍រដ្ឋប្រហារនៅខែតុលាឆ្នាំ​២០២១មក សហគមន៍អន្តរជាតិបានត្រឹមតែឈរសំឡឹងមើល​ពីចំងាយ ដោយ​មិនអាចធ្វើអ្វីបាន ឬក៏និយាយអ្វីក៏ភាគីជម្លោះនៅស៊ូដង់មិនស្តាប់ដែរ។ ចិនដែល​ដែល​មានចំណែក​ផល​ប្រយោជន៍​គួរសមដែរនៅ​ស៊ូដង់ បានព្យាយាមនិយាយបញ្ចុះបញ្ចូលកងទ័ពដែរ ពេលកន្លងមកនេះ​ ឲ្យ​រៀបចំ​ប្រទេសឲ្យ​មានស្ថិរភាពសន្តិសុខ ព្រោះ​ចិន​មានក្រុមហ៊ុន​បូមប្រេងកាតនៅស៊ូដង់ច្រើនណាស់។

សហព័ន្ធអាហ្វ្រិក សហរដ្ឋអាមេរិក និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា នៅថ្ងៃចន្ទនេះ ហៅឲ្យភាគីជម្លោះបិទបញ្ចប់អំពើហិង្សា ដែលបណ្តាលឲ្យ​ស្លាប់ជីវិតជនស្លូតត្រង់ស៊ូដង់។ លោកអង់តូនី ប្លីងកិន ថ្លែងការបារម្ភថា​ បើសង្គ្រាមស៊ីវីល​នៅស៊ូដង់ផ្ទុះឡើង​ វានឹងរញ្ជួយកម្រើកអស្ថិរភាពពេញមួយតំបន់អាហ្វ្រិកខាងជើងឆៀងខាងកើតនេះតែម្តង។

ចំណែកលោក​ អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានថ្លែងសារអំពាវនាវ ឲ្យគូប្រជែងអំណាចទាំង២ ទម្លាក់អាវុធ ឈប់ប្រយុទ្ធ ហើយបានហៅឲ្យ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ត្រូវតែជួយចូលរួមដោះស្រាយជាបន្ទាន់។​ យ៉ាងណាមិញ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប ក្រុម​ប្រទេស​​សម្ព័ន្ធអារ៉ាប់ បានបើកការប្រជុំជាបន្ទាន់​ ដោយអេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត ជាអ្នក​ផ្តួចផ្តើមគំនិត​។ អាហ្ស៊ីប និង​ អារ៉ាប៊ីសាអូឌីត ត្រូវគេដឹងថា ជាមហាអំណាចតំបន់​មានទំងន់ឥទ្ធិពលខ្លាំង ទៅលើគូបដិបក្សស៊ូដង់​ទាំង២នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ