អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេសអឺរ៉ុប៩ បើក“ជំនួប​កំពូលសមុទ្រខាងជើង” ដើម្បី​ផ្តល់សន្ទុះដល់ការ​ផលិត​​ថាមពលបាន​មកពី​កង្ហារខ្យល់​ក្នុងសមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទទី​២៤មេសា ថា្នក់ដឹកនាំ​ប្រទេសអឺរ៉ុបចំនួន​៩ កំពុងតែជួប​ប្រជុំគ្នានៅ​ក្នុ​ង ជំនួប​កំពូលមួយ ដែលមាន​ឈ្មោះថា ជំនួបកំពូលសមុទ្រខាងជើង នៅឯទីក្រុងអូស្តង់ដ៍ ប្រទេសបែលហ្ស៊ិក។ ជាជំនួប​កំពូល ដែលមានកម្មវត្ថុ ផ្តល់សន្ទុះដល់វិស័យ​ផលិត​ថាមពលអគ្គិសនី បាន​មកពីកង្ហារខ្យល់​ក្នុងសមុទ្រ​ ខណៈអឺរ៉ុប​កំពុងតែព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្រភពថាមពលហ្វូស៊ីល ដែលបញ្ចេញ​ឧស្ម័ន​កាបូនិកខ្លាំងទៅក្នុងបរិយាកាស។​ ចរន្តអគ្គិសនីបាន​មកពីថាមពលកកើតឡើងវិញ គឺវាជាអាទិភាពធំបំផុតរបស់អឺរ៉ុប។

កង្ហារខ្យល់​នៅ​ Kaskasi offshore wind farm តំបន់​ Helgoland ប្រទេសអាល្លឺម៉ង ថ្ងៃព្រហស្បតិ៍ ទី​២៣ មីនា ២០២៣
កង្ហារខ្យល់​នៅ​ Kaskasi offshore wind farm តំបន់​ Helgoland ប្រទេសអាល្លឺម៉ង ថ្ងៃព្រហស្បតិ៍ ទី​២៣ មីនា ២០២៣ AP - Christian Charisius
ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​​ ប្រទេសសហភាពអឺរ៉ុបចំនួន៧ មានបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក លុចហ្សំបួរ និងស៊ុយអែត រួមជាមួយ​ អង់គ្លេស និង​ន័រវែស កំពុងតែបើកជំនួបកំពូលសមុទ្រខាងជើង លើកទី២ នៅទីក្រុងអូស្តង់ដ៍។ គឺបែលហ្ស៊ិកដែលជាអ្នក​ផ្តួចផ្តើមជំនួបកំពូលនេះ​ ដើម្បី​ផ្តល់សន្ទុះដល់​វិស័យ​ផលិត​ថាមពល​អគ្គិសនី បានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រ។ តំបន់សមុទ្រខាងជើងរបស់អឺរ៉ុប មានសក្តានុពល និងអំណោយ​ផលខ្លាំងណាស់ សម្រាប់វិស័យនេះ ព្រោះជាតំបន់ដែលទឹកសមុទ្រមិនសូវជ្រៅខ្លាំង ងាយ​ស្រួលសាងសង់កង្ហារ ហើយជាតំបន់​សំបូរខ្យល់​បក់ខ្លាំង​ សឹងតែពេញមួយឆ្នាំតែម្តង​។

ផលិត​ឲ្យ​បាន ៣០០ជីហ្កាវ៉ាត់ នៅរវាងឆ្នាំ​២០៥០

សហភាពអឺរ៉ុបមា​នកម្មវត្ថុកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​កើតចេញពី​ការផលិត​ថាមពល បានមកពីប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងកាត ធ្យូងថ្ម និង​ឧស្ម័នជាដើម។ សង្គ្រាមនៅអ៊ុយក្រែន​បាន​ជំរុញ​ឲ្យ​អឺរ៉ុប​ ខំប្រឹងបោះបង់ចោល​ប្រភពថាមពលទាំងនេះឲ្យ​កាន់តែលឿន ហើយ​ងាកមកផ្តល់អាទិភាពធំ ដល់ថាមពលកកើតឡើងវិញ ដែលមានដូចជាថាមពលផ្ទាំងសូឡា បាន​មកពី​ពន្លឺព្រះអាទិត្យ និង​​ថាម​​វាយោរ បានមកពីកង្ហារខ្យល់​នេះឯង។ កម្មវត្ថុធំ​របស់សហភាពអឺរ៉ុប គឺពីនេះដល់ឆ្នាំ​២០៣០ ត្រូវតែ​បង្កើនទំហំ​ចរន្តអគ្គិសនី​បានមកពី ប្រភពកកើតឡើងវិញ ឲ្យ​បានទ្វេដង ពោលគឺប្រមាណ ៤២% នៃតម្រូវការប្រើប្រាស់ថាមពលទូទាំងអឺរ៉ុប។

ពីនេះដល់ឆ្នាំ​២០៥០ អឺរ៉ុប​នឹងប្រឹងផលិត​ចរន្តអគ្គិសនី​បានមកពី​កង្ហារខ្យល់​ក្នុងសមុទ្រ ឲ្យបាន​ចំនួន ៣០០ជីហ្កាវ៉ាត់ នេះបើផ្អែកតាមការលើកឡើងរបស់​លោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៊ិក។តែយ៉ាងណាលោកបានបញ្ជាក់ថា កម្មវត្ថុនៃជំនួបកំពូលនេះ គឺគេនិយាយគ្នាអំពី ការរៀបចំបណ្តាញ​ចាក់ស្រែសនៃវិស័យថាមពលកង្ហារខ្យល់នេះ ឲ្យ​មានប្រសិទ្ធភាព។ ពោលគឺ ការ​រៀបចំស្តង់ដាររួមនៃបច្ចេកវិទ្យា តភ្ជាប់បណ្តាញ​ទៅ​វិញទៅមក ទាំងដំណាក់​កាលឧស្សាហ៍កម្ម​ផលិតកង្ហារ រៀបចំ​សាងសង់បង្គោលកង្ហារ និង​ការតភ្ជាប់បណ្តាញចរន្តអគ្គិសនីដែល​ផលិ​ត​បាន​។ នៅបែលហ្ស៊ិក គេនឹង​សាងសង់​កោះសិប្បនិម្មិត​មួយ​មុន​គេបង្អស់ ដោយចាក់​បេតុងទំហំ​​៥​ហិកតា​កណ្តាលសមុទ្រ ដើម្បី​រៀបចំធ្វើជាមជ្ឈមណ្ឌល​ស្នូល នៃការចែកចាយ​បណ្តាញចរន្តអគ្គិសនីផលិតបានដោយ​កង្ហារខ្យល់ ចែកចាយ​ទៅតាម​បណ្តាប្រទេសអឺរ៉ុប។​

បារាំងខ្សោយជាងគេ​

បច្ចុប្បន្ននេះទំហំចរន្តអគ្គិសនីបានមកពីកង្ហារខ្យល់នៅក្នុងសមុទ្រនៅអឺរ៉ុប គឺមានខ្ទង់​តែ​៣០​ជីហ្កាវ៉ាតទេ។ មានន័យថា កម្មវត្ថុឆ្នាំ​២០៥០ គឺមានទំហំ​អគ្គិសនីមួយគុណជាដប់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ គេនឹងត្រូវតែ​ពង្រីក​ទំហំ​ផ្ទៃក្រឡា នៃតំបន់មានកង្ហារខ្យល់ក្នុងសមុទ្រនេះ ឲ្យ​បានយ៉ាងហោច មួយគុណជា៤ ពីនេះដល់ឆ្នាំ២០៣០។

ការផលិតអគ្គិសនី​បានមកពីកង្ហារខ្យល់ក្នុងសមុទ្រនៅអឺរ៉ុប គឺប្រទេសនីមួយៗមានសមត្ថភាព​ផលិត​មិនស្មើគ្នា​ទេ។ បច្ចុប្បន្ននេះ អង់គ្លេស​ផលិត​បានច្រើនជាងគេ ប្រមាណ​១៤ជីហ្កាវ៉ាត់ ខណៈអាល្លឺម៉ង់ផលិតបាន​៨ជីហ្កាវ៉ាត់។ ដាណឺម៉ាក បែលហ្ស៊ិក ហូឡង់ ផលិតម្នាក់ៗបានខ្ទង់ពី ២ ទៅ ៣ជីហ្កាវ៉ាត់ រីឯបារាំង និង​ន័រវែសវិញ ផលិត​បាន​ប្រមាណ​០,៥ជីហ្កាវ៉ាតប៉ុណ្ណោះ។​ បារាំងដើរក្រោយគេខ្លាំងណាស់ ក្នុងវិស័យនេះ។ តែរដ្ឋាភិបាលបារាំងបានកំណត់​កម្មវត្ថុថា និង​ព្យាយាម​ផលិត​ឲ្យ​បាន​ ៤០ជីហ្កាវ៉ាត់ ពីនេះដល់​ឆ្នាំ​២០៥០។

ពង្រឹងសមត្ថភាព​ឧស្សាហកម្ម​ផលិត​កង្ហារខ្យល់

ដើម្បីបង្កើនទំហំមួយ​គុណជា​១០ នៃការ​​ផលិត​ចរន្តអគ្គិសនី បានមកពីកង្ហារខ្យល់ក្នុងសមុទ្រ គឺមានន័យថា គេត្រូវតែពង្រីកសមត្ថភាពផលិតកង្ហារខ្យល់។ ​យោងតាមអ្នកជំនាញ ក្នុងរវាង​៥ឆ្នាំទៅមុខនេះ គេត្រូវផលិត​កង្ហារខ្យល់សរុប​​ ដែលមានទំហំ​អាចផលិតចរន្តអគ្គិសនី​ចំនួន​២០ជីហ្កាវ៉ាត់ឯណោះ ក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នទំហំនេះមានស្មើ​ប្រមាណ​៧ជីហ្កាវ៉ាត់ទេ។ មានន័យថា​ ឧស្សាហកម្មអឺរ៉ុប ត្រូវតែ​បន្ថែមល្បឿនឲ្យ​ខ្លាំងតែម្តង​នៅក្នុងវិស័យនេះ។ ចំណុចនេះអាចជាឧបសគ្គធំ ព្រោះមានន័យថា ត្រូវបង្កើនរោងចក្រ សង្វាក់ផលិតកម្ម និងជាពិសេស គឺត្រូវរក​វត្ថុធាតុដើម ឲ្យ​បានគ្រប់គ្រាន់ទាន់ពេលវេលា។

យោងតាមលោក Pierre Tardieu តំណាង​សហព័ន្ធឧស្សាហកម្ម WindEurope គឺ​វត្ថុធាតុដើមសំខាន់ៗ​មួយចំនួនធំ អឺរ៉ុបត្រូវនាំចូលពីគេ ហើយអ្វីដែល​ពិបាករកបំផុតនោះ​ គឺរ៉ែកម្រ ដែលភាគច្រើនាំចូលពីចិន​។ លោកលើកឡើងថា អឺរ៉ុបត្រូវតែ​រៀបចំ ផ្តល់សន្ទុះដល់​ការសិក្សាស្រាវជ្រាវ ច្នៃប្រឌិតថ្មី បើកចំហរឲ្យ​មាន​កញ្ចប់ថវិកាចំណាយ​ វិនិយោគ​ឲ្យ​បានច្រើន ដើម្បី​សាងសង់រៀបចំហេដ្ឋារចនាសម្ព័ន្ធ​ បង្កើនសមត្ថភាពផលិត​ឲ្យ​បាន​មួយគុណជា​៣។

តែយ៉ាងណា លោក Pierre Tardieu ជឿជាក់ថា អឺរ៉ុបអាចសម្រេចកម្មវត្ថុនេះ​បាន ព្រោះអឺរ៉ុប មិនមែនត្រឹមតែមាន​ឆន្ទៈនយោបាយ​ប៉ុណ្ណោះទេ តែអឺរ៉ុប​ជាអ្នកនាំមុខគេ​ ក្នុងវិស័យឧស្សាហកម្ម និង​បច្ចេកវិទ្យា នៃការ​​ផលិត​ថាមពលអគ្គិសនីបានមកពីកង្ហារខ្យល់ក្នុងសមុទ្រនេះ។ វាក៏ជាឱកាសសេដ្ឋកិច្ចដែរសម្រាប់អឺរ៉ុប ជាមួយនឹងការ​បង្កើនសមត្ថភាពផលិតក្នុងវិស័យនេះ។ វិស័យកង្ហារខ្យល់ក្នុងសមុទ្រនេះ​ នឹងបង្កើតការងារ​ចំនួន​ ២៥០០០០ការងារ នៅរវាងឆ្នាំ​២០៣០ ខណៈបច្ចុប្បន្នមានប្រមាណ​៨០០០០។ មានន័យថា ទាំងរដ្ឋទាំងឯកជន ត្រូវតែវិនិយោគឲ្យខ្លាំង ទៅលើ​ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស។​

យ៉ាងណាមិញ ក្រុមហ៊ុនឧស្សាហកម្មអឺរ៉ុបចំនួន​៩០នៅក្នុងវិស័យនេះ បានរួមគ្នាចេញលិខិតចំហ អំពាវនាវឲ្យ​ប្រទេសអឺរ៉ុប​ទាំង៩ដែលប្រជុំគ្នានៅអូស្តង់ដ៍នៅថ្ងៃនេះ ថាត្រូវតែ​បន្ថែមទឹកប្រាក់វិនិយោគប្រចាំឆ្នាំមួយគុណជា២ ក្នុងការរៀបចំបណ្តាញ​តភ្ជាប់ចរន្តអគ្គិសនីបានមកពីកង្ហារក្នុងសមុទ្រ ហើយត្រូវ​ផលិត​ស្នូលទួរប៊ីនរបស់​កង្ហារខ្យល់ ឲ្យបាន​មួយគុណជា៣​។

ប៉ះពាល់ប្រព័ន្ធជីវចម្រុះសមុទ្រ​

យ៉ាងណាក៏ដោយ អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការងារផ្នែកបរិស្ថាន បាន​ថ្លែងការបារម្ភ ទាក់ទិននឹងការប៉ះពាល់ ទៅលើប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ បណ្តារមកពីកង្ហារខ្យល់ដ៏ធំៗនេះ​។ អង្គការបរិស្ថាន បានទាញសញ្ញាអាសន្នថា មិនត្រូវប្រញេបប្រញាប់ខ្លាំងជ្រុលពេកទេ គឺត្រូវតែធ្វើការសិក្សាស្រាវជ្រាវ​ ឲ្យ​បានគ្រប់ជ្រុងជ្រោយ​ ថាកង្ហារខ្យល់ធំៗនៅតាមលំហរ​សមុទ្រនោះ វាប៉ះពាល់យ៉ាងណាខ្លះដល់ប្រព័ន្ធជីវចម្រុះ។ ការស្រាវជ្រាវខ្លះ នាពេលកន្លងមក បានអះអាងថា កង្ហារធំៗទាំងនេះបញ្ចេញ​ជាសំឡេងខ្លាំងៗ ធ្វើ​ឲ្យ​រំខានដល់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ។ អ្នកខ្លះទៀត លើកឡើងថា វាធ្វើឲ្យខូចសោភ័ណ្ឌភាព ទេសភាពសមុទ្រ មើលទៅឃើញតែកង្ហារពាសពេញ​។ ការប៉ះពាល់មួយទៀត ដែលគួរពិចារណាដែរ គឺ​ទៅលើ​ការនេសាទ និង​ផ្នែកចរាចរណ៍​សមុទ្រ។

ក៏ប៉ុន្តែ ផ្អែកតាមការអះអាងរបស់លោក Pierre Tardieu តំណាង​សហព័ន្ធឧស្សាហកម្ម WindEurope ដើម្បីឈានទៅសម្រេចគោលដៅឆ្នាំ​២០៥០ គឺវិស័យអគ្គិសនីដើរដោយ​កង្ហារខ្យល់ក្នុងសមុទ្រនេះ ត្រូវការ​ផ្ទៃលំហរសមុទ្រប្រមាណ តែ​៧ ទៅ​១០% តែប៉ុណ្ណោះ។ ពោលគឺវាតិចតួចណាស់ បើប្រៀបធៀបទៅនឹង គុណប្រយោជន៍ថាមពល បរិស្ថាន និង​សេដ្ឋកិច្ច បានមកពីវិស័យនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ