អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតនៅថៃ៖ ក្រុមគណបក្សប្រឆាំងសង្ឃឹមថាអាច គាស់រំលើងកៅអីអំណាច​របស់​ក្រុមយោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យទី​១៤ឧសភា​ ប្រជាជនថៃប្រមាណជាង​៥០លាននាក់ ត្រូវចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា និងឈានទៅតែងតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ បើតាមការសង្កេត សន្ទុះគាំទ្រគណបក្សប្រឆាំង បាន​ផុសផុលខ្លាំង នៅទូទាំងប្រទេសថៃ​ ដែល​បង្ហាញអំពីទឹកចិត្ត ចង់ឲ្យ​មាន​ការផ្លាស់​ប្តូរ ចង់​បិទបញ្ចប់ទំព័រសករាជ នៃអំណាចនយោបាយ​របស់​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​កើតចេញពីការធ្វើ​រដ្ឋប្រហាររបស់កងទ័ព។ តែយ៉ាងណា ប្រព័ន្ធបោះឆ្នោត​ថៃ មាន​ភាពស្មុគស្មាញ និងបាន​ការពារអំណាច របស់​​ក្រុមយោធាថៃបានយ៉ាងរឹងមាំ​ ហើយ​ការភ័យបារម្ភពីករណី​​រដ្ឋប្រហារសារជាថ្មី ក៏នៅស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានដែរ។​

លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស ភឿថៃ ដែលមានសង្ឃឹម​នាំមុខគេ ក្នុងការបោះឆ្នោតសភា ថ្ងៃ ទី​១៤ឧសភា ២០២៣
លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស ភឿថៃ ដែលមានសង្ឃឹម​នាំមុខគេ ក្នុងការបោះឆ្នោតសភា ថ្ងៃ ទី​១៤ឧសភា ២០២៣ © REUTERS - STRINGERREUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតនៅថ្ងៃនេះ គឺបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកសភាជាតិថៃ ដែលមានអាសនៈចំនួន​៥០០អាសនៈ។ មណ្ឌលបោះឆ្នោតប្រមាណ៩៥០០០ទីតាំង​ បានចាប់ផ្តើម​បើកទ្វារនៅម៉ោងប្រមាណ​៨ព្រឹក​ រងចាំទទួល​អ្នកបោះឆ្នោត​ប្រមាណ​៥២លាននាក់ ទូទាំងប្រទេសថៃ។ លទ្ធផល​ផ្លូវការ នឹងត្រូវប្រកាសនៅខែកក្កដា។បន្ទាប់មកទៀត គឺនឹងឈានដល់ការសម្រេចតែងតាំងនាយករដ្ឋមន្ត្រី​។

នាយករដ្ឋមន្ត្រីថ្មី ត្រូវការសំឡេងភាគច្រើន៣៧៦

ចំណុចពិសេសមួយ គឺថានៅថៃ នាយករដ្ឋមន្ត្រី​មិនចាំបាច់ឈរឈ្មោះបោះឆ្នោត ជាតំណាងរាស្ត្រនោះទេ។ ពោលគឺ​គណបក្សដែលឈ្នះឆ្នោត ដែល​អាចមានសំឡេងភាគច្រើន​គ្រប់គ្រាន់ក្នុងសភា​ អាចបញ្ជូន​ឈ្មោះ​បុគ្គលណាម្នាក់ក៏បានដែរ ដើម្បី​ឲ្យ​គេតែងតាំងឲ្យដឹកនាំរដ្ឋាភិបាល​។​ យ៉ាងណាមិញ លោកប្រាយុទ្ធ ចាន់អូចា ដែលជាបេក្ខជន​​នាយករដ្ឋមន្ត្រីរបស់គណបក្ស “រួមថៃសាងឆាត” មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រទេ។ ហើយ​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បេក្ខជនរបស់គណបក្សភឿថៃ ក៏ដូចគ្នាដែរ មិនឈរឈ្មោះជាតំណាងរាស្ត្រទេ។

ចំណុចពិសេសមួយទៀត គឺមិនមែនសភាតែម្នាក់ឯងទេ ដែលបោះឆ្នោត​តែងតែង​នាយករដ្ឋមន្ត្រី។ ព្រឹទ្ធសភាថៃ ក៏​ចូលរួម​នៅក្នុងនីតិវិធីតែងតាំងនេះដែរ​។ ដូចយើងដឹងហើយ ព្រឹទ្ធសភាថៃ គឺមិនមែនកើតឡើងដោយ​ការបោះឆ្នោតទេ ពោលគឺសមាជិក​ត្រូវបាន​តែងតាំងដោយ​ព្រះមហាក្សត្រថៃ ទៅតាម​ការស្នើសុំរបស់​កងទ័ពថៃដែលមានអំណាចមានឥទ្ធិពលបំផុត។ និយាយឲ្យចំទៅ គឺសមាជិក​ព្រឹទ្ធសភាថៃ ដែលមានចំនួន​២៥០នាក់ គឺសុទ្ធតែជាមនុស្ស​​ស្និទ្ធនឹងស្ថាប័នព្រះមហាក្សត្រ ស្និទ្ធនឹងកងទ័ពថៃ ហើយស្និទ្ធនឹងលោក​ប្រាយុទ្ធចាន់អូចាតែម្តង។​ ត្រង់នេះហើយ​ ដែលបង្កឲ្យ​មានការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស​នានា ព្រោះប្រព័ន្ធប្រជាធិបតេយ្យថៃនេះ មានលក្ខណៈមិនស្មោះត្រង់។

ដូច្នេះ នាយករដ្ឋមន្ត្រី​ថៃ មិនមែនត្រូវបានតែងតាំងដោយ​សំលេងភាគច្រើន នៃសមាជិកសភាទាំង៥០០នាក់ ដែលកើតចេញពីសន្លឹកឆ្នោតប្រជាជនទេ តែគឺ ៥០០បូកថែម​២៥០ទៀត។ មានន័យថា ក្រុមគណបក្សប្រឆាំង​ត្រូវធ្វើយ៉ាងណាឈ្នះបាន​អាសនៈក្នុងសភា ចំនួន​ដល់ទៅ​៣៧៦អាសនៈ ទើបអាចដឹកនាំរដ្ឋាភិបាលបាន​។ ផ្ទុយទៅវិញលោក​ប្រាយុទ្ធ ចាន់អូចា ​ដែលមានអាសនៈ២៥០នៅក្នុងព្រឹទ្ធសភាស្រាប់ហើយ ត្រូវការ​ឈ្នះ​​​អាសនៈក្នុងសភា បន្ថែម​តែ១២៦ប៉ុណ្ណោះ នឹងអាចបន្តតំណែងនាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។

 

ស្ត្រីអ្នកគាំទ្រ លើកបដារូបថតលោក ប្រាយុទ្ធ ចាន់អូចា។ ក្រុងបាងកក ថ្ងៃទី ១២ ឧសភា ២០២៣
ស្ត្រីអ្នកគាំទ្រ លើកបដារូបថតលោក ប្រាយុទ្ធ ចាន់អូចា។ ក្រុងបាងកក ថ្ងៃទី ១២ ឧសភា ២០២៣ AP - Sakchai Lalit

សន្ទុះគាំទ្រខ្លាំងក្លា លើគណបក្សប្រឆាំង

គណបក្សភឿថៃ ដែលជាបក្សរបស់លោក​ថាក់ស៊ីន នៅតែមានអ្នកគាំទ្រច្រើនខ្លាំងណាស់។ សន្ទុះឃោសនាបោះឆ្នោត របស់ក្រុមអាវក្រហមនេះ បាន​ផុសផុលខ្លាំង ជាមួយនឹងវត្តមានរបស់​កូនស្រីលោកថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ អាយុ៣៦ឆ្នាំដែលកំពុងតែមានប្រជាប្រិយភាពបំផុត។ លោកភែថងថាន ស៊ីណាវ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា និងបានអំពាវនាវ ឲ្យ​ប្រជាជនថៃ ចូលរួម​បោះឆ្នោតនៅថ្ងៃនេះ ឲ្យ​ភ្លូកទឹកភ្លូកដី ដើម្បីឈានទៅប្រមូលអាសនៈឲ្យ​បានគ្រប់ ហើយ​រារាំងក្រុមយោធា កុំឲ្យ​កាន់អំណាចតទៅទៀត។

គណបក្សប្រឆាំងមួយទៀត ក៏មានសន្ទុះគាំទ្រខ្លាំងណាស់ដែរ ជាពិសេសគឺពីសំណាក់យុវជនថៃ។ នោះគឺគណបក្ស Move Forward ដឹកនាំដោយ​បេក្ខជននាយករដ្ឋមន្ត្រីវ័យ៤២ឆ្នាំ ឈ្មោះ ភិថា លិមចារឺនរ៉ាត់។ គណបក្សនេះ គឺកើតចេញពីបក្ស​ Future Forward របស់លោក​ថាណាថន ដែលបានស្ទុះឡើងប្រជាប្រិយភាពខ្លាំងណាស់ កាលពីពេលបោះឆ្នោតអាណត្តិមុន មុននឹងត្រូវតុលាការថៃប្រកាសរំលាយ​ចោល។

គណបក្ស Move Forward របស់​លោក ភិថា​ លិមចារឺនរ៉ាត់ ប្រកាសខ្លួនថាជាអ្នកតំណាង​យុវជនថៃសម័យថ្មី​ តំណាងមនុស្សជំនាន់ថ្មី ដែលស្រេកឃ្លានសិទ្ធិសេរីភាព តាមរយៈការ​ធ្វើ​កំណែទម្រង់សង្គម ឲ្យ​កាន់តែមាន​សមភាព​។ គណបក្សនេះ បានប្រកាសពីចេតនាចង់លុបចោលមាត្រាច្បាប់ “ប្រមាថព្រះចេស្តាព្រះមហាក្សត្រ”។ គណបក្សនេះ បានអះអាងថា មាត្រាបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនេះ ជាទូទៅ តែងតែត្រូវបានក្រុមយោធាក្រាញអំណាញ យកមកប្រើដើម្បីបំបិទមាត់អ្នករិះគន់ ឬសំឡេងប្រឆាំងនានា តែប៉ុណ្ណោះ។

លោក ភិថា លិមចារឺនរ៉ាត់ បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស Move Forward កំពុងបោះឆ្នោត នៅមណ្ឌលមួយ​ក្នុងក្រុងបាងកក ថ្ងៃទី ១៤ ឧសភា ២០២៣
លោក ភិថា លិមចារឺនរ៉ាត់ បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស Move Forward កំពុងបោះឆ្នោត នៅមណ្ឌលមួយ​ក្នុងក្រុងបាងកក ថ្ងៃទី ១៤ ឧសភា ២០២៣ AP - Rapeephat Sitichailapa

រដ្ឋាភិបាលចម្រុះ?

យោងតាមការស្ទាបស្ទង់មតិ គណបក្សភឿថៃ ប្រហែល​​អាចបានអាសនៈច្រើននាំមុខគេមែន តែក៏នៅមិនគ្រប់​គ្រាន់ដែរ។ តាមការវិភាគទៅ ការរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ គឺអាចជាជម្រើសមួយសំខាន់ សម្រាប់​ក្រុមគណបក្សប្រឆាំង ប្រសិនបើពិតជាចង់​រារាំង កុំឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចពិតមែន។គណបក្សភឿថៃ មានទំនោរស្រដៀងច្រើន នឹងបក្ស Move Forward។ ពោលគឺបក្សទាំង២នេះ ចង់​បិទបញ្ចប់អំណាចរបស់លោក​ប្រាយុទ្ធ ចាន់អូចា ដែលជាអ្នកធ្វើរដ្ឋប្រហារយោធាប្លន់អំណាចកាលពីឆ្នាំ​២០១៤ ចង់ធ្វើកំណែទម្រង់សេដ្ឋកិច្ច នាំយកអំណាចស៊ីវីល​មកដឹកនាំរដ្ឋាភិបាលវិញ​។

ដោយឡែក លោក​ប្រាយុទ្ធ ចាន់អូចា ក៏មិនប្រាកដថាអស់​ផ្លូវដើរដែរ។ យ៉ាងហោចណាស់ មានគណបក្សចំនួន​យ៉ាង​ហោច​១៥គណបក្ស ដែលអាចនឹងរួមគ្នាបង្គ្រប់អាសនៈ ដើម្បីរុញលោក​ប្រាយុទ្ធ ឲ្យ​បង្កើតរដ្ឋាភិបាល​ថ្មី​។ បន្ថែមពីនេះ គណបក្ស ប្រជាធិបតេយ្យថៃ និង​គណបក្ស ភូមិចៃថៃ ដែលធ្លាប់បានចំនួន​អាសនៈសភា លេខរៀងទី៤និងទី៥ កាលពីពេលបោះឆ្នោតអាណត្តិមុន ក៏អាចដើរតួនាទីសំខាន់ដែរ នៅ​ក្នុងការចរចាគ្នា ហុច​កម្លាំងទៅឲ្យខាងណាមួយ ដើម្បី​បង្គ្រប់​​ចំនួន​អាសនៈឲ្យ​បានគ្រប់ ឈានទៅតែងតាំងនាយករដ្ឋមន្ត្រីថ្មី​។​

បារម្ភពី​រដ្ឋប្រហារយោធា

ដោយឡែក លោកប្រាយុទ្ធ ចាន់អូចា បានឃោសនាហៅឲ្យ​ប្រជាជនថៃបោះឆ្នោតជូនលោក ដោយអះអាងថា មានតែលោកទេ ទើបអាចការពារ រក្សាស្ថិរភាពស្រុកទេសបាន​។ សំដីនេះបានបង្កឲ្យ​មានការបារម្ភថា ក្នុងករណី​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា បរាជ័យ គឺក្រុម​យោធាថៃ អាចនឹង​ធ្វើរដ្ឋប្រហារសាជាថ្មី។ នយោបាយថៃ តែងតែដើរជំពប់ ជួប​នឹងករណីរដ្ឋប្រហារយោធានេះ ញឹកញាប់ខ្លាំងណាស់។ តែយ៉ាងណា លោក​ប្រាយុទ្ធ ចាន់អូចា បាន​ថ្លែងកាលពីដើមខែមីនា​ ថា “ការធ្វើរដ្ឋប្រហារយោធា គឺត្រូវតែឈប់ឲ្យ​មានទៀតទៅ!”។ ហើយកាលពីថ្ងៃសុក្រកន្កងទៅនេះ លោក​ឧត្តមសេនីយ៍កងទ័ពជាតិថៃ ណារ៉ុងផាន់ ជីតកែវធែ បានប្រកាសសន្យាថា កងទ័ពនឹងមិនធ្វើរដ្ឋប្រហារទេ នៅក្រោយ​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ ការសន្យានេះ មិនប្រាកដថានឹង​កងទ័ពថៃ នឹងគោរព្យ​រយៈយូរប៉ុណ្ណានោះទេ។ យោងតាមការវិភាគ របស់លោក Alexandre Barthel អ្នកស្រាវជ្រាវម្នាក់នៅទីក្រុងបាងកក បាន​លើកឡើងថា ប្រសិនគណបក្សភឿថៃឈ្នះឆ្នោតបានសំឡេងភាគច្រើនគ្រប់ ដើម្បីបង្កើតរដ្ឋាភិបាល នោះគឺក្រុមយោធាថៃ អាចនឹងចេញអន្តរាគមន៍ ធ្វើរដ្ឋប្រហាររំលាយ​ចោល តែមិនឆាប់ភ្លាមៗទេ ប្រហែលក្នុងរវាង​២ទៅ៣ឆ្នាំខាងមុខ។ យោងតាមបទពិសោធន៍ គឺជាអ្វីដែលកងទ័ពថៃតែងតែធ្វើ ជាក់ស្តែងនៅឆ្នាំ​២០០៦ រដ្ឋប្រហារទំលាក់​លោកថាក់ស៊ីន ឆ្នាំ​២០១៤រដ្ឋប្រហារទំលាក់លោក​ស្រីយីងឡាក់។

បន្ថែមពីនេះ ក្រុមយោធាថៃ ក៏អាចប្រើប្រាស់ប្រព័ន្ធតុលាការដែរ តាមរយៈការរករឿងចោទប្រកាន់ ពីបទល្មើសផ្សេងៗ ដើម្បីឈានប្រកាសរំលាយ​គណបក្សប្រឆាំងចោលតែម្តង។ ករណីនេះ បានកើតឡើងរួចហើយ ទៅលើ​គណបក្ស​ Future Forward របស់លោក​ថាណាថន ដែលមានប្រជាប្រិយភាពខ្លាំងបំផុត កាលពីបោះឆ្នោតឆ្នាំ​២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ