អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតតួកគី៖ ថ្ងៃចុងក្រោយនៃ​យុទ្ធនាការឃោសនា បេក្ខជន​ម្នាក់​បោះបង់ចោលការប្រកួត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យ ទី១៤ឧសភា នៅតួកគី នឹងមានការបោះឆ្នោតសភា និងបោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតីអាណត្តិថ្មី​។ លោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ឈរឈ្មោះសាជាថ្មី ក៏ប៉ុន្តែ ការបោះឆ្នោតលើកនេះ ហាក់ដូចជា​មានភាពស្រពេចស្រពិលខ្លាំងណាស់ សម្រាប់អនាគតនយោបាយរបស់​លោកអ៊ែរដូហ្កាន់។ ក្រុមគណបក្សប្រឆាំងជាច្រើនបក្ស បានរួម​កម្លាំងគ្នាបង្កើតសម្ព័ន្ធតែមួយ បញ្ជូន​ឈ្មោះ​បេក្ខជនតែមួយ ដើម្បីប្រមូលសន្លឹកឆ្នោត។ ហើយ​នៅថ្ងៃសុក្រទី១២ឧសភា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានបេក្ខជនម្នាក់ បានប្រកាសបោះបង់ចោល​ការប្រកួត​ថែមទៀត។

បុរសម្នាក់​ដើរកាត់មុខផ្ទាំងបដា ឃោសនាបោះឆ្នោតរបស់​បេក្ខជនធំទាំង២ដែលប្រជែងគ្នា ៖ ខាងឆ្វេង លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ខាងស្តាំ លោក Kemal Kilicdaroglu បេក្ខសម្ព័ន្ធបក្សប្រឆាំង។ ក្រុងអ៊ីស្តង់ប៊ូល ថ្ងៃទី ៥ ឧសភា ២០២៣
បុរសម្នាក់​ដើរកាត់មុខផ្ទាំងបដា ឃោសនាបោះឆ្នោតរបស់​បេក្ខជនធំទាំង២ដែលប្រជែងគ្នា ៖ ខាងឆ្វេង លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ខាងស្តាំ លោក Kemal Kilicdaroglu បេក្ខសម្ព័ន្ធបក្សប្រឆាំង។ ក្រុងអ៊ីស្តង់ប៊ូល ថ្ងៃទី ៥ ឧសភា ២០២៣ AP - Emrah Gurel
ផ្សាយពាណិជ្ជកម្ម

មានបេក្ខជនចំនួន​៤រូប ដែលឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅតួកគី ដែលនឹងដំណើរការទៅ​នៅថ្ងៃអាទិត្យ​ខានស្អែកនេះ។ ថ្ងៃសុក្រនេះជាថ្ងៃចុងក្រោយ​នៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែបេក្ខជនម្នាក់ ឈ្មោះ Muharrem Ince បានប្រកាសដកខ្លួន​ចេញ​។ លោក​ម្នាក់នេះ ត្រូវគេស្គាល់ថា ជាអ្នក​នយោបាយ​ តែងតែប្រឆាំង និងរិះគន់​លោក​ អ៊ែរដូហ្កាន់ដែរ។

ដកខ្លួន មុននឹងគេស្តីបន្ទោសថាធ្វើ​ឲ្យ​បែកសំឡេងឆ្នោត​

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមតួកគី គឺមាន​ការចែកចាយយ៉ាងព្រោងព្រាត នូវសារជាសំឡេង និង​​រូបភាព​ក្លែងក្លាយ បង្កើត​ដោយ​ប្រព័ន្ធបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ដែល​បង្ហាញរូបលោក Muharrem Ince ជិះរថយន្តទំនើបថ្លៃ ឬក៏រូបថតជាមួយ​នារីរូបស្អាតជាដើម។ នេះគឺជាយុទ្ធនាការ ដើម្បី​បំផ្លាញ​កិត្តិយស របស់​បេក្ខជនរូបនេះ តែគេមិនដឹងប្រភព ថាអ្នកណាជាអ្នកធ្វើវាទេ។

ដោយឡែក លោក Kemal Kiliçdaroglu បេក្ខជននៃសម្ព័ន្ធ​បក្សប្រឆាំងដ៏ធំ បាន​ចោទប្រកាន់ថា គឺរុស្ស៊ី ដែលបាន​ប្រើ​យុទ្ធនាការបង្កាច់បង្ខូចកិត្តិយសរបស់​បេក្ខជនលោក Muharrem Ince។ លោក Kemal Kiliçdaroglu បាន​ថ្លែងថា បើរុស្ស៊ីចង់ធ្វើមិត្ត​ជាមួយតួកគី ចាប់ពីថ្ងៃទី១៥ឧសភាតទៅមុខ គឺរុស្ស៊ីត្រូវតែឈប់លូកដៃចូលមកប៉ះពាល់ កិច្ចការផ្ទៃក្នុង និង​ឯករាជភាពជាតិតួកគីតទៅទៀត។

យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែត លោកMuharrem Ince បានលើកឡើងថា លោក​បានសម្រេចចិត្ត​ដកខ្លួនចេញពី​ការបោះឆ្នោត ដោយ​សារលោក ​មិនចង់​ឲ្យ​សម្ព័ន្ធគណបក្សប្រឆាំង ដែលកំពុងតែរួមកម្លាំងគ្នាដើម្បីយកឈ្នះ​លោក​ អ៊ែរដូហ្កាន់នោះ ចោទលោក​ថា ពួកគេចាញ់ដោយសារតែលោកធ្វើ​ឲ្យ​បែកសន្លឹកឆ្នោត​។​ គួរបញ្ជាក់ដែរ ថាប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិក​ធំមួយចំនួន​នៃគណបក្សរបស់​លោក Muharrem Ince ក៏បានលាឈប់ ពីបក្ស​ដែរ ដោយសារតែ​បារម្ភខ្លាចថាលោក Muharrem Ince ក្លាយជាឧបសគ្គ នៃជ័យជំនះរបស់សម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយ​បេក្ខភាពរបស់លោក Kemal Kiliçdaroglu។

សម្ព័ន្ធបក្សប្រឆាំងនាំមុខ​ក្នុងការស្ទាបស្ទង់មតិ​

តាមការស្ទាបស្ទង់មតិ លោក Muharrem Ince បានទទួល​ចេតនាចង់បោះឆ្នោត​ឲ្យ​ពីប្រជាជនតួកគី ប្រមាណ​ចន្លោះពី ២ ទៅ ៤%ប៉ុណ្ណោះ។ ក៏ប៉ុន្តែត្រឹមប៉ុណ្ណេះ វាក៏សំខាន់ដែរ អាចធ្វើ​ឲ្យ​ប្រែប្រួល​ដល់លទ្ធផល​ របស់បេក្ខជនផ្សេងទៀត។ យោងតាមការស្ទាបស្ទង់​មតិចុងក្រោយ ផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍ ធ្វើដោយ​ វិទ្យាស្ថានល្បីឈ្មោះមួយ ឈ្មោះ Konda បានបង្ហាញថា បេក្ខជនលោក Kemal Kiliçdaroglu បានទទួលចេតនាចង់បោះឆ្នោត​ឲ្យ​ពីប្រជាជន ចំនួន ៤៩,៣% ចំណែក​លោក អ៊ែរដូហ្កាន់ វិញ បានទទួលចំនួន ៤៣,៧%។

ការស្ទាបស្ទង់​មតិមួយទៀត ធ្វើនៅរវាងថ្ងៃទី​៩ និងទី​១០​ឧសភា ដោយវិទ្យាស្ថាន Metropoll បានបង្ហាញថា ជិត​៥០% នៃអ្នកបោះឆ្នោត ឲ្យ​លោក Muharrem Ince គឺគេអាច​យកសន្លឹកឆ្នោត​គេ​ទៅបោះឲ្យលោក Kemal Kiliçdaroglu។ ចំណែក​ អ្នកដែលចង់​ផ្ទេសន្លឹកឆ្នោត ទៅបោះជូន​លោក អ៊ែរដូហ្កាន់ គឺមាន​ប្រមាណ​១ភាគ​៤ប៉ុណ្ណោះ។ ដូច្នេះយើងឃើញថា យោងតាមការស្ទាបស្ទង់មតិទាំងនេះ គឺ​បេក្ខភាព​របស់​លោកអ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតី​ចប់អាណត្តិ​ ហាក់ដូចជា​អាចប្រឈមគ្រោះថ្នាក់ អាចចាញ់។​

អវសាននៃរបបប្រធានាធិបតី​អំណាចមូលក្នុងដៃ?​

យើងសង្កេតឃើញថា ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធគណបក្សប្រឆាំង ដឹកនាំដោយ​បេក្ខភាព​របស់​លោក Kemal Kiliçdaroglu មានប្រៀប មានសន្ទុះគាំទ្រ ច្រើន​ជាងលោក អ៊ែរដូហ្កាន់ ដែលជាប្រធានាធិបតី​ចប់អាណត្តិ​។ បញ្ហាវិបត្តិសេដ្ឋកិច្ច អតិផរណា ជីវភាពប្រជាជនតួកគីកាន់តែលំបាក គឺជាកត្តាសំខាន់មួយ ដែលធ្វើ​ឲ្យ​ប្រជាប្រិយភាពរបស់​លោក អ៊ែរដូហ្កាន់ បានធ្លាក់ចុះ​។ យ៉ាងណាមិញ លោក​អ៊ែរដូហ្កាន់ បានសន្យា​ថា បើ​លោកឈ្នះឆ្នោត គឺលោក​នឹងដំឡើងប្រាក់​ខែមន្ត្រីរដ្ឋការ មួយគុណជា​២។ ជាការសន្យា ដែល​ហាក់ដូចជា​នៅតែគ្មាន​ឥទ្ធិពលខ្លាំងក្លា​ទេ​។​

ជាការកត់សំគាល់ ​លោកអ៊ែរដូហ្កាន់ បានកាន់អំណាច២០ឆ្នាំមកហើយ ដោយធ្វើជានាយករដ្ឋមន្ត្រី ពីឆ្នាំ​២០០៣ ដល់ ២០១៤ ហើយ​លោក​បានកែប្រែរដ្ឋធម្មនុញ្ញ ប្តូរផ្លាស់​ឲ្យតួកគី​អនុវត្តរបបនយោបាយ​ ប្រធានាធិបតីវិញ ចាប់ពីឆ្នាំ​២០១៤មក។ ពោលគឺជាការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យ​លោកធ្វើជាប្រធានាធិបតី​មានអំណេញពេញដៃ មិនចាំបាច់​ពឹងលើរដ្ឋសភា។

២០ឆ្នាំមកនេះ គឺប្រជាជនតួកគី បានសង្កេតឃើញ អំពីចំណុចអវិជ្ជមាន​ជាច្រើន ជាពិសេសក្នុងចំណោម​យុវជនវ័យ​ក្មេង ដែលពួកគេសង្កេតឃើញ ពីការប្រមូលអំណាចកាន់រួម​ទៅក្នុងដៃ​មនុស្សតែម្នាក់ គឺលោក​អ៊ែរដូហ្កាន់ ហើយ​និង​បញ្ហា​សិទ្ធិសេរីភាព​កាន់តែរួញខើច។ យ៉ាងណាមិញ បញ្ហាសិទ្ធិសេរីភាព ការបែកចែកអំណាង ពង្រឹងលទ្ធិប្រជាធិបតេយ្យនេះហើយ ដែលជា​បេះដូងនៃយុទ្ធនាការឃោសនារបស់​សម្ព័ន្ធបក្ស​ប្រឆាំង ដឹកនាំដោយ​លោក  Kemal Kiliçdaroglu។

បក្សប្រឆាំងសន្យា​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ពង្រឹងការបែងចែងអំណាច​

លោក Kemal Kiliçdaroglu បានសន្យាថា បើ​លោកឈ្នះឆ្នោត គឺលោកនឹងរៀបចំធ្វើកំណែទម្រង់ជាច្រើន ជាពិសេសគឺ ការចាកចេញ​ពីរបបប្រធានាធិបតីតែម្តង។ លោកអះអាងថា របបដឹកនាំរាល់ថ្ងៃ ដែល​កើតចេញពី​មហិច្ឆិតាក្តោបអំណាចរបស់​លោកអ៊ែរដូហ្កាន់ វាបានបំផ្លាញ​លទ្ធិប្រជាធិបតេយ្យរបស់តួកគី។ លោក​បានសន្យាថា នឹងនាំតួកគី វិលត្រលប់ទៅកាន់របបសភា មានការបែងចែងអំណាចដោយត្រឹមត្រូវ។ អំណាចនីតប្រតិបត្តិ នឹងដឹកនាំដោយ​នាយករដ្ឋមន្ត្រី ដែល​អាស្រ័យ​លើសភាជាអ្នកបោះឆ្នោត​ផ្តល់ទំនុកចិត្ត​ ចំណែកមុខតំណែង​​ប្រធានាធិបតីវិញ គឺនៅតែមាន​ តែមិនដឹកនាំរដ្ឋាភិបាលទេ ហើយអាចឈរឈ្មោះបានតែមួយ​អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល​៧ឆ្នាំ។

លោក Kemal Kiliçdaroglu សន្យា​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ឲ្យរឹងមាំ មានឯករាជ្យ ហើយ​សន្យា​ដោះលែងអ្នកទោសនយោបាយ​ជាច្រើននាក់ ដែលលោកអ៊ែរដូហ្កាន់ បានចាប់គុក​នាពេលកន្លងមកនេះ​។ ជាងនេះទៀត លោក​បានសន្យានឹងនាំតួកគីឈ្ពោះទៅកាន់ពន្លឺសង្ឃឹមនៃសិទិ្ធសេរីភាព ទាំងសេរីភាព​នៃការបញ្ចេញមិត និង​សេរីភាពសារព័ត៌មាន​។ លោក​សន្យាថា នឹង​លុបចោលមាត្រាច្បាប់ ដែលចែងអំពីបទល្មើ​ស​រិះគន់ជេរប្រមាថប្រធានាធិបតី។ មាត្រាច្បាប់នេះ ត្រូវបាន​លោកអ៊ែរដូហ្កាន់ ប្រើប្រាស់ដើម្បី​បំបិទមាត់អ្នករិះគន់ទាំងអស់។

តែយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញមិនមែនជាការងាយ​ធ្វើទេ ព្រោះថា​សភាត្រូវការសំឡេងឆ្នោត ចំនួន៣ភាគ៥។ នេះបើផ្អែកតាម​លោក Bertil Oder ​សាស្ត្រាចារ្យនីតិរដ្ឋធម្មនុញ្ញ នៅសកលវិទ្យាល័យ Koç ក្រុងអ៊ីស្តងប៊ូល។ ហេតុដូច្នេះហើយ លទ្ធផលឆ្នោត​នៅថ្ងៃអាទិត្យខាងមុខនេះសំខាន់ណាស់ ពោលគឺទាល់តែសម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយ​​លោក Kemal Kiliçdaroglu ឈ្នះនាំមុខខ្លាំង មានសមាជិកសភាគ្រប់គ្រាន់ ទើបអាចគោរពការសន្យា​ទាំងអម្បាលម៉ានបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ