អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូលG7 នៅហ៊ីរ៉ូស៊ីម៉ា៖ ឯកភាពរបស់អំណាចសេដ្ឋកិច្ច​ទាំង៧ ក្នុងការដាក់ទណ្ឌកម្ម​បន្ថែម​​លើរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ G7 កំពុងតែបើកជំនួប​កំពូល​ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃ​សុក្រ​ទី​១៩ឧសភា ដល់ថ្ងៃអាទិត្យ​ទី​២១ឧសភា។ ជំនួបកំពូល​ដែលនឹងផ្តោតសំខាន់ ទៅលើសំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន ដែល​ក្រុម​ប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង​៧ បាន​ប្រកាសពីការឯកភាពគ្នា ឈានទៅ​ដាក់​បន្ថែមទណ្ឌកម្ម​ថ្មី​ទៀត ទៅលើរុស្ស៊ី។ យ៉ាងណាមិញ យោងតាមព័ត៌មានចុងក្រោយ​ ដែលទើបតែទទួល​បាន គឺលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ​ហ្សេឡេនស្គី កំពុងតែធ្វើដំណើរឆ្ពោះទៅចូលរួមក្នុងជំនួប​កំពូលនេះ ដោយ​ផ្ទាល់តែម្តង។

ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ព្រមទាំងសហភាពអឺរ៉ុប ជួបប្រជុំគ្នា ក្នុងជំនួប​កំពូល G7 នៅទី​ក្រុងហ៊ីរ៉ូស៊ីម៉ា​ ប្រទេសជប៉ុន ថ្ងៃទី ១៩ ឧសភា ២០២៣
ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ព្រមទាំងសហភាពអឺរ៉ុប ជួបប្រជុំគ្នា ក្នុងជំនួប​កំពូល G7 នៅទី​ក្រុងហ៊ីរ៉ូស៊ីម៉ា​ ប្រទេសជប៉ុន ថ្ងៃទី ១៩ ឧសភា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

លោក​ហ្សេឡេនស្គី មានវត្តមាន​ដោយ​ផ្ទាល់​

ពីដំបូងលោកហ្សេឡេនស្គី មានគំរោងថ្លែងសុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូខុន​ហ្វឺរិនស៍ នៅពេលបើកជំនួប​កំពូល នៃក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ​ G7 ដែលត្រូវរៀបចំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ទី​២១ឧសភា។ ក៏ប៉ុន្តែ ផ្អែកតាមព័ត៌មានចុងក្រោយ បញ្ជាក់ប្រាប់ទៅបណ្តាញព័ត៌មាន​បារាំង AFP គឺលោកហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន នឹងធ្វើដំណើរទៅចូលរួមដោយ​ផ្ទាល់តែម្តង។ គ្រាន់តែមិនទាន់ដឹងថា ទៅដល់ថ្ងៃនេះ ឬថ្ងៃស្អែក។ ដូចយើងដឹងហើយ ការធ្វើដំណើរចេញក្រៅប្រទេស របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន គឺតែងតែ​​ត្រូវគេលាក់ការសម្ងាត់ ទាល់តែនាទីចុងក្រោយ​បានទំលាយព័ត៌មាន​ឲ្យដឹង ព្រោះដើម្បីការពារសុវត្ថិភាព​សន្តិសុខ ។

លោក Oleksiï Danilov អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ​អ៊ុយក្រែន បាន​បញ្ជាក់​ឲ្យដឹងថា ការសម្រេចធំៗ និងសំខាន់​ៗមួយចំនួន នឹងត្រូវធ្វើ​នៅក្នុង​ឱកាសជំនួប​កំពូល G7 នៅហ៊ីរ៉ូស៊ីម៉ា។​ ដូច្នេះវាជារឿងចាំបាច់ណាស់ ដែល​លោក​ប្រធានាធិបតីហ្សេឡេនស្គី ត្រូវតែមានវត្តមានដោយផ្ទាល់នៅទីនោះ ដើម្បី​និយាយ​ការពារ​ផលប្រយោជន៍ជាតិអ៊ុយក្រែន​។

យន្តហោះចម្បាំង

ប៉ុន្មានថ្ងៃមកនេះ លោក​ហ្សេឡេនស្គី បាន​ប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ​ប្រមូលកៀងគរ ការគាំទ្រ ផ្តល់ជំនួយ​សព្វា​វុធបន្ថែមទៀត មក​ឲ្យអ៊ុយក្រែន ដើម្បី​ប្រយុទ្ធដណ្តើមទឹកដីមកវិញ​។ បច្ចុប្បន្ននេះ សមរភូមិហាក់នៅទ្រឹងមួយកន្លែង។ កងទ័ពអ៊ុយក្រែនពិបាករុលទៅមុខ ដោយសារតែកងទ័ពរុស្ស៊ី​បានជីករណ្តៅ​ ដាក់​ឧបសគ្គដ៏រឹងមាំ នៅតាមបណ្តោយ​ខ្សែត្រៀម សមរភូមិជួរមុខ។ ហេតុដូច្នេះហើយ យន្តហោះចម្បាំងទំនើប គឺពិតជាអាចជួយ​កងទ័ពអ៊ុយក្រែនបានច្រើន។ លោក​ហ្សេឡេនស្គី បានអះអាងម្តងហើយ​ម្តងទៀតថា គ្រឿងសព្វាវុធទាំងអស់ របស់​ប្រទេសសម្ព័ន្ធមិត្តលោក​ខាងលិច គឺអ៊ុយក្រែន​នឹងមិនយកទៅវាយ​ប្រហារក្នុង​ទឹកដីរុស្ស៊ីនោះទេ សូមកុំបារម្ភ។ អ៊ុយក្រែននឹងយកទៅប្រើ ដើម្បីតែការពារខ្លួន ប្រយុទ្ធដណ្តើមយកទឹកដីដ៏ស្របច្បាប់​របស់អ៊ុយក្រែនមកវិញតែប៉ុណ្ណោះ។

កាលពី​ថ្ងៃពុធ ក្នុងជំនួប​កំពូល​ក្រុម​ប្រឹក្សាអឺរ៉ុប នៅប្រទេសអ៊ីស្លង់ ក្រុមប្រទេសអឺរ៉ុបធំៗ បានបង្ហាញជំហរហើយ ថាគេអាចនឹងពិចារណា ប្រមូល​យន្តហោះចម្បាំង F-16 ទៅជួយអ៊ុយក្រែន។ តែយន្តហោះចម្បាំងប្រភេទនេះ គឺជាបច្ចេកវិទ្យាអាមេរិក ដូច្នេះគឺទាល់តែរដ្ឋាភិបាល​អាមេរិកយល់ព្រមជាមុនសិន​។ ម្លោះហើយ នៅក្នុងឱកាសជំនួប​កំពូល G7 នាពេលនេះ គឺជាពេលសំខាន់ណាស់ ដែល​លោកហ្សេឡេនស្គី នឹងថ្លែងការណ៍ អំពាវនាវទទូចសុំពីលោកចូ បៃដិន ដែលកន្លងមក​បាន​ប្រកែកថា អាមេរិក​នឹងមិន​ឲ្យ​យន្តហោះចម្បាំងទៅអ៊ុយក្រែនទេ។

អ៊ុយក្រែនប្រយុទ្ធដើម្បីការពារពិភពសេរីទាំងមូល​

វត្តមានថ្លែងការណ៍ របស់លោកហ្សេឡេនស្គី នៅ​ពេលនេះ ក៏សំខាន់ណាស់ដែរ នៅក្នុង​ការប្រមូល​ការគាំទ្រជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធធ្វើសង្គ្រាម​ ដើម្បីការពារគោលការណ៍​គ្រិះនៃពិភពលោកសេរី​។ ក្នុងជំនួបកំពូល G7 លើកនេះ គេបានអញ្ជើញប្រទេសចំនួន៨ផ្សេងទៀត មកចូលរួមជាពិសេស គឺមានដូចជា ឥណ្ឌា ប្រេស៊ីល និង​ ឥណ្ឌូណេស៊ី ជាដើម។ ដូចយើងបានដឹងកន្លងមកហើយ ឥណ្ឌាមិនបានថ្កោលទោស​រុស្ស៊ីទេ ហើយ​ថែមទាំងបានពង្រឹងទំនាក់ទំនង​យោធាជាមួយរុស្ស៊ី ហើយបានលួចទិញប្រេងដែលរុស្ស៊ីលក់ឡៃឡុងទៀត។ ចំណែក​ប្រេស៊ីលវិញ លោក​ប្រធានាធិបតីលូឡា បានថ្លែងស្តីបន្ទោសក្រុម​ប្រទេសលោកខាងលិចថា គិតតែពីរុញអ៊ុយក្រែនឲ្យធ្វើសង្គ្រាម។

តាមការរំពឹងទុក លោកប្រធានាធិបតីអ៊ុយក្រែន នឹងយកវេទិកា G7នេះ ដើម្បី​ថ្លែងពន្យល់ប្រទេសទាំងអស់នេះថា សង្គ្រាម​ដែល​លោកពូទីនកំពុង​ធ្វើ​ទៅលើអ៊ុយក្រែន គឺ​មិនមែនត្រឹមតែចង់បានទឹកដី​អ៊ុយក្រែន​មួយមុខនោះទេ តែលើសពីនេះ គឺលោកពូទីនធ្វើសង្គ្រាម​ប្រឆាំងនឹង​ច្បាប់អន្តរជាតិ ប្រឆាំងនឹង​ពិភពលោក​សេរី និង​ប្រជាធិបតេយ្យ។ បើ​ឲ្យលោកពូទីនឈ្នះថ្ងៃនេះ លោកពូទីននឹងបន្តមហិច្ឆតានេះតទៅទៀត ទៅកាន់ប្រទេសផ្សេងទៀតជាបន្តបន្ទាប់​។ ដូច្នេះការតស៊ូ​ប្រយុទ្ធរបស់អ៊ុយក្រែន​នៅពេលនេះ គឺអ៊ុយក្រែន​មិនមែន​ការពារតែខ្លួនឯងទេ តែគឺការពារពិភពលោកសេរីទាំងមូលតែម្តង។

ពេជ្ររុស្ស៊ី​

ឆ្លងកាត់ការប្រជុំរៀបចំការងារ កន្លងមកនេះ ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខទាំង​៧ ដែលមាន​អាមេរិក បារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន បាន​ប្រកាសថា គេនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា វាយ​កម្ទេច​ “ម៉ាស៊ីនធ្វើសង្គ្រាម” ​របស់​រុស្ស៊ី។ ព្រឹកថ្ងៃសុក្រនេះ ប្រភពពីរដ្ឋាភិបាលអាមេរិក បាន​ឲ្យដឹងថា ទណ្ឌកម្ម​ថ្មីនឹងសំដៅ ​ទៅលើ​ក្រុម​ហ៊ុន​ឬស្ថាប័ន​ចំនួន​៧០​ ទាំងនៅរុស្ស៊ីនិងប្រទេសផ្សេង។ ក្រុមហ៊ុនឬស្ថាប័នទាំងនោះ នឹងមានអាចទទួល​បាននូវទំនិញ​សំខាន់ៗមួយចំនួន​របស់អាមេរិក ដែលរុស្ស៊ីអាចយកទៅប្រើ នៅក្នុងការធ្វើសង្គ្រាម​​។

បន្ថែមពីនេះ ក្រុមប្រទេស G7 នឹងនិយាយលំអិត អំពី​យន្តការថ្មីៗបន្ថែមទៀត​ ដើម្បី​ទប់ស្កាត់ ការលួចបន្លំ គេចវៀងពី​ទណ្ឌកម្មសេដ្ឋកិច្ច ដែលគេបានដាក់ទៅលើរុស្ស៊ីនាពេលកន្លងមក​។ ការកាត់បន្ថយការទិញ​ប្រេងឆៅរបស់រុស្ស៊ី ក៏ជាសំណុំរឿងសំខាន់ដែរ ដែលគេនឹងនិយាយគ្នា​។​ ហើយយោងតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៃរដ្ឋាភិបាលអាមេរិក គឺ​ក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខទាំង៧ បាន​​សន្យាគ្នា ថានឹង​​បង្កក​ទ្រពសម្បត្តិ ថ​វិកា​​របស់រុស្ស៊ី រហូតទាល់តែចប់សង្គ្រាម​។

ដោយឡែក រដ្ឋាភិបាល​អង់គ្លេសវិញ បាន​បង្ហាញគម្រោងទណ្ឌកម្មថ្មីមួយ ទៅលើវិស័យ​ធនធានរ៉ែរបស់រុស្ស៊ី។ រ៉ែដ៏​សំខាន់មួយ ហើយដែល​អាចនាំចំណូលជាច្រើនពាន់លានដុល្លារ ដល់រដ្ឋាភិបាល​រុស្ស៊ីនោះ គឺរ៉ែពេជ្រ។ ក្រុមប្រទេសអឺរ៉ុប ចង់ដាក់ចុះ នូវទណ្ឌកម្ម​រារាំងការទិញពេជ្រពី​រុស្ស៊ី​។ ប្រទេសធំៗបី ដែលជាអតិថិជនទិញពេជ្ររុស្ស៊ី គឺមានដូចជាប៊ែលហ្ស៊ិក អារ៉ាប៊ីសាអូឌីត និងឥណ្ឌា​។​ ហេតុដូច្នេះហើយ ការចូលរួម​គាំទ្រក្នុងវិធានការទណ្ឌកម្ម​នេះ ពីសំណាក់​ប្រទេសទាំង​៣នេះ ជាពិសេសឥណ្ឌា គឺសំខាន់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា​ វាឲ្យចំកញ្ចប់​ប្រាក់របស់រុស្ស៊ី​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ