អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ប៊ែរឡាំង ខណៈអាល្លឺម៉ង់ប្រកាន់ជំហរ កាន់តែរិះគន់មកលើចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹកថ្ងៃចន្ទ ទី​១៩មិថុនានេះ លោក​ លី ឈាំង នាយករដ្ឋមន្ត្រីចិន បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីជួប​ប្រជុំជាមួយ​តំណាងរដ្ឋាភិបាលអាល្លឺម៉ង់។ បើទោះបី ចិន និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ទៅវិញទៅមក តែទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ កាន់តែល្អក់កករ មួយរយៈចុងក្រោយនេះ។ ជាក់ស្តែង​ កាលពីចុងសប្តាហ៍​កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយ​នូវ​ឯកសារ​យុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែល​ក្នុងឯកសារនេះ អាល្លឺម៉ង់បានចាត់ទុកចិនថាគឺជាប្រទេសដែរធ្វើសកម្មាភាពប្រឆាំង​នឹងផលប្រយោជន៍​ជាតិអាល្លឺម៉ង់។

លោក​ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ឈរមើលលោក​នាយករដ្ឋមន្ត្រី​ចិន Li Qiang ដែលកំពុងចុះហត្ថលេខាលើសៀវភៅមាស នៅវិមាន​Bellevue ទីក្រុងប៊ែរឡាំង ថ្ងៃទី​១៩ មិថុនា ២០២៣
លោក​ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ឈរមើលលោក​នាយករដ្ឋមន្ត្រី​ចិន Li Qiang ដែលកំពុងចុះហត្ថលេខាលើសៀវភៅមាស នៅវិមាន​Bellevue ទីក្រុងប៊ែរឡាំង ថ្ងៃទី​១៩ មិថុនា ២០២៣ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

លោកលី ឈាំង បានមកដល់ទីក្រុងប៊ែរឡាំង នៅព្រឹកថ្ងៃចន្ទទី​១៩មិថុនា​ ហើយបានចូលទៅជួប​លោក​ Frank-Walter Steinmeier ប្រមុខរដ្ឋអាល្លឺម៉ង់។ តាមការគ្រោងទុក គឺនៅព្រឹកថ្ងៃអង្គារ ដែល​លោកនាយករដ្ឋមន្ត្រីចិន នឹងជួបជាមួយ​លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍។ ជាកិច្ចប្រជុំទ្វេរភាគី ដែលគេតែងធ្វើជារៀងរាល់ឆ្នាំ ព្រោះថាប្រទេសទាំង២នេះ មួយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកផង និង​នៅអាស៊ីផង ហើយ​មួយទៀត ជាមហាអំណាចសេដ្ឋកិ​ច្ច​ធំជាង​គេ​នៅអឺរ៉ុប​។

ចិនជាមហាអំណាច ដែលធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍​អាល្លឺម៉ង់

​ទំនាក់ទំនងរវាងចិន និងអាល្លឺម៉ង់ ក្នុងអំឡុងពេលនេះ ហាក់ចាប់​ផ្តើមល្អក់កករខ្លាំង។ កាលពីថ្ងៃទី ១៤ មិថុនា រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយឯកសារស្តី​ពី​ យុទ្ធសាស្ត្រសន្តិសុខជាតិអាល្លឺម៉ង់។ នៅក្នុងឯកសារនេះ អាល្លឺម៉ង់បានលើកឡើងថា ចិនគឺជាដៃគូសេដ្ឋកិច្ច​ដ៏សំខាន់មែនហើយ តែចិនក៏ជាមហាមអំណាចមួយ ដែលធ្វើសកម្មភាព ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ និងតម្លៃរបស់​​​អាល្លឺម៉ង់ដែរ។ អាល្លឺម៉ង់យល់ឃើញថា ដោយ​សារតែសកម្មភាព​របស់ចិន គឺវា​បាន​ធ្វើឲ្យ​ ស្ថិរភាពតំបន់ ព្រមទាំងសន្តិសុខអន្តរជាតិ កាន់តែ​ទទួលរងសំពាធ ហើយ​សិទ្ធិមនុស្ស​វិញ លែងត្រូវគេគោរព។​

តែយ៉ាងណា នៅក្នុងពេលធ្វើសន្និសីទកាសែត បង្ហាញឯកសារនេះ លោក​អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បាន​លើកឡើងថា ទោះជាយ៉ាងណា អាល្លឺម៉ង់ មិនត្រូវទៅរារាំង ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​​របស់ចិននោះទេ។ លោក​អូឡាហ្វ ស្លុលស៍ បានទទួលស្គាល់ថា នៅក្នុងសហគមន៍អន្តរជាតិ ចិនក៏មានតួនាទីសំខាន់ណាស់ដែរ ដែលត្រូវតែមានវត្តមានចូលរួម ជាក់ស្តែង នៅក្នុង​សំណុំរឿងវិបត្តិអាកាសធាតុ។ តែទន្ទឹមគ្នានេះ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ រំលឹកថា អាល្លឺម៉ង់ មិនត្រូវភ្លេចខ្លួនឡើយ គឺត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាម​មកលើសន្តិសុខជាតិ​របស់​អាល្លឺម៉ង់។

លោកវ៉ាង វេនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយប្រាប់អ្នកកាសែតថា ចិនមិនយល់ស្របនូវអ្វីដែល​ភាគីអាល្លឺម៉ង់ បាន​លើកឡើងនេះទេ។ សម្រាប់ចិន ការ​គិតថាប្រទេសម្ខាងទៀត គឺជាគូប្រជែង គូប្រកួត ល្បងកម្លាំងគ្នាបែបនេះ គឺវាមិនមែនជារឿងត្រឹមត្រូវទេ នៅក្នុង​ការស្ថាបនាទំនាក់ទំនងអន្តរជាតិ​។ លោក​បន្តថា ការយល់ឃើញបែបនេះ ដែល​យក​ទំនាក់ទំនង សហប្រតិបត្តិការ​​សាមញ្ញធម្មតា រុញប្រែទៅជាគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខជាតិ គឺវានឹងធ្វើ​ឲ្យ​ពិភពលោកកាន់តែខិតចូលទៅក្នុងភាពពុះកញ្ជ្រោល បែកបាក់គ្នា ប្រឈមមុខដាក់គ្នា​ទៅវិញទេ។

ភ្លឺភ្នែក ក្រោយឃើញគ្រោះថ្នាក់

ពីមុនមក អាល្លឺម៉ង់ធ្លាប់​បានការពារទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ​ដ៏ល្អជាមួយចិន បើទោះជារងការរិះគន់ខ្លះពី​ប្រទេសផ្សេងទៀត ថាអាល្លឺម៉ង់ទន់ជ្រាយ​ជាមួយចិនក៏ដោយ។ កាលពីក្នុងអាណត្តិ​លោកស្រី​ អង់ហ្កេឡា មែរកិល អាល្លឺម៉ង់ព្យាយាម​យកចិត្តចិនច្រើនណាស់ ព្រោះ​សេដកិច្ចអាល្លឺម៉ង់ពឹងផ្អែកលើចិនច្រើន មិនថាជាវត្ថុធាតុដើមនាំចូលពីចិន ព្រមទាំងទំនិញអាល្លឺម៉ង់ ដូចជារថយន្តជាដើម ដែលអាល្លឺម៉ង់នាំចេញទៅលក់នៅចិន​។ ​ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាល្លឺម៉ង់។ ក៏ប៉ុន្តែភាពល្អូកល្អឺននេះ បានចុះខ្សោយ​ខ្លាំង ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ អាល្លឺម៉ង់ បានភ្លឺភ្នែក បន្ទាប់ពីបានឃើញថា សេដ្ឋកិច្ចខ្លួនប្រឈមគ្រោះថា្នក់​ប៉ុណ្ណា នៅពេលពឹងលើចិនខ្លាំងជ្រុលពេក។ ចិន ចង់បិទ ចង់បើក ចង់បន្ធូរចង់បន្តឹងក៏ស្រេចតែចិន ចំណែកអាល្លឺម៉ង់បានត្រឹមតែរងចាំ និងទទួលផលវិបាក​។

ចំណុចមួយទៀត ដែលធ្វើ​ឲ្យ​អាល្លឺម៉ង់អន់ចិត្តនឹងចិន គឺទាក់ទិននឹងបញ្ហាសង្គ្រាម​នៅអ៊ុយក្រែន។ ចិន​មិនបានថ្កោលទោស​រុស្ស៊ីទេ ផ្ទុយទៅវិញ​គឺកាន់បង្ហាញភាពស្និទ្ធស្នាលជួយ​រុស្ស៊ី​កុំឲ្យ​ពិបាក​ដោយសារទណ្ឌកម្មសេដ្ឋកិច្ច​លោកខាងលិច។ សំណុំរឿងកោះតៃវ៉ាន់ ព្រមទាំងបញ្ហារំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ​តំបន់ស៊ីនជាំង ក៏ជាផ្នែកមួយដែលធ្វើ​ឲ្យអាល្លឺម៉ង់ កាន់តែ​មិនសប្បាយ​ចិត្តនឹងចិនដែរ។ ត្រង់ចំណុចនេះហើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ យល់ថា តម្លៃប្រជាធិបតេយ្យសេរី និងច្បាប់អន្តរជាតិជាគោល ដែលអាល្លឺម៉ង់លើកទូលការពារនោះ គឺចិន​គ្មានខ្វល់សូម្បី​ប៉ុនក្រចក​។

កន្លងមក​ អាល្លឺម៉ង់ក៏ពឹងផ្អែកខ្លាំងលើរុស្ស៊ីដែរ គឺការទិញថាមពល​​ឧស្ម័ន​ពីរុស្ស៊ីក្នុងទំហំដ៏ច្រើនសន្ធឹក ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម​។ កត្តាទាំងអស់នេះ បាន​ធ្វើឲ្យ​អាល្លឺម៉ង់ត្រូវសញ្ជឹងគិត ឲ្យ​បាន​ស៊ីជម្រៅ ដើម្បីរៀបចំយុទ្ធសាសាស្ត្រ​​ការពារសេដ្ឋកិច្ច និងសន្តិសុខជាតិខ្លួន​ កុំឲ្យពឹងលើអ្នកណាខ្លាំងពេក មិនថាចិន ឬរុស្ស៊ី។ អំណេះតទៅ អាទិភាព​របស់អាល្លឺម៉ង់ គឺធ្វើយ៉ាងណាពង្រីកបណ្តាញផ្គត់ផ្គង់ឲ្យ​បានច្រើន។ ពោលគឺដៃគូសេដ្ឋកិច្ចត្រូវតែមានច្រើន និងមានទំងន់ប្រហាក់ប្រហែលគ្នា មិនត្រូវពឹងលើភាគីមួយដែលធំជ្រុលហួស សង្កត់គេឯងពេកនោះទេ។

ចិនត្រូវការ​អាល្លឺម៉ង់ ដូចអាល្លឺម៉ង់ត្រូវការចិន​

ទោះជាយ៉ាងណា មហាអំណាចទាំង២នេះ មាន​ផលប្រយោជន៍ហុចឲ្យ​គ្នាទៅវិញទៅមក។ អាល្លឺម៉ង់ជាមហាមអំណាចដ៏ធំជាងគេនៅអឺរ៉ុប ពោលគឺសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចចិន​។ សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះ មិនទាន់ងើបល្អប្រសើរនៅឡើយទេ បន្ទាប់ពីបានឆ្លងកាត់វិបត្តិកូវីដ​១៩ ៣ឆ្នាំជាប់គ្នា។ លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង មានភារៈកិច្ចធំបំផុត គឺផ្តល់សន្ទុះដល់សេដ្ឋកិច្ចចិន ដែលការនេះ គឺត្រូវតែឆ្លងកាត់ការពង្រឹងសហប្រតិបត្តិការជាមួយ​មហាអំណាចសេដ្ឋកិច្ចដ៏ធំនៅអឺរ៉ុប គឺអាល្លឺម៉ង់នេះឯង។ នេះបើ​ផ្អែកតាមពន្យល់ របស់​លោក Ian Johnson អ្នកជំនាញចិននៅ Council on Foreign Relations។

ដូចគ្នាដែរ លោក Thorsten Brenner អ្នកវិភាគនៅ​វិទ្យាស្ថាននយោបាយ​សាធារណៈសកល GPPI បាន​ពន្យល់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរ​វាងចិននិងអាមេរិក ល្អក់ខ្វល់ខ្លាំងណាស់ ទាំងផ្នែកការទូត ទាំងផ្នែកសេដ្ឋកិច្ច។ ដូច្នេះ ចិនត្រូវរកបង្អែកមួយឲ្យ​មាំ បង្ហាញថាអត់អាមេរិក ក៏ខ្លួនមិនស្លាប់ដែរ។ ពោលគឺចិន អាច​នៅមានទំនាក់ទំនងល្អជាមួយ​អឺរ៉ុប ជាពិសេសគឺជាមួយអាល្លឺម៉ង់ ដែលជា​មហាអំណាចសេដ្ឋកិច្ច​ និងជាកម្លាំងក្បាលម៉ាស៊ីនរបស់អឺរ៉ុប។ ដូច្នេះ អ្វីៗគឺវាអាស្រ័យលើគោលជំហររបស់អាល្លឺម៉ង់ដែរ ថាចង់បន្តទន់ជ្រាយ ញញឹមថ្នមចិត្ត​​ចិន ដើម្បីផល​ប្រយោជន៍​សេដ្ឋកិច្ច​តទៅទៀត ឬមួយក៏ចាប់ផ្តើម​រឹងរូស និយាយរិះគន់ចិនចំៗ ត្រង់ចំណុចណាដែលត្រូវតែរិះគន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ