អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍​អាមេរិកស្តីពីការជួញដូរមនុស្ស​ផ្តោតសំខាន់លើ​ពលកម្មចាប់បង្ខំ និងការជួញដូរក្មេងប្រុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការបរទេស​អាមេរិក​ចេញផ្សាយ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​ផ្តោតទៅលើ​ពលកម្ម​ដោយ​ចាប់បង្ខំ និងការជួញដូរ​ក្មេងប្រុស ដែលបានកើនឡើង​គួរ​ឲ្យកត់សំគាល់​នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ ចេញផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេស​អាមេរិក​បានបង្ហាញ​ប្រទេស​ដែលឡើងចំណាត់ថ្នាក់ល្អ និង​ប្រទេស​ធ្លាក់ចំណាត់ថ្នាក់ ដោយសារ​មិន​បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹងការជួញដូរ។ កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ២៤ ដែល​ជាប់ចំណាត់ថ្នាក់ កម្រិត​ទី៣ ដែលជា​ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់​ក្រសួងការបរទេស​អាមេរិក។

រដ្ឋមន្រ្តីការបរទេស​អាមេរិកនៅក្នុងឱកាសបង្ហាញរបាយការណ៍ស្តីពីការជួញដូរមនុស្ស​ កាលពីថ្ងៃទី ១៥​មិថុនា ២០២៣
រដ្ឋមន្រ្តីការបរទេស​អាមេរិកនៅក្នុងឱកាសបង្ហាញរបាយការណ៍ស្តីពីការជួញដូរមនុស្ស​ កាលពីថ្ងៃទី ១៥​មិថុនា ២០២៣ AP - Kevin Wolf
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ការជួញដូរមនុស្ស​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ១៥ មិថុនា ក្រសួង​ការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ពី​ការកើនឡើង​គួរ​ឲ្យកត់សំគាល់ នៃ​ពលកម្ម​ដោយបង្ខំ ដែល​មាន​ជាប់ទាក់ទង​នឹងជំងឺរាតត្បាតកូវីដ។

តាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន ដែលបាន​ឡើងនិយាយ​នៅក្នុង​ឱកាស​បង្ហាញ​របាយការណ៍ កាលពីថ្ងៃម្សិលមិញ ពលកម្ម​ដោយបង្ខំ បានកើនឡើងលឿនស្លេវ នៅក្នុង​ពិភពលោក។ ជាក់ស្តែង ថៅកែរោងចក្រ ម្ចាស់ក្រុមហ៊ុន​បាន​យកលេស​វិបត្តិកូវីដ ដើម្បី​កេងប្រវ័ញ្ច​លើ​បុគ្គលិក កម្មករ តាមរយៈ​ការទម្លាក់ កាត់បន្ថយ ប្រាក់ខែ និងចាប់បង្ខំ​ឲ្យធ្វើការ​ច្រើនម៉ោង។

លោកស្រី Cindy Dyer ប្រធានផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​របស់ក្រសួងការបទេស​អាមេរិក បាន​បន្ថែមថា ពួកក្រុមឈ្មួញ​ជួញដូរ​មនុស្ស​បាន​យកពាក្យដែលថា ពិភពលោក​កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​កូវីដ មនុស្ស​គ្មាន​ការងារធ្វើច្រើន បូកផ្សំ ឬ​ការរឹតត្បិត​ក្នុង​ការធ្វើដំណើរឆ្លងដែន ទៅឃោសនា ទាក់ទាញ​ជនរងគ្រោះ។

តាម​របាយការណ៍​របស់​ក្រសួងការបរទេស មនុស្ស​ប្រមាណ ២៧លាននាក់ រងគ្រោះដោយសារ​ការជួញដូរមនុស្ស​នៅក្នុងពិភពលោក។ សម្រាប់រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅក្នុងចំណោម​ការជួញដូរមនុស្សជាទូទៅ អាមេរិក​បានកត់សំគាល់ឃើញ ការជួញដូរ​មនុស្ស​ក្នុង​ទម្រង់ថ្មី គឺការជួញដូរ បោកបញ្ឆោត តាម​បច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធ័រនែត ឬ​ហៅថា SCAM។ ការជួញដូរមនុស្ស​ទម្រង់ថ្មី កើនឡើង​ខ្លាំង នៅតាម​បណ្តាប្រទេស​មួយចំនួន មិនថា នៅអាស៊ី អាហ្វ្រិក ដូចជា​នៅ​ភូមា កម្ពុជា តួកគី ម៉ាឡេស៊ី ហ្កាណាជាដើម។ ក្រៅពី​ការជួញដូរមនុស្ស​តាមរយៈ ការឆបោក​តាមប្រព័ន្ធអ៊ីនធ័រនែត ក្រសួងការបរទេស​អាមេរិក​បាន​ផ្តោតទៅលើ​ករណីជួញដូរ​ក្មេងប្រុស ដែលបានកើនឡើង​ប្រមាណ ៥០០% នៅប៉ុន្មានឆ្នាំ​មកនេះ។

ហេតុអ្វីរបាយការណ៍​របស់អាមេរិកនិយាយពីការជួញដូរ​ក្មេងប្រុស?

ដោយនិយាយ​យោង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្តីពីការជួញដូរមនុស្សនៅក្នុង​ពិភពលោក ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បានសង្កត់ធ្ងន់​លើករណី​ក្មេងប្រុស ដែល​រងគ្រោះ ដោយសារ​ការជួញដូចមនុស្ស។ តាមលោកប្លីងកិន ចន្លោះឆ្នាំ ២០០៤ ដល់​ឆ្នាំ​២០២០ ក្មេងប្រុសដែលត្រូវគេជួញដូរខុសច្បាប់ មានចំនួន​ច្រើនជាង ក្មេងស្រី ស្ត្រី ឬ​បុរស។ ប៉ុន្តែ គ្រាន់តែថា គេ​មិនសូវ​លើកនិយាយ​ច្រើន។

តាម​ការពន្យល់​របស់​អ្នកជំនាញ​អាមេរិក ដូចស្រ្តី និង​កុមារ ក្មេងប្រុស​រងគ្រោះ​ដោយសារ​ការជួញដូរ​ផ្លូវភេទ និងពលកម្មបង្ខំ។ ប៉ុន្តែ គេ​មិនសូវលឺ​គេ​និយាយ​ពីករណី​ក្មេងប្រុស​ជា​ជនរងគ្រោះ ដោយសារ ការជួញដូរមនុស្ស ដោយសារតែ ទី ១ ក្មេងប្រុស​មិនសូវ​ចេញមុខ​ប្រាប់​ស្វែងរក​សេវាជំនួយ ដោយសារតែ​ពួកគេ​អាច​ខ្មាស់ មិនហ៊ាន​និយាយ​ថា ពួកគេចាញ់បោក​ពួកឈ្មួញជួញដូរមនុស្ស។

ហេតុផលទី២​ដែលធ្វើ​ឲ្យក្មេងប្រុស​មិនសូវ​មាន​រូបភាព​នៅក្នុង​បញ្ជីក្រុមជនរងគ្រោះ​ដោយសារ​ការជួញដូរផ្លូវភេទ និងពលកម្ម​ចាប់បង្ខំ គឺ ការខ្វះអង្គការ ​ស្ថាប័នដែល​ធ្វើការ​សម្រាប់​ជនរងគ្រោះដែលជា​ក្មេងប្រុស។ គេឃើញជាទូទៅ គេឃើញមានអង្គការច្រើន​ដែលធ្វើការ​ផ្តល់ជំនួយ​ដល់​មនុស្ស​ស្រី ឬ​កុមារដែល​រងគ្រោះដោយសារ​ការជួញដូរមនុស្ស ប៉ុន្តែ គេ​កម្រនឹង​ឃើញ​ស្ថាប័ន អង្គការណាដែល​ធ្វើការផ្តោតពិសេស​លើ​ការជួញដូរក្មេងប្រុស។

ប្រទេស​២៤ស្ថិតនៅក្នុង​ចំណាត់ថ្នាក់កម្រិតទី ៣ ចំណែក វៀតណាម ម៉ាឡេស៊ី​ត្រូវ​អាមេរិកដំឡើងចំណាត់ថ្នាក់ទៅកម្រិតទី​២

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ មានប្រទេស​២៤​ដែលធ្លាក់​ក្នុងចំណាត់ថ្នាក់​កម្រិតទី ៣ ដែលជា​កម្រិត​អាក្រក់ជាងគេ ក្នុងនោះ មាន​ចិន ភូមា រុស្ស៊ី កូរ៉េខាងជើង បេឡារុស អាល់ហ្សេរី ឆាត និងអាហ្វហ្កានីស្ថាន​ជាដើម។ តាមការពន្យល់​របស់​លោកស្រី Cindy Dyer ចិនជាប់ចំណាត់កម្រិតទី​៣ ដោយសារ​ចិន​នៅតែបន្តអនុវត្ត​នយោបាយ ឬ​ទម្រង់​ជួញដូរមនុស្ស ជាពិសេស​ក្នុងរូបភាព ជាការងារ​ចាប់បង្ខំដូច​នៅ​ខេត្ត​ស៊ីនជាំងជាដើម។

របាយការណ៍​របស់អាមេរិក​បាន​ដំឡើងចំណាត់ថ្នាក់​របស់​ប្រទេស​ដែលអាមេរិក​កត់សំគាល់ឃើញថា បាន​ធ្វើការប្រសើរឡើង​នៅក្នុង​រឿងប្រយុទ្ធប្រឆាំង​នឹងការជួញដូរមនុស្ស ដូច​ករណីប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ ដែលត្រូវ​បាន​ដកចេញពី កម្រិតទី​៣ ទៅនៅ​កម្រិតទី​២ វិញ។

ប្រទេស​ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់​អាក្រក់ កម្រិតទី​៣ នៅក្នុង​របាយការណ៍​អាមេរិក​ស្តីពី​រឿងជួញដូរមនុស្ស ត្រូវ​ប្រឈម​នឹង​ការជាប់ទណ្ឌកម្មរបស់អាមេរិក ការដាក់ពិន័យ មិនឲ្យចូលទឹកដីអាមេរិក ឬ​ការកាត់បន្ថយជំនួយរបស់អាមេរិក។

កម្ពុជានៅតែជាប់ចំណាត់ថ្នាក់កម្រិតទី​៣​របស់អាមេរិក

នៅក្នុងរបាយការណ៍​ស្តីពីការជួញដូរមនុស្ស កម្ពុជា​នៅតែបន្តជាប់ក្នុងចំណាត់ថ្នាក់ កម្រិតទី​៣ ពោល​គឺ​២ឆ្នាំ ជាប់គ្នា បន្ទាប់ពីធ្លាក់ចំណាត់ថ្នាក់ ពីកម្រិតទី​២ មកទី​៣ កាលពីឆ្នាំ មុន។ បើតាមរបាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក កម្ពុជា​នៅជាប់ក្នុងកម្រិតទី​៣ ដោយសារ​តែ​កម្ពុជាមិនបាន​គោរព​ពេញលេញ តាមបទដ្ឋាន​អប្បបរមា ក្នុងការលុបបំបាត់​ចោល​ការជួញដូរមនុស្ស ហើយ​មិន​បាន​បង្កើនការប្រឹងប្រែង ច្រើនគួរ​ឲ្យកត់សំគាល់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរមនុស្ស។ អំពើពុករលួយ និងនិទណ្ឌភាព​របស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរមនុស្ស​នៅកម្ពុជា ជា​បញ្ហា​សំខាន់ ដែលរបាយការណ៍​រំលេចសរសេរ​ច្រើន។ ជាថ្មីម្តងទៀត កម្ពុជា ត្រូវ​បាន​របាយការណ៍អាមេរិក​ចាត់ទុកថា ត្រូវបាន​ក្រុមជួញដូរមនុស្ស ប្រើប្រាស់​ជា​កន្លែង​បោកបញ្ឆោត​តាមប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ជនបរទេស និងជនជាតិខ្មែរក្នុងស្រុក​ត្រូវ​បាន​ក្រុមឈ្មួញជួញដូរ​មនុស្ស ដែលជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនចិន បោកបញ្ឆោត​ឲ្យធ្វើការ​នៅ​តាមអគារ​ក្នុងប្រទេស​កម្ពុជា រហូត​ដល់​មានសេចក្តីរាយការណ៍​ពីការចាប់បង្ខាំងទុក មិន​ឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក​កាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ បានផ្តល់រង្វាន់​ដល់​អ្នកកាសែត​កម្ពុជាម្នាក់ គឺ​លោកម៉ិច ដារ៉ា ដែលយកចិត្ត​ទុកដាក់ សរសេរ​អត្ថបទស៊ើបអង្កេត​ស្តីពីបណ្តាញជួញដូរមនុស្ស តាមរយៈ ប្រព័ន្ធអ៊ីនធ័រនែត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ