អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​ចង់​ធ្វើច្បាប់​ ឲ្យ​ក្រុមហ៊ុន​មានការទទួលខុសត្រូវ ​ស្តីពីការ​គោរព​សិទ្ធិមនុស្ស​ សង្គម និងបរិស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃព្រហស្បតិ៍ ទី​១មិថុនា សភាអឺរ៉ុបបានបើកការប្រជុំពេញអង្គ និងបាន​អនុម័តអត្ថបទគម្រោងច្បាប់មួយ ដែល​មានខ្លឹមសារ បង្កើតឲ្យមាន “ករណីកិច្ចត្រូវប្រុងប្រយ័ត្ន” ដែលក្រុមហ៊ុន​អឺរ៉ុបទាំងអស់ត្រូវគោរព ទាក់ទិន​នឹងបញ្ហាសិទ្ធិមនុស្ស ការគោរពច្បាប់ការងារ ព្រមទាំង​ការគោរពបរិស្ថានអាកាសធាតុ។ នេះគឺជាការបោះជំហានថ្មីមួយទៀត ដែល​សមាជិកសភាអឺរ៉ុប ចង់​ដាក់កំហិត ឲ្យ​ក្រុមហ៊ុនធំៗរបស់អឺរ៉ុប ត្រូវតែ​ប្រុងប្រយ័ត្ន នឹងមានការទទួលខុសត្រូវ ចំពោះ​ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាម​ប្រទេសនានាក្រៅពីទឹកដីសហភាពអឺរ៉ុប។

FILE - Members of European parliament sit in the plenary chamber on Tuesday, March 14, 2023 in Strasbourg, eastern France. European Union lawmakers approved on Thursday, April 20, 2023 a series of proposals aimed at ending the years-long standoff over how best to manage migration, a conundrum that has provoked one of the bloc's biggest political crises. (AP Photo/Jean-Francois Badias, File)
FILE - Members of European parliament sit in the plenary chamber on Tuesday, March 14, 2023 in Strasbourg, eastern France. European Union lawmakers approved on Thursday, April 20, 2023 a series of proposals aimed at ending the years-long standoff over how best to manage migration, a conundrum that has provoked one of the bloc's biggest political crises. (AP Photo/Jean-Francois Badias, File) AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

១០ឆ្នាំក្រោយ សោកនាដកម្មនៅរោងចក្រ Rana Plaza

គម្រោងអត្ថបទច្បាប់ថ្មីនេះ វាគឺជាការបោះជំហានថ្មីមួយដ៏សំខាន់ នៅក្នុងក្របខណ្ឌ​ប្រព័ន្ធគតិយុទ្ធរបស់សហភាពអឺរ៉ុប​។ វានឹងមកគូសវាស កាតព្វកិច្ច​ថ្មីៗជាច្រើន សម្រាប់ក្រុមហ៊ុន សហគ្រាសអឺរ៉ុប ដែល​មានប្រតិបត្តិការ​អាជីវកម្ម ឬមានរោងចក្រនៅតាមបណ្តាប្រទេសក្រីក្រ ទូទាំងពិភពលោក។

កាលពី១០ឆ្នាំមុន មតិសាធារណៈអឺរ៉ុបបានតក់ស្លុតជាខ្លាំង ជាមួយ​នឹងហេតុការណ៍​បាក់រលំអគារ រោងចក្រកាត់ដេរ Rana Plaza នៅបង់ក្លាដែស ដែលបានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួនជាង​១១០០នាក់។ រោងចក្រនេះ ដេរ​សម្លៀក​បំពាក់​​ឲ្យ​ក្រុមហ៊ុន​ម៉ាកសំលៀក​បំពាក់ជាច្រើននៅ​អឺរ៉ុប​។ ហេតុការណ៍ដ៏អកុសលនេះ បាន​ជះពន្លឺឲ្យឃើញ នូវ​អវត្តមាន​នៃការ​គោរពលក្ខខណ្ឌការងារ កត្តាសុ​វត្ថិភាព​នៅតាមរោងចក្រ នៅតាមប្រទេសក្រីក្រ។ ពោលគឺជាការធ្វេសប្រហែស ឬក៏ជាការមិនខ្វល់តែម្តង​ របស់​ក្រុមហ៊ុនអឺរ៉ុប ដែលទៅបញ្ជាទិញទំនិញពីតាមប្រទេសក្រីក្រយកមកដាក់លក់យកចំណេញ​នៅអឺរ៉ុប ទាំងដែលទំនិញទាំងនោះដិតដាមដោយ​ស្នាមញើសស្នាមឈាមរបស់ពលករនៅតាម​ប្រទេសក្រីក្រ។​

ជាមួយ​នឹងបទពិសោធន៍នេះ អ្នកធ្វើ​ច្បាប់​នៅអឺរ៉ុប ចង់កែប្រែ ចង់​កែតម្រូវ រៀបចំធ្វើច្បាប់ ឲ្យ​ក្រុមហ៊ុនអឺរ៉ុប​ទាំងអស់មានការទទួលខុសត្រូវ មិនថានៅតាម​ក្រុមហ៊ុនដែលជាសាខានៅបរទេស ឬក៏​ក្រុម​ហ៊ុនដែលលក់សេវាកម្មឲ្យនោះទេ។​ ពោលគឺ តាមរយៈគម្រោងច្បាប់ថ្មីនេះ ក្រុមហ៊ុនអឺរ៉ុប ដែលមាន​ប្រតិបត្តិការអាជីវកម្ម មានបណ្តាញ​ផលិត មានរោងចក្រនៅក្រៅអឺរ៉ុប គឺត្រូវតែមាន​ ករណីយកិច្ចត្រូវប្រុងប្រយត្ន័ ទាក់ទិននឹងការគោរពច្បាប់ការងារ ការគោរពសិទ្ធិមនុស្ស និង​ជាពិសេសនោះ គឺការគោរពបរិស្ថាន​ធម្មជាតិ​។ ជាការទទួលខុសត្រូវផ្លូវច្បាប់ ជាកាតព្វកិច្ច ដែលត្រូវតែតាមដាន ដូចជាតាមដាន​ អំពីលក្ខខណ្ឌការងារ អំពី​ការងារដោយបង្ខំ​ អំពីពលកម្មកុមារ សុវត្ថិភាព​នៅអគាររោងចក្រ ត្រូវពិនិត្យ​មើល ថាតើមានករណីរឹបអូសដីធ្លីផ្ទះសម្បែងប្រជាជន ដោយ​អយុត្តិធម៌ឬអត់ ហើយបញ្ហាបរិស្ថាន​វិញ ត្រូវតែតាមដានថាតើ មានការកាប់បំផ្លាញព្រៃឈើ ឬមាន​ការបង្ហូរសារធាតុពុល​ចូល​ក្នុង​ប្រភពទឹក ជាដើម។ល។

“ករណីយកិច្ចត្រូវតែប្រុងប្រយ័ត្ន”

កាលពីខែកុម្ភៈ ឆ្នាំ​២០២២ គណកម្មការអឺរ៉ុបបានដាក់ស្នើ នូ​វគម្រោងអត្ថបទច្បាប់មួយដែរ ទៅកាន់សភាអឺរ៉ុប។ អ្វីដែលខុសពី​គម្រោងច្បាប់ស្នើដោយគណកម្មការអឺរ៉ុប គឺទាក់ទិននឹង​វិសាលភាព អនុវត្តទៅលើ​ក្រុមហ៊ុននានាដែលជាប់កាតព្វកិច្ច​។ សំណើមុន បាន​កំណត់ថា មានតែ​ក្រុមហ៊ុនធំៗ ដែលមានបុគ្គលិកចាប់ពី​៥០០នាក់ទៅ ទើបជាប់កាតព្វកិច្ច​។ ក៏ប៉ុន្តែជាមួយ​គម្រោងថ្មីរបស់​សភាអឺរ៉ុបនេះ គឺ​ក្រុមហ៊ុនអឺរ៉ុបទាំងអស់ ដែលមាន​បុគ្គលិកចាប់ពី​២៥០នាក់ទៅ និង​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ចាប់​ពី ៤០លានដុល្លារនៅអឺរ៉ុប ឬ ១៥០លានដុល្លារនៅទូទាំងពិភពលោក នឹងត្រូវជាប់កាតព្វកិច្ច​។

សមាជិកសភាអឺរ៉ុប ក៏បានពង្រីកកាតព្វកិច្ច ទៅលើក្រុមហ៊ុន​មេ ដែលមានបុគ្គលិកចាប់ពី​៥០០នាក់ឡើងទៅ ព្រមទាំងក្រុមហ៊ុន​នៅក្រៅ​សហភាពអឺរ៉ុប ឲ្យ​តែមានចំណូល​ប្រចាំឆ្នាំលើសពី៤០លានដុល្លារនៅអឺរ៉ុប ឬ១៥០លានដុល្លារទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ ដូចជាធនាគារ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនគ្រប់គ្រង​ភាគហ៊ុនជាដើម ដែលមិនមែនជាអ្នករកស៊ី មានរោងចក្រផលិតដោយផ្ទាល់នៅតាមប្រទេសនានាមែន តែក៏ត្រូវតែជាប់កាតព្វកិច្ចដែរ។ ជាកាតព្វកិច្ចដែលត្រូវពិនិត្យ​ឲ្យ​បានល្អិតល្អន់ មុននឹងបញ្ចេញ​ប្រាក់​ឲ្យ​គេខ្ចី យកទៅវិនិយោគ ឬយកទៅទិញភាគហ៊ុន​ជាដើម​។ ទាក់ទិននឹង​ការគោរពបរិស្ថាន​វិញ ក្រុមហ៊ុន​ដែលមាន​បុគ្គលិកចាប់ពី​១០០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ច រៀបចំផែនការ​អន្តរកម្ម​អាកាសធាតុ ដើម្បីចូលរួមគោព​កម្មវត្ថុ​កាត់​បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក។

ពាក្យថា “ករណីយកិច្ចដែលត្រូវប្រុងប្រយ័ត្ន” របស់ក្រុមហ៊ុនទាំងអស់ គឺត្រូវតែឆ្លើយតបដោយ ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ពោលគឺវាជា ការ​សង​ជំងឺចិត្ត ការប៉ះប៉ូវការខូចខាត ជូនជនរងគ្រោះ។ គម្រោងអត្ថបទនេះ បានកំណត់ អំពី​យន្តការជួយ​ជនរងគ្រោះ​ ឲ្យអាចមាន​លទ្ធភាពស្វែងរកយុត្តិធម៌ នៅចំពោះមុខតុលាការ​អឺរ៉ុប ដែលការផាកពិន័យទៅ​លើ​ក្រុមហ៊ុនដែលរំលោភបំពាន អាចមានទឹកប្រាក់ចំនួន ៥%នៃចំណូលប្រចាំឆ្នាំទូទាំងពិភពលោក របស់​ក្រុមហ៊ុននោះ។

ចរចាជាមួយ​ប្រទេសសមាជិកទាំង​២៧

នីតិវិធីមិនទាន់ចប់នៅឡើយទេ ដោយ​ជំហានបន្ទាប់ គឺគេនឹងយកអត្ថបទដែល​សមាជិកសភាអឺរ៉ុប​បាន​អនុម័តនេះ ទៅជជែកពិភាក្សា ជាមួយតំណាងរដ្ឋាភិបាលនៃប្រទេសសមាជិកអឺរ៉ុប ទាំង​២៧ប្រទេស​។ ដូច្នេះ ឧបសគ្គវានៅមានទៀត មុននឹងគម្រោង​អត្ថបទច្បាប់នេះ ត្រូវគេអនុម័ត ដាក់ចុះឲ្យ​ប្រើប្រាស់ជាស្ថាពរ។

មានការព្រួយបារម្ភ ថានៅពេលគេយកទៅចរចាជាមួយ​នឹង​បណ្តារដ្ឋាភិបាលប្រទេសសមាជិក គឺ​ខ្លឹមសារច្បាប់នេះអាចនឹងប្រែប្រួល ឬកាត់បន្ថយ​ឲ្យចុះខ្សោយវិសាលភាព ជាក់ស្តែងទាក់ទិននឹងកាតព្វកិច្ច ដាក់ទៅលើវិស័យហិរញ្ញវត្ថុ។ ក្រុមឡុបប៊ីការពារវិស័យនេះ កំពុងតែព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យ​ច្បាប់នេះ​ប៉ះពាល់តិចបំផុតទៅលើវិស័យរបស់គេ។

លោកស្រី Arianne Griffith តំណាងអង្គការ Global Witness បាន​អំពាវនាវថា យន្តការដាក់​កំហិតក្រុមហ៊ុនសហគ្រាស ឲ្យ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិកសកលលោក ព្រមទាំងវិធានការ​រារាំងកុំឲ្យ​ក្រុ​មហ៊ុនហិរញ្ញវត្ថុ បោះទុនវិនិយោគដែលបំផ្លាញបរិស្ថាន បំផ្លាញ​ធនធានធម្មជាតិនោះ វាគឺជារឿងសំខាន់ខ្លាំងណាស់។ ខ្លឹមសារទាំងនេះត្រូវតែស្ថិតនៅជាស្នូលនៃច្បាប់ដែលគេនឹងអនុម័តជាស្ថាពរ។ បើសមាជិកសភាអឺរ៉ុប​ហ៊ានតែដកថយ មានន័យថា ធម្មជាតិ បរិស្ថាន សិទ្ធិមនុស្ស ដែលនឹងត្រូវប្រឈមគ្រោះថ្នាក់។

ចំណែក អង្គការ WWF វិញបាន​បារម្ភថា តាមមើលទៅ ច្បាប់​ថ្មីនេះ ទំរាំតែចូលជាធរមាន ក៏ដល់ឆ្នាំ ២០២៨យ៉ាងហោច។ ពោលគឺយឺតយ៉ាវណា។ ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានសោកស្តាយ និងរិះគន់ ថាគម្រោងច្បាប់នេះ នៅតែមានខ្លឹមសារខ្សោយ។ ជាក់ស្តែងទាក់ទិននឹង​ កាតព្វកិច្ច​ដែលតម្រូវ​ឲ្យ​ជនរងគ្រោះតូចតាច ដែលត្រូវប្រមូល​បង្ហាញភស្តុតាង បញ្ជាក់ពីការរំលោភបំពានរបស់ក្រុមហ៊ុន​ធំៗ។ អង្គការក្រៅរដ្ឋាភិបាល ចង់ឲ្យ​ច្បាប់កំណត់ថា គឺក្រុមហ៊ុនធំៗដែលមានលទ្ធភាព មានអំណាច មាន​លុយ ទៅវិញទេ ដែលត្រូវតែ​មានកាតព្វកិច្ច​បង្ហាញ​ភស្តុតាងដោះបន្ទុក​ បញ្ជាក់ថាខ្លួនមិនបានរំលោភបំពាន​ មិន​មែនឲ្យ​ជនរងគ្រោះដែលជាបុគ្គលិក កម្មករពលករតូចតាច ដែលគ្មានលទ្ធភាពផ្នែកថវិកា និង​បង្អែកច្បាប់ ទៅប្រមូលភស្តុតាងដាក់បន្ទុកនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ