អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបះបោររបស់ក្រុមWagner ត្រូវបិទបញ្ចប់ តែផលវិបាក​អាចបន្តអង្រួន​​របបដឹកនាំរបស់​លោកពូទីន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍​កន្លងទៅនេះ​ ព្រឹត្តិការ​ណ៍បះបោររបស់​ក្រុម​ទាហានស៊ីឈ្នួល​រុស្ស៊ី Wagner បាន​​ធ្វើឲ្យ​មានការភ្ញាក់ផ្អើលជាខ្លាំង​។ តែបានតែមួយថ្ងៃ ក្រុម Wagner ដែលដឹកនាំដោយ​លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន (Evguéni Prigojin) បានត្រលប់ក្រោយ​វិញ ដោយអះអាងថា មិន​ចង់ធ្វើ​ឲ្យ​ការបង្ហូរឈាម​។ គិតត្រឹមថ្ងៃចន្ទនេះ វិមានក្រេមឡាំង បានប្រកាសថា ការបោះបោររបស់ក្រុម Wagner នេះ ត្រូវបាន​បិទបញ្ចប់ហើយ បន្ទាប់ពីមានអន្តរាគមន៍​ ធ្វើអាជ្ញាកណ្តាល ពីសំណាក់​លោក​ប្រធានាធិបតី​បេឡារុស។

លោក​ប្រធានាធិបតីពូទីន ថ្លែងសុន្ទរកថា ទៅកាន់​កម្មវិធី "​វេទិកាដើម្បីយុវជនជំនាញ" ថ្ងៃទី២៦ មិថុនា ២០២៣ ១ថ្ងៃក្រោយ​ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner
លោក​ប្រធានាធិបតីពូទីន ថ្លែងសុន្ទរកថា ទៅកាន់​កម្មវិធី "​វេទិកាដើម្បីយុវជនជំនាញ" ថ្ងៃទី២៦ មិថុនា ២០២៣ ១ថ្ងៃក្រោយ​ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner AP
ផ្សាយពាណិជ្ជកម្ម

“ស្ថានការណ៍ត្រលប់ទៅរកភាពប្រក្រតីវិញ​​”

ផ្អែកតាមការ​​​ប្រកាសរបស់អ្នកនាំពាក្យ​វិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ នៅព្រឹកថ្ងៃចន្ទនេះ គឺ​ព្រឹត្តិការណ៍​បះបោរនេះ បានរលត់ទៅវិញហើយ ហើយស្ថានការណ៍​ ក៏បាន​វិលត្រលប់​មករកភាពប្រក្រតីវិញដែរ។ ចំណែក​លោក Sergueï Sobianine អភិបាលទីក្រុងម៉ូស្គូ ក៏បានសរសេរលើបណ្តាញ​តេឡាក្រាមដែរថា ការប្រកាសអាសន្ន​ស្តីពីប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ក៏បានត្រូវបាន​ដកចេញ​ហើយ​ដែរ​។ លោក​បានថ្លែងអំណរគុណចំពោះប្រជាជនអ្នកក្រុងម៉ូស្គូ ដែល​បានរក្សាភាពស្ងៀមស្ងាត់ មិនភ័យជ្រួលច្របល់។​

ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយ​លោក Evguéni Prigojin បានប្រកាស​​ត្រលប់ក្រោយ​បែរ បន្ទាប់ពីបាននាំកម្លាំង​ ឈានទៅ​ដល់សល់តែ​ចំងាយ​ប្រមាណ​​៣០០គីឡូម៉ែត្រ ទៀតគឺ​ដល់​ទីក្រុង​ម៉ូស្គូ។ ជាការបះបោរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើលបំផុត ព្រោះវាបាន​​កើតឡើងភ្លាមៗ ហើយ​មិនត្រឹមតែប៉ុណ្ណោះ គឺក្រុម​ Wagner បានធ្វើទៅដោយងាយ ដោយ​គ្មានឧបសគ្គ ឬការរារាំងអ្វីទាំងអស់ ពីសំណាក់កងទ័ពជាតិរុស្ស៊ី​។ តែយ៉ាងណា កាលពីព្រឹកថ្ងៃអាទិត្យ Evguéni Prigojin បានសម្រេចចិត្តដកថយវិញ ដោយអះអាងថា មិនចង់​ឲ្យ​មានការបង្ហូរឈាម។

យោងតាម​ការប្រកាសជាផ្លូវការពី​វិមានក្រេមឡាំង គឺការត្រលប់ក្រោយ​បែរនេះ គឺជាលទ្ធផល​នៃ​ការ​អន្តរាគមន៍សម្របសម្រួល ពីសំណាក់​លោក​ប្រធានាធិបតី​បេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ។ ក្រុម Wagner បានចុះកិច្ចព្រមព្រៀងជាមួយក្រេមឡាំង ដើម្បីបញ្ចៀសការបង្ហូរឈាម ក៏ប៉ុន្តែគិតមកត្រឹមពេលនេះ គេ​មិនអាច​ដឹងលំអិត ថាកិច្ចព្រមព្រៀងនេះ​ បានកំណត់ពីអ្វីខ្លះទេ។ វិមានក្រេមឡាំងបានត្រឹមប្រកាសថា លោក Evguéni Prigojin មេក្រុមWagner នឹងធ្វើដំណើរចេញពី​រុស្ស៊ីឆ្ពោះទៅកាន់បេឡារុស។

មិនចាប់ទោសអូសដំណើរ លើក្រុមបះបោរ Wagner

យោងតាម​ការប្រកាសរបស់​អ្នកនាំពាក្យ​វិមានក្រេមឡាំង ផ្ទាល់តែម្តង​ គឺការស៊ើបអង្កេតស្តីពីបទឧក្រិដ្ឋ ទៅលើ​លោក Evguéni Prigojin មេក្រុមWagner គឺត្រូវបាន​បោះបង់ចោលទាំងអស់​ហើយ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងដែរ ថារឿងនេះ​ចប់រួចរាល់ហើយ​។ ពោលគឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់​។ សមាជិក​សភា​រុស្ស៊ី ឈ្មោះ Andreï Kartapolov ដែលជាប្រធាន​គណៈកម្មាធិការការពារជាតិ នៅសភាឌូម៉ា បាន​ថែមទាំងអះអាងទៀត អាជ្ញាធររុស្ស៊ី​គ្មានអ្វីនឹងស្តីបន្ទោសក្រុមWagner ទេ ព្រោះក្រុមនេះ មិនបានបង្កការខូចខាតអ្វីទាំងអស់​។ ក៏ប៉ុន្តែ បើយោងតាម​អ្នកសរសេរ​Blogកងទ័ពនៅរុស្ស៊ី គឺមាន​ទាហានរុស្ស៊ី​ស្លាប់ចន្លោះពី​១៣ទៅ​២០នាក់ ដែល​ភាគច្រើន គឺស្លាប់ដោយ​សារ​ក្រុមWagner បាញ់ទម្លាក់ឧត្ថម្ភាគចក្រចំនួន​៦គ្រឿង និងយន្តហោះមួយគ្រឿង។

ជារួមយើងឃើញថា គោលជំហររបស់​រដ្ឋអំណាចរុស្ស៊ីនៅពេលនេះ ហាក់ដូចជាស្លូតខ្លាំងណាស់ គឺស្លូតយ៉ាងចម្លែកខុសធម្មតា​។ យើងមិនដឹង ថាតើផ្ទៃក្នុង គេមានការត្រូវរ៉ូវ ផ្សះផ្សារគ្នាយ៉ាងណាទេ តែ​សម្តីរបស់​លោកពូទីន កាលពីពេល​កើតហេតុភ្លាម ហាក់ដូចជាខ្លាំង ដោយ​លោក​បាន​ហៅការបះបោរនេះ ថាជាអំពើ​ក្បត់។ តែទីបំផុត គឺគ្មានការចាប់ទោសអូសដំណើរអ្វីទាំងអស់។ Evguéni Prigojin នឹងត្រូវ​បេឡារុសទទួលស្វាគមន៍។

ក៏ប៉ុន្តែ នៅ​មាន​ចម្ងល់មួយចំនួន ដែលគេកំពុងចោទសួរ គឺទាក់ទិននឹងអនាគតរបស់ក្រុមទាហានស៊ីឈ្នួល Wagnerនេះ? វិមានក្រេមឡាំង បានបញ្ជាក់ថា ទាហានស៊ីឈ្នួលណា ដែលមិនបានចូលរួម​ នៅក្នុងការបះបោរកាលពីថ្ងៃសៅរ៍​ គឺអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ដើម្បី​​ចូលបម្រើទ័ព​បាន​។ ដោយឡែក អ្នកផ្សេងវិញគឺត្រូវត្រលប់​ទៅមូលដ្ឋានរបស់ខ្លួនវិញ។ តែសួរថា បន្ទាប់មកទៀត​ ត្រូវធ្វើយ៉ាងម៉េចទៀត? តើក្រុមនេះនឹងត្រូវរំសាយ​អាវុធចោល ? ឬអាច​បន្ត​ប្រយុទ្ធនៅអ៊ុយក្រែនទទៅទៀត​? ឬមួយក៏នាំគ្នាទៅតាម​ Evguéni Prigojin នៅបេឡារុស ? ឃើញថា ភាពស្រពេចស្រពិល មន្ទិលសង្ស័យ​នៅ​នៅទាំងស្រុងតែម្តង​។

របបដឹកនាំរបស់​ពូទីន បាក់បែកប្រេះស្រាំ ?

ពីក្រុមប្រទេសលោកខាងលិចវិញ គេបានតាមដានស្ថានការណ៍​បះបោរនេះ យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាហាក់ដូចជាបាន​បង្ហាញ​ អំពី​ការបាក់បែក​ប្រេះស្រាំ នៅក្នុងរបបដឹកនាំរបស់​លោកពូទីន។ មតិជាច្រើនពីក្រុមប្រទេសលោកខាងលិច គឺគេឃើញថា ព្រឹត្តិការណ៍បះបោរនេះ ទោះជាត្រឹមតែ២៤ម៉ោង ហើយក៏រលត់ទៅវិញ វាគឺជារឿងមួយមិនធម្មតាទេ។ មិនធម្មតាព្រោះថាកន្លងមកគេតែងគិតថា លោកពូទីន គឺជាបុរសខ្លាំង ក្តាប់អំណាចណែនក្នុងដៃមិនឲ្យ​របបដឹកនាំខ្លួនរង្គោះរង្គើ។ តែផ្ទុយទៅវិញ យើងឃើញថា ក្រុមWagner អាចធ្វើសកម្មភាពបានងាយ​ងាយ​បំផុត នាំកម្លាំងនាំរថក្រោះ ឡើងវិះតែទៅដល់ម៉ូស្គូ ធ្វើឲ្យក្រេមឡាំងភ័យស្លន់ស្លោ ជីករណ្តៅដាក់បាវខ្សាច់ ដើម្បីផ្តាច់ផ្លូវ​ការពារខ្លួនជាដើម។ល។

លោក​អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​លើកឡើងថា ព្រឹត្តិការណ៍នេះ បានស្តែងឲ្យឃើញថា ធាតុពិត អំណាចកំពូលរបស់រុស្ស៊ី ដែល​លោកពូទីនអង្គុយពីលើ គឺមិនរឹងមាំប៉ុន្មាននោះទេ។ ពោលគឺវាមានស្នាមប្រេះបាក់បែក​ហើយ​។ ដូចគ្នាដែរ លោក​ម៉ាក្រុងប្រធានាធិបតី​បារាំង បាន​លើកឡើងថា ការបះបោររបស់​ក្រុម Wagner បានបង្ហាញ​ឲ្យឃើញថា មានការបែកបាក់គ្នា​​នៅក្នុង​របបដឹកនាំរុស្ស៊ីបច្ចុប្បន្ន។ ជាការបាក់បែក ផុយស្រួយ ទាំងក្នុងចំណោមមន្ត្រី​កងទ័ពរុស្ស៊ី និង​ក្នុង​ក្រុម​កម្លាំង​ដៃជើង​ដូចយ៉ាងក្រុមទាហានស៊ីឈ្នួល Wagner។

ចំណែក​លោកMykhaïlo Podoliak ទីប្រឹក្សាពិសេសរបស់​លោកហ្សេឡេនស្គី បាន​លើកឡើងថា Evguéni Prigojin បានធ្វើ​ឲ្យ​លោកពូទីន ក៏ដូចជារបបដឹកនាំរុស្ស៊ី ត្រូវ​អាម៉ាសមុខ ពេញមួយពិភពលោកតែម្តង​។ លោក Abbas Galliamov អតីតទីប្រឹក្សារបស់​លោកពូទីន បាន​លើកឡើងថា ព្រឹត្តិការណ៍​បានបង្ហាញប្រាប់គ្រប់គ្នា​ឲ្យឃើញថា របបដឹកនាំរបស់ពូទីន​គឺពោរពេញដោយ​ចន្លោះប្រហោង។

ដោយឡែក ប្រទេសខ្លះទៀត ដូចជាចិន បានប្រកាសថា គេនៅតែគាំទ្រ ដោយ​ឥតងាករេ ចំពោះរដ្ឋាភិបាលរុស្ស៊ីដឹកនាំដោយ​លោកពូទីន ដែល​ការពារស្ថិរភាពប្រទេស។ យ៉ាងណាក៏ដោយ​ ក្រសួងការបរទេសចិន អះអាងថាព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី​។

អ៊ុយក្រែនប្រុងប្រយ័ត្នចំពោះស្ថានការណ៍​

ដោយឡែក ភាគីអ៊ុយក្រែន មានការប្រុងប្រយ័ត្នណាស់ ដោយ​មិនអរលឿនរហ័សពេកនោះទេ។ កងទ័ពរុស្ស៊ីវិញ បន្តអះអាងថា គ្មានអ្វីប្រែប្រួលទេ មិនត្រឹមប៉ុណ្ណោះ គេថែមទាំងបានរុញ​ច្រាន​កងទ័ពអ៊ុយក្រែន​បានជោគជ័យថែមទៀត នៅចំណុចសមរភូមិចំនួន​៤។ នៅតំបន់​ក្បែរក្រុង Bakhmout វិញ កងទ័ពអ៊ុយក្រែនទទួលស្គាល់ថា ដូចជាគ្មានអ្វីប្រែប្រួលធំដុំមែន នៅមួយថ្ងៃក្រោយ​បរាជ័យ​នៃការបះបោរ​របស់ក្រុម Wagner។ ទាហានអ៊ុយក្រែនម្នាក់ ឈ្មោះ Nazar បានប្រាប់អ្នកកាសែតថា កងទាហានអ៊ុយក្រែនហួសពីដឹងពេកថា ហេតុការណ៍​បះបោររបស់​ក្រុមWagner វាគឺជាការ​សម្តែង​សៀករហ័សកម្មឆ្ពិនភ្នែក​តែប៉ុណ្ណោះ​ ធាតុពិត គឺ​ពួករុស្ស៊ីនឹងមិនដកថយចេញពីសមរភូមិនោះទេ។

ដោយឡែក យោងតាមអ្នកវិភាគខ្លះទៀត លើកឡើងថា រុស្ស៊ីអាចនឹងទទួល​ផលវិបាកដោយសារតែ​បញ្ហាបះបោរ បាក់បែកផ្ទៃក្នុងនេះ។ ជាផលវិបាក​ផ្នែកសតិអារម្មណ៍ ដែលអាចនឹងវាយប្រហារទៅលើ​កម្លាំងរបស់កងទ័ពរុស្ស៊ី។ លោក Lucian Kim អ្នកវិភាគម្នាក់នៅ Wilson ​Center បាន​លើកឡើងថា ចង់មិនចង់ សំដីឃោសនារបស់​ Evguéni Prigojin ដែលបានជេរប្រទេច រិះគន់មេដឹកនាំកងទ័ព និង​មន្ត្រីមានអំណាចធំៗនៅក្រេមឡាំង គឺនឹងចូលចាក់ជ្រាបក្នុងចំណោមកងទាហានរុស្ស៊ី ធ្វើឲ្យ​គ្រប់គ្នារមាស់មាត់រិះគន់ដែរ​។ ការរិះគន់ អាចឈានទៅដល់ការដាក់អាវុធ លែងស្តាប់​បញ្ជា​ លែងប្រយុទ្ធ ឬក៏អាចឈានដល់ការបាក់ទ័ពរត់ចោលជួរក៏ថាបាន។ ប្រហែលជា​ត្រង់ចំណុចនេះហើយ បានជា​ក្រេមឡាំងបានប្រកាន់គោលជំហរ ស្លូតខ្លាំងណាស់ ដាក់​ក្រុម​ Wagner ដោយ​អះអាងថាមិន​យកទោសពៃអ្វីទាំងអស់ ព្រោះមិនចង់​ឲ្យ​កងទាហានខឹងច្រឡោតឡើង ទប់លែងឈ្នះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ