អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ញាសិប្បនិម្មិត​៖ សេតវិមានអាមេរិក​ប្រជុំជាមួយបណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បីរៀបចំច្បាប់គ្រប់គ្រង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលរីកចម្រើនយ៉ាងខ្លាំង និងលឿនរហ័សនោះ​ បានបង្កឲ្យ​មានការព្រួយ​បារម្ភស្តីអំពីផល​ប៉ះពាល់របស់វា។ កាលពីពេលថ្មីៗនេះ បណ្តាអ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់ បានរួមគ្នាសរសេរលិខិតចំហ អំពាវនាវថាត្រូវតែ​ផ្អាក​ជាបណ្តោះអាសន្នសិន នូវការស្រាវជ្រា​វអភិវឌ្ឍន៍ប្រជែងគ្នាដែលគ្មាន​ព្រំដែន​បែបនេះ ហើយត្រូវតែ​រៀបចំ​ច្បាប់គ្រប់គ្រងការអភិវឌ្ឍន៍​បច្ចេកវិទ្យានេះ​។ កាលពីថ្ងៃព្រហស្បតិ៍ទី​៤ឧសភាម្សិលមិញ នេះ នៅសេតវិមានអាមេរិក គេបាន​រៀបចំ​ការប្រជុំ​ពិសេសមួយដោយ​មានការចូលរួម​ពី​លោក ចូ បៃដិន និង​លោកស្រីកាម៉ាឡា ហារីស ជាមួយនឹងតំណាង​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីនិយាយគ្នាអំពី​ការរៀបចំក្របខណ្ឌច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត។

ឡូហ្គោ Google Microsoft Alphabet និង​ AI Artificial Intelligence នៅលើកញ្ចក់កុំព្យូទ័រ ថ្ងៃទី ៤ ឧសភា ២០២៣
ឡូហ្គោ Google Microsoft Alphabet និង​ AI Artificial Intelligence នៅលើកញ្ចក់កុំព្យូទ័រ ថ្ងៃទី ៤ ឧសភា ២០២៣ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ជាកម្មវិធីប្រជុំលើកទីដំបូង រវាង​ថ្នាក់ដឹកនាំរដ្ឋាភិបាល​អាមេរិក ជាមួយ​នឹងតំណាងក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន។ កិច្ចប្រជុំពិសេស រយៈពេលប្រមាណ​២ម៉ោងនេះ មានការចូលរួម​ ពីលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក ចំណែក​លោក​ចូ បៃដិន បានមកចូលរួម​មួយភ្លែត ពេលបើកការប្រជុំ​។ ចំណែកខាងក្រុមហ៊ុន​បច្ចេកវិទ្យាវិញ គឺមានលោក Satya Nadella (Microsoft) Sundar Pichai (Google) Sam Altman (OpenAI) Dario Amodei (Anthropic)។

ពេលបើកការប្រជុំ លោកចូ បៃដិន បានថ្លែងទៅកាន់តំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះថា “​អ្វីដែលពួកលោកទាំងអស់គ្នាកំពុងតែ​អភិវឌ្ឍន៍ គឺវាពោរពេញដោយ​សក្តានុពលខ្លាំងណាស់ តែវាក៏​មានបញ្ហាប្រឈមគ្រោះថ្នាក់ច្រើន​ដែរ។ លោកចូ បៃដិន បាននិយាយបែបដាក់ខ្លួនថា លោកសង្ឃឹមថាក្រុមហ៊ុន​បច្ចេកវិទ្យា នឹងជួយណែនាំ ផ្តល់យោបល់ប្រាប់មករដ្ឋាភិបាល ថាត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឲ្យ​បច្ចេកវិទ្យានេះរីកចម្រើនទៅមុខ ដោយការពារសង្គម​ផងដែរ​។

នៅក្រោយកិច្ចប្រជុំនេះ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានចេញលិខិតប្រកាសមួយ ដោយ​លោកស្រីបាន​លើកឡើងថា វិស័យឯកជន មានកាតព្វកិច្ចមនសិកា និង​ផ្លូវច្បាប់ ដោយត្រូវធ្វើយ៉ាងណា ធានាឲ្យ​បាន​នូវសុវត្ថិភាព សន្តិសុខនៃផលិតផលរបស់ខ្លួន​។ លោកស្រីបន្តថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត មាន​សក្តានុពលច្រើន នៅក្នុងការជួយសម្រួលជីវិតប្រចាំថ្ងៃរបស់​មនុស្សយើង និងអាចជួយចូលរួមជាដំណោះស្រាយ​នៃបញ្ហាសង្គមដែរ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងបង្កើននូវ​គ្រោះថ្នាក់ប្រឈមមួយចំនួន​មិនអាចប្រហែសបាន ដូចជាមកលើសន្តិសុខ មកលើសិទ្ធិមនុស្ស​និង​ជីវិតឯកជន ហើយអាច​បំផ្លាញការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ​ប្រព័ន្ធប្រជាធិបតេយ្យ​ ថែមទៀតផង។

គ្រោះថ្នាក់មកលើសង្គម​

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានច្រើនឆ្នាំមកហើយ ដែល​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រើប្រាស់វា។ តែអ្វីដែលជាការព្រួយបារម្ភធំ គឺប៉ុន្មានខែចុងក្រោយនេះ វាកាន់តែរីកចម្រើនលឿនរហ័សខ្លាំងណាស់។ ជាក់ស្តែង បច្ចេកវិទ្យា ChatGPT របស់ក្រុមហ៊ុន OpenAI ហើយដែលមានការចូលហ៊ុនវិនិយោគដ៏ធំពីក្រុមហ៊ុន Microsoft ដែលបានធ្វើ​ឲ្យ​ផ្អើលពេញពិភពលោក​តែម្តង។​ លោក​ Sam Altman នាយក OpenAI បានថែមទាំងអះអាងទៀត ថា ក្នុងពេលឆាប់ៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងកាន់តែអស្ចារ្យ លើសមត្ថភាពរបស់មនុស្សទៅទៀត។

ការវិវឌ្ឍន៍​ដ៏​លឿនរហ័សនេះ គឺវាបណ្តាលមកពីការប្រកួតប្រជែងគ្នា ចង់ឈ្នះគ្មានព្រំដែន រវាងក្រុមហ៊ុនទាំងអស់នេះ ថាបច្ចេកវិទ្យាអ្នកណាអស្ចារ្យ​ជាងអ្នកណា។ កាលពីពេលថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាល្បីៗជាច្រើននាក់ ក្នុងវិស័យនេះ​ បានរួមគ្នាធ្វើលិខិតចំហរមួយ អំពាវនាវហៅឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវតែផ្អាក​ការអភិវឌ្ឍន៍ រយៈពេល៦ខែសិន កុំទៅលឿនពេល​ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់។

យោងតាមអ្នកជំនាញ បញ្ញាសិប្បនិម្មិតដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ គឺវាអាចចូលរូម​បង្កើនចរន្តគំនិត ស្អប់​ខ្ពើមរើសអើងប្រកាន់ពូជសាសន៍នៅតាមបណ្តាញសង្គម បង្កើតជា​ព័ត៌មានប្រឌិតក្លែងក្លាយ ពន្យុះអំពើហិង្សាចលាចល ហើយអាចត្រូវបាន​ក្រុមមនុស្ស​ដែលមានចេតនាអាក្រក់ណាមួយ យកទៅប្រើប្រាស់ ដើម្បីទាញផលប្រយោជន៍ បំផ្លាញ​សង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ​ជាដើម។ បញ្ញាសិប្បនិម្មិត ក៏អាចបង្កើតជាបញ្ហាផ្នែកច្បាប់ដែរ ទាក់ទិននឹងកម្មសិទ្ធិបញ្ញា។ បញ្ញាសិប្បនិម្មិត កាន់តែវិវឌ្ឍន៍ គឺវាអាចឆក់ច្បាមយកការងាររបស់​មនុស្ស​ យូរៗ​ទៅមនុស្ស​លែងមានការងារធ្វើ លែងចេះធ្វើអ្វីដោយ​ប្រើដៃ ប្រើគំនិតប្រាជ្ញាខ្លួនឯង ដោយពឹងតែម៉ាស៊ីន​ទាំងស្រុងតែម្តង​។​

លិខិតចំហរនេះ បានអំពាវនាវ ថាថ្នាក់ដឹកនាំនយោបាយដឹកនាំប្រទេស ត្រូវតែចាប់ផ្តើមរៀបចំក្រមខណ្ឌ​ច្បាប់ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យានេះឲ្យ​បាន​ មិនត្រូវបណ្តោយ​បែបនេះទេ។ នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃម្សិលមិញ ទាំងលោកចូ បៃដិន ទាំងលោកស្រី កាម៉ាឡា ហារីស គឺគិតដូចគ្នាថា ត្រូវតែរៀបចំក្របខណ្ឌច្បាប់ ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ។

កំណត់កាតព្វកិច្ច​ឲ្យ​គោរព

កាលពីចុងឆ្នាំ​២០២២ សេតវិមានអាមេរិក បានចេញផ្សាយ​អត្ថបទមួយ ដែលកំណត់អំពី ផែនការដើម្បី​ប្រកាសសិទ្ធិ​ស្តីពីបញ្ញាសិប្បនិម្មិត។ ពោលគឺជាអត្ថបទ ដែលបានចែង កំណត់អំពីគោលការណ៍ធំៗ រៀបចំតាក់តែងដោយវិទ្យាស្ថានជាតិ​ស្តង់ដារ និងបច្ចេកវិទ្យាអាមេរិក NIST។ តាមរយៈគោលការណ៍ទាំងនេះ គឺលោកចូ បៃដិន ចង់​ឲ្យក្រុមហ៊ុន​បច្ចេកវិទ្យាធានាប្រាប់រដ្ឋាភិបាលជាមុន ថាផលិតផលនីមួយៗ ពិតជាមិនជះផលអាក្រក់ ពិតជាមាន​សុវត្ថិភាពសន្តិសុខ មុននឹងដាក់ឲ្យ​មនុស្សទូទៅប្រើប្រាស់។

តែបញ្ហាចោទ គឺថាផែនការនេះ ពុំបានកំណត់ចងជាកាតព្វកិច្ចឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យានីមួយៗគោរពនោះទេ។ ពោលគឺគ្រាន់តែជាអនុសាសន៍​ប្រាប់ឲ្យធ្វើ ធ្វើបាន​ក៏បានទៅ។ នេះបើផ្អែកតាមការបញ្ជាក់ពីលោក David  Harris សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Berkeley និងដែលជាអតីតអ្នកជំនាញស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅក្រុមហ៊ុន Meta។

ទន្ទឹមគ្នានេះ លោក David  Harris បានរំលឹកថា កុំសូវទុកចិត្តសម្តី​យកគួររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពេក។ លោកសង្កត់ធ្ងន់ថា ជាទូទៅនាយកក្រុមហ៊ុនអស់ហ្នឹង តួយ៉ាងដូចជា Facebook ជាដើម តែងតែ​និយាយជាសាធារណៈថា ត្រូវតែការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ តែនៅពីក្រោយ​វិញ Facebook ប្រើប្រាស់ក្រុមឡុំប៊ី ដើម្បីរារាំងកុំឲ្យ​មានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់។ ដូច្នេះក្នុងបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះក៏អញ្ចឹងដែរ​។

ថ្លឹងថ្លែងរវាង ការប៉ះពាល់ជាក់ស្តែង និង​ផល​ប្រយោជន៍សេដ្ឋកិច្ច​

មានការលើកឡើងថា ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត វាអាចរារាំង រំខាន ធ្វើឲ្យ​បច្ចេកវិទ្យានេះមិនអាចរីកចម្រើនទៅមុខ ហើយ​ខាតប្រយោជន៍សង្គម និង​សេដ្ឋកិច្ចទៅវិញ​។ នេះគឺជាសំដីរបស់​លោក Michael Schwarz ប្រធានផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុន Microsoft។ លោក​ម្នាក់នេះ បានអំពាវនាវកាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុង​កម្មវិធីជជែករបស់ World Forum Economic ថាអ្នកធ្វើច្បាប់នៅសភា មិនត្រូវប្រញេបប្រញាប់តក់ក្រហល់ទេ គឺត្រូវតែថ្លឹងថ្លែង ថាច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាអាច​ប៉ះពាល់ជាក់ស្តែងអ្វីខ្លះ។ ពោលគឺត្រូវតែថ្លឹងរវាង ផលប្រយោជន៍​មកលើសង្គម មកលើសេដ្ឋកិច្ច បានមកពី​បច្ចេកវិទ្យានេះ និង​ផលប៉ះពាល់របស់វា ដែលជួនកាលវាមានតិចតួ​ច កំប៉ិកកំប៉ុក។ ច្បាប់គ្រប់គ្រងបិទផ្លូវពេក វានឹងបង្អាក់​ការស្រាវជ្រាវ ការវិវឌ្ឍន៍​ទៅមុខនៃបច្ចេកវិទ្យានេះ​។

ក៏ប៉ុន្តែ លោកស្រី Lina Khan ប្រធានទីភ្នាក់ងារអាមេរិកការពារអ្នកប្រើប្រាស់ បាន​ប្រៀបធៀបថា កាលៈទេសៈបច្ចុប្បន្នទាក់ទិននឹង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ គឺមិនខុសពី​កំឡុងដើមឆ្នាំ២០០០ នៅពេលបច្ចេកវិទ្យាអ៊ីនធ័រនិតវិវឌ្ឍន៍ខ្លាំងក្លានោះទេ។ នៅក្នុង​បទសម្ភាសន៍មួយ​ឲ្យ​កាសែត New York Times លោកស្រីបានអះអាងថា គម្រូសេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយ​មិនខ្វល់ពីសន្តិសុខ ពីសិទ្ធិសេរីភាព និងផ្នែកច្បាប់អ្វីឡើយ។ គម្រូសេដ្ឋកិច្ចរបៀបនេះ​មិនមែន ចៀសមិន​បាននោះទេបើគេចង់ធ្វើវា។ ដូច្នេះ ពេលនេះ អាជ្ញាធររដ្ឋគឺត្រូវតែមានការទទួលខុសត្រូវ ធានាកុំឲ្យ​ប្រវត្តិសាស្ត្រជាន់ដានដដែល ម្តងហើយម្តងទៀត ជាមួយ​នឹងបច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ