អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំងឺស៊ីដា៖ ៤០ឆ្នាំ​នៃការ​ប្រឹងប្រែង បន្ទាប់ពីការរកឃើញមេរោគ និងការស្រាវជ្រាវរក​ថ្នាំពន្យារជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកទល់ពេលនេះ គឺមានរយៈពេល​៤០ឆ្នាំហើយ ដែល​មេរោគ VIH ឬ HIV ដែលជាប្រភពបង្កជំងឺស៊ីដា ឬ ជំងឺអេដស៍ ត្រូវបានគេរកឃើញ។ ជំងឺដ៏កាចសាហាវ ដែលឆ្លងតាមឈាមនេះ​ បានសម្លាប់ជីវិតមនុស្ស​ប្រមាណ​៤០លាន​នាក់ នៅទូទាំងពិភពលោក។ ៤០ឆ្នាំមកនេះ ការស្រាវជ្រាវវិទ្យាសាស្ត្របានរីកចម្រើនយ៉ាងខ្លាំង រហូតឈានទៅរកឃើញ ថ្នាំគ្រាប់ពន្យាជីវិត ដែលមានប្រសិទ្ធភាពខ្ពស់​។​ ការរីកចម្រើន ដែលបានចូលរួមចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សទូទៅ ឲ្យ​ឈប់គិតអគតិ ឬរើសអើងទៅលើ​អ្នកផ្ទុកមេរោគជម្ងឺអេដស៍​។

អ្នកផ្ទុកមេរោគអេដស៍​ម្នាក់ នៅ​ក្រុងរ៉ង់ហ្គូន ប្រទេសភូមា ថ្ងៃទី១ កញ្ញា ២០១២។
អ្នកផ្ទុកមេរោគអេដស៍​ម្នាក់ នៅ​ក្រុងរ៉ង់ហ្គូន ប្រទេសភូមា ថ្ងៃទី១ កញ្ញា ២០១២។ AP - Alexander F. Yuan
ផ្សាយពាណិជ្ជកម្ម

ជំងឺអេដស៍(Aids) ឬហៅជាភាសាបារាំងថាជំងឺស៊ីដា(Sida) បានចាប់ផ្តើមលេចមុខជាលើកដំបូង នៅរវាងខែមិថុនា ឆ្នាំ​១៩៨១។ កាលណោះ អាជ្ញាធរសុខាភិបាលអាមេរិក បានសង្កេតឃើញ ថាមានករណី​មនុស្សប្រុសវ័យក្មេងពេញកម្លាំង៥នាក់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នានៅរដ្ឋកាលីហ្វ័រញ៉ា មានជំងឺសួតឈ្មោះ Pneumocystose  ធ្លាក់ខ្លួនឈឺមួយរំពេច​។ តាមធម្មតាជំងឺសួតនេះជាជំងឺកម្រ ហើយកើតបានទាល់តែប្រព័ន្ធអង់ទីក័រចុះខ្សោយ​ខ្លាំងយកតែមែនទែន តែនេះវាចម្លែក ព្រោះអ្នកជំងឺជាមនុស្សពេញកម្លាំង មិនមានជម្ងឺអ្វីផ្សេងសោះ។

ក្រោយ​មកគេបានរកឃើញករណី​ជំងឺនេះ ក្នុងចំណោមអ្នកញៀនថ្នាំញៀន នៅអាមេរិក ដែលប្រើប្រាស់ការចាក់ម្ជុលសឺរាង។ មានដំណឹងរីកសាយភាព ធ្វើឲ្យ​ផ្អើល​កាលជំនាន់នោះ ថាមានជំងឺថ្មី ដែលជាជំងឺរបស់ពួកអ្នកស្រលាញ់ភេទដូចគ្នា និង​ក្នុងចំណោមពួកអ្នកញៀនថ្នាំញៀនអីជាដើម។ ​ក្រោយ​មក នៅរវាង​ពាក់កណ្តាលឆ្នាំ​១៩៨២ ក៏មានករណីឆ្លង ក្នុងចំណោម​អ្នកជម្ងឺដែល​ប្តូរឈាម ឬបញ្ចូលឈាម និង​ក្នុងចំណោមសហគមន៍ជនជាតិហៃទី រស់នៅអាមេរិក​​​ថែមទៀត។

ការស្រាវជ្រាវ រក rétrovirus ដែលបង្ករជំងឺស៊ីដា

ពាក្យ​ថា ជម្ងឺអេដស៍ ឬ ស៊ីដា (Syndromes d’immunodéficience acquise) ត្រូវបានគេ​ចាប់ផ្តើមប្រើប្រាស់ ​ចាប់ពីខែកញ្ញា​ឆ្នាំ​១៩៨២។ អ្នកជំនាញចាត់ទុកថា ជាប្រភេទជំងឺម្យ៉ាង ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធអង់ទីករ ចុះខ្សោយទៅៗ បើកផ្លូវឲ្យជំងឺគ្រប់ជំពូក ចូលមកទន្ទ្រានសរីរាង្គ សារពាង្គកាយមនុស្ស​​​។ អ្នកស្រាវជ្រាវធំៗ​ ​បានចាប់ផ្តើម ផ្តោតការចាប់អារម្មណ៍​ រកមើលថាតើ មេរោគអ្វី ដែលបង្កជំងឺ​ប្រភេទថ្មីដ៏កាចសាហាវនេះ​។

នៅអាមេរិកការស្រាវជ្រាវរកមេរោគបង្ករជំងឺអេដស៍នេះ គឺនាំមុខដោយអ្នក​​ជំនាញដ៏ល្បី ផ្នែកស្រាវជ្រាវមេរោគជម្ងឺមហារីក ឈ្នោះ Robert Gallo។ លោក​ម្នាក់នេះបានសង្ស័យថា មេរោគបង្ករជំងឺអេដស៍ អាចជាប្រភេទមេរោគក្រុម Rétrovirus ។ នៅបារាំងវិញ គឺអ្នក​ស្រាវជ្រាវនៅ​វិទ្យាស្ថានប៉ាស្ទ័រ២នាក់  គឺលោកស្រី Françoise Barré-Sinoussi និង Jean-Claude Cherman ដឹកនាំដោយលោកសាស្ត្រាចារ្យ​ Luc Montagnier ក៏បាន​ផ្តោតការសង្ស័យទៅលើ មេរោគក្រុម​ Rétrovirus ដែរ។

នៅខែមករា ដើមឆ្នាំ​១៩៨៣ ក្រុមអ្នកជំនាញបារាំង បាន​បូមយកបាន​នូវគ្រាប់កូនកណ្តុរ ពីអ្នកជំងឺម្នាក់ដែលទើបតែធ្លាក់ខ្លួនឈឺនៅទីក្រុងប៉ារីស។ ឆ្លងកាត់​ការស្រាវជ្រាវ វិភាគអស់ជាច្រើនខែ ទើបនៅខែឧសភាឆ្នាំ​១៩៨៣ ក្រុមអ្នកជំនាញ​បារាំងបាន​បំបែក​ ផ្តាច់មេរោគថ្មីមួយបាន ​ចេញពី​សេលុលនោះ។ មេរោគ Rétrovirus ថ្មីនេះ ត្រូវបានអ្នកជំនាញបារាំង​ដាក់ឈ្មោះថា LAV ហើយដែលគេជឿថាជាអ្នក​បង្ករជំងឺស៊ីដា​។ លទ្ធផលនៃការស្រាវជ្រាវនេះ​ ត្រូវបាន​ចុះផ្សាយនៅថ្ងៃទី​២០ឧសភាឆ្នាំ​១៩៨៣ក្នុងទស្សនាវត្តី The Science។ នៅឯអាមេរិក​ឯណោះវិញ គឺទាល់តែថ្ងៃទី​២៣មេសាឆ្នាំ​១៩៨៤ ទើបលោក​ Robert Gallo បានចុះផ្សាយពីលទ្ធផលស្រាវជ្រាវ បំបែក​ផ្តាច់មេរោគបាន ដោយ​​ដាក់ឈ្មោះថា HTLV-3។

បារាំងនិងអាមេរិក​ដណ្តើមគ្នា ថាអ្នក​បាន​រកឃើញមេរោគ VIH/HIV

ការប្រជែងគ្នា រវាងបារាំងនិងអាមេរិក​​ក៏ចាប់ផ្តើមផុសផុលឡើង។ ពេល​ក្រុមអ្នកជំនាញ​បារាំងដាក់ពាក្យសុំប្រកាសនីយ​ប័ត្រ​ ដើម្បីបើកការធ្វើតេស្តរកមេរោគ អាជ្ញាធរសុខាភិបាលអាមេរិកបានបដិសេធមិនឲ្យទេ ដោយថាមិនទាន់ទុកចិត្ត​។ តែក្រោយ​មក នៅពេល​ក្រុមស្រាវជ្រាវអាមេរិក​ ដាក់ពាក្យ​ប្រកាសនីយប័ត្រ អាជ្ញាធរសុខាភិបាលអាមេរិក​បានអនុញ្ញាតភ្លាមមួយរំពេច។ ពីដំបូងគេគិតថា មេរោគទាំង២ ដែលគេរកឃើញនេះ វាខុសគ្នា។​ តែក្រោយមក នៅ​​ខែមករា​ឆ្នាំ​១៩៨៥ ទើបបានគេស្រាវជ្រាវដឹងថា ការពិតក្រុមអ្នកស្រាវជ្រាវបារាំងនិង​អាមេរិក បានរកឃើញមេរោគដូចគ្នាទេ។ ឆ្នាំ​១៩៨៦ គេក៏បានព្រមព្រៀងគ្នាហៅឈ្មោះមេរោគនេះ​តែមួយ គឺមេរោគ​​HIVជាភាសាអង់គ្លេស​ VIH ជាភាសាបារាំង។

លុះដល់ឆ្នាំ​១៩៨៧ ទើបមានកិច្ចព្រមព្រៀងរួមមួយ រវាងភាគីទាំង២បារាំង និងអាមេរិក ដើម្បីបញ្ចប់វិវាទប្រជែងគ្នា ដោយសន្មត់ថា គឺលោក​ Robert Gallo និងលោកសាស្ត្រាចារ្យ Luc Montagnier បានរកឃើញមេរោគ VIH/HIV ទាំង២នាក់តែម្តង ដើម្បីកុំឲ្យច្រណែនគ្នា។ តែយ៉ាងណា គណៈកម្មការពានរង្វាន់ណូប៊ែល បានសម្រេច​នៅឆ្នាំ​២០០៨ ប្រគល់ពានរង្វាន់ណូប៊ែលវេជ្ជសាស្ត្រ ជូនទៅតែក្រុម​អ្នកស្រាវជ្រាវបារាំងទេ ព្រោះថាការពិត គឺក្រុមអ្នកស្រាវជ្រាវបារាំងរកឃើញមេរោគនេះមុនក្រុមស្រាវជ្រាវអាមេរិក​ ដល់ទៅមួយឆ្នាំឯណោះ។

ថ្នាំគ្រាប់ពន្យារជីវិត Trithérapie

ពីដំបូង គឺនៅរវាងឆ្នាំ​១៩៨៧ អ្នកជំនាញ​នៅអាមេរិកបានស្រាវជ្រាវ ផលិតបានថ្នាំមួយប្រភេទ ឈ្មោះ ​AZT ដែលជាប្រភេទថ្នាំ Antirétroviral។ តែថ្នាំនេះ មានតម្លៃថ្លៃណាស់ ហើយ​អាចបង្កជា​ផលវិបាកច្រើនណាស់ ទៅលើសុខភាពអ្នកជំងឺ។ ចន្លោះពីចុងឆ្នាំ​៨០ ដើមឆ្នាំ៩០ មានមនុស្សស្លាប់ច្រើនណាស់ ដោយជំងឺស៊ីដានេះ។ តារាល្បីៗប្រុសស្រីស្លាប់ជាបន្តបន្ទាប់។

លុះដល់ឆ្នាំ ១៩៩៦ លទ្ធផលស្រាវជ្រាវលើ​ថ្នាំគ្រាប់ប្រភេទថ្មី ត្រូវបានគេបង្ហាញ​នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី Rétrovirus នៅទីក្រុងវ៉ាស៊ីនតោន។ គេស្រាវជ្រាវរកឃើញថ្នាំ២ប្រភេទ ឈ្មោះថា inhibiteurs de protéase និង inhibiteur non-nucléosidiques។ ថ្នាំ២មុខនេះយកទៅប្រើជាមួយ​ថ្នាំគ្រាប់ antirétroviral បានបង្ហាញប្រសិទ្ធភាពខ្ពស់ ដោយគេដាក់ឈ្មោះរបៀបព្យាបាលនេះថា Trithérapie។ ថ្នាំគ្រាប់ទាំងនេះ មិនអាច​សម្លាប់មេរោគ VIH ឲ្យ​អស់ពីក្នុងខ្លួនមែន តែវាអាចទប់កុំឲ្យ​មេរោគនេះវារីកសាយភាព បំផ្លាញប្រព័ន្ធអង់ទីករ និងសរីរាង្គ។ អញ្ចឹងហើយបានគេហៅថ្នាំនេះ ថាជាថ្នាំពន្យារជីវិត មិនមែនជាថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ នៅអាមេរិក ចាប់ពីឆ្នាំ​១៩៩៦មក ចំនួន​អ្នកស្លាប់ដោយ​ជំងឺស៊ីដា បានចុះ។

៣ភាគ៤នៃអ្នកផ្ទុកមេរោគអេដស៍ ទទួលបានថ្នាំគ្រាប់ពន្យារជីវិត

ថ្នាំគ្រាប់ពន្យារជីវិត Trithérapie មានតម្លៃថ្លៃ ហើយ​មានភាគច្រើនតែនៅតាមប្រទេសអ្នកមាន។ នៅឆ្នាំ២០០១ ដោយ​មានការផ្តួចផ្តើម​ ពី​ ONUSIDA កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី​១៣ វិច្ឆិកា ២០០១ នៅ​អង្គការពាណិជ្ជកម្ម​ពិភពលោក ដើម្បីឲ្យ​ក្រុមហ៊ុន​ផលិតឱសថធំៗ យល់ព្រម​បើក​ផ្លូវ ​ឲ្យ​ប្រទេសកំពុង​អភិវឌ្ឍន៍​ អាច​មានសិទ្ធិផលិត​ថ្នាំគ្រាប់ពន្យារជីវិត ក្នុងតម្លៃថោក​ យកទៅជួយប្រជាជន​នៅតាមប្រទេសក្រីក្រ តួយ៉ាងដូចជានៅអាហ្វ្រិក ជាទីដែល​មានអ្នកផ្ទុក​មេរោគអេដស៍ច្រើនបំផុត​។​

បច្ចុប្បន្ននេះ ការស្រាវជ្រាវថ្មីៗបន្ថែម បានធ្វើឲ្យ​ថ្នាំគ្រាប់​ប្រភេទ Trithérapies កាន់តែវិវឌ្ឍន៍រីកចម្រើនមានប្រសិទ្ធភាពខ្លាំងណាស់ មានផលវិបាកកាន់តែស្រាលលើសុខភាព ហើយ​មិនចាប់បាច់លេបរៀងរាល់ថ្ងៃក៏បាន​ដែរ។​ បច្ចុប្បន្ន​ដែលផ្ទុកមេរោគអេដស៍ ដែល​ប្រើប្រាស់ថ្នាំនេះ អាចរស់នៅមានអាយុវែង ដូចមនុស្សទូទៅធម្មតា។ ដោយឡែក ការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងមេរោគអេដស៍វិញ រហូតមកទល់ពេលនេះ ពុំមានលទ្ធផលគួរ​ឲ្យ​យកជាការបាន​ទេ​។

យោងតាមតួលេខ ONUSIDA នៅឆ្នាំ​២០២១ យ៉ាងហោចណាស់ អ្នកផ្ទុកមេរោគអេដស៍ចំនួន​៣ភាគ៤ ទូទាំងពិភពលោក​ បានទទួលការថ្នាំគ្រាប់ពន្យារជីវិត ពោលគឺប្រមាណ​ ២៨,៧លាននាក់ ក្នុងចំណោមទាំងអស់ ៣៨,៤លាន​នាក់។ ក៏ប៉ុន្តែ វិបត្តិកូវីដកន្លងមកនេះ បានធ្វើឲ្យរំខានខ្លាំងណាស់ ដល់យុទ្ធនាការផ្សព្វផ្សាយបង្ការការឆ្លងរាលដាល​​ និង​ផ្តល់ថ្នាំ។ ឆ្នាំ​២០២១ មានអ្នកស្លាប់ដោយជំងឺអេដស៍​ចំនួន ៦៥ម៉ឺននាក់ ហើយ​មានករណីឆ្លងថ្មីដល់ទៅ ១,៥លាននាក់។ ដូច្នេះ ការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬជំងឺស៊ីដានេះ នៅមិនទាន់ចប់នោះទេ។ កម្មវត្ថុរបស់អង្គការសហប្រជាជាតិ គឺ​ធ្វើយ៉ាងណាធ្វើ​ឲ្យ​ជំងឺនេះឈប់ជាការគំរាម​ដល់​សុខភាពសាធារណៈ នៅ​រវាងឆ្នាំ​២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ