អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោកថ្មី មាន​កម្មវត្ថុ​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​ឱ្យ​មនុស្សជាតិ​ភាគច្រើន​អាច​តតាំង​នឹង​វិបត្តិ​អាកាសធាតុ និង​ដើរ​ចេញ​ពីភាព​ក្រីក្រ​ គេ​ត្រូវ​ការ​លុយ​ច្រើន​ពាន់លាន​ដុល្លារ​ណាស់។ ហេតុ​ដូច្នេះហើយបានជា​នៅ​ក្នុង​សុន្ទរកថា​បើក​ជំនួបកំពូល​ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោក​ថ្មី ដែលមាន​ ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ជាង​៤០ប្រទេស​បាន​មក​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​ប៉ារីស លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាង​ថា​លុយមាន​ច្រើន តែប្រើ​​មិនចំ​​នឹង​តម្រូវ​ការ​របស់​ផែនដីសម័យ​ថ្មី ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន ​លែង​ត្រូវ​នឹង​កម្មវត្ថុ​នាពេល​បច្ចុប្បន្ន ដូច្នេះ​ពិភពលោក​ត្រូវ​តែ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ ​​​តម្រែតម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ឱ្យ​បាន​ប្រសើរឡើង។

ប្រធានាធិបតី​បារាំង​ថ្លែងបើក​ជំនួប​កំពូល​ស្តីពី​ប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោកថ្មី
ប្រធានាធិបតី​បារាំង​ថ្លែងបើក​ជំនួប​កំពូល​ស្តីពី​ប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោកថ្មី via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​​​រៀប​ចំឡើង​ ដោយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង តាំងពី​ខែ​វិច្ឆិកា២០២២ ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយលោក Mia Mottley ​នាយករដ្ឋមន្ត្រី​កូន​កោះ​តូច​មួយ​ក្នុង​តំបន់​ការ៉ាអ៊ីប។ ប្រមុខ​ដឹកនាំ​ប្រទេស​កូន​កោះ​ដ៏​​គួរ​ឱ្យ​ចូល​ចិត្ត​នោះ​​ មាន​ផែនការ​ហិរញ្ញវត្ថុ​ដែល​លោក​សិក្សា​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ ប្រកប​ដោយ​មហិច្ឆតា​បំផុត គឺ​ចង់​ឱ្យប្រទេស​ងាយ​រងគ្រោះធម្មជាតិ​អាច​មាន​លទ្ធភាព​រក​ហិរញ្ញវត្ថុ​មក​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​ឡើង​កម្តៅ។

នរណា​ក៏​យល់​អំពី​ភាព​ចាំបាច់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ តែ​បញ្ហា​នៅ​វិល​វល់​នឹង​រឿង​លុយ និង ​បំណុល​។ គ្មាន​លុយ​ត្រូវ​ទៅ​ខ្ចី​បុល មាន​បុលទៅ​ខ្ចី​មិន​បាន​ គ្មាន​លុយ​មិន​អាច​ធ្វើ​វិនិយោគ​ដើម្បីទប់ទល់​នឹង​បញ្ហា​អាកាសធាតុ ... បើ​តាម​អង្គការ​Oxfam ៩៣%​នៃ​ប្រទេស​ងាយរងគ្រោះ​មហន្តរាយ​អាកាសធាតុ ស្ថិត​ក្នុង​ស្ថានភាព​ជាប់​បំណុលខ្លាំង ខ្លះ​មាន​បំណុលជាន់​​លើ​បំណុល​ទៅ​ទៀត។ ប្រទេស​ទាំងនេះ មិន​អាច​​វិនិយោគក្នុង​​វិស័យ​សេវា​សាធារណៈ​ ឬ​​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ។

កំណែទម្រង់ធនាគារពិភពលោក​និង​មូលនិធិរូបិយវត្ថុ

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកប្រធានាធិបតី​បារាំង​ដែល​ដឹងយ៉ាង​​ច្បាស់​ថា​មិន​អាច​សម្រេច​តែ​ម្នាក់​ឯង ត្រូវ​តែ​រៀ​បចំ​ជំនួប​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ថ្មី​នេះ​ឡើង ដើម្បី​ដោះស្រាយបញ្ហា​​បំណុល ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក ប្រព័ន្ធ​ធនាគាររដ្ឋ​-ឯកជន និង​បង្កើត​​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​។ សម្រាប់​លោក​ម៉ាក្រុង គំរូ​កិច្ចព្រមព្រៀង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចាស់ ​តាំងពី​ឆ្នាំ​១៩៤៤ ដែលជា​ការ​ផ្តល់​​កំណើតដល់​ ធនាគារពិភពលោក ឬ​មូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ មាន​ភារៈ​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​តែ​វា​លែង​ស៊ី​នឹង​ការ​ពិត​ជាក់ស្តែង​និង​ភាព​ចាំបាច់​របស់​ផែនដី​ នា​សតវត្សរ៍​នេះ​ហើយ។ ​ធនាគារ​រដ្ឋ ធនាគារ​អភិវឌ្ឍ ធនាគារ​ពហុជាតិ ធនាគារតំបន់ ធនាគារ​កូនកាត់​ និង​ឯកជន ...ក៏​ត្រូវ​តែ​ប្តូរផ្លាស់មុខ​មាត់​​ដែរ ដោយ​​ត្រូវ​បំរុង​ទុន​​កម្ចី​ឱ្យ​បាន​ច្រើន​ជាង​មុន​លើ​គម្រោង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

នេះ​ហើយ​ជា​កម្មវត្ថុ​ចម្បង​នៃ​ជំនួប​កំពូល ដែល​មាន​ការចូល​រួម​ពី​បណ្តា​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ចំនួន​៣៩ប្រទេស រដ្ឋមន្ត្រី​ និង​ប្រតិភូ ៤៥​ប្រទេស​ ព្រមទាំង​ប្រមុខ​ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ដូច​ជា ធនាគារ​ពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធាន​ធនាគារ​អភិវឌ្ឍ ថៅកែ​ក្រុមហ៊ុន​ប្រេង ព្រមទាំង​លោក​ប្រមុខ​អង្គការ​សហប្រជាជាតិ​ផង។

ពន្ធដឹកជញ្ជូន​តាមផ្លូវ​សមុទ្ទ

​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ស្រាវជ្រាវ រំពឹង​ថា ជំនួប​កំពូល​អាច​យ៉ាង​ហោច​បំផុត ក៏​​សម្រេច​ចេញ​ជា​លទ្ធផល​ជាក់ស្តែង ទាក់ទងនឹង​គោរព​ពាក្យ​សន្យាផ្តល់​ជំនួយ​​មុនៗ និង​អំពី​ការ​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ (ជាពន្ធ​ដាក់​ប្រឆាំង​នឹង​ការ​បញ្ចេញ​កាបោនបំពុល​បរិយាកាស)។ គំនិត​ចង់​ឱ្យ​ព្យួរ​ការ​សង​បំណុល ក្នុង​ករណី​ប្រទេស​ជួបគ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​គាំទ្រ​​ការ​ពារ​យ៉ាង​មុត​មាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កោះ Barbade ក៏​មាន​ចំណែក​ក្នុង​ការ​តស៊ូ​មតិ​នាជំនួប​កំពូល​នេះ​ដែរ ក្នុង​នាម​ជា​ហិរញ្ញវត្ថុ​ថ្មី។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអាមេរិក​បាន​ដាក់​សម្ពាធ​ឱ្យ​ម្ចាស់​បំណុល​ក្រុមប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ចូល​ចរចា​សើរើមើល​បំណុល​។ ចិន​ដែល​ជា​ម្ចាស់​បំណុល​ដ៏​ចម្បង​លើ​ពិភពលោក ដែល​រងការ​រិះគន់​ជា​ញឹកញយ​ចំពោះ​ឥរិយាបថ​មិន​ខ្វល់​ខ្វាយ​ដោះស្រាយ​រឿង​បំណុល​ជាមួយ​លោក​ខាង​លិច។

ប៉ុន្តែ ជំនួបតែ​​ពីរថ្ងៃ​ មិន​អា​ច​ផ្តល់​​សេចក្តី​សម្រេច​ ជាក់លាក់​ណាមួយបាន​​ទេ។ ទីប្រឹក្សា​ប្រធានាធិបតី​បារាំង​បានព្រលយ​រួច​ជា​ស្រេច​ហើយ​ថា យ៉ាង​ច្រើន​​អាច​មាន​ត្រឹម​​​ជា​សេចក្តី​សម្រេច​ ​បង្ហាញ​ផ្លូវ ជា​ជាង​សេចក្តីសម្រេចដោយ​ចំៗ។​ ជំនួប​កំពូល​គ្មាន​សិទ្ធិ​ ចេញ​សេចក្តីសម្រេច ជា​ផ្លូវ​ការ ដូច​ជំនួប​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ឬ​ជំនួប​កំពូល​ក្រុមប្រទេស​មហាអំណាច​ ហ្សេ៧ ឬ​ហ្សេ២០ទេ ​ជោគជ័យ​ស្ថិត​នៅ​លើ​ការ​បង្ហាញសមត្ថភាព​នៃ​​​​ភាព​ជា​មេ​ដឹកនាំ នៃ​សម្ព័ន្ធ​ក្រុមប្រទេស​ដែល​មានអាច​ប្រកាស​​ពាក្យ​​សន្យា​។

ជំនួយ​១០០ពាន់​លាន

​​​ដើម្បី​ដើរ​ចេញ​ពី​ភាព​ក្រីក្រ​ ដោយ​​អភិរក្ស​ធម្មជាតិ និង​មិន​ប្រើ​ថាមពល​ផូស៊ីល និង​ដើម្បី​ប្រឈម​គ្រោះ​រាំងរស្ងួត​ ទឹកជំនន់ អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​  (មិន​រាប់​ចិន) ត្រូវ​ការ​ចំណាយ​ច្រើន​ណាស់  គឺ​ប្រមាណ​​ ២៤០០ពាន់​លាន​ដុល្លារ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០។ នេះ​បើ​តាម​​ក្រុម​អ្នក​ជំនាញ​​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ ហើយ​បើ​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ​​បើ​ប្រទេស​កំពុង​អភិវឌ្ឍចង់​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល ពួកគេ​ត្រូវ​ការ​ចំណាយ​ពី ២៦០ ទៅ ១៩០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ទសវត្សរ៍នេះ។

ប្រទេស​អ្នក​មាន​ សន្យា​ថា​​ផ្តល់​ហិរញ្ញវត្ថុ​១០០ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ដល់​ក្រុមប្រទេស​ក្រីក្រ សម្រាប់​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ជា​ជំនួយ​ដ៏​ទាប​ណាស់​បើប្រៀប​ទៅ​នឹង​សេចក្តីត្រូវការ​ ប៉ុន្តែ​តិច​ហើយ យឺត​ទៀត។ ជំនួយ​នេះ​ មក​យឺត អស់​បី​ឆ្នាំ​ ជា​ការ​ទាញ​ទម្លាក់​ទំនុក​ចិត្ត​របស់​ក្រុម​ប្រទេស​ក្រីក្រ​ចំពោះ​ប្រទេស​អ្នក​មាន​។ តែ​ថ្ងៃ​នេះ​ក៏​ជា​ឱកាស​ដែល​ពួក​គេ​ត្រូវ​លើក​មក​និយាយ​ដោយ​ចំពោះ​មុខ ដើម្បី​ឱ្យ​ពាក្យ​សន្យា​បានក្លាយ​ជា​ការ​ពិត​នៅឆ្នាំនេះ។

​នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ប្រកាស​ពី​​ជំនួបស្តីពី​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​ថ្មី​នៅប៉ារីស​ អំបាញ់​មិញ​នេះ ថា​កម្មវត្ថុ​ប្រមូល​១០០ពាន់​លាន​សម្រាប់​ប្រទេសក្រីក្រ បាន​គ្រប់ចំនួន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ