អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G7៖​ លោក​ហ្សេឡេនស្គីទៅដល់ជប៉ុន ខណៈអាមេរិកព្រមបើក​​ផ្លូវ​ប្រគល់យន្តហោះចម្បាំងឲ្យ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូលក្រុមប្រទេសសេដ្ឋកិច្ច​នាំមុខ G7 កំពុងតែដំណើរការទៅ​យ៉ាងសកម្ម នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា​ប្រទេសជប៉ុន​។ លោក​ហ្សេឡេនស្គី ទើបតែទៅ​ដល់ជប៉ុន ចូលរួម​ក្នុងជំនួបកំពូលនេះ ដើម្បី​កៀងគរការគាំទ្រជួយ​អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាម​ យកឈ្នះការឈ្លានពានរបស់រុស្ស៊ី​។ ព្រមពេលជាមួយ​គ្នា ​​​រដ្ឋាភិបាលអាមេរិក​ ទើបតែបាន​ប្រកាស យល់ព្រម​បើក​ផ្លូវ ​ប្រគល់យន្តហោះចម្បាំងឲ្យ​អ៊ុយក្រែន ដូចអ្វីដែល​អ៊ុយក្រែន បានទទូចស្នើសុំជាច្រើនខែមកហើយ​។

លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ចុះពីយន្តហោះរដ្ឋ​បារាំង នៅព្រលានយន្តហោះ​ក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ថ្ងៃទី​ ២០ ឧសភា ២០២៣។
លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ចុះពីយន្តហោះរដ្ឋ​បារាំង នៅព្រលានយន្តហោះ​ក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ថ្ងៃទី​ ២០ ឧសភា ២០២៣។ AP
ផ្សាយពាណិជ្ជកម្ម

ការសម្រេចជាប្រវត្តិសាស្ត្រ​

លោកប្រធានាធិបតី វ្លូឌីមៀរហ្សេឡេនស្គី បានសរសេរ​លើទំព័រ Twitter ដោយបានចាត់ទុក​ការសម្រេចរបស់សហរដ្ឋអាមេរិក ថាជាការសម្រេច​ជាប្រវត្តិសាស្ត្រ នៅក្នុងការ​ជួយ​អ៊ុយក្រែន ប្រយុទ្ធយកឈ្នះការឈ្លានពានរបស់រុស្ស៊ី។ នៅរសៀលថ្ងៃ​សៅរ៍នេះ លោក​ហ្សេឡេនស្គី បាន​ធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ ដោយរដ្ឋាភិបាល​​បារាំង ជាអ្នក​ផ្តល់យន្តហោះពិសេស ដឹកលោកហ្សេឡេនស្គី ​ទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាតែម្តង​។

វត្តមានរបស់​លោកហ្សេឡេនស្គី នៅទីក្រុង​អ៊ីរ៉ូស៊ីម៉ា ក៏ជានិម្មិតរូបមួយសំខាន់ណាស់ដែរ។ ហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បានរងគ្រាប់​បែកបរមាណូ កាលពីសង្គ្រាមលោក​លើកទី​២។ សង្គ្រាម​នៅអ៊ុយក្រែនបច្ចុប្បន្ននេះ បាន​ធ្វើ​ឲ្យ​មានការបារម្ភខ្លាំងណាស់ដែរ អំពីលទ្ធភាព​អាចឈានផ្ទុះក្លាយជាមហន្តរាយនុយក្លេអ៊ែរ។

តាមការគ្រោងទុក លោក​ហ្សេឡេនស្គី នឹងចូលរួម​ក្នុងជំនួបកំពូលនៅថ្ងៃអាទិត្យស្អែក ដែលជាថ្ងៃចុងក្រោយ ជាមួយ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងប្រទេស​ដៃគូ ដែលគេអញ្ជើញ​មកចូលរួម​៨ប្រទេសទៀត ដែលមានដូចជាឥណ្ឌា ប្រេស៊ីល វៀតណាម និង​ឥណ្ឌូណេស៊ីជាដើម។ ដោយឡែកនៅថ្ងៃសៅរ៍នេះ គឺនឹងមានជំនួបទ្វេភាគី រវាងលោក​ហ្សេឡេនស្គី ជាមួយ​លោកចូ បៃដិន ជាមួយ​លោក​ម៉ាក្រុង ជាមួយលោករីស៊ី ស៊ូណាក់ និងជាមួយ​លោក​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រី​ជប៉ុន​។ ហើយ​មុននេះបន្តិច លោក​ហ្សេឡេនស្គី បានជួប​មួយទល់នឹងមួយ ជាមួយ​លោក​ ណារិន្ទ្រ ម៉ូឌី ដែលទើបតែទៅដល់ក្រុងហ៊ីរ៉ូស៊ីម៉ាដែរ។

សេតវិមានបានយល់ព្រមបើក​ផ្លូវ ប្រគល់យន្តហោះចម្បាំងទៅ​ឲ្យ​អ៊ុយក្រែន​។ លោក​ Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាន​ឲ្យដឹងថា លោក​ប្រធានាធិបតីចូ បៃដិន បានពិចារណាច្បាស់លាស់ នឹងឈប់ស្ទាក់ស្ទើទៀតហើយ។ លោក ចូ បៃដិន កំពុងតែទន្ទឹងរងចាំជួបនិយាយលំអិត ជាមួយ​លោក​ហ្សេឡេនស្គី ទាក់ទិននឹងការប្រគល់យន្តហោះចម្បាំង ទៅតាមអ្វីដែលអ៊ុយក្រែនបានទទូចស្នើសុំ​​។

បារាំងជួយ​ផ្នែកហ្វឹកហាត់ អង់គ្លេសចេញមុខដើរប្រមូលយន្តហោះF-16

ផ្អែកតាមលំអិតរបស់​លោក Jake Sullivan គឺជាដំណាក់​ដំបូងនេះ គឺអាមេរិក នឹងរួមសហការជាមួយ​ប្រទេសអឺរ៉ុបមួយចំនួន ដើម្បីរៀបចំ​ការហ្វឹកហាត់​ឲ្យ​នាយទាហានជំនាញ​របស់​អ៊ុយក្រែន ចេះប្រើប្រាស់យន្តហោះចម្បាំងរបស់អាមេរិក។ យន្តហោះចម្បាំង ដែលគេកំពុងនិយាយគ្នានេះ គឺយន្តហោះប្រភេទ F-16។

និយាយឲ្យងាយស្តាប់គឺថា សម្រាប់ពេលនេះ ទាហានជំនាញ​អ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហាត់ប្រើយន្តហោះ ចេះជួសជុល។ ហើយ​អំឡុងពេលនេះ ក្រុមប្រទេសសម្ព័ន្ធមិត្ត​ នឹងចាប់ផ្តើមនិយាយគ្នា អំពីផែនការ​ កាលវិភាគនៃការប្រគល់យន្តហោះ ក្នុងចំនួន​ប៉ុន្មាន ហើយ​ប្រទេសអ្នកខ្លះដែលជាអ្នកឲ្យ​ទៅអ៊ុយក្រែនជាដើម។​ ដូច្នេះ​ ទំរាំតែអ៊ុយក្រែន​បានទទួលយន្តហោះយកទៅប្រើមែនទែន ក៏ប្រហែលជា១ឆ្នាំទៀតអីដែរ បើតាមការស្មាន​។

ផ្អែកតាមអ្នកវិភាគខ្លះបានលើកឡើងថា អាមេរិកបើកភ្លើងខៀវព្រមប្រគល់មែន តែមិនមែនមានន័យថា អាមេរិកនឹងដឹកយកយន្តហោះខ្លួនទៅឲ្យអ៊ុយក្រែនទេ។ ប្រភពពីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា គឺ​លោករីស៊ី ស៊ូណាក់ ជាអ្នកចេញមុខ ដឹកនាំក្រុមការងារ និយាយជាមួយហូឡង់ ប៊ែលហ្ស៊ិល និងដាណឺម៉ាក ដើម្បីរៀបចំប្រមូលយន្តហោះ F-16 ​នៅតាមប្រទេសទាំងនេះ។ ហូឡង់ ដាណឺម៉ាកជាដើម ធ្លាប់​បាន​ប្រកាសថាគេអាចឲ្យ​យន្តហោះ F-16 ទៅឲ្យ​អ៊ុយក្រែន ព្រោះយន្តហោះចម្បាំងគេ នឹងត្រូវជំនួសដោយអាប្រភេទថ្មី F-35។ ដោយឡែក ខាងបារាំងវិញ លោក​ម៉ាក្រុងបានបញ្ជាក់ថា បារាំង នឹងជួយអ៊ុយក្រែនផ្នែកហ្វឹកហាត់ប្រើយន្តហោះចម្បាំង។

« អ្នកណាឲ្យយន្តហោះចម្បាំងទៅអ៊ុយក្រែន​ អ្នកនោះនឹងប្រឈមគ្រោះថ្នាក់ធំ »

គ្មានអ្វី​ចម្លែកទេ រុស្ស៊ី​បាន​បរិហារចោទថា ក្រុមប្រទេសលោកខាងលិច កំពុងតែលង់ខ្លួន​ក្នុង​ធ្វើសង្គ្រាម​ជាមួយរុស្ស៊ី ងើប​មិនមិនរួចទេ។ យោងតាមការចុះផ្សាយ​របស់បណ្តាញព័ត៌មានរុស្ស៊ី TASS លោក Alexandre Grouchko អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ការប្រគល់យន្តហោះចម្បាំងទៅឲ្យ​អ៊ុយក្រែន​ វានឹងបង្កើតឲ្យ​មានការប្រឈមគ្រោះថ្នាក់​ធំណាស់ សម្រាប់ប្រទេសដែលជាម្ចាស់យន្តហោះ​ទាំងអស់នោះ។  លោក​ម្នាក់នេះ បន្តថា រុស្ស៊ី​នឹងកត់ត្រាទុក ហើយ​នឹងយកវាបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រ​របស់រុស្ស៊ី។​ Alexandre Grouchko អះអាងថា រុស្ស៊ីមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការសម្រេចកម្មវត្ថុ និងយកឈ្នះ​ឲ្យ​បាន​។ សំដីទាំងនេះ គឺជាសំដី គំរាមយ៉ាងច្បាស់ ពីសំណាក់រុស្ស៊ី​ ទៅលើបណ្តាប្រទេសអឺរ៉ុប ដែលនឹងប្រគល់យន្តហោះ​ចម្បាំង F-16 ទៅឲ្យ​អ៊ុយក្រែន​។​

ដោយឡែក ឆ្លើយតបនឹង​ការ​សម្រេចដាក់ទណ្ឌកម្ម​ថ្មីបន្ថែមទៀត ទៅលើរុស្ស៊ី ពីសំណាក់សម្ព័ន្ធមិត្តលោក​ខាងលិច ក្រេមឡាំងបាន​ប្រកាសកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នូវវិធានការឆ្លើយតបវិញដែរ ដោយ​ដាក់ឈ្មោះជនជាតិអាមេរិក​៥០០នាក់ ចូលទៅក្នុងបញ្ជីខ្មៅ ហាមឃាត់មិន​ឲ្យចូលដីរុស្ស៊ី​។ ក្នុងចំណោម​ឈ្មោះនោះ​ គឺមាន​លោក​បារ៉ាក់ អូបាម៉ាដែរ។​​

G7 បរិហារការប្រើ​ វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាអាវុធបម្រើមហិច្ឆតា

ចិនគឺជាសំណុំរឿងមួយទៀត ដ៏សំខាន់ដែរ ដែល​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧បានលើកមកពិភាក្សាគ្នា។ យោងតាម​អត្ថបទគ្រោងនៃសេចក្តីប្រកាសរួម គឺប្រទេសធំៗទាំង៧ បានប្រកាសប្រឆាំងចំពោះ​ ការប្រើប្រាស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាអាវុធដើម្បីបម្រើមហិច្ចតានយោបាយ​វាតទី។ ទោះគេមិនបញ្ចេញ​ឈ្មោះឲ្យចំ តែគឺគេពិតជាចង់សំដៅទៅលើចិន ដែល​កន្លងមក បានប្រើប្រាស់​ការគំរាម​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទៅលើប្រទេសណា ដែលហ៊ានរិះគន់ចិន ឬប្រឆាំងនឹងចិន​។

ទន្ទឹមគ្នានេះ ក្រុមប្រទេសឧស្សាហកម្ម​នាំមុខទាំង​៧ បាន​ប្រកាសថា នឹងប្រឹងប្រែង រៀបចំពង្រីកបណ្តាញ​ផ្គត់​ផ្គង់របស់ពិភពលោក ធ្វើយ៉ាងណាមិនត្រូវរំពឹងតែទៅលើ​ប្រទេសណាមួយ​។ ការពឹងផ្អែក​ខ្លាំងពេក វាធ្វើ​ឲ្យ​ប្រទេសដែល​ផ្គត់ផ្គង់ធំជាងគេមួយ​ណា​នោះ បានចិត្តអាចយកកត្តានេះ ជាមធ្យោបាយ​ដាក់សំពាធ រករឿង​។

យ៉ាងណា​ក៏ដោយ ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស G7 បានអះអាងថា គេនឹងមិនប្រកាសគោលជំហរ រករឿងប្រឆាំងចិនឬទៅ​រារាំងការរីកចម្រើនសេដ្ឋកិច្ច​​របស់ចិននោះទេ។ ក្នុងនាមចិនជាមហាអំណាចសេដ្ឋកិច្ច​លំដាបទី២ វាជារឿងចាំបាច់ណាស់ ដែល​ក្រុមប្រទេស G7 ត្រូវបន្តធ្វើការជាមួយចិន សហការជាមួយចិន។ តែទន្ទឹមគ្នានេះ G7 នឹងស្វែងរកច្រកផ្លូវថ្មីផ្សេង ដើម្បីកាត់បន្ថយការប្រឈម មិនពឹងផ្អែកទៅលើចិន តែមិនមែនមានន័យថា គេនឹង​​ផ្តាច់ខ្លួនទាំងស្រុងពីចិននោះដែរ។

ហើយត្រលប់ទៅសំណុំរឿងអ៊ុយក្រែនវិញ ក្រុមប្រទេស G7 បានទទួលស្គាល់តួនាទីចាំបាច់របស់ចិន នៅក្នុងការ​និយាយ​ជាមួយរុស្ស៊ី។ ក្រុមប្រទេស G7 បានអំពាវនាវ ឲ្យចិនប្រឹងប្រែងធ្វើយ៉ាងណាបញ្ចុះបញ្ចូលរុស្ស៊ី ដាក់សំពាធ ឲ្យរុស្ស៊ី យល់ព្រមដកទ័ពថយចេញទាំងស្រុង ពីទឹកដីអ៊ុយក្រែន ដើម្បី​ឈានទៅ​បើកទំព័រថ្មីចរចាសន្តិភាព បិទបញ្ចប់សង្គ្រាម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ