អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើក្រុមសង្គ្រោះ​រក​ឃើញ​ក្មេង​កូឡុំប៊ីទាំង​បួន​នាក់ដែល​​​បាត់​ខ្លួនក្នុង​ព្រៃ​​៤០ថ្ងៃយ៉ាងដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិត​ជា​អស្ចារ្យ​និង​ ជា​ដំណឹង​ល្អ​ក្រៃ សម្រាប់​ប្រទេស​កូឡុំប៊ីទាំង​មូល​ ដែល​​បាន​រក​ឃើញ​ក្មេងបួន​នាក់ប​ងប្អូន នៅមាន​​ជីវិត​ បន្ទាប់​ពី​រងគ្រោះ​ថ្នាក់ធ្លាក់​យន្តហោះ​ និង​បាត់​ខ្លួន​ក្នុង​ព្រៃ​ជ្រៅ​ រយៈ​ពេល​៤០ថ្ងៃ​។ មាន​អាយុ​ ១៣​-៩-៤ និង​១​ឆ្នាំ ក្មេង​ទាំងបួន​ដែល​ស្គម​​ស្លេកស្លាំង និង​​ខ្សោយ​ខ្លាំង បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​យោធា​នា​ទីក្រុង​បូហ្កូតា នៅ​ព្រឹក​ថ្ងៃ​១០​មិថុនា​នេះហើយ ដើម្បី​ទទួល​បាន​កា​រថែទាំ​និ​ងពិនិត្យ​សុខភាព​។ ប្រធានាធិបតី​កូឡុំប៊ី​បាន​ប្រកាស​ជូន​ដំណឹង​យ៉ាង​អំណរ​តាម​ប្រព័ន្ធ​សង្គម​។

ក្រុមសង្គ្រោះ​ពេល​រក​ឃើញ​​​ក្មេង​ទាំង​បួន​នាក់​បង​ប្អូន នៅក្នុង​ព្រៃ​ថ្ងៃ​សុក្រ​ទី ៩ មិថុនា ២០២៣
ក្រុមសង្គ្រោះ​ពេល​រក​ឃើញ​​​ក្មេង​ទាំង​បួន​នាក់​បង​ប្អូន នៅក្នុង​ព្រៃ​ថ្ងៃ​សុក្រ​ទី ៩ មិថុនា ២០២៣ via REUTERS - PRESIDENCY
ផ្សាយពាណិជ្ជកម្ម

​រឿង​រ៉ាវ​បាត់​ខ្លួន​ក្មេងទាំង​បួន​នាក់​បង​ប្អូន នៅក្នុង​ព្រៃ​ជ្រៅ​អាម៉ាហ្សូន បាន​ចាប់ផ្តើម​នៅថ្ងៃទី ១ ឧសភា​២០២៣ ពេល​យន្តហោះ Cessna ២០៦ ​ដ៏​តូច​មួយ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Avianline Charters បាន​ហោះ​​ចេញ​ពីព្រៃ​Araracuara ដ៏ល្បី​នៃ​ព្រៃ​​​អាម៉ាហ្សូន​សំដៅ​ ​​ San José del Guaviare ក្រុងដ៏​ធំជាង​គេ​របស់​តំបន់​អាម៉ាហ្សូន​កូឡុំប៊ី។ នៅក្នុង​យន្តហោះ​មាន​ផ្ទុក​អ្នក​ដំណើរ ៦នាក់ គឺ​ ក្មេង​បួននាក់ និង​ម្តាយរបស់​ពួកគេ​ ព្រមទាំង​មេកុលសម្ព័ន្ធ​ម្នាក់​ និង​អ្នក​បើក​បរ​ម្នាក់ទៀត។

​​បើ​តាម​ព័ត៌មានផ្សព្វផ្សាយ​ដោយ​អាជ្ញាធ​កូឡុំប៊ី ក្មេងៗទាំងបួន គឺ Leslyអាយុ​១៣​ឆ្នាំ  Soleiny ៩ឆ្នាំ Tien Noriel បួនឆ្នាំ​ និង​ Cristin អាយុទើប​១១​ខែ​នៅឡើយ នៅពេល​នោះ ​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​ដើម្បី​គេច​ពី​ការ​គំរាមកំហែង​របស់​ពួក​ឧទ្ទាមទ័ព​ព្រៃ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​ដោយ​ក្រុម​ឧទ្ទាម​Farc កាលពី​ឆ្នាំ​២០១៦។​

ចម្ងាយផ្លូវ​ហោះហើរ​មាន​ប្រវែង​៣៥០គីឡូម៉ែត្រ ប៉ុន្តែ​ហោះឡើង​បាន​តែ​ប៉ុន្មាន​នាទី មេបញ្ជាការ​បើកបរ​បាន​ផ្តល់សញ្ញា​ថាយន្តហោះ​​មាន​បញ្ហា​ម៉ាស៊ីន រួច​យន្តហោះ​ក៏​បាត់​ដាន​​ពី ប្រព័ន្ធ​រ៉ាដា​តែ​ម្តង​ទៅ។

ក្រុម​យោធា​កូឡុំប៊ី បាន​រក​ឃើញ​យន្តហោះ​នៅ​ ​រវាង​​ថ្ងៃទី​១៥-១៦ឧសភា ​ធ្លាក់​ កណ្តាល​ព្រៃ​ នៅ​ភាគ​ខាង​ត្បូង​ខេត Caqueta ក្បាល​បុកដី​។ អ្នក​បើក​បរ​បាន​បាត់​បង់ជីវិត នៅក្នុង​បន្ទប់​បញ្ជា​យន្តហោះ។ មេកុលសម្ព័ន្ធ​និង​ម្តាយរបស់​ក្មេង​ទាំងបួន​ ក៏​ស្លាប់ តែ​ក្រុមយោធា​មិន​បាន​បញ្ជាក់​ថា​សាកសព​ស្លាប់​នៅ​ត្រង់ណាទេ។ ឯឆ្កែ​ហិត​បានរក​ឃើញ​ដប​ទឹក​ដោះ​គោ​មួយ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែងកើត​ហេតុ។

ប្រតិបត្តិការ​ នៃ​ក្តី​សង្ឃឹម

ប្រតិបត្តិការ​ស្វែង​រក​ មាន​​ប្រើ​កម្លាំង​​ទាហាន​កូឡុំប៊ី​ជាង​មួយ​រយ​នាក់ ក្រុមកុលសម្ព័ន្ធ​ជា​ច្រើន​សិប​នាក់ មក​ពី​ភូមិជិត​ខាង ហើយ​​មាន​បទ​ពិសោធន៍​ខាង​ដើរ​ក្នុង​ព្រៃ​ជ្រៅ​អាម៉ាហ្សូន ដែល​សម្បូរ​ទៅ​ដោយ​សត្វសាហាវៗ​ ដូច​ជា​ពស់ ខ្លា​ jaguars Pumas  ... ព្រមទាំង​សត្វល្អិត​មាន​ពិស​គ្រប់ប្រភេទ និង​ភ្លៀង​ព្យុះ​យ៉ាង​កំណាចៗ។​ តំបន់​ព្រៃ​នេះ​ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ពួក​ឧទ្ទាម​ព្រៃ​ប្រដាប់​អាវុធ​ផ្តាច់​ខ្លួន​ទៀត។ ដូច្នេះ​ក្តី​សង្ឃឹមរក​ឃើញ​ក្មេង​ទាំងបួន​នៅ​មាន​ជីវិត ត្រូវ​ធ្លាក់​ចុះ ជា​លំដាប់​ ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។

​​កង​ទ័ព​អាកាស ក៏​បាន​បញ្ជូន​​ ឧទ្ធម្ភាគចក្រ​​ ​បី​គ្រឿង ​មកហោះ​ឆ្វែល​លើ​ព្រៃ​ត្រង់​តំបន់​ធ្លាក់​យន្តហោះ ដោយ​ទម្លាក់​កញ្ចប់​សម្រាប់​សង្គ្រោះ​ជីវិតជាង​មួយ​រយកញ្ចប់ ​ស្ទើរ​ពេញ​ព្រៃ។ ក្នុង​កញ្ចប់​នីមួយៗ​​មាន​ទឹកស្អាត និងចំណីអាហារ។ ឧទ្ធម្ភាចក្រ​មួយ​គ្រឿងដាក់​មីក្រូ ចាក់​សំឡេង​ជីដូន និយាយ​ភាសាកំណើត​​កុល​សម្ព័ន្ធ​ Uitoto ឱ្យ​ក្មេង​ទាំង​បួន​ឈប់​ដើរ​ រុលទៅ​មុខ​ ​ក្នុង​ព្រៃ​ ទើប​អាច​ឱ្យ​ក្រុម​សង្គ្រោះ​តាម​រក​ឃើញ។

យោធា​បានទាំង​ប្រើ​ ​បច្ចេកវិទ្យា​ផ្ការណបដើម្បី​សាកល្បង​កំណត់​ផ្លូវ​ដែល​ក្មេង​ប្រុង​ដើរផង។ ​​មាន​ឈ្មោះ​ថា “​ក្តីសង្ឃឹម” ប្រតិបត្តិការស្វែងរក ជាង​មួយ​ខែ​នេះ​ ដែល​បើ​​លាតជំហាន​ដើរ​រុក​ក្នុង​ព្រៃ​ដ៏​ក្រាស់ឃ្មឹក​​មកវាស់​ទៅមាន​ប្រវែង​ជិត​២៦៥៦​គីឡូម៉ែត្រ​​ និង​​ផ្តុំ​ការរុករក​ក្នុង​ផ្ទៃក្រឡា​ប្រមាណ​៣២៣​គីឡូម៉ែត្រ​ការ៉េ បន្ទាប់​មក​ទើប​បង្រួញ​មក​នៅ​ត្រឹម​២០គីឡូម៉ែត្រ​ការ៉េ នៅពេល​ក្រុមយោធា ​​បាន​ប្រទះឃើញ​​ដាននៅមាន​ជីវិត​របស់​ក្មេង​ទាំងបួន​ ជា​បន្ត​បន្ទាប់ ​ដូច​ជា​ ដានជើង កន្ត្រៃ ស្បែក​ជើង ខោអាវ ខោទឹកនោមក្មេង ផ្លែឈើ​ទំពារ​ហើយ​ខ្ជាក់​ចោល​ថ្មីៗ ឬ​​ជម្រក​ធ្វើ​មែក​ឈើ ​... មាន​ពេល​មួយ​នោះ​ ក្រុមសង្គ្រោះ​វិះគិត​ស្មាន​ថា​នៅ​ចម្ងាយ​ប្រមាណ​មិន​១០០ម៉ែត្រ​ពី​ក្មេងៗ​ តែ​ភ្លៀង​ធ្លាក់​ខ្លាំងពេក​ទើប​បាត់​ដាន​ទៅវិញ។

នៅថ្ងៃទី ២៦​ឧសភា ក្រុម​សង្គ្រោះ​និង​យោធា​បាន​នាំគ្នា​រៀបចំ​កម្មវិធី​បុណ្យ ជា​និម្មិតរូប ​ខួបកំណើត​​១ឆ្នាំ​ឱ្យCristinផង។

នៅថ្ងៃទី ៨ មិថុនា ការ​រុក​រក​បាន​ចូល​ដំណាក់កាល​ថ្មី​មួយ​លែង​សូវ​សំខាន់​ ព្រោះ​រដ្ឋាភិបាល​កំពុង​ជួប​រឿង​អាស្រូវ​ និង​ មាន​ការ​បាត់​ខ្លួន​ ​ឆ្កែ​ដែល​ជា​ជំនួយការស្វែងរក​ក្មេង​​ ក្នុង​ព្រៃ​ជ្រៅ​ដែរ។ បើ​តាម​យោធា ស្ថានភាព​ព្រៃ​ស្មុគស្មាញ​ពេក​ទើប​ឆ្កែ​បាត់​បង់​ញាណ​ចំណាំរបស់​ខ្លួន។ ស្រាប់​តែ​នៅ​ថ្ងៃ​សុក្រ​ទី ៩ មិថុនា នៅវេលា​ម៉ោង​៩យប់ ក្រសួងការពារ​ជាតិ​ បាន​ប្រកាស​រក​ឃើញ​ក្មេង​ទាំងបួន​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ តែ​ឆ្កែ​មិន​នៅ​ជាមួយ​ក្មេងៗ​នោះ​ទេ។

កូន​​កូឡុំប៊ី

ការ​​រក​ឃើញ​​ក្មេង​ទាំង​បួននៅមាន​ជីវិត ក្រោយ​ពី​បាត់​ខ្លួនក្នុង​ព្រៃ​ជ្រៅ​​អស់​៤០​ថ្ងៃ ពិត​ជា​រឿង​ដ៏អស្ចារ្យខ្លាំងណាស់ មិនមែន​សម្រាប់​តែក្រុមគ្រួសារ​ទេ តែ​គឺ​សម្រាប់​ប្រទេស​កូឡុំប៊ី​ទាំង​មូល​តែ​ម្តង។ ​

ជីដូន​និង​ជីតា​របស់​ក្មេង​ទាំង​បួន​ ត្រេកអរ​ខ្លាំង​ណាស់​ និង​ចង់​ស្ទាប​អោប​ចៅៗ​ឱ្យ​បាន​ភ្លាមៗ​តែ​ម្តង។ ពួកគាត់​មិន​ដែល​បាត់បង់​ក្តី​សង្ឃឹម​ទេ ព្រោះយល់​ថា ចៅស្រី​ច្បង​ដែល​មាន​អាយុ​១៣​ឆ្នាំ មាន​និស្ស័យ​តស៊ូ​ពី​កំណើត និង​ចេះ​ស្រលាញ់​គ្រប់គ្រង​ប្អូនៗ​ជំនួស​ម្តាយ​ពេល​គាត់​ទៅ​ធ្វើការ។ លោក​យាយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ចៅ ដែល​ម្តាយ​បាន​ស្លាប់​ក្នុងគ្រោះថ្នាក់​ធ្លាក់​យន្តហោះ។

សម្រាប់​លោក Gustavo Petro ប្រធានាធិបតី​កូឡុំប៊ីវិញ លោក​បាន​កោតសរសើរ​ក្មេង​ទាំង​បួន ដែល​អាចរក​​ត្រដរ​រស់​ដោយ​ខ្លួន​ឯង រហូត​ទាល់​តែ​បាន​ជួប​មនុស្សធំ។ នេះ​ជា​គំរូ​ប្រឹងរស់​មួយ​ដែល​នឹង​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​ជា​សំណេ​របស់​លោក ​ប៉េត្រូ ដោយ​បញ្ជាក់​ទៀតថា ក្មេង​ទាំងបួន ជា​កូន​របស់​សន្តិភាព និង​កូន​របស់​កូឡុំប៊ី។

ដោយ​ចាត់​ទុក​ការរកឃើញ​ក្មេង​ទាំងបួន ជា​ថ្ងៃ​ដ៏អស្ចារ្យ លោកប្រធានាធិបតី​កូឡុំប៊ី ដែល​ទើប​ត្រលប់​មក​ពីចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​​​នៅគុយបា ជាមួយ​នឹង “យោធារំដោះជាតិ” ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធសកម្ម​ចុងក្រោយ​គេ​បង្អស់របស់​កូឡុំប៊ី​ ក៏​បាន​អបអរ​ ចំពោះ​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការរបស់​​ក្រុមយោធា​និង​កុលសម្ព័ន្ធ​ ក្នុង​ការ​ស្វែង​រក​ក្មេង​ទាំងបួន ថាជា​គំរូ​នៃ​ការ​ចង​សម្ព័ន្ធ​ដើម្បីភាព​រស់​រៀន​នៃ​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ