អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OCDE បង្ហាញ​សុទិដ្ឋិនិយម​បន្តិចឡើងវិញ ស្តីពី​​កំណើន​សេដ្ឋកិច្ច​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បរិបទសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយ​ភាពតានតឹង ដោយសារតែបញ្ហាសង្គ្រាម​នៅអ៊ុយក្រែន ខណៈសេដ្ឋកិច្ច​ពិភពលោក នៅមិនទាន់​ងើប​មកវិញបានល្អផង ក្រោយ​ពីចប់វិបត្តិ​ជម្ងឺឆ្លងកូវីដ​១៩។ តែយ៉ាងណា សេចក្តី​សង្ឃឹម ហាក់​បានជះពន្លឺបន្តិចឡើងវិញ។ បើផ្អែកតាម​ការព្យាករណ៍ចងុក្រោយ ចេញផ្សាយ​នៅថ្ងៃពុធនេះ​​ ​របស់អង្គការដើម្បី​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍សេដ្ឋកិច្ច​ ហៅកាត់ថា OCDE/OECD គឺកំណើនសេដ្ឋកិច្ច​ពិភពលោក​យើង ក្នុងឆ្នាំ​២០២៣ អាចនឹងមាន​លើសបន្តិច​ ពីការរំពឹងទុកកាលពីខែ​មីនាកន្លងទៅ​។​

បុរសម្នាក់រុញរទេះដាក់ទំនិញ​ចេញពី​ផ្សារទំនើប​មួយ នៅ​ក្រុង​Gelsenkirchen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី៣១ឧសភា២០២៣។ អត្រាអតិផរណានៅ​អាល្លឺម៉ង់ មានប្រមាណ៦,១% ដែលធ្វើ់ឲ្យទំនិញគ្រប់​មុខឡើងថ្លៃ។
បុរសម្នាក់រុញរទេះដាក់ទំនិញ​ចេញពី​ផ្សារទំនើប​មួយ នៅ​ក្រុង​Gelsenkirchen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី៣១ឧសភា២០២៣។ អត្រាអតិផរណានៅ​អាល្លឺម៉ង់ មានប្រមាណ៦,១% ដែលធ្វើ់ឲ្យទំនិញគ្រប់​មុខឡើងថ្លៃ។ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

កំណើន​អតិផរណាថយ​ល្បឿន

អង្គការ OCDE ទើបតែចេញរបាយការណ៍​ថ្មី ដែល​បានព្យាករណ៍ថា ឆ្នាំ​២០២៣នេះ ពិភពលោក យើង អាចនឹងមានកំណើនសេដ្ឋកិច្ច ជាមធ្យមចំនួន ២,៧%។ កាលពី​ការព្យាករណ៍​នៅខែ​មីនា គឺមានតែប្រមាណ​២,៦%ទេ។ លោកស្រី Clare Lombardelli អគ្គនាយកថ្មីផ្នែកសេដ្ឋកិច្ច​ របស់​ OCDE បានបង្ហាញ​នូវសុទិដ្ឋិនិមបន្តិច ថាសេដ្ឋកិច្ចពិភពលោក ហាក់កំពុងតែបោះជំហាន​ឈានដើរលើផ្លូវ ដែល​​មានស្ថិរភាពប្រសើរឡើងវិញ បន្ទាប់ពី​បាន​ឆ្លងកាត់ វិបត្តិធ្ងន់ធ្ងរ ​៣ឆ្នាំ​ជាប់គ្នា គឺបញ្ហា​ជំងឺឆ្លងកូវីដ១៩ ហើយបន្ទាប់ថមក គឺសង្គ្រាម​នៅអ៊ុយក្រែនបានផ្ទុះឆាបឆេះឡើង។

ប្រមាណជាង១ឆ្នាំមកនេះ អត្រាអតិផរណា បានឡើងស្រឺតៗ នៅតាមប្រទេសដែលមានសេដ្ឋកិ​ច្ចនំាំមុខ។ ទំនិញឡើងថ្លៃ មិនថាទំនិញថាមពល ឬទំនិញចំណីអាហារ។ បញ្ហានេះ បានធ្វើ​ឲ្យ​ធានាគារ​កណ្តាល តាមប្រទេសធំៗជាច្រើន បាន​ដំឡើងអត្រាការប្រាក់គោល​ ដើម្បីទប់អតិផរណាកុំឲ្យ​ចេះតែកើន។ ជាលទ្ធផល នៅក្នុងខែឧសភាក​ន្លងទៅនេះ គេចាប់ផ្តើមសង្កេតឃើញថា​ កំណើនអត្រាអតិផរណា បាន​ថយចុះល្បឿនគួរ​ឲ្យ​កត់សំគាល់។ នៅតំបន់ចាយប្រាក់អឺរ៉ុប អត្រា​អតិផរណា បានថយ​មកត្រឹម ៦,១% ​​ជាមធ្យម បើគិត​ក្នុងរយៈពេល​មួយឆ្នាំ។ នៅសហរដ្ឋអាមេរិកវិញ តួលេខខែមេសា​បង្ហាញថា អតិផរណាមាន​ខ្ទង់ ៤,៤% ពោលគឺបានថយចុះច្រើនណាស់ បើប្រៀបធៀបទៅ​ឆ្នាំ​២០២២។

គឺដោយ​ផ្អែក​លើក​អត្រាអតិផរណាបាន​ថយ​ល្បឿននេះ​ហើយ ទើបរបាយការណ៍ OCDE បានបង្ហាញពន្លឺសង្ឃឹមបន្តិចមកវិញ។ អតិផរណាមិនសូវកើន មានន័យថាធានាគារកណ្តាល​ក៏នឹងមិន​ដំឡើងអត្រាការប្រាក់ថែមទៀត។ ជាលទ្ធផលគឺវាអាច​ជំរុញ ឲ្យ​មាន​ការទទួលបាន​នូវឥណ្ឌទាន មិនថាជាលក្ខណៈបុគ្គល ឬជាលក្ខណៈក្រុមហ៊ុន ដើម្បីយកទៅរកស៊ី វិនិយោគ ឬចាយវាយធម្មតា។ កត្តាទាំងនេះ គឺវានឹងជម្រុញឲ្យ​មានចរន្តសេដ្ឋកិច្ច ដោយសារការទិញលក់ ជាទូទៅកើនឡើង។

អត្រាការប្រាក់​គោល​នៅតែខ្ពស់​

បើ​យើងពិនិត្យ​លំអិតទៅ កំណើនសេដ្ឋកិច្ចពិភពលោក ស្ទុះឡើងតិចតួចណាស់ គ្រាន់តែថាវាមិនធ្លាក់ចុះ​ ដើរថយក្រោយ ដូចអ្វីដែល​គេបាន​បារម្ភកន្លងមក។ នៅតំបន់ចាយ​ប្រាក់អឺរ៉ូ កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៣ អាចមានជាមធ្យម ០,៩%។​ សេដ្ឋកិច្ច​បារាំង អាចមានកំណើន ០,៨% ខណៈដែលអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុត​នៅអឺរ៉ុប គឺនៅនឹង មិនឡើងមិនចុះ​។ អង់គ្លេសវិញ អាចមានកំណើនប្រមាណ ០,៣% ។ សហរដ្ឋអាមេរិកវិញ តាមការព្យាករណ៍របស់ OCDE គឺអាចមានកំណើនប្រមាណ ១,៦%។ ចំណែកឥណ្ឌា អាចមានកំណើ ប្រមាណ​៦%។

យោងតាមអ្នកជំនាញ OCDE ឧបសគ្គដ៏ធំរបស់សេដ្ឋកិច្ចពិភពលោក គឺបញ្ហាអតិផរណានេះឯង ដែលវានៅតែខ្ពស់។ ធនាគារកណ្តាល​ត្រូវតែបង្ខំចិត្ត​ រក្សាអត្រាការប្រាក់គោល ឲ្យ​នៅខ្ពស់ដដែល ដរាបណាគេមិនទាន់សំឡឹងឃើញថា អតិផរណាធ្លាក់ចុះទេនោះ។ អត្រាការប្រាក់ខ្ពស់ គឺវាជាឧបសគ្គ មិន​ឲ្យ​មនុស្ស​បានទទួលប្រាក់ឥណ្ឌទាន បានច្រើន។ ក្នុងបរិបទបែបនេះ ទាំងយើងទាំងគេ គឺមិនចង់ចាយ​ប្រាក់ទិញនេះទិញនោះទេ គឺមានតែសន្សំទុក។ ការសន្សំទុករៀងៗខ្លួន វាមិនមែនជាកត្តាល្អសម្រាប់សេដ្ឋកិច្ច​ទីផ្សារសេរីឡើយ ។

ផ្អែកតាមការវិភាគ របស់​លោក James Pomeroy អ្នកជំនាញនៅធនគារ HSBC គឺធាតុពិតទៅថ្នាក់ដឹកនាំធំៗ បាន​ មានចេតនា ចង់ឲ្យ​ពិភពលោក​យើង ដើរលើផ្លូវដែល​មានកំណើនសេដ្ឋកិច្ច​យឺតសន្សឹមៗ ដើម្បី​ធ្វើយ៉ាងណា កាត់​បន្ថយ​សំពាធពី​បញ្ហាអតិផរណា ម្តងបន្តិច ៗ។ អ្នកវិភាគរូបនេះ អះអាងថា តាមពិតទៅនោះ ពិភពលោកយើង មិនទាន់ពើបប្រទះអស់នៅឡើយទេ នូវផលវិបាក​បង្កឡើងដោយ​អត្រាការប្រាក់គោលដែលឡើងខ្ពស់។ នៅរវាងប៉ុន្មានខែខាងមុខនេះ ផលវិបាក​នឹងជះមកលើសេដ្ឋកិច្ច មិនថានៅអឺរ៉ុប ឬនៅអាមេរិក ដែលវាប៉ះពាល់ដល់​សន្ទុះសេដ្ឋកិច្ចជាទូទៅ។

អត្រាការប្រាក់ខ្ពស់​ គឺវាប៉ះពាល់ខ្លាំង ដល់ ហិរញ្ញវត្ថុសាធារណាៈ ខណៈដែល​ប្រទេសជាច្រើន មានបំណុលសាធារណៈច្រើនៗខ្លាំងណាស់រួចទៅហើយ។ ជាងនេះទៀត បន្ថែមពី​ការរកប្រាក់ដោះបំណុល​ ប្រទេសធំៗទាំងអស់ ត្រូវតែស្វែងរកប្រាក់ មក​ដោះស្រាយបញ្ហា ដូចជា​រឿងមនុស្សវ័យចំណាស់កាន់តែច្រើន និង​បញ្ហា​អន្តរអាកាសាធាតុជាដើម។ ដូច្នេះ រដ្ឋាភិបាលនីមួយ នឹងត្រូវតែបង្កើនការប្រុងប្រយ័ត្ន មុននឹងបញ្ចេញ​ប្រាក់ជួយទៅលើវិស័យណាមួយ​។

ការនាំចេញចិន ធ្លាក់ចុះខ្លាំងក្នុងខែ​ឧសភា​

តួលេខផ្លូវការរបស់អាជ្ញាធរគយចិន បានបង្ហាញថា ក្នុងខែឧសភា ការនាំចេញទំនិញរបស់ចិន បានធ្លាក់ចុះ ចំនួន៧,៥% បើគិតក្នុងរវាង​មួយឆ្នាំ​។ ចំណែកការនាំចូលទំនិញពីក្រៅវិញ នៅចិន ក៏បានធ្លាក់ចុះ ​ចំនួន​៤,៥%ដែរ ក្នុងខែឧសភា។ ចិនគឺជាទីផ្សារដ៏ធំរបស់ពិភពលោក។ ការនាំចេញនាំចូលរបស់ចិន គឺជាកញ្ចក់​ឆ្លុះឲ្យ​ឃើញ នូវ​ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​ទាំងមូលតែម្តង។

ទាក់ទិននឹងទំហំនាំចេញរបស់ចិន ដែលធ្លាក់ចុះ បើ​ផ្អែកតាមលោក Guillaume Dejean អ្នកវិភាគ​នៅការិយាល័យ Convera គឺវាជាផល​វិបាក​ដោយផ្ទាល់ នៃ​បញ្ហាអត្រាការប្រាក់ខ្ពស់ នៅតាមប្រទេសអឺរ៉ុបនិងអាមេរិក។ ការនាំចេញ​មួយផ្នែកធំរបស់ចិន គឺពឹងផ្អែកលើ​ខុសភាពឧស្សាហកម្មរបស់​ប្រទេសទាំងនេះ ដែល​គេ​យក​ទំនិញទៅ​ដំឡើងនៅចិន មុននឹងនាំចេញ​មកលក់វិញ។ អតិផរណា អាត្រាការប្រាក់ខ្ពស់​ ធ្វើ​ឲ្យ​ការបញ្ជាទិញធ្លាក់ចុះជារួម ដែល​ប៉ះពាល់ដល់ការនាំចេញរបស់ចិន។

លោក Evans-Pritchard អ្នកវិភាគនៅ Capital Economics បានអះអាងថា ដំណឹងអាក្រក់នេះ នឹងមិនទាន់ចប់ទេ ពោលគឺរវាងប៉ុន្មានខែខាងមុខ ការនាំចេញរបស់ចិនប្រាកដជាចុះថយថែមទៀត។ ថ្វីបើចិនបានដកចេញនូវវិធានការ​រឹតបន្តឹងកូវីដ​ក៏ដោយចុះ តែសុខភាពសេដ្ឋកិច្ចនៅ​មិនទាន់ជាសះស្បឿយទេ ជាពិសេសទាក់ទិននឹងវិស័យ​អចលនទ្រព្យ ដែលជាបង្គោលសំខាន់មួយ​។ ឆ្នាំ​នេះ រដ្ឋាភិបាលចិនបានកំណត់​កម្មវត្ថុ សម្រេចកំណើនសេដ្ឋកិច្ចចំនួន៥% ដែលជាកំណើនទាបបំផុតណាស់ មិនធ្លាប់​មានទេសម្រាប់ចិន​។ ក៏ប៉ុន្តែលោក​នាយករដ្ឋមន្ត្រីចិន លី ឈាំង បានសារភាពថា កម្មវត្ថុ​នេះប្រហែលជាពិបាក​ធ្វើបានណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ