អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអេមីរ៉ាត់អារ៉ាប់រួម ក្នុងនាមជាប្រធាន​ដឹកនាំCOP28 អាចជំរុញឲ្យ​ឈានទៅឈប់​ប្រើ​​​​ថាមពល​​ហ្វូស៊ីល​ដែរឬ​ទេ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទស្តីពីអាកាសធាតុ COP28 ឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិធ្វើទៅ​នៅ​ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម​។ ការប្រជុំ​ ដើម្បីពិភាក្សាលើសំណុំរឿងធំៗ ដែលគេនឹងសម្រេចនៅក្នុង​សន្និសីទនេះ បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទនេះ នៅទីក្រុងបូន ប្រទេសអាល្លឺម៉ង់។ ក្រសែភ្នែកទាំងពួង កំពុងតែសំឡឹងមើលទៅកាន់ តំណាង​អេមីរ៉ាត់អារ៉ាប់រួម ដែលដើរតួនាទីជាប្រធាន​ចាត់ចែង និងដឹកនាំ​សន្និសីទCOP28។ ក្នុងនាមជាប្រទេសផលិត ​និងនាំប្រេងចេញដ៏សំខាន់មួយ តើ​អេមីរ៉ាត់អារ៉ាប់រួម នឹងអាច​ជួយជំរុញឲ្យ​សន្និសីទនេះ ឈានទៅសម្រេចឲ្យ​ពិភពលោក ​ចាកចេញពី​ការប្រើប្រាស់ថាមពល​ហ្វូស៊ីល ដែលជាប្រភពបញ្ចេញ​ឧស្ម័ន​កាបូនិក ដែរឬទេ?

លោក Sultan al-Jaber CEO របស់ Abu Dhabi National Oil Co.,ពេលថ្លែងសារទៅកាន់ World Government Summit នៅក្រុងឌូបៃ ថ្ងៃទី ១៤ កុម្ភៈ ២០២៣
លោក Sultan al-Jaber CEO របស់ Abu Dhabi National Oil Co.,ពេលថ្លែងសារទៅកាន់ World Government Summit នៅក្រុងឌូបៃ ថ្ងៃទី ១៤ កុម្ភៈ ២០២៣ AP - Kamran Jebreili
ផ្សាយពាណិជ្ជកម្ម

អេមីរ៉ាត់អារ៉ាប់រួម ជាប្រធានដឹកនាំសន្និសីទCOP28

សន្និសីទអន្តរជាតិ COP28 គឺជាសន្និសីទដែលគេជជែកពិភាក្សាគ្នា និងឈានទៅដាក់ចុះជាវិធានការ ដើម្បី​ទប់ស្កាត់ការកើនឡើងកំដៅផែនដី ដោះស្រាយវិបត្តិអាកាសធាតុ។ ដូចយើងដឹងហើយ ថាឧស្ម័នកាបូនិកដែលស្ថិតនៅក្រាសឃ្មឹកក្នុងបរិយាកាស គឺជាប្រភពធ្វើ​ឲ្យ​សីតុណ្ហភាពផែនដីយើងឡើងក្តៅ។ ហើយឧស្ម័នកាបូនិកនេះ វាកើតចេញពី​ចំហេះថាមពល​ហ្វូស៊ីល ដែល​មានដូចជាប្រេងឥន្ទនៈ ឧស្ម័ន និងធ្យូងថ្មជាដើម​នេះ​។

ក៏ប៉ុន្តែ ដូចសុចិនាថដឹងហើយ អេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសផលិត​ប្រេងដ៏ធំជាងគេមួយ ​ក្នុងពិភពលោកយើង។ ឲ្យ​ប្រទេសផលិតប្រេង មកដឹកនាំសន្និសីទអន្តរជាតិ ស្តីពីការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក វាគឺជា​រឿងចម្លែក និង​ដើរបញ្ច្រាសទិសខ្លាំងណាស់។ ហេតុដូច្នេះហើយ បាន​ជា​អង្គការការពារបរិស្ថានសឹងទាំងអស់ បានរិះគន់និងជំទាស់ខ្លាំងណាស់ ទាក់ទិននឹងភាពជាប្រធានដឹកនាំចាត់ចែងសន្និសីទ របស់​អេមីរ៉ាត់អារ៉ាប់រួមនេះ​។ ជាងនេះទៀត រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បានសម្រេចជ្រើសរើសលោក Sultan al-Jaber ឲ្យធ្វើជាប្រធាន​ដឹកនាំសន្និសីទទាំងមូល។ លោក Sultan al-Jaber គឺជាអគ្គនាយក​ក្រុមហ៊ុន​ជាតិប្រេងកាត របស់អេមីរ៉ាត់អារ៉ាប់រួមតែម្តង​។

ដើម្បីបង្ហាញ​ការជំទាស់ ថ្មីៗនេះទៀត សមាជិកសភាខុនហ្ក្រេសអាមេរិក និង​សមាជិកសភាអឺរ៉ុប បានរួមគ្នាអំពាវនាវ ថាត្រូវតែដក លោក Sultan al-Jaberចេញ មិន​ត្រូវឲ្យ​ថៅកែក្រុមហ៊ុន​ប្រេងដ៏ធំ ដែលលក់ប្រេងបញ្ចេញ​ឧស្ម័ន​កាបូនិក បំពុលបរិស្ថាន ឲ្យ​មកដឹកនាំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុនោះឡើយ​។​

ចាំបាច់ត្រូវមានវត្តមានចូលរួម ​របស់​ប្រទេសផលិតប្រេង​

លោក ចន ឃែរី ដែលជាតំណាងប្រតិភូចរចា របស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាលោក Frans Timmermans តំណាងប្រតិភូសហភាពអឺរ៉ុប គឺសុទ្ធតែបាន​ការពារ ការតែងតាំងលោក Sultan al-Jaber ឲ្យធ្វើជា​​ប្រធានដឹកនាំសន្និសីទCOP28។ គេបាន​ការពារថា វត្តមានជាប្រធានរបស់​អេមីរ៉ាត់អារ៉ាប់រួម គឺវាជារឿងចាំបាច់ ក្នុងការបូកបញ្ចូលគ្នារួបរួមគ្នា ហើយជាងនេះទៀត ផែនការដោះស្រាយ​វិបត្តិអាកាសធាតុ គឺត្រូវតែមានការចូលរួម​ពីក្រុមប្រទេសផលិត​ប្រេងផលិតឧស្ម័ន ដោយ​ចៀសមិនផុតទេ។

ដោយឡែក លោក Sultan al-Jaber ខ្លួនឯង ក៏បានឆ្លើយ​អះអាងការពារខ្លួនដែរ ថាលោក​មិនមែនគ្រាន់តែជាអគ្គនាយកក្រុមហ៊ុន​ប្រេងកាតតែមួយមុខនោះទេ តែលោកក៏មានក្រុមហ៊ុនដ៏ធំ ផលិតថាមពល​ស្អាតស្អំ ថាមពល​កកើតឡើងវិញដែរ។ លោក ម្នាក់នេះ ធ្លាប់បានលើកឡើងថា យ៉ាងណាក៏ដោយ ថាមពលហ្វូស៊ីល វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះ​គេមិនត្រូវបោះបង់​ចោលថាមពលប្រភេទនេះ ទាំងស្រុងនោះទេ។ លោក​បានអំពាវនាវថា ពិភពភពលោកត្រូវ​ជំរុញ រិះ​រកវិធី បំបាត់ឧស្ម័ន​កាបូនិកដែល​បញ្ចេញ​ចោលដោយថាមពលហ្វូស៊ីវិញ។ មានន័យថា ពិភពលោក​បន្តប្រើប្រេង ប្រើឧស្ម័នដដែល តែត្រូវតែរកបច្ចេកទេស ចាប់បូម បឺតយកឧស្ម័ន​​កាបូនិក ទៅទុក​មួយដុំ កុំ​ឲ្យ​វាហោះអណ្តែតចូលទៅក្នុងបរិយាកាស។

ក៏ប៉ុន្តែ គិតត្រឹមបច្ចុប្បន្ននេះ បច្ចេកវិទ្យាចាប់ឧស្ម័នកាបូនិកស្តុកទុកនេះ គឺនៅមិនទាន់​ច្បាស់លាស់ ទូលំទូលាយ​ប៉ុន្មានទេ។បច្ចេកវិទ្យានេះ ត្រូវបាន​ផ្សព្វផ្សាយ​អួត ដោយ​បណ្តាប្រទេសផលិតប្រេង និង​ឧស្ម័ន ដើម្បីបន្តលក់ផលិត​ផ​ល​ខ្លួនតទៅមុខទៀត។​ តែវាជាបច្ចេកវិទ្យាថ្មី ត្រូវការការស្រាវជ្រាវបន្ថែមទៀត ហើយបើអាចយកមកប្រើបាន ក៏មានតែតាមប្រទេសធំៗ​ ដែល​មានលទ្ធភាពតែប៉ុណ្ណោះ។

កំហុសមកពី​​ថាមពលហ្វូស៊ីល

ប្រទេសកូនកោះខ្លះ ដែលកំពុងតែប្រឈមនឹងគ្រោះអាសន្ន ដោយសារតែវិបត្តិអាកាសធាតុ តួយ៉ាង កោះវ៉ានូអាទូ កោះទូវ៉ាលូ ជាដើម គឺរដ្ឋាភិបាល​គេ បានប្រកាសថ្កោលទោសដោយចំៗតែម្តង ថាកំហុសគ្រប់យ៉ាង គឺមកពីថាមពលហ្វូស៊ីល មានប្រេង ឧស្ម័ន និងធ្យូងថ្មនេះឯង។ ប្រទេសទាំង២នេះ បានទាមទារ ថាត្រូវតែបង្កើតសន្ធិសញ្ញាអន្តរជាតិ ទប់ស្កាត់ការរីកសាយ​ភាពថាមពលនេះ​តទៅអនាគត។ ពោលគឺពិភពលោក​មិនត្រូវបន្តដើរលើផ្លូវ ដែលប្រើប្រាស់ថាមពល​បញ្ចេញផ្សែងពុលទាំងនេះ ទទៅទៀតឡើយ។

ដោយឡែក ក្រុមប្រទេសសេដ្ឋកិច្ចធំៗ មានឧស្សាហកម្មរីកចម្រើន សមាជិកG7 បានប្រកាសសន្យាថ្មីៗនេះថា គេនឹងរៀបចំផែន ដើម្បីឈប់​ប្រើ​ថាមពល​ហ្វូស៊ីល ឲ្យ​បានឆាប់បំផុត។ តែទន្ទឹមគ្នានេះ​ ក្រុមប្រទេស G7  មិន​បានបញ្ជាក់អំពីកាលវិភាគ ថាឈប់ប្រើនៅពេលណាទេ ហើយ​បន្ថែមពីនេះ ក៏មិនមែនគ្រប់​ថាមពលហ្វូស៊ីលដែរ។ គឺនឹងឈប់ប្រើ តែថាមពលណា ដែលមិនអាចមានភ្ជាប់ជាមួយ​បច្ចេកទេសចាប់ស្តុកឧស្ម័នកាបូនិក។ មានន័យថា អាណាដែលគេអាចចាប់ស្តុកឧស្ម័ន​កាបូនិកបាន គឺគេនឹងនៅតែបន្តប្រើដដែល។

យ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើល ទំហំនៃថាមពលស្អាតស្អំ ទូទាំងពិភពលោក គឺបាន​កើនឡើងគួរ​ឲ្យ​កត់សំគាល់។ យោងតាម ទីភ្នាក់ងារថាមពលអន្តរជាតិ AIE ទំហំវិនិយោគ​លើថាមពលកកើតឡើងវិញ ត្រូវគេរំពឹងថានឹងមានដល់ ១៧០០ពាន់​លានដុល្លារ ក្នុងឆ្នាំ​២០២៣នេះ។ តែជាមួយគ្នានេះ ការវិនិយោគ​លើថាមពលហ្វូស៊ីល នៅតែមានប្រមាណ​ជា​ ១០០០ពាន់លានដុល្លារ។

ប្រាក់១០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ​

អ្វីដែលគេរំពឹងរងចាំ នៅក្នុង​ការ​ប្រជុំជជែកគ្នារយៈពេល​២សប្តាហ៍ នៅប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី​៥មិថុនា​គឺការបោះជំហានវិវឌ្ឍន៍នៅក្នុងសំណុំរឿង ចំនួន​ថវិកាជាក់ស្តែង ដែលត្រូវយកទៅប៉ះប៉ូវសងការខូចខាត និងជួយ​ប្រទេសក្រីក្រ ដែលរងគ្រោះដោយវិបត្តិអាកាសធាតុ។ ប្រទេសអ្នកមាន បានសន្យាថា នឹងប្រមូលប្រាក់​ឲ្យ​បាន​១០០ពាន់លានដុល្លាក្នុងមួយឆ្នាំ ដើម្បីជួយ​ប្រទេសក្រីក្រ។ តែបច្ចុប្បន្ននេះ ការសន្យានេះមានតែនៅលើក្រដាសទេ។

ក្រុមអ្នកសង្កេតការណ៍ ក៏រំពឹងផងដែរថា ថានឹងមានការជជែកគ្នា អំពី​ ការធ្វើបូកសរុបទូទាំងពិភពលោក ទាក់ទិននឹងវិធានការដោះស្រាយ​វិបត្តិអាកាសធាតុ។ តាមការគ្រោងទុកការបូកសរុបនេះ នឹងត្រូវបង្ហាញ​ជាសាធារណៈ នៅខែកញ្ញាខាងមុខ ដើម្បី​ឲ្យ​ដឹងថា ប្រទេសនីមួយ​បានធ្វើអ្វីខ្លះហើយ ក្នុងការគោរពសន្ធិសញ្ញាស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស កាលពីឆ្នាំ​២០១៥។

ការងាររបស់​អេមីរ៉ាត់អារ៉ាប់រួម នៅក្នុង​ការជជែកចរចាគ្នា ក៏គេកំពុងរងចាំតាមដានដែរ។ គេរងចាំមើល ថាតើប្រទេសនេះ នឹងប្រឹងប្រែងការពារតែ​ផលប្រយោជន៍សេដ្ឋកិច្ចខ្លួន ក៏ដូចជារបស់​ប្រទេស​ផលិតប្រេងគ្នាឯង ឬមួយក៏មានចេតនាពិតប្រាកដ ចង់​ចូលរួមដោះស្រាយ​ កាត់បន្ថយ​ឧស្ម័នកាបូនិក​ពិតមែន​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ