អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេសក្លឹបប៉ារីស​ បើកការប្រជុំរកដំណោះស្រាយ​ ស្តីពីវិបត្តិបំណុលរបស់​ប្រទេសក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍ទី​២២មិថុនា នៅទីក្រុងប៉ារីស នឹងមាន​ការបើកជំនួបកំពូលអន្តរជាតិ​មួយ ស្តីអំពី​ការកាតិកាសញ្ញាហិរញ្ញវត្ថុថ្មី ដើម្បីជួយប្រទេសមានសេដ្ឋកិច្ច​ទន់ខ្សោយ​ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ ហើយនៅថ្ងៃពុធនេះដែរ ក្រុមប្រទេសសមាជិកក្លឹបប៉ារីស ដែលផ្តួចផ្តើមឡើងដោយ​បារាំង នឹងជួបប្រជុំគ្នា ដើម្បី​និយាយអំពីដំណោះស្រាយ​បន្ទាន់ ក្នុងការជួយប្រទេសដែលមានបំណុល​វ័ណ្ឌ​ក។ បញ្ហាបំណុលធ្ងន់ក្រៃ គឺជាឧបសគ្គដ៏ធំ ដែលរារាំង ប្រទេសដែលមានសេដ្ឋកិច្ច​ទន់ខ្សោយ​ មិនអាចមានលទ្ធភាព​គ្រប់គ្រាន់ ដោះស្រាយ​វិបត្តិអាកាសធាតុ។

អ្នកលក់​បន្លែម្នាក់ កាន់​ក្រដាសប្រាក់​នៅនឹងដៃ ក្នុងផ្សារមួយ​ក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា ថ្ងៃទី១ មិថុនា ២០២៣​
អ្នកលក់​បន្លែម្នាក់ កាន់​ក្រដាសប្រាក់​នៅនឹងដៃ ក្នុងផ្សារមួយ​ក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា ថ្ងៃទី១ មិថុនា ២០២៣​ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍របស់ កម្មវិធីសហប្រជាជាតិដើម្បីការអភិវឌ្ឍន៍ ដែលយើងហៅកាត់ថា UNDP ចេញផ្សាយ​កាល់ពីខែ​កុម្ភៈ ដើមឆ្នាំ​នេះ គឺមានប្រទេសចំនួន ៥២ប្រទេស ដែលជាប់ជំពាក់​បំណុលគេច្រើនក្រៃ។ ក្នុងចំណោម​នេះ មានប្រទេសមួយចំនួន ដែល​បំណុល​វ័ណ្ឌកខ្លាំងតែម្តង គឺ មានដូចជា អេត្យូពី ហ្កាណា ប៉ាគីស្ថាន ស្រីលង្កា ទុយណេស៊ី និង​ហ្សំប៊ី ជាដើម ដែលប្រឈមខ្លាំងបំផុត ឬកំពុងតែស្ថិតនៅក្នុង​ដំណាក់កាល​ គ្មានប្រាក់សងបំណុល​គេ​។ យោងតាមរបាយការណ៍​នេះ យ៉ាងហោច​ណាស់ ប្រទេសពាក់​កណ្តាល​ក្នុងចំណោម​៥២ប្រទេសនេះ ដែល​ត្រូវដក​ចំណែក​​២០% នៃថវិការដ្ឋប្រចាំឆ្នាំ ដើម្បី​យកទៅចំណាយ​ សងការប្រាក់​គេ។

បើប្រៀបធៀបទៅទំហំ ចំណូលដុលក្នុងស្រុក PIB ប្រទេសដែល​ជាប់បំណុលច្រើនជាងគេក្នុងឆ្នាំ​២០២១ គឺមាន ដូចជា វ៉េណស៊ុយអេឡាមានបំណុល ​២៤០,៥%នៃចំណូលដុល ប្រទេស៊ូដង់ មានបំណុល ១៨១,៩%នៃចំណូលដុល ប្រទេស អេរីត្រេ មានបំណុល ១៧៦,២%នៃចំណូលដុល ប្រទេសលីបង់ មានបំណុល​១៥០,៥%នៃចំណូលដុល ប្រទេសកាប់វែរ មានបំណុល ១៤២,៣%នៃចំណូលដុល ស៊ូរីណាម មានបំណុល ១២៥,៧%នៃចំណូលដុល ប្រទេសម៉ាល់ឌីវ មានបំណុល ១២៤,៨% នៃចំណូលដុល។ តួលេខទាំងនេះ គឺផ្អែកទៅលើរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

បំណុលសរុប ៩០០០ពាន់​លានដុល្លារ​

គិតត្រឹមឆ្នាំ​២០២១ ទំហំបំណុលសាធារណៈនៃប្រទេសក្រីក្រ និង​ប្រទេសកំពុងអភិវឌ្ឍន៍ សរុបចូលគ្នាទាំងអស់ គឺស្មើនឹង ៩០០០ ពាន់​លានដុល្លារ។​ ទំហំទឹកប្រាក់​នេះបាន​កើនឡើងមួយទ្វេរជាពីរ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។ ទាំងនេះ គឺជាតួលេខ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពី​បំណុលអន្តរជាតិ របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពីខែ​ធ្នូ។ មានន័យថា ​ចាប់ពី​ឆ្នាំ​២០២២មក  គឺ​វាច្បាស់ណាស់ ថា​ទំហំបំណុលរបស់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ពិតជាបាន​កើនឡើងខ្លាំងថែមទៀត។

យោងតាមធនាគារពិភពលោក បើនិយាយពីទំហំទឹកប្រាក់​បំណុលតែម្តង នៅឆ្នាំ២០២១ ប្រទេសអាហ្សង់ទីនជាប់បំណុលច្រើនជាងគេ ក្នុងទំហំ ១១៤,៨ពាន់លានដុល្លារ​ ប៉ាគីស្ថានជំពាក់គេ​ ជាង​៩៤ពាន់លានដុល្លារ អង់ហ្គោឡាជាប់បំណុលគេ ជិត​៤៧ពាន់​លានដុល្លារ អុយក្រែន មានបំណុលជាង ៤៤ពាន់លានដុល្លារ អេក្វាទ័រជំពាក់គេ ជិង៣៩ពាន់លានដុល្លារ។

វិបត្តិកូវីដ១៩ ក្រោយ​មកបន្ថែមជាមួយវិបត្តិសង្គ្រាម​នៅអ៊ុយក្រែន បានធ្វើឲ្យសេដ្ឋកិច្ច​ពិភពលោក​លំបាកលំបិន​ខ្លាំងណាស់ ជាពិសេសសម្រាប់ប្រទេសក្រីក្រ​។ មានមូលហេតុ និងកត្តាជាច្រើនដែលគួបផ្សំ ធ្វើ​ឲ្យ​ប្រទេសក្រីក្រ ជាប់បំណុល​កាន់តែច្រើនដោះមិនរួច។ តម្លៃរូបិយបណ្ណក្នុងស្រុកបានធ្លាក់ចុះ​ជាបន្តបន្ទាប់ ក្នុងរវាង​១០ឆ្នាំចុងក្រោយនេះ ផ្ទុយទៅវិញ បំណុលគឺគិតជាប្រាក់ដុល្លារ​។ អត្រាការប្រាក់ក៏ចេះតែកើន ទំនិញឡើងថ្លៃ ទាំងទំនិញថាមពល ស្បៀងចំណីអាហារ និងជីកសិកម្ម​ជាតិ​។ ទាំងអស់នេះ គឺវាមកគួបផ្សំគ្នា ធ្វើ​ឲ្យ​សាច់ប្រាក់​បំរុងរបស់ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែខ្សត់ទៅៗ។

ចិន និង​ម្ចាស់បំណុលឯកជន

ពីដំបូងឡើយ​ ជាការពិតមែនដែលថា ប្រទេសដែលមានសេដ្ឋកិច្ចធំៗគឺជាប្រទេសម្ចាស់បំណុល។ ហេតុដូច្នេះហើយ បាន​ជាបារាំងបានផ្តួចផ្តើមបង្កើត Club de Paris នៅឆ្នាំ​១៩៥៦ ដើម្បីប្រមូលផ្តុំប្រទេសម្ចាស់បំណុលធំៗទាំងអស់ ដែលមានចំនួន​២២ប្រទេស។ ក្នុងចំណោមនេះ មានដូចជា បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។ ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិធំៗទាំង២ ដែលយើងស្គាល់ច្បាស់ គឺមូលនិធិរូបិយវត្ថុអន្តរជាតិ និង​ធនាគារពិភពលោក ក៏គឺជាម្ចាស់បំណុលធំដែរ។

ក៏ប៉ុន្តែ ស្ថានការណ៍​បានប្រែប្រួលច្រើនណាស់ រវាង​៣០ ៤០ឆ្នាំចុងក្រោយ​នេះ ដោយ​មានតួអង្គម្ចាស់បំណុល​ជាច្រើនផ្សេងទៀត បានលេចមុខដែរ គឺ​ក្រុមម្ចាស់បំណុលឯកជន។ ម្ចាស់បំណុលឯកជននេះ គឺជាបណ្តាធនាគារឯកជន និងមូលនិធិវិនិយោគទុនផ្សេងៗ។ ក្រុមនេះ គេបានបង្កើតក្រុមនៅរវាងពាក់កណ្តាល​ទសវត្សឆ្នាំ​៧០ ដែលគេហៅឈ្មោះថាក្លឹបទីក្រុងឡុងដ៍។ ហើយក្រោយ​មកទៀត មានប្រទេសថ្មីបានលេចមុខ ក្លាយជាម្ចាស់បំណុលយ៉ាងលឿនរហ័ស តួយ៉ាង ចិន ឥណ្ឌា និង​បណ្តាប្រទេសមហាសេដ្ឋីប្រេងនៅតំបន់អារ៉ាប់ជាដើម។ បច្ចុប្បន្ននេះ ប្រទេសដែលជាម្ចាស់បំណុលធំជាងគេនៅអាហ្វ្រិក គឺចិន។

សើរើផែនការសងបំណុល ឬលុបចោលបំណុលខ្លះ

ប្រទេស​ដែលមានបំណុលវ័ណ្ឌក ហើយ​មិនអាចសងការប្រាក់គេបាន គឺអាចប្រឈមនឹង​ឧបសគ្គជាច្រើន ជាក់ស្តែងគឺត្រូវគេរារាំង មិនឲ្យទទួលបាន​ប្រាក់កំចីផ្សេងទៀត យកទៅចំណាយចាយវាយក្នុងស្រុក។ ជាក់ស្តែងកន្លងងមក​ដូចយើងបានឃើញហើយ ជាមួយករណីប្រទេសស្រីលង្កា ដែលរដ្ឋក្ស័យធនគ្មានប្រាក់​ក្នុង​ហោប៉ាវសោះតែម្តង។ ដូច្នេះដើម្បី​អាចឲ្យ​ប្រទេសទាំងនោះ អាចបន្តទទួលបានប្រាក់កម្ចីឥណ្ឌទាន យកទៅបង្វិលដោះស្រាយបញ្ហាបាន គឺទាល់តែចរចា ជាមួយម្ចាស់បំណុល ដើម្បីរៀបចំសើរើផែនការសងបំណុល។ ករណីរបៀបនេះ គឺវាតែងតែមានភ្ជាប់មកជាមួយ នូវការដាក់កំហិតផ្សេងៗ ឲ្យ​ប្រទេសកូនបំណុលត្រូវសន្យានឹងសន្សំសំចៃ កាត់បន្ថយការចំណាយដែល​មិនចាប់ជាប់ជាដើម។

កាលពី​អំឡុងពេល​វិបត្តិកូវីដ​១៩ ក្រុមប្រទេស​ក្លឹបប៉ារីស រួមជាមួយ G20 បានព្រមព្រៀងគ្នា ផ្អាកមិនយក​ការប្រាក់មួយរយៈសិន ពីប្រទេសក្រីក្រដែលជាប់បំណុលច្រើនខ្លាំង​។ ហើយទន្ទឹមគ្នានេះ ក្រុមប្រទេសក្លឹបប៉ារីស បាន​សន្មត់ថា នឹងរៀបចំក្របខណ្ឌរួមមួយ ទៅថ្ងៃអនាគត សំដៅ​សើរើបំណុល ឬក៏អាចលុបចោលបំណុលខ្លះតែម្តង ដើម្បីជួយ​ប្រទេសដែលជួបការពិបាកខ្លាំង។ តែចំណុចនេះ ត្រូវបានចិនរារាំងខ្លាំងណាស់ កន្លកមក ព្រោះចិនមិនសុខចិត្តលុបបំណុល​ដែលគេជំពាក់ខ្លួនទេ។

ហេតុដូច្នេះហើយ បានជាក្លឹបប៉ារីសបើកការប្រជុំនៅថ្ងៃពុធនេះ ដោយ​បានបញ្ជើញ​ចិន និងតំណាងម្ចាស់បំណុលឯកជនទាំងអស់មកចូលរូមដែរ ដើម្បីនិយាយគ្នារកដំណោះស្រាយ ជួយ​កូនៗបំណុល។ យោងតាមព័ត៌មានចុងក្រោយ​ពីលោក Emmanuel Moulin ប្រធានក្លឹបប៉ារីស គឺក្រុមម្ចាស់បំណុលទាំងអស់ បានព្រមព្រៀងគ្នានៅព្រឹកថ្ងៃពុធនេះ ថានឹង​សន្យាដោះស្រាយ ​ឆ្លើយតប ក្នុងរវាង​៦ខែ ក្រោយការដាក់ពាក្យសុំរបស់ប្រទេសណាមួយ ដែលចង់​សើរើ​ផែនការសងបំណុល។ សំណុំរឿងបន្ទាន់ បច្ចុប្បន្ន មានពាក់ព័ន្ធនឹងប្រទេស៣ ដែលធ្ងន់កខ្លាំងតែម្តង គឺហ្សំប៊ី ហ្កាណា និង​អេត្យូពី។

បំណុល ជះផលអាក្រក់ទៅលើការដោះស្រាយទប់ទល់​វិបត្តិ​អាកាសធាតុ

កិច្ចប្រជុំក្រុមប្រទេស​​​ក្លឹបប៉ារីសដែល​កំពុងធ្វើឡើងនេះ​ គឺមួយថ្ងៃមុននឹងមានជំនួបកំពូលអន្តរជាតិ នៅទីក្រុងប៉ារីសដែរ ស្តីអំពីផែនការ​ហិរញ្ញវត្ថុ​ថ្មីសម្រាប់ពិភពលោក ដើម្បីដោះស្រាយ​វិបតិ្តអាកាសធាតុ។ និយាយអោយ​ងាយស្តាប់ សួរថាបើយើងជំពាក់បំណុលគេវ័ណ្ឌក គ្មានប្រាក់ចំណាយ​លើសេវាសាធារណៈ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលផង តើឲ្យមានប្រាក់ឯណា ទៅគិតរឿងអាកាសធាតុ មេឃក្តៅមេឃត្រជាក់? វាជាការគិត​ ឲ្យតែរួចមួយពេល ដែលយើងអាចយល់បាន។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ វិបត្តិអាកាសធាតុ គ្រោះធម្មជាតិទាំងឡាយទាំងពួង វានឹងធ្វើបានជីវភាពសេដ្ឋកិច្ច ធ្វើឲ្យ​ប្រទេសនោះកាន់តែក្រីក្រ​ កាន់តែពិបាករកប្រាក់​មកសងបំណុលគេថែមទៀត។

លោកស្រី ​Clemence Landers អ្នកជំនាញម្នាក់ នៅ​មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សកល បានពន្យល់ថា ប្រទេសដែលជាប់បំណុលគេច្រើន មិនអាចមានលទ្ធភាព​ ចំណាយ​ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីទប់ទល់ជាមួយ​វិបត្តិអាកាសធាតុនោះទេ។ ដូច្នេះវាជារឿងចាំបាច់ ដែលត្រូវតែ​ជួយ​សម្រួល ​ប្រទេសក្រីក្រ ដែលជាប់បំណុលច្រើន ប្រសិនបើចងជួយប្រទេសទាំងនោះ ក្នុងការទប់ទល់​នឹង​វិបត្តិ​អាកាសធាតុ។

យោងតាមតួលេខគុណគូរពីក្រុមអ្នកជំនាញ គឺគេត្រូវការប្រាក់ ចំនួនចន្លោះពី ២០០០ ទៅ ៣០០០​ពាន់​លានដុល្លារ ពីនេះដល់ឆ្នាំ​២០៣០ ដើម្បីវិនិយោគ​ទប់ទល់វិបត្តិអាកាសធាតុ នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយ​មិនរាប់ចិនចូល។ បញ្ហា​ទឹកប្រាក់វិនិយោគ និងការប្រមូល​​ប្រាក់ សងសំណងខូចខាតជូនប្រទេសក្រីក្រ ដែលរងគ្រោះដោយ​វិបត្តិអាកាសធាតុ វា​គឺជាកម្មវត្ថុធំនៃជំនួបកំពូលអន្តរជាតិចាប់ពីថ្ងៃស្អែកនេះទៅ។ ជំនួបកំពូលនេះ ផ្តួចផ្តើមដោយ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​លោកចង់​បង្កើត “កតិកាសញ្ញាហិរញ្ញវត្ថុថ្មីសម្រាប់ពិភពលោក” ដើម្បីឈានទៅរួមគ្នាដោះស្រាយវិបត្តិអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ