អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ម៉ូឌី និង​លោក​បៃដិន ប្រកាសអបអរចំពោះ "កម្លាំងថាមពលថ្មី" នៃសហប្រតិបត្តិការអាមេរិក-ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកណារិន្ទ្រា ម៉ូឌី បានទៅធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃ ព្រសហ្បតិ៍​​ទី​២២មិថុនា ដោយ​លោកត្រូវបាន​ លោក​ចូ បៃដិន ទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេងបំផុត។ មេដឹកនាំទាំង២ បាន​ថ្លែងប្រកាសអបអរ ចំពោះ កម្លាំងថាមពលថ្មី នៃចំណងសហប្រតិបត្តិការ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក​ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​​។ ជា​ចំណងសហប្រតិបត្តិការ ដ៏ពេញលេញ និងកាន់តែស្អិតរមួត​ ដែលគេជឿថា ជាការរួម​កម្លាំងគ្នា ដើម្បីទប់ទល់ជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។​

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រា ម៉ូឌី លើកកែវជល់ជាមួយ​លោក​ចូ បៃដិន នៅក្នុងកម្មវិធីលៀងសាយភោគ នៅសេតវិមាន ថ្ងៃទី ២២ មិថុនា ២០២៣
លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រា ម៉ូឌី លើកកែវជល់ជាមួយ​លោក​ចូ បៃដិន នៅក្នុងកម្មវិធីលៀងសាយភោគ នៅសេតវិមាន ថ្ងៃទី ២២ មិថុនា ២០២៣ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

កម្លាំង​ថាមពលថ្មីនៃសហប្រតិបត្តិការ​

សេតវិមាន​បានក្រាលព្រុំក្រហម ទទួល​លោកណារិន្ទ្រា ម៉ូឌី យ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ លោក​ម៉ូឌី ត្រូវបាន​លោក​ចូ បៃដិន ទទួលជួបនៅក្នុងបន្ទប់ប្រធានាធិបតី​ ប្រកបដោយ​ភាពកក់ក្តៅបំផុត។ នៅក្នុងលិខិតប្រកាសដ៏វែងអន្លាយ របស់សេតវិមាន បាន​ឲ្យដឹងថា មេដឹកនាំទាំង២ បាន​ចាប់ផ្តើម​ស្ថាបនា​ គូសវាស ទស្សនវិស័យ​ដែលពេញលេញបំផុត សម្រាប់​ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា។ ពោលគឺជា​ទំនាក់ទំនងសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងច្រើនវិស័យណាស់ មិនថាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​។

ជារឿងដ៏កម្រគួ​ឲ្យកត់សំគាល់ដែរ គឺលោក​ណារិន្ទ្រា ម៉ូឌី ដែលមិនចូលចិត្តធ្វើសន្និសីទកាសែត បានសុខចិត្ត​ឆ្លើយសំណួរអ្នកកាសែត នៅឯសេតវិមានអាមេរិក។ លោក​បានប្រកាសអួតថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាមេរិកនិងឥណ្ឌា គឺកំពុងតែមាន “កម្លាំងថាមពលថ្មី”។ តែយ៉ាងណា អ្នកកាសែត បានឈ្លេចសួរលោក ទាក់ទិននឹង​ទំនោរកាន់តែផ្តាច់ការជ្រុលនិយម​ និង​គោលនយោបាយរើសអើងប្រកាន់សាសនា ធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាម​នៅ​ឥណ្ឌា។ លោក​ម៉ូឌី បានឆ្លើយថា តម្លៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា គឺគ្មានការរើសអើងសាសនានោះទេ។ ក្នុងពេល​ថ្លែងសុន្ទរកថា នៅចំពោះមុខអង្គសភាខុសហ្គ្រេស លោក​ ណារិន្ទ្រា ម៉ូឌី ក៏បាន​ថ្លែងអះអាងទៀតថា ឥណ្ឌាគឺជា​ប្រទេសប្រជាធិបតេយ្យ ដែល​ស្វាគមន៍​គ្រប់សាសនាទាំងអស់។

តាមពិតទៅ កាលពី​ប៉ុន្មានឆ្នាំមុន លោកណារិន្ទ្រា ម៉ូឌី មិនត្រូវបាន​ភាគីអាមេរិក​ពេញចិត្តប៉ុន្មានទេ ដោយសារតែបញ្ហា​រើសអើសសាសនា និងទំនោរផ្តាច់ការ​​ជ្រុលនិយមនេះ​ឯង។ សហរដ្ឋអាមេរិក ធ្លាប់ទាំងបាន​បដិសេធមិនឲ្យ​ទិដ្ឋាការ លោកម៉ូឌី ទៅជាន់ដីអាមេរិកថែមទៀតផង។ តែលើកនេះ អ្វីៗបានប្រែប្រួលទាំងស្រុង ដោយ​អាមេរិក បានឃើញពីសក្តានុពលរបស់ឥណ្ឌា។​ នៅពេលល្ងាចថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោកចូ បៃដិន បានរៀបចំកម្មវិធី​លៀងសាយ​ភោគដ៏អធិកអធម ទទួលលោក​ណារិន្ទ្រ ម៉ូឌី នៅក្នុងបរិវេនសេតវិមាន ដោយ​មានការចូលរួមពីមន្ត្រី និងអ្នកជំនួញធំៗជាច្រើនផងដែរ។ លោកម៉ូឌី និងលោកបៃដិន បានលើកកែវសរសើរ បញ្ជោរគ្នាទៅវិញទៅមក យ៉ាងសប្បាយ​ក្អាកក្អាយ​ណាស់។

ម៉ាស៊ីនយន្តហោះចម្បាំង ដ្រូនប្រយុទ្ធ និង​សឺមីកុងឌុកទ័រ

កិច្ចសន្យាដ៏ធំបំផុត ដែលលោក ចូ បៃដិន និង​លោក​ណារិន្ទ្រា ម៉ូឌី បានប្រកាសរួមគ្នា គឺកិច្ចសន្យាប្រគល់ការផលិត​​ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទថ្មីរបស់អាមេរិក F-414 ទៅឲ្យឥណ្ឌាជាអ្នកទទួលបន្ទុក។ គឺក្រុមហ៊ុន​ឧស្សាហកម្ម​អាមេរិក ដ៏ធំ General Electric ដែលទទួលបន្ទុកចាត់ចែងកិច្ចការនេះ​។ លោកម៉ូឌី បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យ​ឧស្សាហកម្មឥណ្ឌា មានភាពកាន់តែរឹងមាំ និង​មានជំនាញបច្ចេកទេសកាន់តែខ្ពស់ថែមទៀត។

ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី១ហើយ ដែលអាមេរិក​យល់ព្រម​ផ្ទេរបច្ចេកវិទ្យា​ ផ្នែកផលិត​យន្តហោះចម្បាំងទៅ​ឲ្យ​ប្រទេសផ្សេង​។ ប្រភពដដែលនេះ អះអាងថា​ ជាថ្នូរវិញ ភាគីឥណ្ឌា បានសន្យាថា នឹងទិញយានដ្រូនប្រយុទ្ធរបស់អាមេរិកជាច្រើនគ្រឿង។ ក្នុងពេលធ្វើសន្និសីទកាសែត លោកចូ បៃដិន មិនបានលាក់សេចក្តីរំភើបត្រេកអរទេ ដែលឃើញថាឥណ្ឌា ងាកមកសន្យាទិញគ្រឿងសព្វាវុធរបស់អាមេរិក ដើម្បីធ្វើទំនើបកម្ម​វិស័យកងទ័ព។ ដូចយើងបានដឹងហើយ ថា​ឥណ្ឌាមានគ្រឿងសព្វាវុធចាស់ៗច្រើន ហើយ​ភាគច្រើនបំផុតគឺទិញពីរុស្ស៊ី។

កិច្ចសន្យាដ៏ធំមួយទៀត ដែលឥណ្ឌាបានទទួល គឺ​ កិច្ចសន្យាវិនិយោគ​​ផលិត​សឺមីកុងឌុកទ័រ ដែលមានតម្លៃទឹកប្រាក់ចំនួន ៨០០លានដុល្លារ។ ក្រុមហ៊ុន Micron ដែលជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យនេះ នៅសហរដ្ឋអាមេរិក នឹងសហការវិនិយោគ ជាមួយរោងចក្រនៅឥណ្ឌា។

រួម​កម្លាំងគ្នា ឈប់រំពឹងលើចិន​

ចិនគឺជាស្រមោល នៅពីក្រោយ​ភាពល្អូកល្អឺន រវាង​ អាមេរិក និងឥណ្ឌា។​ ឥណ្ឌា កំពុង តែព្យាយាមប្រណាំងប្រជែងជាមួយចិន ដើម្បីយកកេរ្តិ៍ឈ្មោះជាមហាអំណាច​អាស៊ីដ៏ធំមួយដែរ ហើយសង្ឃឹមថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច​មួយ មិនអាចខ្វះបាន ដែល​ពិភពលោកទទួលស្គាល់។ តាមពិតទៅ​ ជាមួយ​នឹងចំនួន​ប្រជាជនច្រើនលើសគេទូទាំងពិភពលោក ឥណ្ឌាត្រូវគេគិតរួចទៅហើយ ថាគឺជាមហាអំណាច ដែលកំពុង​តែ​ឈានឡើងយ៉ាងសន្សឹមៗ។ ជាងនេះទៀត កុំភ្លេចថា ឥណ្ឌាមាន​អាវុធនុយក្លេអ៊ែរ​!

សហរដ្ឋអាមេរិក ក៏មិនខុសពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅអឺរ៉ុបដែរ គឺគេ​កំពុងតែ​ស្វែងរកវិធី ដើម្បី​ពង្រីកបណ្តាញ​ផ្គត់ផ្គង់ផ្សេងទៀតក្រៅពីចិន ជាក់ស្តែង​ឧបករណ៍​សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុត​សម្រាប់​ផលិត​ផលបច្ចេកវិទ្យា​ទំនើប​។ ឥណ្ឌាមិនត្រឹមតែជាទីផ្សារដ៏ធំប៉ុណ្ណោះទេ តែ​ឥណ្ឌា​មានបុគ្គលិកជំនាញផ្នែក​​​វិស្វកម្ម​ច្រើនណាស់ ដែលវាគឺ​ជាសក្តានុពល​ទាក់ទាញ។ យ៉ាងណាមិញ កម្មវិធីក្បួនព្យុហយាត្រា បុណ្យជាតិបារាំង ថ្ងៃទី ១៤កក្កដា ខាងមុខនេះ គឺលោក​ម៉ាក្រុង បាន​អញ្ជើញឥណ្ឌា ជាប្រទេសកិត្តិយស។ យើងឃើញថាឥណ្ឌា កំពុងត្រូវគេ​រាក់ទាក់ចង់បាន​គ្រប់ៗគ្នាតែម្តង ព្រោះថាថាឥណ្ឌាអាចមានសក្តានុពល កុំឲ្យចិន​អាងយ៉ាងឥទ្ធិពលតែម្នាក់ឯងតទៅទៀត។

តែយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះទៀត លើកឡើងថា លោក​ណារិន្ទ្រា ម៉ូឌី ឆ្លាតណាស់។ អំឡុងពេលនេះ ឥណ្ឌា ត្រូវការ​ចំណេះជំនាញ និង​ថវិកាវិនោយោគរបស់​អាមេរិក ដើម្បី​ឈានទៅ​ប្រកួតជាមួយចិនពិតមែន តែគេមិនជឿថា ថ្ងៃក្រោយ​ទៅ ឥណ្ឌានឹងក្លាយជាសម្ព័ន្ធមិត្តដៃក្នុងដៃ ភ្នែកក្នុងភ្នែករបស់អាមេរិក ដូចសម្ព័ន្ធមិត្តអូតង់នោះឡើយ។ ឥណ្ឌា​មានទំលាប់​មិនចូលបក្សសម្ព័ន្ធ ហើយបច្ចុប្បន្ននេះ គោលគំនិតរបស់​លោក ណារិន្ទ្រា ម៉ូឌី គឺជ្រើស​​យក​​បក្សសម្ព័ន្ធច្រើនក្នុងពេលតែមួយ ឲ្យតែឥណ្ឌាបានទទួលប្រយោជន៍​។ ជាក់ស្តែងយើងឃើញហើយ ក្នុងសំណុំរឿង សង្គ្រាមអ៊ុយក្រែន ដែល​ឥណ្ឌាមិនថ្កោលទោសរុស្ស៊ី ហើយថែមទាំងជួយទិញប្រេងរុស្ស៊ីទៀត។ ដូច្នេះ នៅក្នុងសំណុំរឿងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ចិននិងអាមេរិកប្រជែងគ្នានោះ​ ក៏​មិនប្រាកដថា ឥណ្ឌានឹងតាមអាមេរិកទាំងស្រុងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ