អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្តេចប៉ាប​ទៅ​ទស្សនកិច្ចនៅហុងគ្រី​ ដើម្បីអំពាវនាវ “ការស្តារសន្តិភាពនៅអ៊ុយក្រែន​”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រទី​២៨មេសា សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បាន​យាងទៅដល់​ទីក្រុង​ប៊ូដាប៉េសត៍ ប្រទេសហុងគ្រី ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។ កន្លងមក យើងបាន​សង្កេតឃើញថា សម្តេចប៉ាបហ្វ្រង់ស្វ័រ និង​លោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រី មានទំនោរមិនស្របគ្នាទេ ទាក់ទិននឹងសំណុំរឿងជនភៀសខ្លួន។ តែយ៉ាងណា អ្នកវិភាគជឿថា តាមរយៈ​ទស្សនកិច្ចនាពេលនេះ គឺ​សម្តេចប៉ាប ទំនងជាចង់រួមកម្លាំងជាមួយ​លោក​នាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីអំពាវនាវ ឲ្យ​មានការស្តារសន្តិភាពនៅអ៊ុយក្រែន ជាជាងការប្រគល់អាវុធឲ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាម ដូចអ្វីដែលក្រុម​ប្រទេសស​ម្ព័ន្ធមិត្ត​លោកខាងលិច​កំពុងតែធ្វើនោះ​។

លោក វិកទ័រ អកបាន ​នាយករដ្ឋមន្ត្រី​ហុងគ្រី ដើរកាត់មុខ សម្តេចប៉ាបហ្វ្រង់ស្វ័រ ដែលអង្គុយជាប់លោកស្រីប្រធានាធិបតីហុងគ្រី Katalin Novak ។ ទីក្រុងប៊ូដាប៉េសត៍ ថ្ងៃទី ២៨មេសា ២០២៣
លោក វិកទ័រ អកបាន ​នាយករដ្ឋមន្ត្រី​ហុងគ្រី ដើរកាត់មុខ សម្តេចប៉ាបហ្វ្រង់ស្វ័រ ដែលអង្គុយជាប់លោកស្រីប្រធានាធិបតីហុងគ្រី Katalin Novak ។ ទីក្រុងប៊ូដាប៉េសត៍ ថ្ងៃទី ២៨មេសា ២០២៣ REUTERS - MARTON MONUS
ផ្សាយពាណិជ្ជកម្ម

បួងសួងសុំសន្តិភាពនៅអ៊ុយក្រែន​​

ទស្សនកិច្ចនៅទីក្រុងប៊ូដាប៉េសត៍ របស់សម្តេចប៉ាបហ្វ្រ័ងស្វ័រនាពេលនេះ ទំនងជាត្រូវបាន​សម្តេចសង្ឃកាតូលិក ផ្តល់សារៈសំខាន់ខ្លាំងណាស់ បើទោះបីព្រះអង្គមានសុខភាពទ្រុឌទ្រោម​។ ជាងនេះទៀត កាលពីខែ​កញ្ញាឆ្នាំ​២០២១ សម្តេចប៉ាប បានឆ្លងកាត់ និងចុះនៅ​ក្រុងប៊ូដាប៉េសត៍​​ម្តងរួចហើយ។ ប្រជាជនហុងគ្រី អ្នកកាន់សាសនគ្រិស្ត បាន​សម្តែង​សេចក្តីត្រេកអរណាស់ ដែល​សម្តេចប៉ាបមកហុងគ្រីញឹកញាប់បែបនេះ​។​

ម៉ោងប្រមាណ១០ព្រឹក​ ថ្ងៃសុក្រនេះ សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានយាងទៅដល់​ទីក្រុងប៊ូដាប៉េសត៍ហើយ ដោយទស្សនកិច្ច៣ថ្ងៃនេះ គឺព្រះអង្គនឹងគង់នៅតែក្នុងទីក្រុងប៊ូដាប៉េសត៍ប៉ុណ្ណោះ មិនធ្វើដំណើរចុះឡើងឆ្ងាយទេ ព្រោះសុខភាពព្រះអង្គមិនសូវ​មាំទាំទេ។ តាមការគ្រោងទុក នៅថ្ងៃនេះ សម្តេចប៉ាប និងយាងចូលជួប​លោកស្រី Katalin Novak ប្រធានាធិបតីហុងគ្រី នៅឯវិមានប្រធានាធិបតី ហើយ​បន្ទាប់មកទៀត សម្តេចប៉ាប នឹងជួបជាមួយ​លោកនាយករដ្ឋមន្ត្រី វិកទ័រ អកបាន។

សម្តេចប៉ាប នឹងថ្លែងសុន្ទរកថាមួយដែរ​ ចំពោះមុខអាជ្ញាធរ និងមន្ត្រីអង្គទូតទជាច្រើននាក់។ សុន្ទរកថាដែលតាមការរំពឹងទុក គឺប្រាកដជាស្តីអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ព្រោះថាបញ្ហានេះ គឺជាស្នូលសំខាន់នៃកម្មវត្ថុ​ទស្សនកិច្ច​របស់​សម្តេចប៉ាប។ មុននឹងចេញដំណើរមក កាលពីថ្ងៃទី​២៣មេសា សម្តេចប៉ាប បានថ្លែងសារមួយទៅកាន់បុព្វជិតអ្នកកាន់សាសនាគ្រិស្តនៅបុរីវ៉ាទីកង់ ថា សូម​ឲ្យ​គ្រប់គ្នា សូត្រធម៌បន់ស្រន់បួងសួងដើម្បីសន្តិភាពនៅតំបន់អឺរ៉ុបកណ្តាល​ ជាទីដែលសង្គ្រាម​កំពុង​តែឆាបឆេះ​។ នៅក្នុងសារនោះ ព្រះអង្គបានអំពាវនាវថា “សូមកុំបំភ្លេចចោលប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសង្គ្រាម”។

ផ្ញើសារប្រាប់ទៅក្រុមសម្ព័ន្ធមិត្ត​​​លោកខាងលិច​ ថាត្រូវឈប់ជំរុញការធ្វើសង្គ្រាម​

សម្តេចប៉ាបហ្វ្រង់ស្វ័រ មានគោលជំហរគាំទ្រតែសន្តិភាព ដោយ​មិនគាំទ្រការធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាប បានរងចាំច្រើនខែណាស់ ទំរាំតែប្រកាសទទួលស្គាល់ភាពត្រឹមត្រូវរបស់អ៊ុយក្រែន ដែលប្រឹងប្រែងធ្វើសង្គ្រាមប្រយុទ្ធការពារខ្លួន។ តែទន្ទឹមគ្នានេះ សម្តេចប៉ាបមិនគាំទ្រក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដែលប្រគល់អាវុធទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមនោះទេ។ សម្តេចប៉ាបហ្វ្រង់ស័រ ចង់រុញឲ្យ​រុស្ស៊ីនិងអ៊ុយក្រែន ជួបគ្នា ចរចាគ្នា ដើម្បីឈានទៅទម្លាក់អាវុធ ឈប់ធ្វើសង្គ្រាមតទៅទៀត។

គោលជំហរ ប្រឆាំងសង្គ្រាម គាំទ្រសន្តិភាពនេះ ស្រដៀងទៅនឹង​គោលជំហររបស់ លោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រីដែរ។ លោកវិកទ័រ អកបាន បាន​បរិហារថា ក្រុមប្រទេសលោកខាងលិចនាំគ្នាជ្រើសយកជម្រើសធ្វើសង្គ្រាម រុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម​ ខណៈហុងគ្រីវិញ ជ្រើស​យក​ជម្រើសសន្តិភាព ចង់​ឲ្យ​មានការចរចាសន្តិភាព​​។ តែយ៉ាងណាសម្តេចប៉ាបហ្វ្រង់ស្វ័រ បាន​ប្រកាសថ្កោលទោស​រុស្ស៊ី ដែល​បានបញ្ឆេះភ្លើងសង្គ្រាមនេះឡើង។ ក៏ប៉ុន្តែលោកវិកទ័រ អកបានវិញ មិនបានថ្កោលទោសរុស្ស៊ីឲ្យចំៗទេ។ លោក​ម្នាក់នេះ បានបដិសេធមិនជួយជាគ្រឿងសព្វាវុធទៅឲ្យ​អ៊ុយក្រែនទេ បើទោះបីហុងគ្រីជាសមាជិករបស់សហភាពអឺរ៉ុបក្តី។ គោលជំហរស្រពិចស្រពិលទាំង​នេះ ត្រូវបានគេសម្លឹងឃើញថា ធាតុពិត គឺ​លោក​វិកទ័រ អកបាន មិនចង់ធ្វើ​ឲ្យ​លោកពូទីនខឹងខ្លួនតែប៉ុណ្ណោះ។

ប្រមុខសាសនានិកាយកាតូលិកហ្វ្រង់ស៊ីសកាន ដ៏មានឥទ្ធិពលនិងស្និទជាមួយរដ្ឋាភិបាលហុងគ្រីម្នាក់ ធ្លាប់បាន​លើកឡើងថា ខ្លួន​មានការតក់ស្លុតក្នុងចិត្ត ដែលឃើញថានៅអ៊ុយក្រែន គេមិន​បន់ស្រន់បួងសួងឲ្យមានសន្តិភាពទេ តែបែរជាបន់ស្រន់បួងសួងធ្វើម៉េចឲ្យតែឈ្នះសង្គ្រាមទៅវិញ។ លោក​ម្នាក់នេះ អះអាងទៀតថា សម្តេចប៉ាបត្រេកអរណាស់ ដែល​ឃើញថាហុងគ្រី​ គឺជាទីដ៏កម្រ ដែលគាំទ្រចង់បាន​​សន្តិភាព​។ ប្រភពពីបុរីវ៉ាទីកង់វិញ បានលើកឡើងថា “ទស្សនកិច្ចរបស់សម្តេចប៉ាបហ្វ្រង់ស្វ័រ នៅប៊ូដាប៉េសត៍នាពេលនេះ គឺសម្តេចប៉ាប ចង់ផ្ញើសារប្រាប់​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចថា អ្វីដែលពួកខ្លួនគិត គឺ​មិនមែនសុទ្ធតែត្រូវបាន​សហគម​ន៍​អ្នកកាន់សាសនាកាតូលិក​ទាំងអស់ គាំទ្រគ្រប់គ្នានោះទេ”។

ជំហរដូចគ្នាក្នុងរឿងអ៊ុយក្រែន តែខុសគ្នាស្រឡះក្នុងរឿងជនភៀសខ្លួន​

សារអំពាវនាវស្វែងរកសន្តិភាពនៅអ៊ុយក្រែននេះ គឺជាកត្តាដែលបាន​រុញឲ្យ​លោក​នាយករដ្ឋមន្ត្រីហុងគ្រី និង​សម្តេចប៉ាបហ្វ្រង់ស្វ័រ មានភាពរាក់ទាក់ស្វាគមន៍គ្នាទៅវិញទៅមក។ បណ្តាញសារព័ត៌មានក្នុងស្រុកហុងគ្រី ដែលពីមុនមកមានទំនោរប្រឆាំងនឹងសារអំពាវនាវ របស់​សម្តេចប៉ាប ទាក់ទិនសំណុំរឿងជនភៀសខ្លួន ពេលនេះបាននាំគ្នាចុះផ្សាយព្រោងព្រាត សរសើរសម្តេចប៉ាបហ្វ្រង់ស្វ័រ។

តែយ៉ាងណា ក្នុងសំណុំរឿងជនភៀសខ្លួន រវាងលោកវិកទ័រ អកបាន និងសម្តេចប៉ាបហ្វ្រង់ស័រ គឺនៅតែមាន​ការខ្វែងគំនិតគ្នាខ្លាំងណាស់។ អ្នកទាំង២មានទស្សនវិស័យមិនដូចគ្នាទេ។ សម្តេចប៉ាប ធ្លាប់​បាន​ផ្ញើសារអំពាវនាវ ឲ្យ​ប្រជាជនហុងគ្រី រដ្ឋាភិបាលហុងគ្រី ឲ្យ​បើកចិត្ត​ឲ្យទូលាយ ប្រកបដោយមេត្តាធម៌ ទទួលយកជនភៀសខ្លួន​មកពីតំបន់ដើមបូព៌ា ដែលកាន់សាសនាអ៊ីស្លាម។ ជាសារដែលលោក វិកទ័រ អកបាន ស្តាប់មិនចូលត្រចៀកទេ។ ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលហុងគ្រី ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រីស្តាំនិយមរូបនេះ បានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងជនភៀសខ្លួន ជនអន្តោប្រវេសន៍ មិន​ឲ្យចូល​មក​ហុងគ្រី។ ឆ្នាំ​២០២២កន្លងទៅ ហុងគ្រីបានផ្តល់ក្រដាសស្នាមដល់ជនភៀសខ្លួន តែ​១០នាក់តែប៉ុណ្ណោះ។

ទស្សនកិច្ចរបស់សម្តេចប៉ាបនៅប៊ូដាប៉េសត៍នាពេលនេះ មិនមែនជារឿងងាយស្រួល​ប៉ុន្មានទេសម្រាប់បុរីវ៉ាទីកង់។ សម្តេចប៉ាបហ្វ្រង់ស្វ័រ ស្ថិតនៅ​លើផ្លូវដើរដែលតូច​ចង្អៀតណាស់។ ម្ខាង​ជាទស្សនវិស័យស្រដៀងគ្នាជាមួយលោកវិកទ័រ អកបាន ទាក់ទិននឹង​សារអំពាវនាវ​ឲ្យ​​បិទបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ហើយ​ម្ខាងទៀត ទាក់ទិននឹងការ​ទទួលជនភៀសខ្លួន ដែលអ្នកទាំង២គិតខុសគ្នាដូចមេឃនឹងដី។ រដ្ឋាភិបាលហុងគ្រីដែលរើសអើងប្រកាន់សាសនានោះ​ មិនចង់បើកទ្វារទទួលជនភៀសខ្លួន ដែលកាន់សាសនាផ្សេង ក្រៅពីសាសនាគ្រិស្ត​ជាដាច់ខាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ