អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមអ៊ុយក្រែន៖ លោកពូទីនអួតថា ​ការវាយ​បករបស់អ៊ុយក្រែនបានបរាជ័យ ខណៈអ៊ុយក្រែនអះអាងថាបានរុលទៅមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការវាយ​បក​របស់កងទ័ព​អ៊ុយក្រែន ដើម្បីទម្លុះចូលទៅដណ្តើមទឹកដីមកវិញ បានចាប់ផ្តើមចាប់ពីដើមខែមិថុនា​មក​។ កងទ័ពអ៊ុយក្រែនបានអះអាងថា បាន​រុលទៅមុខ។ ក៏ប៉ុន្តែ​ លោក​ប្រធានាធិបតីពូទីន បាន​ចេញមុខមកអះអាងថា ការវាយ​បករបស់អ៊ុយក្រែននេះ មិនបានជោគជ័យទេ ដោយ​កងទ័ពរុស្ស៊ីបាន​ទប់ទល់បានសម្រេច ហើយថែមទាំងបាន​វាយ​កម្ទេច​គ្រឿងសព្វាវុធ ដែល​ក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែន បានយ៉ាងច្រើនសន្ធឹកថែមទៀតផង។

លោកពូទីន ក្នុងពេលសំណេះសំណាល​ជាមួយ​អ្នករាយការណ៍ព័ត៌មានស្តីពីសង្គ្រាម នៅវិមានក្រេមឡាំង ថ្ងៃទី ១៣ មិថុនា ២០២៣​
លោកពូទីន ក្នុងពេលសំណេះសំណាល​ជាមួយ​អ្នករាយការណ៍ព័ត៌មានស្តីពីសង្គ្រាម នៅវិមានក្រេមឡាំង ថ្ងៃទី ១៣ មិថុនា ២០២៣​ AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

លោកពូទីន៖ ២៥% ទៅ៣០%នៃសព្វាវុធផ្តល់​ឲ្យដោយសម្ព័ន្ធមិត្តលោកខាងលិច ខូចខ្ទេចអស់ហើយ!

លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញមុខតាមកញ្ចក់ទូរទស្សន៍ កាលពីម្សិលមិញ នៅក្នុងកម្មវិធីជួប​សំណេះសំណាល ជាមួយអ្នកកាសែត ដើម្បីនិយាយអំពី​ដំណើរការនៅសមរភូមិ។ ក្នុងទឹកមុខពោរពេញដោយ​ភាពជឿជាក់ លោកពូទីន បានអះអាងថា កងទ័ពអ៊ុយក្រែន​កំពុងតែ​ចាញ់ខ្លាំងសម្បើមណាស់។ ប្រតិបត្តិការវាយ​បក ដែលកងទ័ពអ៊ុយក្រែន ចង់ទម្លុះចូល​មកខាងទឹកដី ដែលរុស្ស៊ី​កាន់កាប់នោះ គឺមិន​បានលទ្ធផលទេ ព្រោះកងទ័ពរុស្ស៊ីបានទប់ជាប់។

លោកពូទីនអះអាងថា កងទ័ពអ៊ុយក្រែនត្រូវខ្ទេ​ចខ្ទីសម្ភារៈសព្វាវុធ ច្រើនខ្លាំងណាស់ ចំណែកកងទ័ពរុស្ស៊ីវិញ បានខូចខាតតិចជាង១០ដងឯណោះ។ ក្នុងចំណោមគ្រឿងសព្វាវុធដែលក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែន គឺយ៉ាងហាច ពី ២៥%​ ទៅ​៣០% បាន​ខូចខ្ទេចខ្ទី ប្រើការលែងកើតហើយ​។ លោកពូទីនបន្ថែមថា យ៉ាងហោចណាស់ រថក្រោះអ៊ុយក្រែនចំនួន​១៦០គ្រឿង និងរថពាសដែក ចំនួន​៣៦០គ្រឿង ត្រូវបានកម្ទេច ក្នុងរវាងប៉ុន្មាន​ថ្ងៃមកនេះ។ ចំណែកខាងរុស្ស៊ីវិញ បានខូចរថក្រោះតែប្រមាណ​៥៤គ្រឿងទេ ហើយមានខ្លះអា​ចជួសជុល​ប្រើការកើតឡើងវិញ។

សារភាពទទួលស្គាល់ថា កងទ័ពរុស្ស៊ីខ្វះខាតច្រើន​

ដោយឡែក នៅក្នុងកម្មវិធីឆ្លើយសំណួរអ្នកកាសែតនេះដែរ លោក​ពូទីន បានទទួលស្គាល់ថា រុស្ស៊ីនៅខ្វះខាតច្រើន។​ចំណុចនេះ លោកពូទីនបានសំដៅ​ទៅលើការវាយ​ប្រហារនៅតំបន់ Belgorod របស់រុស្ស៊ី ហើយ​បានបង្ខំឲ្យរុស្ស៊ីជម្លៀសមនុស្ស​ជាច្រើនពាន់នាក់ចេញពីតំបន់នេះ។ អ្នកកាសែតបានសួរថា តើហេតុអ្វីបានជា​ រុស្ស៊ីបណ្តោយឲ្យ​ពួកអ៊ុយក្រែន ឆ្លងព្រំដែនចូល​មកវាយ​ប្រហារបាន​។ លោកពូទីនសារភាពថា កងទ័ពរុស្ស៊ីខ្វះគ្រាប់ ខ្វះមីស៊ីល ខ្វះដ្រូន និងសម្ភារៈផ្សេងទៀតដើម្បីការពារ តែយ៉ាងណា លោកសន្យាថានឹងប្រឹងប្រែង ធ្វើ​ឲ្យ​បានល្អជាងនេះ ដើម្បីការពារព្រំដែន​ឲ្យ​បានជាប់​ កុំឲ្យ​អ៊ុយក្រែនចូលមក​វាយ​ប្រហារក្នុងទឹកដី​រុស្ស៊ីជាថ្មីទៀត។

នេះជាលើកទី១ហើយ ដែលគេឃើញលោកពូទីន ទទួលស្គាល់ ពីការខ្វះខាត ពីចំណុចខ្សោយរបស់កងទ័ពរុស្ស៊ី។ ហើយក៏ជាលើកទីមួយដែរ ដែលគេឃើញលោកពូទីន មកអង្គុយនិយាយ​រៀបរាប់លំអិត​ពីស្ថានការណ៍​នៅសមរភូមិបែបនេះ​។ បន្ថែមពីនេះទៀត លោក​ពូទីន បាននិយាយបែបចាប់ចុងប្រយុងគល់ ទាក់ទិននឹងកម្មវត្ថុរបស់​រុស្ស៊ី។ កម្មវត្ថុដែលពី​ដំបូង លោកអះអាងថា រុស្ស៊ី ចង់​ផ្តួលរំលំ​របបដឹកនាំណាហ្ស៊ីសម័យថ្មីនៅអ៊ុយក្រែន ហើយរំដោះ​ប្រជាជននិយាយភាសារុស្ស៊ី ដែលរងគ្រោះដោយ​អំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន​។ តែពេលនេះ លោកពូទីនបាន​លើកឡើងថា កម្មវត្ថុរបស់រុស្ស៊ី អាចប្រែប្រួលទៅតាមកាលៈទេសៈ ទៅតាមស្ថានការណ៍។ សរុបមក វា​ហាក់ដូចជាលោកពូទីន ពុំមានកម្មវត្ថុអ្វីច្បាស់លាស់ទេ ក្នុងការធ្វើសង្គ្រាម​នៅអ៊ុយក្រែន​នេះ​ ព្រោះថាកម្មវត្ថុនោះអាចប្រែប្រួល។

ជាមួយគ្នានេះ រុស្ស៊ីបានបន្តវាយប្រហារពីចំងាយ​នៅក្នុងទឹកដីអ៊ុយក្រែន តាមរយៈការបាញ់​ប្លោងគ្រាប់មីស៊ីលជាច្រើនគ្រាប់ នៅ​យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ ជាក់ស្តែង នៅទីក្រុង Kryvyï Rig ដែលជាស្រុកកំណើតលោកហ្សេឡេនស្គី កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលកំទេចអគារ​ផ្ទះ​ប្រជាជនអ៊ុយក្រែន​ បណ្តាលឲ្យ​ស្លាប់យ៉ាងហោច១១នាក់ នៅព្រឹក​ថ្ងៃអង្គារ។ នៅក្រុងអូដេសាវិញ មានស្លាប់៦នាក់ របួស១៩នាក់ ដោយ​សារគ្រាប់មីស៊ីលរុស្ស៊ី ព្រឹកថ្ងៃពុធនេះ។ ហើយនៅតំបន់ Soumy ភាគខាងជើងឈាងកើត មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែនរុស្ស៊ី មីស៊ីលរបស់រុស្ស៊ីបានបាញ់ចំ រថយន្តមួយគ្រឿង ស្លាប់​មនុស្ស​៦នាក់ ដែល​៤នាក់ជាឆ្មាំការពារព្រៃឈើអ៊ុយក្រែន។​​ យើងឃើញថា កងទ័ពរុស្ស៊ី​មិនបាន​បង្អង់ដៃទេ ក្នុងការ​បាញ់សម្លាប់​ប្រជាជនអ៊ុយក្រែន​។

អ៊ុយក្រែន អះអាងថាបានរុលទៅមុខ ត្រង់ចំណុចខ្លះ៖

ត្រង់ចំណុច​នេះ​ វាគឺជាការលំបាកណាស់ ព្រោះថា ម្ខាងៗបានផ្សាយ​អះអាង ថាឈ្នះរៀងៗខ្លួន។ គិតត្រឹមពេលនេះ យើងមិនទាន់មានតួលេខឯករាជ្យណាមួយ មកបញ្ជាក់ថាខាងណាខូចខាតអ្វីខ្លះនោះទេ។ ទាក់ទិននឹងការលើកឡើងរបស់​លោកពូទីន ដែលថាកងទ័ព​រុស្សី​បានកំទេចគ្រឿងសព្វាវុធ រថគ្រោះរាប់រយគ្រឿងដែល​ក្រុមប្រទេសលោកខាងលិច បានប្រគល់ទៅឲ្យ​អ៊ុយក្រែននោះ ក៏យើងមិនអាចផ្ទៀងផ្ទាត់តួលេខ ថាវាពិតកម្រិតណាដែរ។

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីហ្សេឡេនស្គី បាន​ទទួលស្គាល់ថា ការវាយទម្លុះសមរភូមិឈានចូលទៅ​ដណ្តើមទឹកដីមកវិញនេះ គឺវាមិនមែនជារឿងងាយស្រួលទេ។ តែ​កាលពីថ្ងៃអង្គារម្សិលមិញ លោក​ Valéry Zaloujny អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងរុលទៅមុខ ខណៈការវាយប្រហារ កំពុងក្តៅគគុកនៅឡើយ នៅខាងកើតនិងខាងត្បូង។​ មន្ត្រីកងទ័ពអ៊ុយក្រែនរូបនេះ បញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានជ័យជំនះ​ខ្លះ ហើយ​ ជាក់ស្តែងបាន​ដណ្តើមបានភូមិចំនួន​៧ នៅភាគខាងត្បូង ហើយ​​នឹងបន្ត​អនុវត្តផែនការគ្រោងទុក​​ ឈានទៅមុខជាបន្តបន្ទាប់​។

គ្រាប់មីនជាឧបសគ្គ​

បណ្តាញសង្គមរុស្ស៊ីបានផ្សព្វផ្សាយ​រូបភាព បង្ហាញ​ថា រថក្រោះ Léopard 2 របស់អាល្លឺម៉ង់ និងរថពាសដែក Bradley របស់អាមេរិក ត្រូវផ្ទុះឆេះខ្ទេចជាច្រើនគ្រឿង។ ផ្អែកតាមគេហទំព័រ Oryx ដែល​ប្រមូលទិន្នន័យដោយ​ផ្អែកលើរូបថត គិតត្រឹមថ្ងៃអង្គារទី​១៣មិថុនា គឺយ៉ាងហោច រថពាសដែកធន់ស្រាល​ Bradley របស់អ៊ុយក្រែនបានខូចខ្ទេចអស់​ ១៦គ្រឿង ក្នុងចំណោម​ ១០៩គ្រឿងដែល​សម្ព័ន្ធមិត្តលោក​ខាងលិច​បានប្រគល់ឲ្យ​។ បន្ថែមពីនេះ រថក្រោះធុនធ្ងន់ Leopard 2 គឺអ៊ុយក្រែនបានខូចខ្ទេចអស់ យ៉ាងហោច​៤គ្រឿង និងរថក្រោះធុនស្រាល AMX-10 RC ចំនួន​២គ្រឿងទៀត។

ឧបសគ្គដ៏ធំ ដែលរារាំងកងទ័ពអ៊ុយក្រែន មិន​ឲ្យរុលទៅមុខបានដោយ​ងាយ គឺគ្រាប់មីនជាច្រើនគ្រាប់ ដែលកងទ័ពរុស្ស៊ីបានដាក់កប់ក្នុងដី នៅតាម​បណ្តោយ​ខ្សែត្រៀមជួរមុខ។ តាមការវិភាគ​ គឺគ្រាប់មីនទាំងនោះហើយ ដែលបាន​ផ្ទុះ ធ្វើឲ្យឆេះខ្ទេចរថក្រោះ រថពាសដែករបស់អ៊ុយក្រែន​។ រឿងគ្រាប់មីនក្នុងដីនេះ គឺជារឿងដែលគេភ័យខ្លាចណាស់។ យោងតាមតួលេខរបស់ក្រុមប្រទេសលោកខាងលិច យ៉ាងហោចផ្ទៃដីអ៊ុយក្រែន ប្រមាណ ១៧០០០០គីឡូម៉ែត្រក្រឡា ដែលមានគ្រាប់មីនកប់រាយប៉ាយ ពោលគឺវាសឹងតែស្មើទំហំផ្ទៃដីប្រទេសកម្ពុជាយើងទៅហើយ។ គ្រាប់មីនទាំងនេះមិនមែនរុស្ស៊ីដាក់តែឯងទេ ភាគីអ៊ុយក្រែន ក៏បានដាក់កប់ខ្លះដែរ តាំងតែពីឆ្នាំ​២០១៤មក ក្រោយ​ផ្ទុះសង្គ្រាម​បំបែកទឹកដីនៅភាគខាងកើត។

តែដោយឡែក យោងតាមការវិភាគរបស់អ្នកជំនាញយោធា ដែលតាមដានស្ថានការណ៍នេះ គឺធាតុពិតទៅអ៊ុយក្រែន ប្រហែលជាមិនទាន់ចាប់ផ្តើម ​បើកការវាយប្រហារទ្រង់ទ្រាយ​ធំណាស់ណានោះទេ ប្រមាណ​១០ថ្ងៃមកនេះ​។ ពោលគឺអ៊ុយក្រែន​នៅមានសព្វាវុធ និង​កម្លាំងមនុស្សច្រើនទៀត។ រូបភាពខ្លះដែលបង្ហាញឲ្យឃើញរថក្រោះខូចខាត តែមិនឆេះខ្ទេច ហើយទ្វាររបើក ដែលមានន័យថា កងទាហានអ៊ុនក្រែននៅរួចជីវិត ខូចតែ​សម្ភារៈប៉ុណ្ណោះ។ យោងតាមអ្នកវិភាគ តាក់ទិករបស់អ៊ុយក្រែននាពេលនេះ គឺ​គ្រាន់តែជា​ការ​សាកល្បងស្វែងរកចំនុចខ្សោយ នៅតាមបណ្តោយ​ខ្សែការពាររបស់រុស្ស៊ី ដើម្បីចង់ដឹងថាត្រង់ណាដែលអាចផុយស្រួយ ងាយស្រួល​សម្រុកទម្លុះចូល​ក្នុងទ្រង់ទ្រាយ​ធំតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ