អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ការទូត ​ផ្ទុះឡើង​សាជាថ្មី រវាង​ចិន​និង​កាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ វិបត្តិការទូត រវាង​ចិននិងកាណាដា បាន​ផ្ទុះឡើងសាជាថ្មី។ ទំនាក់ទំនងការទូត ដែល​បានរកាំរកូសមិនទាន់ជាសះស្បើយនៅឡើយ​នោះ បាន​រង្គោះរង្គើរ បន្ទាប់ពី​កាណាដាបានបណ្តេញមន្ត្រីទូតចិនម្នាក់ កាលពីថ្ងៃចន្ទម្សិលមិញនេះ​។ ជាការឆ្លើយតបវិញ ក្រសួងការបរទេសចិន បានប្រកាសនៅព្រឹកថ្ងៃអង្គារទី​៩ឧសភា បណ្តេញ​មន្ត្រីទូតកាណាដាម្នាក់​ ប្រចាំនៅក្រុងសៀងហៃ។

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង សម្លឹងទៅមើល​លោក​នាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ​ នៅក្នុងកិច្ចប្រជុំពេញអង្គ G20 
 ក្រុងអូសាកា ថ្ងៃទី ២៨ មិថុនា ២០១៩​
លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង សម្លឹងទៅមើល​លោក​នាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ​ នៅក្នុងកិច្ចប្រជុំពេញអង្គ G20 ក្រុងអូសាកា ថ្ងៃទី ២៨ មិថុនា ២០១៩​ AP - Adrian Wyld
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរបស់ក្រសួងការបរទេសចិន ចេញផ្សាយ​នៅព្រឹកថ្ងៃអង្គារទី​ឧសភា​ គឺរដ្ឋាភិបាល​ចិន បានសម្រេច​ បណ្តេញ​មន្ត្រីទូតកាណាដាម្នាក់ គឺលោកស្រី Jennyfer Lynn Lalonde មានតំណែងជាអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃ។ មន្ត្រីទូតរូបនេះ ត្រូវតែចាកចេញ​ពីទឹកដីចិន ឲ្យ​បានមុនថ្ងៃទី ១៣ឧសភា។ ក្រសួងការបទេសចិន បាន​លើកឡើងថា​ វិធានាការនេះ គឺជាការឆ្លើយតបយ៉ាងសមរម្យបំផុត ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាល​កាណាដា ដែលចិនបានចាត់ទុកថា ជា​សកម្មភាពរករឿងដោយ​គ្មានហេតុផលត្រឹមត្រូវ។ គិតមកត្រឹមពេលនេះ មិនទាន់​មានប្រតិកម្មណាមួយ ពី​ក្រសួងការបរទេសកាណាដា ឬពីស្ថានទូតកាណាដាប្រចាំនៅ​ប៉េកាំងទេ។​

មុននឹងមានការសម្រេចរបស់ចិននេះ គឺកាលពីថ្ងៃចន្ទទី​៨ឧសភា​ ក្រសួងការបរទេសកាណាដា បានប្រកាសបណ្តេញ​មន្ត្រីទូតចិន​ម្នាក់ ឈ្មោះ Zhao Wei ​ដែលជាបុគ្គលិក​ស្ថានកុងស៊ុលចិន ប្រចាំនៅក្រុងអូតាវ៉ា។ លោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា បាន​អះអាងថា កាណាដា មិនអាចអនុញ្ញាតឲ្យ​មានការលូកដៃចូល​មកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា ពី​សំណាក់​មន្ត្រីទូតចិនបានឡើយ​។

មន្ត្រីចារកិច្ចចិន​គំរាម​សន្តិសុខ​សមាជិកកាណាដា​

ដំណើរដើមទង គឺមានពាក់ព័ន្ធនឹងសមាជិកសភាកាណាដាម្នាក់ ឈ្មោះ Michael Chong។ លោកMichael Chong ដែលមានដើមកំណើតចិន មានក្រុមគ្រួសាររស់នៅហុងកុង គឺជាសមាជិកសភាកាណាដាមកពី គណ​បក្ស​ប្រឆាំង។ លោក​ម្នាក់នេះ ត្រូវបាន​គេស្គាល់ថាជាអ្នកបានចេញ​មុខរិះគន់ចិនញឹកញាប់ណាស់ ទាក់ទិននឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម។ ជាក់ស្តែង នៅក្នុង​ពេលដែលសភាកាណាដា បានចេញសេចក្តីថ្លែងការណ៍ កាលពី​ខែ​កុម្ភៈ ២០២១ ថ្កោលទោសចិន ថាបាន​ធ្វើសកម្មភាព​មានទម្រង់ជា អំពើ “ប្រល័យ​ពូជសាសន៍” ទៅលើប្រជាជនអ៊ុយហ្កួរនៅខេត្តស៊ីជាំង គឺ​លោក​​ Michael Chong បានចូលរួម​បោះឆ្នោតគាំទ្រ។

ផ្អែកតាម​ចុះផ្សាយរបស់​សារព័ត៌មានកាណាដាមួយឈ្មោះ Globe and Mail បាន​ឲ្យ​ដឹងថា លោក Michael Chong ព្រមទាំងក្រុមគ្រួសារ បានរងនូវការគំរាមកំហែងសន្តិសុខ ការដាក់សំពាធ និ​ងសំឡុត​ ពីសំណាក់មន្ត្រីចារកិច្ច​ចិន​។ សារព័ត៌មាននេះ បានចុះផ្សាយថា មានការប្រជុំបន្ទាន់មួយ កាលពីសប្តាហ៍​មុននេះ នៅឯសភាកាណាដា ដោយ​មានវត្តមាន​លោក នាយករដ្ឋមន្ត្រី យូស្តាំង ទ្រុយដូ លោក​ទីប្រឹក្សាសន្តិសុខជាតិកាណាដា លោក​ប្រធាន​ស៊ើបការណ៍សំងាត់កាណាដា និង​លោក Michael Chong ផ្ទាល់តែម្តង។ ការប្រជុំគ្នានេះ គឺគេនិយាយអំពី​បញ្ហាសន្តិសុខ ដែលសមាជិកសភាកាណាដារូបនេះ កំពុងតែប្រឈម។

គឺបន្ទាប់​ពីមានការប្រជុំនេះហើយ ទើបរដ្ឋាភិបាល​កាណាដា តាមរយៈលោកស្រីរដ្ឋមន្ត្រីការបរទេស​ បានសម្រេចបណ្តេញ​មន្ត្រីទូតចិនម្នាក់ ឈ្មោះ Zhao Wei ឲ្យ​ចេញពីកាណាដា ដើម្បីបង្ហាញថា កាណាដា​ប្រឆាំងដាច់ខាតចំពោះសកម្មភាព​ ដាក់សំពាធ និង​គំរាម​សន្តិសុខ​ ​មក​លើសមាជិកសភាកាណាដា។ កាណាដាចាត់ទុកថាសកម្មភាពរបស់មន្ត្រីគេញសំងាត់ចិន គឺជាការលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា។​

ចិនចោទកាណាដាថា ប្រឌិតរឿងមួរបង្កាច់បង្ខូចកិត្តិយសចិន

ភាគីចិន​បាន​ លើកឡើងថា ការចោទរបស់កាណាដា គឺជា​ពាក្យ​កុហក មួរបង្កាត់ បរិហារកេរ្តិ៍ សំដៅ​បំផ្លាញ​កិត្តិយសដ៏ស្អាតស្អំរបស់រដ្ឋាភិបាលចិន​។ ចិនអះអាងថា គ្មានការ​លូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដានោះឡើយ​។

នៅក្នុងសន្និសីទ​កាសែតព្រឹកថ្ងៃទី​អង្គារ​ទី​៩ឧសភា​ លោក​ វ៉ាង វេនពីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានលើកឡើងថា កាណាដា ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរករឿងគ្មានហេតុគ្មានផលបែបនេះតទៅទៀត ព្រោះវាកំពុងតែបំផ្លាញ​ ទំនាក់ទំនងការទូតរវាងចិននិងកាណាដា។ អ្នកនាំពាក្យចិន រូបនេះ បាន​បន្ថែមទៀតថា ចិន​សូមរក្សាសិទ្ធិ ប្រតិកម្មឆ្លើយតប​ និងសងសិកវិញ​​បន្ថែមទៀត ប្រសិន​បើរដ្ឋាភិបាល​កាណាដា នៅតែប្រកាន់​ចរិកបែបនេះ​តទៅទៀត។

ទំនាក់ទំនងការទូត រកាំរកូសជាយូរឆ្នាំមកហើយ​​

វិបត្តិការទូត រវាងចិន និងកាណាដា នេះ មានរឿងជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយ​ក្រោយ​នេះ​។ កាលពីឆ្នាំ​ ២០១៨ សមត្ថកិច្ចកាណាដា បានចាប់ឃាត់ខ្លួន លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ និងដែលជាកូនស្រីរបស់ស្ថាបនិក​ក្រុមហ៊ុន​ Huawei ទៅតាមការស្នើសុំពីអាជ្ញាធរតុលាការអាមេរិក ដែលចោទលោកស្រីទាក់ទិននឹងបទល្មើសហិរញ្ញវត្ថុធនាគារ​។ ភ្លាមៗនោះ ចិន បានចាប់ឃាត់ខ្លួន​អ្នកជំនួញជនជាតិកាណាដា ចំនួន​២នាក់ ជាការសងសិកវិញ។

លោកស្រី Meng Wanzhou ត្រូវបាន​ឃុំខ្លួន​ក្នុងគេហដ្ឋាននៅក្រុងវ៉ង់កូវើ អស់​ប្រមាណ​៣ឆ្នាំ មុននឹងមាន​កិច្ចព្រមព្រៀង សម្រុះសម្រួលជាមួយ​តុលាការអាមេរិក ហើយ​ត្រូវបាន​ដោះលែងឲ្យ​មានសេរីភាពវិញ។ ខាងភាគីចិន ក៏បានសុខចិត្តដោះលែងអ្នកជំនួញជនជាតិកាណាដាទាំង២នាក់វិញដែរ។

ក្រោយមក គឺមានរឿងសង្ស័យជាបន្តបន្ទាប់ ថាចិនបានប៉ុនប៉ងលូកដៃចូលទៅក្នុង​នយោបាយ​ផ្ទៃក្នុងកាណាដា តួយ៉ាង នៅក្នុងការបោះឆ្នោត កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១។ សារព័ត៌មានកាណាដា បានចុះផ្សាយ​ជាបន្តបន្ទាប់ ថាមានមន្ត្រីទូតចិន បាន​ព្យាយាម យកប្រាក់ទៅសូក ទិញទឹកចិត្តសមាជិកសភាកាណាដាមួយចំនួន។ ករណីសង្ស័យថាចិនយកប្រាក់ទិញទឹកចិត្តមន្ត្រីជាន់ខ្ពស់បែបនេះ ក៏ធ្លាប់​មានដែរ នៅអូស្ត្រាលី។

ហើយ​បញ្ហានេះ ក៏បានបង្កើតឲ្យ​ការអន់ចិត្តនឹងគ្នាដែរ រវាង​លោក ស៊ី ជីនពីង និង​លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ។ ជាក់ស្តែងកាលពី​ជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងវីដេអូមួយ គេឃើញ លោកស៊ី ជីនពីង និង​លោកយូស្តាំង ទ្រុយដូ និយាយបែបទាស់សម្តីគ្នា ទោះបីជាខំញញឹម​រៀងៗខ្លួនក្តី។ លោកស៊ី ជីនពីងបានបន្ទោសលោកទ្រុយដូរ ថាជាអ្នកទៅប្រាប់អ្នកកាសែត ស្តីពីខ្លឹមសារជជែកគ្នាក្នុងពេលប្រជុំរវាងលោកនិងលោកទ្រុយដូ។ យោងតាមការចុះផ្សាយ​ របស់សារព័ត៌មាន ក្នុងពេលប្រជុំនោះ លោកទ្រុយដូ បាននិយាយអំពី ករណីចិនលូកដៃចូលកិច្ចការផ្ទៃក្នុងកាណាដា រំខានដល់​ប្រព័ន្ធប្រជាធិបតេយ្យ និងតុលាការកាណាដា។​

បន្ថែមពីរឿងរកាំរកូសទាំងនេះ គឺមានបញ្ហាទាក់ទិននឹង វិស័យបច្ចេកវិទ្យា ទាក់ទិននឹងបណ្តាញ Tiktokរបស់ចិន ដែលកាណាដា បានចូលរួមជាមួយអាមេរិកនិងអឺរ៉ុប ចោទ រករឿងខាងចិន។ សំណុំរឿងសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនធ្វើទៅលើជនជាតិអ៊ុយហ្កួរ​ក៏ជាបញ្ហាធំមួយដែរ ដែលបង្កឲ្យចិននិងកាណាដាឈ្លោះគ្នា។ កាណាដាចាត់ទុកថា ចិន​បាននិងកំពុង​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើអ្នកជនជាតិអ៊ុយហ្កួរ និងអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀត​នៅក្នុងខេត្តស៊ីនជាំង។ ហើយ​គឺបញ្ហានេះហើយ ដែលជាដើមហេតុ បណ្តាល​ឲ្យ​មានវិបត្តិការទូតនាពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ