អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ឈ្លក់​ពុលនឹង​ផ្សែង​ភ្លើង​ឆេះព្រៃ នៅប្រទេស​កាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីថ្ងៃពុធ ប្រជាជនអាមេរិក ប្រមាណ ១០០លាននាក់ នៅភាគខាងកើតប្រទេស​ប្រឈម​នឹង​ផ្សែងពុលបរិយាកាស ដែលបណ្តាល​មកពីភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ នៅប្រទេស​កាណាដា។ នៅទីក្រុងញូវយ៉ក ដែលគ្របដណ្តប់ដោយ​ផ្សែងពុលក្រាស់ឃ្មឹក ពណ៌លឿង អាជ្ញាធរ​អំពាវនាវ​ឲ្យប្រជាជន​កាត់បន្ថយ ការដើរហើរចេញ​ទៅ​ខាងក្រៅ ដើម្បី​ជៀសវាងស្រូបផ្សែងពុល សារធាតុល្អិតឆ្មារ​ដែលអាចជ្រាបចូលក្នុងសរសៃឈាម គ្រោះថ្នាក់ខ្លាំងសម្រាប់​សុខភាព។ នៅខេត្ត​កេបិច ប្រទេស​កាណាដា ប្រភពនៃផ្សែងភ្លើងឆេះព្រៃ ដែល​ស្ថិតនៅ​ចម្ងាយជាង ៨០០គីឡូម៉ែត្រ​ពី​ទីក្រុង​ញូវយ៉ក ក្រុមពន្លត់អគ្គិភ័យកំពុង​ដុតដៃ ដុតជើង ទាំងយប់​ទាំងថ្ងៃ ដើម្បី​ពន្លត់ភ្លើងឆេះព្រៃដែល​ សរុប​ជាង ១៦០​កន្លែង។

រូបស្រ្តីតំណាងសេរីភាពនៅទីក្រុង​ញូវយ៉កគ្របដណ្តប់ដោយ​ផ្សែងពុលបរិយាកាស បណ្តាលមកពី​ផ្សែងភ្លើងឆេះព្រៃ នៅកាណាដា នៅថ្ងៃពុធទី ៧​មិថុនា ២០២៣
រូបស្រ្តីតំណាងសេរីភាពនៅទីក្រុង​ញូវយ៉កគ្របដណ្តប់ដោយ​ផ្សែងពុលបរិយាកាស បណ្តាលមកពី​ផ្សែងភ្លើងឆេះព្រៃ នៅកាណាដា នៅថ្ងៃពុធទី ៧​មិថុនា ២០២៣ REUTERS - AMR ALFIKY
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ក្រុងញូវយ៉ក បាន​ទាញសញ្ញាអាសន្ន តាំង​ពី​ថ្ងៃពុធ ពី​គ្រោះថ្នាក់​ផ្សែងពុលបរិយាកាស​ដែល​មាន​ប្រភព​ចេញ​មក​ពី​ភ្លើងឆេះព្រៃ នៅ​កាណាដា ប្រទេស​ជិតខាង​របស់អាមេរិក។

ផ្សែងពុលពណ៌លឿង​ដែលកំពុងគ្របដណ្តប់ អាប់អួរ​ពេញទីក្រុង​ញូវយ៉ក តាំង​ពីថ្ងៃពុធកើតចេញ​មក​ពី​ភ្លើងឆេះព្រៃ នៅខេត្ត​កេបិច របស់​ប្រទេស​កាណាដា ដែលស្ថិតនៅ​ចម្ងាយ​ដល់​ទៅ ៨០០គីឡូម៉ែត្រ ពីទីក្រុង​ញូវយ៉ក។ តាម​អ្នកវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារ​ណាសា ជំនាញ​ខាងខ្យល់ពុលបរិយាកាស ផ្សែងភ្លើងឆេះព្រៃ នៅកាណាដា អាច​បក់មកដល់​ទីក្រុង​ញូវយ៉ក និង​បំពុល​ទីក្រុងជាច្រើនផ្សេង​ទៀត នៅ​ភាគខាងកើត​អាមេរិក ដោយសារ​តែ​បាតុភូត​ប្រឆាំង​ស៊ីក្លូននៅកាណាដា និង​បាតុភូត​ធ្លាក់ចុះសម្ពាធ​នៅភាគឦសាន​អាមេរិក បង្កើត​ឲ្យមាន​ខ្យល់បក់ខ្លាំងសំដៅ​ភាគខាងត្បូង។

សម្រាប់​វិទ្យាសាស្រ្តរបស់ទីភ្នាក់ងារ​ណាសា ទីក្រុង​ញូវយ៉កត្រូវ​គ្របដណ្តប់​ដោយ​ផ្សែងភ្លើងឆេះព្រៃជាច្រើនថ្ងៃតទៅទៀត។ វាជា​ព្រឹត្តិការណ៍កម្រ កើតមាន នៅ​អាមេរិក។ នៅ​២៥ឆ្នាំចុងក្រោយនេះ អាមេរិក​ធ្លាប់​បាន​ជួបបញ្ហា​ផ្សែងពុលខ្លាំង​តែម្តងគត់ នៅ​ខែ​កក្កដា នៅ​ឆ្នាំ ២០០២ ដោយសារ​ភ្លើងឆេះព្រៃ នៅកាណាដា។

តាំងពីថ្ងៃ​អង្គារ អាជ្ញាធរ​ក្រុងញូវយ៉ក​បានណែនាំ​ឲ្យ​ប្រជាជន ជាពិសេស មនុស្សចាស់ និងកុមារ ឲ្យ​កាត់បន្ថយការដើរចេញក្រៅផ្ទះ ក្រៅអគារធ្វើការ ព្រោះថា ផ្សែងពុល​បរិយាកាស​ដែលបណ្តាលមកពីផ្សែងភ្លើងឆេះព្រៃ លើកនេះ​មាន​កំហាប់ពុលខ្លាំង ពោល​គឺមាន​សារធាតុល្អិតឆ្មារច្រើនជាង​១០ បរិមាណ​ដែលកំណត់​ដោយ​អង្គការ​សុខភាពពិភពលោក។

សារធាតុល្អិតឆ្មារដែលតូចជាងសរសៃសក់ អាច​ចូលទៅក្នុង​សួត ឲ្យមានបញ្ហា​ផ្លូវដង្ហើម និង​អាច​ជ្រាបចូលទៅក្នុង​សរសៃឈាម ដែលបណ្តាល​ឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា​ជំងឺ​ដាច់សរសៃឈាម ជំងឺគាំងបេះដូងជាដើម។

នៅកាណាដា ភ្លើងឆេះព្រៃ កើតមានកាន់ច្រើន និងញឹកញាប់

ភ្លើងឆេះព្រៃ​តែងតែ​កើតមានជាធម្មតា នៅ​កាណាដា ព្រោះថា កាណាដា ជា​តំបន់​ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀប​នឹង​តំបន់ផ្សេងទៀត នៅលើ​ផែនដី។ ភ្លើងឆេះព្រៃ​រមែងកើតឡើង​មកពី​រន្ទះបាញ់ បូកផ្សំ​នឹង​អាកាសធាតុស្ងួតហួតហែង។ នេះជា​បាតុភូតធម្មជាតិ ដែលតែងកើតមាន​នៅកាណាដា ប៉ុន្តែ អ្វីដែលមិនធម្មតា ដែលកំពុងកើតឡើង​នៅកាណាដា គឺ​ពេលវេលា ហើយ​និងចំនួនភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃ​ខ្លាំងបំផុត នៅកាណាដា ចាប់ផ្តើម​នៅពាក់កណ្តាល​ខែ ឧសភា​ពោល​គឺ​ជិត​២ខែមុន ទម្លាប់ភ្លើងឆេះព្រៃ ដែល​តែងកើត​មាន​នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូត​ដល់​ខែតុលា។

ទាំងអាជ្ញាធរ​ក្នុងខេត្តកេបិច និងសូម្បីនាយករដ្ឋមន្រ្តី​កាណាដា លោក​Justine Trudeau និយាយ​ថា ភ្លើងឆេះព្រៃ ប្រាកដ​ណាស់ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយកាណាដា​ដែលស្ថិតនៅ​ប៉ូលខាងជើង​ជាងគេ ដែលឆាប់ក្តៅជាងគេ គឺ​ងាយនឹង​រងគ្រោះខ្លាំងជាងគេ​ដោយសារ​ភ្លើងឆេះព្រៃ។

តាមតួលេខរបស់​រដ្ឋាភិបាលសហព័ន្ធកាណាដា នៅក្នុងរយៈពេល​តែប៉ុន្មានសប្តាហ៍មកនេះ កាណាដារាប់ឃើញមានភ្លើងឆេះព្រៃ ជាង ២២១៤កន្លែង ដែលបាន​ដុតបំផ្លាញព្រៃ ជាង ៣លានហិចតា និង​បណ្តេញ​មនុស្ស​ជាង ១សែននាក់ចេញពីផ្ទះសម្បែង។

គិតត្រឹមសប្តាហ៍នេះ កាណាដា នៅមាន​ភ្លើងឆេះព្រៃ ជាង ៤១៣​កន្លែង ដែលកំពុង​សកម្ម ហើយ​ក្នុងនោះ មាន ១៥០​កន្លែង ស្ថិតនៅក្នុងខេត្ត​កេបិច។ ក្នុងចំណោមភ្លើងឆេះព្រៃទៀតសោត ក្រុមអគ្គិភ័យ​អាចគ្រប់គ្រង​បាន​តែ​ជាង ១៦០​កន្លែងប៉ុណ្ណោះ ចំណែក ភ្លើងឆេះព្រៃជាង ២៤០កន្លែង កំពុង​ឆេះរាលដាលខ្លាំង ដែលគេ​មិនអាចពន្លត់ ទប់ទល់​បាន។

ភ្លើងឆេះព្រៃ​ច្រើនសន្ធឹកសន្ធាប់

សព្វថ្ងៃនេះ មានភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ជាង ៣០០០នាក់​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិភ្លើងឆេះព្រៃ​នៅកាណាដា ដែលនៅក្នុងនោះ មាន​១ពាន់នាក់​ជា​ភ្នាក់ងារអគ្គិភ័យមកពីបរទេស​ដែលមានដូចជា អាមេរិក អូស្ត្រាលី អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និង​កូស្តារីកាជាដើម។ នៅថ្ងៃ​ពុធម្សិលមិញ ប្រធានាធិបតីអាមេរិក​បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​កាណាដា ថា អាមេរិក​បានបញ្ជូន​ភ្នាក់ងារពន្លត់ភ្លើង ៦០០នាក់​ទៅជួយកាណាដា។ អាមេរិក​ត្រូវ​បង្ហាញសាមគ្គីភាពជាមួយ​កាណាដា ព្រោះថា ភ្លើងឆេះព្រៃ នៅ​ប្រទេស​ជិតខាងមែន ប៉ុន្តែ អាមេរិក​ក៏ត្រូវ​រងគ្រោះដែរ។ ជាក់ស្តែង ញូវយ៉ក ដែលស្ថិតនៅ​ ៨០០គីឡូម៉ែត្រ ពីកន្លែងភ្លើងឆេះព្រៃ នៅខេត្ត​កេបិច នៅតែមិន​រួចខ្លួន នៅតែរងគ្របដណ្តប់ក្រាស់ឃ្មឹកដោយសារផ្សែង​ភ្លើងឆេះព្រៃកាណាដា។

បារាំង​ដែលស្ថិតនៅ​ចម្ងាយ​រាប់យោជន៍​ពី​កាណាដា ក៏ប្រកាស​បញ្ជូន​ជំនួយ បញ្ជូនក្រុមពន្លត់អគ្គិភ័យ​ជាង​១០០នាក់​ទៅ ជួយខេត្ត​កេបិច ខេត្តរបស់កាណាដា ដែល​និយាយ​ភាសា​បារាំង។

សរុបមកវិញ ទោះមានជំនួយបន្ថែម​ពីក្រុមពន្លត់អគ្គិភ័យបរទេស ប៉ុន្តែ កាណាដា​នៅតែពិបាក​ទប់ទល់ ព្រោះថា ចំនួនភ្លើងឆេះព្រៃ ច្រើនពេក។ ដោយសារ​តែ​អាកាសធាតុ​ក្តៅខ្លាំង បូកផ្សំ នឹង​អំណោយផល ដើមឈើសាប៉ាំងដែលស្ងួតខ្លាំង ភ្លើងឆេះងាយនឹង​ឆាបឆេះ​រាលដាល ទៅច្រើនកន្លែង ដែលនេះជារឿង​ដ៏ឈឺក្បាលបំផុត​របស់​ក្រុមភ្នាក់ងារ​ពន្លត់អគ្គិភ័យកាណាដា ដែលត្រូវ​មមាញឹក​មិនឈប់ ព្រោះថា នេះគ្រាន់តែ​ជា​ការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ ត្រូវដឹងថា ភ្លើងឆេះព្រៃ ដោយសារ​អាកាសធាតុក្តៅស្ងួតខ្លាំង​នៅកាណាដា អាចមានរយៈពេលយូរ​រហូតដល់​ខែ តុលាឯណោះ។ នេះបើតាម​ប្រកាស​របស់​នាយករដ្ឋមន្ត្រីកាណាដា។

ដើម្បីប្រយោជន៍សេដ្ឋកិច្ច កាណាដា​នៅតែយឺត​ក្នុងរឿងប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួលអាកាសធាតុ

នាយករដ្ឋមន្ត្រីកាណាដា​ Justine Trudeau​ផ្ទាល់ទទួលស្គាល់ថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំលើកនេះ ជា​លទ្ធផលនៃ​ការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ នៅពេល​សួរថា តើ​កាណាដា ធ្វើអ្វីខ្លះ ដើម្បីប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួលអាកាសធាតុ ប្រមុខដឹកនាំ​កាណាដា និយាយដោយមោទនភាពថា កាណាដា​បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន​៤០% រហូតដល់​ឆ្នាំ ២០៣០។ តាម​នាយករដ្ឋមន្រ្តីកាណាដា ផែនការ​របស់​កាណាដា ជាផែនការ​ដ៏មាន​មហិច្ឆតា​បំផុត​ក្នុងលោក។

ការសន្យា​ប្រហែលជាមានតែនៅលើ​ក្រដាស ព្រោះថា ក្នុងការពិតជាក់ស្តែងវិញ រដ្ឋាភិបាល​កាណាដា​នៅតែបន្តបើកភ្លើងខៀវ ឲ្យគេអនុវត្ត​គម្រោង​ដែល​បញ្ចេញឧស្ម័នកាបូនិក ដូចជា​គម្រោងធ្វើអាជីវកម្ម​ថាមពលផូស៊ីល ការជីកយកប្រេង និង​ឧស្ម័ន។

កាណាដាមានភ្លើងឆេះព្រៃ ស្ទើរគ្រប់កន្លែង ប៉ុន្តែ សភាកាណាដា នៅតែសម្រេច​លុបចោល ពន្ធកាបូន ដែលរដ្ឋាភិបាល​បង្កើតឡើង នៅឆ្នាំ ២០១៩ ក្នុងគោលដៅ​ជំរុញ លើកទឹកចិត្ត​ឲ្យមានការកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ដែលជា​ផ្នែកមួយនៃ​យុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ