អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងបាញ់បង្ហោះផ្កាយ​រណបស៊ើបការណ៍ តែបានបរាជ័យធ្លាក់ក្នុងសមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបាន​ប្រកាស​ជូនដំណឹងគេឯងឲ្យ​ដឹង ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ទីបំផុត នៅថ្ងៃ​ពុធទី​៣១ឧសភា ​កូរ៉េខាងជើង បាន​បាញ់​បង្ហោះ​នូវផ្កាយរណប ដែលខ្លួន​អះអាងថា ​ជាផ្កាយរណបស៊ើបការផ្នែកយោធា។ តែយ៉ាងណា ការបាញ់បង្ហោះនេះ បានជួប​បរាជ័យ បន្ទាប់ពី​យានទម្រដឹកផ្កាយរណបនេះ បានធ្លាក់ទៅក្នុងសមុទ្រលឿង ក្រោយ​ហោះឡើងបានប៉ុន្មាននាទី។ ទោះបើបរាជ័យ ការបាញ់​បង្ហោះផ្ការណបរបស់កូរ៉េខាងជើងនេះ បានបង្កឲ្យ​មានកា ភ័យ​ផ្អើល​ ប្រកាសអាសន្ននៅកូរ៉េខាងខាងត្បូង និង​នៅជប៉ុន​ផងដែរ ដោយ​ខ្លាចក្រែងថា មាន​ការវាយ​ប្រហារដោយ​មីស៊ីល ពីសំណាក់កូរ៉េខាងជើង​។

ទូរទស្សន៍​កូរ៉េខាងត្បូង ផ្សាយព័ត៌មានអំពីការប្រកាសអាសន្ន ក្រោយ​ការ​​បាញ់ផ្កាយរណប​របស់កូរ៉េខាងជើង។ ស្ថានីយរថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ៣១ ឧសភា ២០២៣
ទូរទស្សន៍​កូរ៉េខាងត្បូង ផ្សាយព័ត៌មានអំពីការប្រកាសអាសន្ន ក្រោយ​ការ​​បាញ់ផ្កាយរណប​របស់កូរ៉េខាងជើង។ ស្ថានីយរថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ៣១ ឧសភា ២០២៣ REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការផ្សាយ​របស់​បណ្តាញ ព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA គឺយានទម្រ ដឹកផ្កាយរណបឈ្មោះ Cheollima-1 បាន​ធ្លាក់នៅក្នុងសមុទ្រ​ខាងលិច ជាឈ្មោះហៅសមុទ្រលឿង របស់កូរ៉េខាងជើង​។ បណ្តាញ​ព័ត៌មាននេះ បាន​បញ្ជាក់ថា យានទាំងមូល​បានហោះឡើងដោយ​ធម្មតានៅដំណាក់កាលដំបូង តែនៅពេល​នេះយាន​នេះ​ចាប់ផ្តើម​ផ្តាច់ខ្លួន បញ្ឆេះម៉ូទ័ររុញ​អាផ្នែកទី​២ឡើងទៅលើ​ ស្រាប់តែផ្នែកទី២នេះមិនអាចមានល្បឿនហោះទៅលើបាន ក៏ធ្លាក់ចុះមក។

ផ្អែកតាមការចុះផ្សាយ​របស់​​ទីភ្នាក់ងារព័ត៌មានYonhap កូរ៉េខាងត្បូងវិញ បាន​ឲ្យដឹងថា បំណែកយានទម្រ និង​​​ផ្កាយរណបរបស់កូរ៉េខាងជើង​ បានធ្លាក់នៅក្នុងសមុទ្រលឿង ចំងាយ​ប្រមាណ​២០០គីឡូម៉ែត្រ ពីកោះ Eocheong របស់កូរ៉េខាងត្បូង​។ កងទ័ពកូរ៉េខាងត្បូង បានចេញទូកទៅស្រង់យកហើយ។ ទីភ្នាក់ងារព័ត៌មាននេះ បាន​ផ្សព្វផ្សាយរូបភាពជាច្រើន បង្ហាញ​ឲ្យឃើញបំពង់ស៊ីឡាំងដ៏ធំមួយ ដែលអាចជាយានទម្រ និង​បំណែក​ផ្កាយរណប ដែលគេឃើញមាន​ទុយយោ​និងខ្សែភ្លើងតជ្ជាប់ជាដើម​។

រូបភាព​ផ្សព្វផ្សាយ​ដោយ​ក្រសួងការពារជាតិ​​កូរ៉េខាងត្បូង បង្ហាញឲ្យ​បំណែក​ដ៏ធំ នៃយានទម្របង្ហោះផ្កាយរណបរបស់​កូរ៉េខាងជើង ដែលធ្លាក់​ក្នុងសមុទ្រ ចម្ងាយ​ប្រមាណ២០០គីឡូម៉ែត្រ ពីកោះ Eocheongdo ។
រូបភាព​ផ្សព្វផ្សាយ​ដោយ​ក្រសួងការពារជាតិ​​កូរ៉េខាងត្បូង បង្ហាញឲ្យ​បំណែក​ដ៏ធំ នៃយានទម្របង្ហោះផ្កាយរណបរបស់​កូរ៉េខាងជើង ដែលធ្លាក់​ក្នុងសមុទ្រ ចម្ងាយ​ប្រមាណ២០០គីឡូម៉ែត្រ ពីកោះ Eocheongdo ។ AP

ប្រកាសអាសន្នភ័យផ្អើលនៅកូរ៉េខាងត្បូងនិងជប៉ុន​

នៅវេលាម៉ោងប្រមាណ​ ៦ និង ៤១នាទីព្រឹកថ្ងៃពុធនេះ សំឡេងស៊ីរ៉េន បាន​បន្លឹរន្ធាន់ពេញទីក្រុងសេអ៊ូលតែម្តង។ សម្លេងរោទិ៍ តាមទូរស័ព្ទដៃក៏បាន​បន្លឺឡើងដែរ ហើយ​បានដាស់​មនុស្ស​ឲ្យភ័យផ្អើលឈូរឆទាំងព្រឹកព្រហាម​។ វាគឺជាការប្រកាសអាសន្ន ធ្ងន់ធ្ងរបំផុត មិនធ្លាប់​មានទេ ចេញបញ្ជាដោយ​សាលា​ក្រុង​សេអ៊ូល។

ជាមួយ​នឹងសំឡេងស៊ីរ៉ែន រោទិ៍ឥតដាច់ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសអាសន្ន ឲ្យ​ប្រជាជន​ត្រូវ​ប្រមូលការពារក្មេង​ៗ និងមនុស្សចាស់​ឲ្យ​បាន​មុន។ ក៏ប៉ុន្តែ​ ប៉ុន្មាននាទីក្រោយ​មក ក៏ស្រាប់តែក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង បាន​ចេញ​ប្រកាស លុបចោលការប្រកាសអាសន្ននេះវិញ ដោយ​លើកឡើងថា មានការ​ភ័ន្តច្រឡំទេ។ យោងតាមទីភ្នាក់ងារ ព័ត៌មាន​ Yonhap ដោយ​ផ្អែក​តាម​កងទ័ពកូរ៉េខាងត្បូង គឺ​យានបាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េខាងជើង មិន​បានសំដៅ​មកគំរាម​ទីក្រុង​សេអ៊ូលទេ។

បើតាមការសង្ស័យ ស្រីពេជ្រ គឺប្រហែលជាគេដោយសារតែយាន​អវកាសរបស់កូរ៉េខាងជើង ដែល​ក្នុងនោះគ្មាននរណាដឹងទេ ថាវាមានមីស៊ីលឬក៏អត់ បានបាត់ដំណឹងពីរ៉ាដាភ្លាមៗ។ ម្លោះហើយ​បាន​កើតជាការភ័យ​បារម្ភ ថាវាអាចធ្លាក់ចំទីកន្លែងណាមួយ​នៅ​កូរ៉េខាងត្បូង​។

មិនត្រឹមតែនៅកូរ៉េខាងត្បូងទេ ដែលប្រកាសអាសន្នភ័យស្លន់ស្លោ នៅជប៉ុនឯណោះក៏ភ័យមិនណយដែរ នៅព្រឹកថ្ងៃពុធនេះ​។ អាជ្ញាធរកោះអូគីណាវ៉ា ស្ថិតនៅភាគខាងជើងជប៉ុន បាន​ប្រកាសអាសន្ន ប្រាប់​ឲ្យ​ប្រជាពលរដ្ឋរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។ ប្រហែលជា​៣០នាទីក្រោយ​មក ទើបបានអាជ្ញាធរប្រកាសថាលែងមាន​អាសន្នទៀត បន្ទាប់ដឹងច្បាស់ថា យាន​របស់កូរ៉េខាងជើង បានធ្លាក់ចូលសមុទ្រ។

បង្ហោះផ្កាយ​រណប បន្លំសាកល្បង​មីស៊ីល​បាលីស្ទិក

ហេតុដែលគេរិះគន់ គឺដោយ​សារតែគេដឹងច្បាស់ថា ​កូរ៉េខាងជើង បានប្រើ​ប្រាស់​បច្ចេកវិទ្យាមីស៊ីល​បាលីស្ទីក ដើម្បី​បាញ់បង្ហោះ​ផ្កាយរណបនេះ​។ ទង្វើនេះ គឺវាបំពាន​នឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ​។ លោក Adam Hodge អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​លើកឡើងថា កូរ៉េខាងជើងកំពុងតែបន្លំភ្នែកពិភពលោក លួចអភិវឌ្ឍន៍​បច្ចេកវិទ្យាមីស៊ីល​បាលីស្ទីក ដែលទង្វើនេះគឺវា​ជានឹងបំផ្លាញស្ថិតភាពសន្តិសុខរបស់តំបន់ទាំងមូល​។

តាំងតែពីបាន​ដំណឹង ថាកូរ៉េខាងជើងនឹងបាញ់​បង្ហោះ​ផ្កាយរណបនេះ រដ្ឋាភិបាល​​កូរ៉េខាងត្បូង និ​ងជប៉ុន ក៏បានថ្កោលទោសរួចទៅហើយ ព្រោះគេមិនទុក​ចិត្ត​របបផ្តាច់ការព្យុងយ៉ាងនោះទេ។ សម្រាប់ជប៉ុននិងកូរ៉េខាងត្បូង​ ការបាញ់បង្ហោះផ្កាយរណប ដែលកូរ៉េខាងជើង​អះអាងថាជាផ្កាយរណប​ឈ្លបយកការផ្នែកកងទ័ពនោះ វាគ្រាន់តែជាលេស ដើម្បី​សាកល្បង​បាញ់​បង្ហោះយាន​ដែលអាចភ្ជាប់ដោយ​មីស៊ីល​បាលីស្ទិកតែប៉ុណ្ណោះ។

កាលពីឆ្នាំ២០១២ និង​២០១៦ កូរ៉េខាងជើងក៏បានប្រកាសថាបង្ហោះ​ផ្កាយរណបដែរ តែធាតុពិត វាគឺជា​ការបាញ់សាកល្បង​មីស៊ីល​បាលីស្ទីក។ កាលណោះ មីស៊ីល​ទាំង២បាន​ហោះរំលង ពីលើកោះអូគីណាវ៉ារបស់ជប៉ុន​។ យោងតាម​ការវិភាគរបស់​លោកស្រី Soo Kim អតីតអ្នកជំនាញ​ម្នាក់ CIA គឺ​មិនយូរទេ កូរ៉េខាងជើង អាចនឹងបើកការសាកល្បង​អាវុធនុយក្លេអ៊ែរជាថ្មីទៀត ព្រោះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសមហិច្ឆតាច្បាស់ហើយថា នឹងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីរារាំងកុំឲ្យ​គេមកផ្តួលរំលំរបបដឹកនាំរបស់ខ្លួន​។

ផ្កាយរណបកូរ៉េខាងជើងមិនដំណើរការទេ​

កន្លងមក​ កូរ៉េខាងជើងបានអះអាងថា បានបាញ់បង្ហោះផ្កាយរណបចំនួន​៥លើកហើយ ក៏ប៉ុន្តែ ៣លើកគឺបានបរាជ័យ ហោះឡើងទៅលើអត់រួចទេ។ ដូច្នេះ តាមធម្មតា គឺមានផ្កាយរណប២ទេ ដែល​ទំនងជាស្ថិតនៅលើខ្សែអកប៊ីត។ ក៏ប៉ុន្តែ យោងតាមអ្នកជំនាញ​ គឺ​គេមិនជឿថា ផ្កាយរណបទាំង​២គ្រឿងរបស់កូរ៉េខាងជើងនោះ ដំណើរការទេ ព្រោះថាអង្គភាពឯករាជ្យ​ផ្សេងៗ មិនដែលចាប់បានរលកសញ្ញា របស់​ផ្កាយរណបនោះទេ។ មានន័យថា វាអត់ដំណើរការទេ។

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ធ្លាប់​បាន​លើកឡើងថា ដោយសារតែអាមេរិក​និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាគម្រាមគេខ្លាំងពេក ទើបតម្រូវឲ្យ​គេប្រឹងប្រែងអភិវឌ្ឍន៍​ផ្កាយរណប ដើម្បី​​ឈ្លបយកការណ៍​សម្ងាត់។ គឺប្រហែលជាមកពីគ្មាន​ផ្កាយរណបដំណើរការសោះនេះ បានជាកូរ៉េខាងជើងខំប្រឹង​បាញ់បង្ហោះ​នៅលើកនេះក៏ថាបានដែរ។ តែសំណាងអាក្រក់ វាបរាជ័យទៀត។

យ៉ាងណាក៏ដោយ លោក Leif-Eric Easley សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ Ewha ក្រុងសេអ៊ូល បាន​លើកឡើងថា រឿងបរាជ័យឬជោគជ័យ​ក្នុងការបាញ់បង្ហោះផ្កាយរណប គឺវាមិនសំខាន់​ទេ សម្រាប់របបផ្តាច់ការ​កូរ៉េខាងជើង។ អ្វីដែល​សំខាន់​បំផុតនោះ គឺ​ ការបន្លឺសំឡេងផ្ញើសារប្រាប់ទៅពិភពលោក ថាកូរ៉េខាងជើងមានមហិច្ឆតា និង​សមត្ថភាពផ្នែកអវកាស។ ពោលវាគឺជាសារឃោសនា ដើម្បីអួតសំញ៉ែង ជាទម្លាប់របស់របបផ្តាច់ការ បើទោះបី​ការពិត​ជាក់ស្តែង វាមិនសូវជាអស្ចារ្យណាស់ណាក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ