អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រ៉ែនីគែលមានសារៈសំខាន់មកលើសេដ្ឋកិច្ច តែជះផល​អាក្រក់មកលើសុខភាពនិងបរិស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយនឹងផែនការ​កាត់​បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិកទៅក្នុងបរិយាកាស រថយន្ត​អគ្គិសនី​កំពុងតែទទួល​បាន​ការពេញនិយម ព្រោះវាមិនប្រើ​ប្រេងឥន្ធនៈ ដែលបញ្ចេ​ឧស្ម័ន​កាបូនិក។ តែទន្ទឹមគ្នានេះ រថយន្តអគ្គិសនី​ត្រូវការប្រើថ្មសាកទំហំធំ ដែល​ត្រូវបាន​ផលិតឡើង ដោយ​រ៉ែកម្រជាច្រើនប្រភេទ ក្នុងនោះមានលីត្យ៉ូម និង​នីគែលជាដើម។ រ៉ែនីគែល មានសារៈសំខាន់ណាស់ ដើម្បីផលិត​គ្រឿងឧបករណ៍អេឡិចត្រូនិក និង​ជាពិសេស គឺប្រើនៅក្នុងការផលិត​លោហៈដែល​មិនចេះច្រែស ឬដែលយើងជាភាសាសាមញ្ញ​ថា “ដែក​​អ៊ីណុក”។ តម្រូវការរ៉ែនីគែលរបស់​ពិភពលោកយើង កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ សកម្មភាព​ជីកគាស់រ៉ែនីគែល អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ មក​លើសុខភាពមនុស្ស និងមកលើបរិស្ថាន​។

តំបន់ជីករ៉ែនីគែល Cordoba ភាគខាងជើងកូឡុំប៊ី ដែលក្រុមហ៊ុន Cerro Matoso S.A. កំពុងធ្វើអាជីវកម្ម​
តំបន់ជីករ៉ែនីគែល Cordoba ភាគខាងជើងកូឡុំប៊ី ដែលក្រុមហ៊ុន Cerro Matoso S.A. កំពុងធ្វើអាជីវកម្ម​ © studio graphique de France Médias Monde
ផ្សាយពាណិជ្ជកម្ម

វិទ្យុបារាំងអន្តរជាតិ RFI បានចូលរួមជាមួយក្រុមការងារស៊ើបអង្កេតអន្តរជាតិ Forbidden Stories ដើម្បី​បន្ត​ការស៊ើបអង្កេតនៅភាគខាងជើងប្រទេសកូឡុំប៊ី ស្តី​ពី​ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមកលើ​ប្រជាជនមូលដ្ឋាន ដោយសារតែសកម្មភាពជីករ៉ែនីគែល។ ជាការស៊ើបអង្កេត ដែលបាន​ចាប់ផ្តើមឡើង ដោយ​អ្នកកាសែតដ៏ក្លាហានម្នាក់ ឈ្មោះ Rafael Moreno ដែលលោកត្រូវបាន​គេបាញ់សម្លាប់ នៅតំបន់ភាគខាងជើងកូឡុំប៊ីនោះ កាលពីថ្ងៃទី​១៦តុលា ឆ្នាំ​២០២២។ មុននឹងត្រូវគេសម្លាប់ អ្នកកាសែតរូបនេះ បានបង្ហោះរូបថតមួយសន្លឹកនៅខែតុលា២០២២ ដែលគេឃើញផ្សែងក្រហមអណ្តែតចេញពីទីតាំងចម្រាញ់រ៉ែនីគែល គ្របដណ្តប់​ពី​លើតំបន់ជ្រលងភ្នំ និងភូមិអ្នកស្រុក​។​

រហូតមកទល់ពេលនេះ ករណីធ្វើឃាតនេះ នៅមិនទាន់មានពន្លឺ​ដឹងពីអង្គហេតុ និងដឹងពីជនដៃដល់នោះឡើយ តែបើតាមការស្មាន គឺវាពិតជាពាក់​ព័ន្ធ ជាមួយ​នឹងការងាររបស់អ្នកកាសែតរូបនេះ ដែលស៊ើបអង្កេតលើក្រុមហ៊ុន​ជីករ៉ែនីគែល ឈ្មោះ Cerro Matoso S.A. នៅភាគខាងជើងកូឡុំប៊ីនេះ​។ ការចូលទៅកៀកនឹងតំបន់នេះ គឺមិនអាចធ្វើទៅដោយ​ងាយ​ទេ គឺមានឧបសគ្គប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះប្រើប្រាស់​ក្រុមប្រដាប់អាវុធ ឲ្យ​យាមការពារ និងឃាត់ឃាំងមិន​ឲ្យ​អ្នកកាសែតបរទេសចូលទៅបានដោយងាយទេ។

សកម្មភាពជីករ៉ែនីគែលនៅតំបន់នេះ បានចាប់​ផ្តើម​​នៅឆ្នាំ​១៩៨២ ហើយយោងតាម​អ្នកតំណាងសហគមន៍ប្រជាជនមូលដ្ឋាន គឺសកម្មភាពជីករ៉ែនេះ បានបង្កជាមហន្តរាយ​មកលើ​បរិស្ថានធម្មជាតិ និងសុខភាពមនុស្ស​។ ទឹកទន្លេ Quebrada de Uré ដែលហូរកត់តំបន់នេះ ហើយ​ដែល​មនុស្ស​ប្រមាណ​១៤០០០នាក់ រស់រំពឹងអាស្រ័យផលនោះ ​បាន​ក្លាយទឹក​ពុល ពោរពេញដោយ​សារធាតុនីគែល ព្រោះក្រុមហ៊ុនជីករ៉ែខាងលើបានបង្ហូរកាកសំណល់ចូល។​ ត្រី សត្វ និងរុក្ខជាតិមួយចំនួន បាន​ផុតពូជលែងមានទៀតដោយសារតែទឹកទន្លេពុលដោយសារធាតុនីគែល។

ទន្លេ Uré ដែលហូរកាត់ទីក្រុង San José de Uré ចម្ងាយប្រមាណ​១០គីឡូម៉ែត្រ ពីរោងចក្ររ៉ែនីគែលកូឡុំប៊ី
ទន្លេ Uré ដែលហូរកាត់ទីក្រុង San José de Uré ចម្ងាយប្រមាណ​១០គីឡូម៉ែត្រ ពីរោងចក្ររ៉ែនីគែលកូឡុំប៊ី © Aabla Jounaïdi / RFI

នៅឆ្នាំ​២០១៧ តុលាការកំពូលកូឡុំប៊ី បានចេញសេចក្តីសម្រេចស្តីបន្ទោសអាជ្ញាធររដ្ឋ ទាំង​តំបន់ទាំងថ្នាក់ជាតិ ថាមាន​ការធ្វេសប្រហែស ដែលបានការពារថាសកម្មភាពជីករ៉ែនីគែល មិន​បង្កផល​ប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និង​​សុខភាពមនុស្ស។ តុលាការក៏បានបង្គាប់ថា ក្រុមហ៊ុនជីករ៉ែ ត្រូវតែពិគ្រោះយោបល់ជាមុនជាមួយសហគមន៍​ប្រជាជនមូលដ្ឋាន ដើម្បីរៀបចំ​វិធានការ​លាងសម្អាតជាតិពុល ព្រមទាំងមើលថែសុខភាពរបស់​ប្រជាជន​។ តែរហូតមក់ទល់ពេលនេះ យោងតាមតំណាងសហគមន៍ គឺពុំមានស្រមោលនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនជីករ៉ែទេ។ មណ្ឌលសុខភាពមួយ​ ដែលក្រុមហ៊ុននេះសន្យាថាសាងសង់ ប្រជាជន​អះអាងថាមិន​ទាន់ឃើញរូបរាងទេ។​

នីគែលបង្កជម្ងឺមហារីក​

នៅឃុំ San José de Uré ដែលមានប្រជាជនរស់នៅប្រមាណ១១០០០នាក់ មានច្រើននាក់ណាស់ ដែល​បានលើកឡើងអំពីជំងឺចម្លែកៗ ភាគច្រើនគឺជាជំងឺដុះដុំសាច់ក្នុងស្បូន​របស់ស្ត្រី។ ដុំសាច់ក្នុងស្បូន តាមធម្មតាជាករណីសាមញ្ញតែងកើតមានលើស្ត្រី តែករណីនៅតំបន់នេះ គឺមិនមែនតែមួយឬពីរដុំ គឺច្រើនដុំឡើកកកស្ទះពេញស្បូន ដែលបង្កឲ្យ​មាន​ការហូរឈាម​ធ្ងន់ធ្ងរ ចុកពើតខ្លាំងទ្រាំមិនបាន​។ យ៉ាងហោចណាស់ មានស្ត្រីជាង​២០នាក់ ដែលត្រូវវះកាត់យកស្បូនចេញទាំងស្រុងតែម្តង ក្នុងរវាង​២០ឆ្នាំចុងក្រោយនៅក្នុងឃុំនេះ​។​ ហើយមានករណីជម្ងឺ​ចម្លែ​ក​​ផ្សេងទៀត នៅតំបន់នេះ ដូចជាមានទារក២នាក់ កើតមកពុំមានរុន្ធគូទទេ។ ទារកម្នាក់បានស្លាប់ហើយ កាលពី២ឆ្នាំមុន។

វិទ្យាស្ថានជាតិវិជ្ជសាស្ត្រកូឡុំប៊ី បានពិនិត្យ​មើល​​លើ​គំរូអេឆង់ទីយ៉ុង​ចំនួន ១១៤៧ ហើយ​បានសន្និដ្ឋានថា មានជំងឺចំនួន១៧មុខ ដែលមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយ​នឹងសកម្មភាពជីករ៉ែនីគែល របស់​ក្រុមហ៊ុនCerro Matoso S.A.។ ហើយជម្ងឺដុះដុំសាច់ពេញស្បូន ក៏ស្ថិតនៅក្នុងចំណោមនេះដែរ។​

យោងតាមការសិក្សាវេជ្ជសាស្ត្រកន្លងមក បាន​ឲ្យដឹងថា សារធាតុនីគែល អាចជ្រាបចូល​ក្នុងខ្លួនមនុស្សយើង ក្នុងកម្រិតណាមួយ តាមប្រព័ន្ធដកដង្ហើម តាមចំណីអាហារ និងទឹកបរិភោគជាដើម។ ជាទូទៅសារធាតុនីគែលនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅលើ​ប្រព័ន្ធដកដង្ហើម នៅពេលវាកកស្ទះច្រើនខែច្រើនឆ្នាំនៅក្នុងសួត ធ្វើឲ្យមានជំងឺមហារីកសួត និង​ជាពិសេសនោះគឺមហារីកក្រអូមច្រមុះ និងមហារីក​បំពង់ខ្យល់ជាដើម។

តាំងតែពីឆ្នាំ​១៩៩០ម្លេះ ដែល​​គណកម្មការអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក CIRC បានចាត់ថ្នាក់សារធាតុ​នីគែល ក្នុងកម្រិតណាមួយ ពិតជាអាចបង្កជំងឺមហារីកមកលើមនុស្ស។ មិនចាំបាច់ទាល់តែនៅជិតកន្លែងជីករ៉ែ ស្លររ៉ែកម្រនេះ ទើបមនុស្សអាចប្រឈមគ្រោះថ្នាក់នោះទេ។ រ៉ែនីគែល មានជាប់នៅក្នុង​ឧបករណ៍​ប្រើប្រាស់ប្រចាំថ្ងៃច្រើនមុខណាស់ ជាក់ស្តែង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែល​ជាប្រភេទដែកអ៊ីណុក និងគ្រឿងអល្លង្កាជាដើម។ គ្រាន់តែថាផ្សែងចំហេះចេញពីរោងចក្រចម្រាញ់រ៉ែនីគែល អាចមានកម្រិតលោហៈនេះខ្ពស់ខ្លាំង និងគ្រោះថ្នាក់ខ្លាំង។ពោលគឺនីគែល អាចបង្កគ្រោះថ្នាក់​មកលើសុខភាព មិនចាញ់​មែរកួរ ប៉ុន្មាននោះទេ។

ឥណ្ឌូណេស៊ីមានស្តុកនីគែល១ភាគ៤នៃពិភពលោក​

រ៉ែនីគែល ជាប្រភេទលោហៈធ្ងន់ និងកម្រ ដែល​ឧស្សាហកម្មពិភពលោកយើង អត់មិនបានទេ​។ ទំនង់​សេដ្ឋកិច្ចរបស់​រ៉ែនីគែលធ្ងន់សម្បើមណាស់ ជាពិសេសជាមួយ​នឹង​ការប្រើប្រាស់​សម្ភារៈបច្ចេកវិទ្យាទំនើប ដែលត្រូវការ​ប្រើថ្មសាក។ លោហៈនីគែល មិនខុសពីលីត្យូម គឺជាធាតុផ្សំចាំបាច់ណាស់ សម្រាប់ផលិត​ថ្មសាកធំៗ ជាពិសេស គឺថ្មរថយន្តអគ្គិសនី​។ រថយន្តអគ្គិសនីនីមួយៗ អាចត្រូវការប្រើលោហៈនីគែលនេះ ប្រមានជាង៣០ ទៅ ៤០គីឡូក្រាមឯណោះ។​

មានប្រទេសមិនច្រើនប៉ុន្មានទេ ដែលមានស្តុករ៉ែនីគែលក្នុងដីច្រើន ក្នុងនោះមានឥណ្ឌូណេស៊ី ហ្វីលីពីន តំបន់នូវែលកាឡែដូនី​ គុយបា អូស្ត្រាលី ចិន កាណាដា និងរុស្ស៊ីជាដើម។ ឥណ្ឌូណេស៊ីសំបូរខ្លាំងជាង ។ បើតាមទិន្នន័យរបស់ U.S. Geological Survey គឺឥណ្ឌូណេស៊ីមានស្តុកចំនួន២១លានតោននៅក្នុងដី ដែលគេដឹងច្បាស់ថា អាចកកាយយកមកធ្វើអាជីវកម្មបាន​ ពោលគឺប្រមាណ​១ភាគ៤ នៃទំហំស្តុកពិភពលោក។​

ទីតាំងអាជីវកម្ម​​រ៉ែនីគែល នៅតំបន់​ Sorowako ខេត្ត​ Sulawesi ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ២៩ មីនា ២០២៣
ទីតាំងអាជីវកម្ម​​រ៉ែនីគែល នៅតំបន់​ Sorowako ខេត្ត​ Sulawesi ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ២៩ មីនា ២០២៣ REUTERS - AJENG DINAR ULFIANA

ដោយឃើញពីសក្តានុពលដ៏ធំមហិមារបស់ខ្លួននេះ លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញបញ្ជាហាមឃាត់ការនាំចេញរ៉ែនីគែលទៅក្រៅប្រទេស ចាប់ពីឆ្នាំ​២០២០មក។ ហាមឃាត់ការនាំចេញ មិនមែនហាមឃាត់ការជីកធ្វើអាជីវកម្ម។ តាមរយៈវិធានការបែបជាតិនិយមនេះ វា​មានន័យថា រ៉ែនីកែលរបស់ឥណ្ឌូណេស៊ី ត្រូវតែចម្រាញ់និងកែច្នៃ​ផលិត​ជាទំនិញរួចរាល់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាមុនសិន​ មុននឹងអាចនាំចេញទៅក្រៅ​បាន។ វិធានការនេះ គឺសំដៅផ្តល់សន្ទុះដល់ការវិនិយោគឧស្សាហកម្ម រៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រាប់ចាប់ពីការជីករ៉ែ ការស្លរ ចម្រាញ់​កែច្នៃ និងឈាន​ទៅ​​​ផលិតថ្មអគ្គិសនី​នៅក្នុងប្រទេសឥណ្ឌូណេស៊ីតែម្តង។ អញ្ចឹងហើយ​ បានជាគ្រប់ក្រុមហ៊ុន​ឧស្សាហកម្មធំៗ ដែលផលិតរថយន្តអគ្គិសនី បាន​នាំគ្នាសំរុកទៅឥណ្ឌូណេស៊ីខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។​ ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តនៅឥណ្ឌូណេស៊ីដោយផ្ទាល់តែម្តង។

ក្នុងឆ្នាំ​២០២២កន្លងទៅ ឥណ្ឌូណេស៊ី បាន​កកាយធ្វើអាជីវកម្មរ៉ែនីគែល បាចចំនួន​១លាន៤សែនតោន។ ក្នុងរវាង​៣ឆ្នាំមកនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបានចុះកិច្ចសន្យាចំនួនជាង១០ ក្នុងទំហំទឹកប្រាក់ប្រមាណ​១៥ពាន់លានដុល្លារ​។ ឆ្នាំ​២០១៥ ចំណូលបានមកពីអាជីវកម្មរ៉ែនីគែលនៅឥណ្ឌូណេស៊ីមាន១ពាន់លានដុល្លារ។ តែឆ្នាំ២០២២កន្លងទៅនេះ ចំណូលនេះ បានរីកដល់៣០ពាន់លានដុល្លារ។ ឥឡូវហ្វ៊ីលីពីន ក៏កំពុងចង់យកគម្រូតាម​ឥណ្ឌូណេស៊ីដែរ ដោយ​បានសម្រេច​យកពន្ធខ្ពស់ លើការនាំចេញរ៉ែនីគែលរបស់ខ្លួន​។

រថយន្តដើរដោយ​ថ្មីអគ្គិសនី​ល្អសម្រាប់បរិស្ថានមែនពិត តែកុំភ្លេចថា មុននឹងផលិតចេញជាថ្មអគ្គិសនីនេះបាន​ គឺវាត្រូវរ៉ែលោហៈកម្រច្រើនមុខ តួយ៉ាងរ៉ែនីគែលនេះ។ ការជីកកកាយ​ ចម្រាញ់រ៉ែនីគែលអាចជះផល​អាក្រក់ខ្លាំងសម្បើមណាស់ដល់សុខភាពមនុស្ស និង​ប្រព័ន្ធជីវចម្រុះធនធានធម្មជាតិ​។ ឧស្សាហកម្មរ៉ែនីគែលរបស់ឥណ្ឌូណេស៊ី ត្រូវគេ​រិះគន់ខ្លាំងណាស់ ថាមិនស្អាតស្អំទេ ព្រោះក្រុមហ៊ុននៅឥណ្ឌូណេស៊ី ដុតធ្យូងថ្មខ្លាំងសម្បើមណាស់ ដើម្បីផលិត​ចរន្តអគ្គិសនី​​​ចម្រាញ់រ៉ែនេះ​។ កាកសំណល់សារធាតុពុល ត្រូវបង្ហូរចោលទៅក្នុងសមុទ្រទៀត។ តែយ៉ាងណា គ្រប់គ្នាមិនទាន់អាច​គេចពីឥណ្ឌូណេស៊ីបានទេ ព្រោះទំហំសមត្ថភាព​ផលិតវាធំណាស់។ តែយ៉ាងណា អ្នកជំនាញ​រំពឹង និងសង្ឃឹមថា ឥណ្ឌូណេស៊ីនឹងកាច់ចង្កូត រៀបចំឧស្សាហកម្មរ៉ែនីគែលរបស់ខ្លួន ឲ្យ​បានកាន់តែស្អាតស្អំ គោរពស្តង់ដារបរិស្ថានអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ