អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណៈប្រតិភូអាហ្វ្រិក ទៅជួប​លោក​ពូទីននៅសាំងប៉េតេសបួរ ដើម្បី​សម្របសម្រួលឲ្យ​មានការចរចាសន្តិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបានធ្វើដំណើរទៅទីក្រុងកៀវកាលពីថ្ងៃសុក្រម្សិលមិញ គណៈប្រតិភូនៃថ្នាក់ដឹកនាំ​ប្រទេសអាហ្វ្រិក បាន​បន្តដំណើរទៅដល់ទៅក្រុងសាំងប៉េតេសបួរ​ នៅ​ព្រឹកថ្ងៃសៅរ៍​ទី ១៧មិថុនា។ នៅទីនោះ គណៈប្រតិភូនេះ នឹងជួប​ជាមួយ​លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បី​និយាយអំពីផែនការ​ចរចាសន្តិភាពជាមួយអ៊ុយក្រែន។ ទោះជាមានការអបអរសាទរខ្លះៗ ដោយឃើញក្រុមប្រទេសអាហ្វ្រិកជួយឈឺឆ្អាល ចង់ចូលរួមដោះស្រាយវិបត្តិនេះ តែគេគ្មានសង្ឃឹមថា ការដើរតួនាទីជាអាជ្ញាកណ្តាលរបស់ក្រុមប្រទេសអាហ្វ្រិកនេះ អាចទទួលបាន​លទ្ធផល​នោះឡើយ។

លោក​ប្រធានាធិបតីអ៊ុយក្រែន ក្នុងពេល​ប្រជុំជាមួយ​គណៈប្រតិភូក្រុមប្រទេសអាហ្វ្រិក នៅទីក្រុងកៀវ ថ្ងៃទី ១៦ មិថុនា ២០២៣
លោក​ប្រធានាធិបតីអ៊ុយក្រែន ក្នុងពេល​ប្រជុំជាមួយ​គណៈប្រតិភូក្រុមប្រទេសអាហ្វ្រិក នៅទីក្រុងកៀវ ថ្ងៃទី ១៦ មិថុនា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

អាហ្វ្រិករងគ្រោះដោយប្រយោល​

មូលហេតុដែល​ក្រុមប្រទេសអាហ្វ្រិក ចង់ចូលរួមដោះស្រាយ សម្របសម្រួលធ្វើយ៉ាងណា ឲ្យសង្គ្រាមនេះចប់ឲ្យ​បានឆាប់ ក៏ព្រោះតែទ្វីបអាហ្វ្រិកគឺជាអ្នករងគ្រោះដោយ​ប្រយោល។ ទ្វីបអាហ្វ្រិក​ដែលក្រីក្របំផុតនោះ បានរងគ្រោះជាង១ឆ្នាំមកនេះ ដោយសារតែបញ្ហាតម្លៃវត្ថុធាតុដើម គ្រាប់ធញ្ញជាតិឡើងថ្លៃខ្លាំងណាស់ បន្ទាប់ពីសង្គ្រាម​នៅអ៊ុយក្រែន​ផ្ទុះឡើង។

ប្រទេសអាហ្វ្រិក​ភាគច្រើន រស់រំពឹងយ៉ាងខ្លាំង ទៅលើ​គ្រាប់ពោត គ្រាប់ស្រូវសាឡី ដែលអ៊ុយក្រែននាំចេញទៅលក់ ក្នុងតម្លៃថោក និង​ជាជំនួយរបស់​អង្គការ​មនុស្ស​ធម៌ ដែលបានទិញពីអ៊ុយក្រែន​។ សង្គ្រាម​ មិនត្រឹមតែបានបំផ្លាញ​កសិផល​របស់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាបានរាំងខ្ទប់ការនាំចេញគ្រាប់ធញ្ញជាតិ​របស់អ៊ុយក្រែន ហើយ​ជាងនេះទៀត គឺវាបាន​ទាញតម្លៃ​ដឹកជញ្ជូន ​ឲ្យ​កើនឡើងខ្ពស់ណាស់។ ដោយសារតែបញ្ហានេះ ប្រទេសអាហ្រ្វិក​កំពុងតែប្រឈមនឹងវិបត្តិគ្មានស្បៀងអាហារបរិភោគ​។

ហេតុដូច្នេះហើយ បានជាក្រុមប្រទេសអាហ្វ្រិក​បានរួមគ្នា ស្នើខ្លួន​និយាយជាមួយភាគីជម្លោះ ដើម្បីឈានទៅ​មានការទម្លាក់អាវុធ និងចរចាសន្តិភាព​។ គណៈប្រតិភូនេះមាន ប្រធានាធិបតី​ចំនួន​៤ប្រទេសចូលរួម គឺអាហ្វ្រិក​ខាងត្បូង សេណេហ្កាល់ ហ្សំប៊ី និងកូម៉រ ដែលបច្ចុប្បន្នជាប្រធានវិលជុំដឹកនាំសហភាពអាហ្វ្រិក ព្រមទាំង​តំណាងរដ្ឋាភិបាល កុងហ្គោ អ៊ូហ្កង់ដា និង​អាហ្ស៊ីប ចូលរួមដែរ។

ទៅដល់រដ្ឋធានីកៀវកាលពីថ្ងៃសុក្រ គណៈប្រតិភូនេះបានធ្វើដំណើរទៅដល់​តំបន់ ប៊ូដឆា​ ជាទីដែល​កងទ័ពរុស្ស៊ីបានសម្លាប់​រង្គាល​ប្រជាជនស៊ីវីលអ៊ុយក្រែន យ៉ាងព្រៃផ្សៃបំផុត​។ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ គណៈប្រតិភូនេះ បន្តដំណើរចេញពីអ៊ុយក្រែន ឈ្ពោះទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយ​លោកពូទីន នៅទីក្រុងសាំងប៉េតេសបួរ។ គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ លោក​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែលដឹកនាំគណៈប្រតិភូនេះ នៅតែមិនប្រកាសថ្កោលទោសរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ត្រូវគេស្គាល់ថា​មានទំនោរកាន់តែស្និទជាមួយ​លោក​ពទីន​ថែមទៀតផង។

លោកហ្សេឡេនស្គី៖ អ៊ុយក្រែននឹងមិនចាញ់បោកល្បែងឆ្ពិនភ្នែករបស់រុស្ស៊ី ជាលើកទី​២ជាដាច់ខាត

នៅក្នុងសន្និសីទកាសែត នៅទីក្រុងកៀវ កាលពីល្ងាចថ្ងៃសុក្សម្សិលមិញ លោក​ប្រធានាធិបតីហ្សេឡេនស្គី បានឆ្លើយ​នៅចំពោះ​មុខគណៈប្រតិភូអាហ្វ្រិកនេះថា អ៊ុយក្រែនមិនអាចទទួលយកនូវ​សំណើរ​ចរចាសន្តិភាពជាមួយ​ចោរឈ្លានពានរុស្ស៊ី​បាននៅពេលនេះទេ។ លោកហ្សេឡេនស្គី បានចាត់ទុកថា បើព្រមចរចាជាមួយ​រុស្ស៊ីនៅពេលនេះ គឺជាការចាញ់​បោកល្បែងឆ្ពិនភ្នែកបោកប្រាស់របស់រុស្ស៊ី​។

លោក​ហ្សេឡេនស្គី បានអះអាងថា បើចរចានៅពេលនេះ ទាំងដែលចោរឈ្លានពានរុស្ស៊ី​ កំពុងតែគ្រប់គ្រងទឹកដីអ៊ុយក្រែនដោយខុសច្បាប់ គឺវាមិនខុសពី​ការបង្កក​សង្គ្រាម​នេះ ឲ្យ​នៅទ្រឹងមួយកន្លែង ហើយ​ក៏ធ្វើឲ្យ​​​ការឈឺចាប់​ទាំងអម្បាលម៉ានរបស់​ប្រជាជនអ៊ុយក្រែន នៅតែបន្តទ្រឹងមួយ​កន្លែង មិនអាចជាសះស្បើយដែរ។ លោកហ្សេឡេនស្គី បានបន្ថែមថា រុស្ស៊ីនឹងមិនអាច​បោក​បញ្ឆោតពិភពលោក​ជាលើកទី២បានទេ ព្រោះអ៊ុយក្រែនបាន​ស្គាល់ស្នៀតល្បិចកល​របស់រុស្ស៊ីហើយ។

សំដី​នេះ គឺលោក​ហ្សេឡេនស្គី បាន​សំដៅទៅដល់ កិច្ចព្រមព្រៀងនៅទីក្រុងមីនស្គ៍ ដែលអ៊ុយក្រែនបាន​ចុះជាមួយរុស្ស៊ី នៅខែកុម្ភៈឆ្នាំ​២០១៥ ដោយ​មានអន្តរាគមន៍សម្របសម្រួលពីបារាំង និង​អាល្លឺម់ង់ ដើម្បីបិទបញ្ចប់សង្គ្រាម​​នៅភាគខាងកើតអ៊ុយក្រែន។ តែលទ្ធផល​ដូចយើង​ដឹងហើយ រុស្ស៊ីនៅតែបន្ត​ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនដដែល រហូតដល់ពេលនេះ។ អ៊ុយក្រែនយល់ថា កិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ ត្រូវលោកពូទីន ប្រើប្រាស់ដើម្បី​បោកបញ្ឆោត​​​អ៊ុយក្រែន ​និង​ក្រុមប្រទេសលោក​ខាងលិច ឲ្យ​សប្បាយចិត្ត តែ​មួយគ្រាតែប៉ុណ្ណោះ។ តែធាតុពិត លោកពូទីននៅតែមានមហិច្ឆតាលោភលន់ ឈ្លានពានអ៊ុយក្រែនដដែល។ ខាងបារាំង និងអាល្លឺម៉ង់ ក៏​បានបង្ហាញ​ការឈឺចិត្តសោកស្តាយមិនតិចដែរ ដែលបានចាញ់​បោកលោកពូទីនកាលនោះ។ ហេតុដូច្នេះហើយ បានជាពេលនេះ អ៊ុយក្រែន មិនអាចទទួលយកការចរចាជាមួយរុស្ស៊ីដាច់ដាច់ខាត ដរាបណារុស្ស៊ី​មិនដកទ័ពចេញឲ្យ​អស់ពីទឹកដីអ៊ុយក្រែន​។

ដំណោះស្រាយ​ដែលផ្តល់ភាពយុត្តិធម៌ដល់អ្នក​រងគ្រោះ​

អង្គការសម្ព័ន្ធមិត្ត​អូតង់ បានថ្លែងអបអរ ដែល​ឃើញក្រុមប្រទេស​អាហ្វ្រិក​ ចូលរួមឈឺឆ្អាល ក្នុងសំណុំរឿងនេះ។ ក៏ប៉ុន្តែអូតង់ បានរំលឹកថា ការចរចាសន្តិភាព ត្រូវតែមានភាពសុច្ចរិត យុត្តិធម៌សម្រាប់អ៊ុយក្រែនដែលជាជនរងគ្រោះ។ ដំណោះស្រាយ​សន្តិភាព ត្រូវតែមានភ្ជាប់ជាអាទិភាព នូវ​ការទទួលស្គាល់កំហុសរបស់រុស្ស៊ី​ដែលជាអ្នកលើកទ័ពចូលទៅធ្វើសង្គ្រាម ឈ្លានពានប្រទេសឯករាជ្យ។

សម្រាប់ពេលនេះ កាលៈទេសៈគឺមិនមែនជាពេលចរចានោះទេ។ កាលៈទេសៈពេលនេះ គឺអ៊ុយក្រែនកំពុងតែបើកការវាយ​ប្រយុទ្ធទ្រង់ទ្រាយ​ធំ ដណ្តើមទឹកដីរបស់ខ្លួនមកវិញ។ សម្រាប់អ៊ុយក្រែន ក៏ដូចជាក្រុមប្រទេសលោកខាងលិច គឺទាល់តែអ៊ុយក្រែន មានប្រៀបលើរុស្ស៊ីសិន​ ទើបដល់ពេលចូលតុចរចា។ បើចរចា ពេលនេះ គឺមិនខុសពី​កាត់ដីអ៊ុយក្រែន ដែល​រុស្ស៊ី​គ្រប់គ្រងបច្ចុប្បន្ននេះ ឲ្យទៅរុស្ស៊ីនោះទេ។ ហើយថ្ងៃមុខ រុស្ស៊ីនឹងទន្រ្ទានចូលថែមទៀតជាក់ជាមិនខាន គ្មានថ្ងៃឆ្អែតនោះទេ។

 

រូបភាពប្រគល់​ឲ្យ​ដោយ​ Agency RIA Novosti៖ លោកប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសុន្ទរកថា នៅ​ St. Petersburg International Economic Forum  ក្រុងសាំងប៉េតេសបួរ ថ្ងៃទី១៦មិថុនា ២០២៣
រូបភាពប្រគល់​ឲ្យ​ដោយ​ Agency RIA Novosti៖ លោកប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសុន្ទរកថា នៅ​ St. Petersburg International Economic Forum ក្រុងសាំងប៉េតេសបួរ ថ្ងៃទី១៦មិថុនា ២០២៣ © AP - Ramil Sitdikov

 

រុស្ស៊ី​គ្មានភាពស្មោះត្រង់​?

មួយវិញទៀត គឺគ្មាននរណាជឿទុកចិត្ត លើចេតនាស្មោះត្រង់របស់រុស្ស៊ី ថាចង់ចរចាមែននោះទេ នាពេលនេះ​ ទោះបីជា​លោកពូទីន យល់ព្រមទទួលជួប​គណប្រតិភូអាហ្វ្រិក​នៅសាំងប៉េតេសបួរក៏ដោយ​។ ជាក់ស្តែង ក្នុងពេល​ដែល​គណៈប្រតិភូអាហ្វ្រិក​កំពុងស្ថិតនៅ​ទីក្រុងកៀវ រុស្ស៊ីបានបាញ់​មីស៊ីល​ចំនួន​១២គ្រាប់សំដៅមកទីក្រុងកៀវ។ លោកឌីមីទ្រី គូឡេបា ​ប្រមុខការទូតអ៊ុយក្រែនបាន​លើកឡើងថា មីស៊ីលទាំងនេះ គឺជាសារប្រាប់ទៅមេដឹកនាំប្រទេសអាហ្វ្រិករួចទៅហើយ ថារុស្ស៊ី ចង់ធ្វើសង្គ្រាម រុស្ស៊ីគ្មានចង់បានសន្តិភាពអ្វីទេ។ ដូចគ្នាដែរ លោក Peter Stano អ្នកនាំពាក្យ​ប្រមុខការទូត​អឺរ៉ុប បាន​លើកឡើងថា ឃើញមីស៊ីលរុស្ស៊ីធ្លាក់នៅទីក្រុងកៀវក្នុងពេល​គណៈប្រតិភូអាហ្វ្រិកទៅដល់នេះ គឺវាបញ្ជាក់យ៉ាងច្បាស់ អំពីភាពសុចរិតស្មោះត្រង់របស់លោកពូទីន ដែលគ្មានសូម្បីប៉ុនសសៃសក់។

នៅក្នុងកម្មវិធី វេទិកាសេដ្ឋកិច្ច​មួយ​នៅសាំងប៉េតេសបួរ កាលពីថ្ងៃសុក្រម្សិលមិញ លោកពូទីន បាន​អះអាងថា ប្រតិបត្តិការ​វាយ​បករបស់អ៊ុយក្រែន នឹងបរាជ័យ ហើយ​មិនយូរមិនឆាប់ទេ ក្រុមប្រទេសលោកខាងលិច នឹងត្រូវ​តែគ្មានជំរើសអ្វីផ្សេង ក្រៅតែពី​ មកអង្វរលន់តួរុស្ស៊ីឲ្យព្រមចរចានោះទេ។ លោកពូទីនអះអាងថា ដល់ពេលនោះ​ រុស្ស៊ីគឺជាអ្នកដាក់លក្ខខណ្ឌ ជាអ្នកសន្មត់ថាពេលណាត្រូវចរចា ហើយ​និយាយអំពីចំណុចអ្វីខ្លះ​​។

សម្តីនេះ គឺមានន័យថា រុស្ស៊ីគ្មានចេតនាដកថយទេ ក្នុងពេលនេះ។ ហើយ​កាលពីថ្ងៃសុក្រដែរ រុស្ស៊ីបានបញ្ជូន​អាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ទៅកាន់​បែលឡារុស ដើម្បីដាក់ត្រៀមកំញើញអ៊ុយក្រែន និង​អឺរ៉ុបទាំងមូល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញ លោកពូទីន ហាក់​ដូច​ជា​មាន​ទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង ថានឹង​ឈ្នះ​សង្គ្រាម។ ទំនុកចិត្តនេះ នឹងមិន​ធ្វើ​ឲ្យ​រុស្ស៊ី សុខចិត្តចរចា​ងាយ​ៗឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ