អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ប្រញាប់​ប្រញាល់ទៅ​វ៉ាស៊ីនតោន ខណៈអាមេរិកប្រឈមនឹង​វិបត្តិ​ខ្វះប្រាក់សងបំណុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មវិធីជំនួបកំពូល G7 នៅក្រុងហ៊ីរ៉ូស៊ីម៉ា បានបិទបញ្ចប់ទៅ​កាលពីថ្ងៃអាទិត្យ។ តាម​ការគ្រោងទុក​ដំបូង លោក​ចូ បៃដិន ត្រូវបន្តដំណើរទៅចូលរួម ក្នុង​វេទិកា​សហប្រតិបត្តិប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិក ដែលចាប់ផ្តើម​បើកនៅថ្ងៃចន្ទនេះ នៅប្រទេសប៉ាពូនូវែលហ្គីណេ។ ក៏ប៉ុន្តែ​លោក​ចូ បៃដិន បានប្រញេបប្រញាប់ ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍រកដំណោះស្រាយ ទាក់ទិននឹងបញ្ហា​បំណុលសាធារណៈអាមេរិក​។ ក្រុមសមាជិកសភាមកពី​សាធារណៈរដ្ឋ​ កំពុងតែខ្វែងគំនិតគ្នា​ ជាមួយ​បក្សប្រជាធិបតេយ្យ ទាក់ទិននឹងការកំណត់អត្រាអតិបរមា នៃ​បំណុលសាធារណៈរបស់អាមេរិក​។ 

លោក ចូ បៃដិន ចុះពីយន្តហោះ  Air Force ដែលចុះនៅមូលដ្ឋាន អាកាស រដ្ឋ Maryland យប់ថ្ងៃទី២១ ឧសភា​ ២០២៣
លោក ចូ បៃដិន ចុះពីយន្តហោះ Air Force ដែលចុះនៅមូលដ្ឋាន អាកាស រដ្ឋ Maryland យប់ថ្ងៃទី២១ ឧសភា​ ២០២៣ REUTERS - JONATHAN ERNST
ផ្សាយពាណិជ្ជកម្ម

បំណុលសាធារណៈ ចំនួន ៣១០០០ពាន់​លានដុល្លារ

ជាបឋមយើងត្រូវដឹងថា ប្រទេសធំៗ សេដ្ឋកិច្ចនាំមុខគេ​ទាំងអស់ គឺសុទ្ធតែមាន​បំណុលសាធារណៈ។ ជាបំណុលដែលរដ្ឋខ្ចីប្រាក់ពីខាងក្រៅ មក​បង្វិលចាយវាយ​ ទៅលើវិស័យនានា មិនថាជាប្រាក់ខែបុគ្គលិករដ្ឋ ប្រាក់សោធននិវត្ត ឬ ជា​ការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បន្ទាប់មកទៀត ពេលរដ្ឋប្រមូលពន្ធបាន​មួយឆ្នាំៗ គឺគេបង្វិលសងបំណុលទាំងនោះវិញ។ អញ្ចឹងហើយ​បាន​ប្រទេសគេរីកចម្រើន ព្រោះរដ្ឋគេមានប្រាក់បង្វិល ចាយ​វាយ​រហូត មិននៅជាប់គាំង។ បំណុលសាធារណៈ វាជារឿងធម្មតាទេ គ្រាន់តែថារដ្ឋ​ត្រូវតែប្រយ័ត្ន កុំឲ្យ​ចាយ​វាយ​ច្រើនជ្រុល បំណុលកើនឡើងខ្ពស់ លើសខ្លាំងជ្រុលពេក ពី​ចំណូល​ដុលក្នុង​ស្រុកដែលរកបាន​មកវិញ​។

នៅអាមេរិក រដ្ឋសហព័ន្ធបច្ចុប្បន្ន ជាប់បំណុល​ចំនួនសរុប​ ៣១០០០ពាន់លានដុល្លារ ដែលក្នុងនោះ មាន​ប្រមាណ​៧៤០០ពាន់លាន គឺជាបំណុល​នៅក្រៅស្រុក ដោយរាប់ទាំងធនាគារកណ្តាល​បរទេស និង​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​នៅឯបរទេស​​​។ តួលេខនេះ យោងតាមអ្នកជំនាញ គឺវាមិនមានអ្វីចោទជាបញ្ហាអ្វីទេ សម្រាប់សេដ្ឋកិច្ច​អាមេរិក​។​ បញ្ហាចោទនាពេលនេះ គឺជាពេលដែល​អាមេរិកត្រូវដំឡើង​ អត្រាអតិបរមានៃបំណុល ពោលគឺជាច្បាប់ថ្មីមួយ ដែលគេតែងតែធ្វើវា ដើម្បីកំណត់ថា រដ្ឋសហព័ន្ធ អាចមានសិទ្ធិ​មានបំណុលសាធារណៈ មិនឲ្យ​លើសពីចំនួន​ប៉ុន្មាន​។

ពីមុនមក ការ​កំណត់​អត្រាអតិបរមានៃបំណុលនេះ គឺគ្រាន់តែជារឿងរដ្ឋបាល​សាមញ្ញមួយ ដោយ​សភាខុសហ្ក្រេសមានតួនាទីធ្វើវា ដើម្បីបើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​នេះ យើងឃើញថា ច្បាប់​ដំឡើង​អត្រាបំណុលអតិបរមានេះ បានក្លាយជា​ចំណុចវិវាទ ខ្វែងគំនិតគ្នារវាង​ក្រុម​គណបក្ស​សាធារណ​រដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​របស់​លោកចូ បៃដិន​។ បក្សសាធារណៈរដ្ឋ ស្តីបន្ទោសថារដ្ឋសហព័ន្ធចាយ​វាយឥតគិត ចំណាយច្រើនណាស់ ធ្វើឲ្យបំណុល​ចេះតែប៉ោងឡើង។ រីឯបក្ស​ប្រជាធិបតេយ្យវិញ អះអាងថាការចំណាយ​ទាំងនោះគឺវាចាំបាច់ ក្នុងការជួយ​សង្គម ជួយ​ផ្នែកសុខាភិបាល ជួយ​ជីវភាពប្រជាជនក្រីក្រ ហើយបញ្ហាបំណុលអាចដោះស្រាយ​បាន តាមរយៈការដំឡើងពន្ធយកពីក្រុមហ៊ុនធំៗ ដែលកើបប្រាក់ចំណេញដ៏សន្ធឹកពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋសហព័ន្ធ ប្រឈមនឹងបញ្ហាគ្មានប្រាក់បង់វិក័យប័ត្រ និង​សងបំណុល​

យោងតាម​លោកស្រី Janet Yallen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក គឺបញ្ហាធំមួយចំនួននឹងចោទឡើង ចាប់ពីថ្ងៃទី​១មិថុនាខាងមុខនេះទៅ ប្រសិនបើគ្មាន​កិច្ចព្រមព្រៀងដំឡើងអត្រាអតិបរមានៃបំណុលទេនោះ។ បំណុលរដ្ឋនឹងឡើងចាល់ដល់កម្រិតអតិបរមា ដែលគេបាន​កំណត់កាលពីលើកមុន។​ មានន័យថារដ្ឋមិនអាចបន្ថែមកម្ចីទៀតបានទេ។ ដូច្នេះ ចាប់ពីពេលនោះទៅ គឺរដ្ឋសហព័ន្ធ​មិនអាចមានប្រាក់គ្រប់គ្រាន់ ក្នុងការ​​ចំណាយផ្សេងៗបានទេ តួយ៉ាង ដូចជា​ការចំណាយ​លើដំណើរការទូទៅ ប្រាក់ខែបុគ្គលិករដ្ឋសហព័ន្ធ ប្រាក់សោធននិវត្តអតីតទាហាន ការចំណាយ​លើជំនួយសង្គម ជួយអ្នកក្រីក្រអីជាដើម។

ជារួម មានន័យថា រដ្ឋសហព័ន្ធអាមេរិក នឹងត្រូវតែបង្ខំចិត្ត កាត់បន្ថយ​ការចំណាយដែលមិនសូវចាំបាច់ ពន្យាពេលសងបំណុលទាំងប្រាក់ដើមទាំងការប្រាក់ ឬក៏អាចកាត់បន្ថយ​ខ្ទង់ចំណាយ​ផ្សេងទៀតសិន ដូចជា​ទំលាក់ចំនួន​​ប្រាក់សោធននិវត្ត ប្រាក់ជំនួយសង្គម  បើកឲ្យ​តែមួយចំណែក ជំពាក់មួយចំណែក​អីសិនជាដើម​។ វិធានាការទាំងអស់នេះ គឺសុទ្ធតែជាការប៉ះពាល់ទៅដល់ជីវភាពប្រជាជនអាមេរិក។

ក្រុមហ៊ុនឯកជននានា ដែល​ផ្តល់សេវាកម្មដល់ស្ថាប័ន​រដ្ឋសហព័ន្ធ ហើយ​ចេញវិក័យប័ត្រហើយ​ រដ្ឋមិនទាន់​បង់ប្រាក់ឲ្យ គឺវា​នឹងប៉ះពាល់ ដល់ដំណើរការទូទៅ តាមក្រុមហ៊ុនទាំងនោះ។ ពោលគឺវាប៉ះពាល់តៗគ្នា ពីលើដល់ក្រោម​។ ហើយចំណុចសំខាន់មួយទៀត គឺ​រដ្ឋអាមេរិក នឹងត្រូវគេប្រកាសថា​ គ្មាន​ប្រាក់សងបំណុល។ បញ្ហានេះ អាចនឹងទាញ​ទម្លាក់ពិន្ទុរបស់​អាមេរិក នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ អ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចីផ្សេងៗ នឹងបាត់បង់ទំនុកចិត្ត ឬក៏​មិនសូវហ៊ានរកស៊ីនៅអាមេរិក​ទេ។ ហេតុដូច្នេះហើយ បា​នជា​​លោកចូ បៃដិន បានប្រញេបប្រញាប់ ចេញពីប្រទេសជប៉ុន ត្រលប់ទៅ​ទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហានេះ។

បក្សសាធារណរដ្ឋ ទាមទារថាត្រូវតែកាត់បន្ថយ​ការ​ចំណាយ​របស់រដ្ឋសហព័ន្ធ​

កាលៈទេសៈពេលនេះជាពេលបន្ទាន់ ដែលត្រូវតែស្វែងរកការស្រុះស្រួលគ្នា​ ប្រសិនបើមិនចង់ឲ្យ​រដ្ឋអាមេរិក ត្រូវគេប្រកាសថា គ្មានប្រាក់សងបំណុលទេនោះ។ បញ្ហានេះ កំពុងតែជាប់គាំងនៅសភាអាមេរិក ព្រោះ​សមាជិកសភាបក្ស​សាធារណរដ្ឋ ជាអ្នករាំងខ្ទប់។ លោក​ Kevin McCarthy ដែលជាប្រធានសភាតំណាង មកពីបក្ស​សាធារណរដ្ឋ ​លើកឡើងថា វ៉ាស៊ីនតោន មិនអាចចាយវាយដោយ​​ឥតគិត បាន​តទៅទៀតបានទេ។ គោលជំហររបស់​សមាជិកសភាបក្សសាធារណរដ្ឋ គឺទាមទារឲ្យ​រដ្ឋាភិបាល​លោកចូ បៃដិន យល់ព្រម​ កាត់បន្ថយ​ការចំណាយ ទើបខាងគេ សុខចិត្ត​បោះឆ្នោតយល់ព្រម លើ​ច្បាប់ដំឡើងអត្រា​អតិបរមានៃបំណុលរដ្ឋ​។

ចំណែក​លោក​ ដូណាល់ ត្រាំ ឯណោះ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅ ហៅឲ្យ​សមាជិកសភាបក្សសាធារណៈ ត្រូវតែរឹងមាំ កុំ​ធ្វើសម្បទានឲ្យ​បក្សប្រជាធិបតេយ្យឲ្យសោះ​។ លោក ដូណាល់ ត្រាំ បានប្រកូកប្រកាស​ថា ត្រូវ​តែ​​​ធ្វើឲ្យ​រដ្ឋាភិបាលលោកចូ បៃដិន ក្ស័យធនគ្មានប្រាក់សងបំណុល។ ការប្រកាសរបស់​លោក ដូណាល់ ត្រាំ នេះ ត្រូវបាន​លោក ចូ បៃដិន ចាត់ទុកជាសម្តី​ដែលគ្មានការទទួលខុសត្រូវទាល់តែសោះ។ ហេតុតែចង់ចំណេញ​នយោបាយ ចង់សងសិក ចង់ធ្វើបាបរដ្ឋាភិបាល លោកដូណាល់ ត្រាំ សុខចិត្តធ្វើឲ្យ​មានបញ្ហាដល់​ប្រាក់ចំណាយរបស់រដ្ឋ ហើយ​អ្នកដែលរងថ្មបាក់ គឺប្រជាជនអាមេរិក​។

នៅថ្ងៃចន្ទទី ២២ឧសភា​ ពេលទៅដល់វ៉ាស៊ីនតោនភ្លាម គឺលោកចូ បៃដិន នឹងជួបប្រជុំ​​ជាមួយ​ លោក​ Kevin McCarthy។ តែយ៉ាងណា លោក​ចូ បៃដិន បានអះអាងថា លោក​មិនអាចយល់ព្រម​កាត់បន្ថយ​ប្រាក់ចំណាយ​ ទៅក្នុង​វិស័យ​សង្គមកិច្ចបានទេ។ ប្រជាជន​អាមេរិកប្រមាណ​២១លាននាក់ ដែលមានជីវភាពក្រីក្រ រស់រំពឹងទៅលើ​ប្រព័ន្ធសុខាភិបាលរដ្ឋ និងជំនួយ​ចំណីអាហារជាដើម។

នៅលើយន្តហោះ ជិះឆ្ពោះពី​ហ៊ីរ៉ូស៊ីម៉ា ទៅ​វ៉ាស៊ីនតោន លោក​ចូ បៃដិន បាននិយាយទូរស័ព្ទ ជាមួយ​ លោក​ Kevin McCarthyដែរ។ ខាង លោក​ Kevin McCarthy ទាមទារឲ្យកាត់បន្ថយ​ការចំណាយរបស់រដ្ឋសហព័ន្ធ។ លោកចូ បៃដិនបានបដិសេធ តែលោក​សុខចិត្តកាត់បន្ថយការចំណាយ ​​លើផ្នែកផ្សេងមួយចំនួន។ តែទន្ទឹមនឹងនេះ លោកចូ បៃដិន​ បានទាមទារថាត្រូវដំឡើងពន្ធ យកពី​អ្នកមាន​ស្តុកស្តម្ភ និងសហគ្រាសអាមេរិក ដើម្បីយកមកទប់ការចំណាយ​។​

បើផ្អែកតាមមន្ត្រីសេតវិមាន គឺត្រឹមតែ​លោក ចូ បៃដិន ជួបនិយាយគ្នាតាមទូរសព័្ទ និងជួបគ្នាដោយ​ផ្ទាល់នៅវ៉ាស៊ីនតោន គឺវា​ជា​សញ្ញាណវិជ្ជមានខ្លះៗរួចទៅហើយ ថាអាចនឹងមានការត្រូវរ៉ូវគ្នា ការពារផលប្រយោជន៍រួមរបស់ជាតិ។ មុននឹងឡើងយន្តហោះនៅជប៉ុន លោកចូ បៃដិន បានលើកឡើងថា អាមេរិកមិនដែលមានប្រវត្តិ​ ជួបករណីគ្មានប្រាក់សងបំណុលទេ ហើយ​នឹង​មិនអាចជួបករណីនេះ បាន​ជាដាច់ខាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ