អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ផ្ទុះអំពើហិង្សា ក្រោយ​ករណី​នគរបាល​បាញ់សម្លាប់​ក្មេងជំទង់​ម្នាក់ ដែល​មិនព្រមឈប់​រថយន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅបា​រាំង ភាគខាងលិច​​ជាយទីក្រុងប៉ារីស មាន​ផ្ទុះនូវអំពើហិង្សាដុតរថយន្ត និងទ្រព្យ​សម្បត្តិសាធារណៈ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ អំពើហិង្សា ដែល​បានផ្ទុះឡើង បន្ទាប់​ពីមានករណីនគរបាល​បារាំង បានបាញ់ក្មេងជំទង់ម្នាក់បណ្តាល​ឲ្យ​ស្លាប់ បន្ទាប់ពីក្មេងជំទង់នោះ បានបដិសេធមិនស្តាប់ការឃាត់រថយន្ត​។ ករណីនេះ បានបណ្តាល​ឲ្យ​ផ្ទុះមតិរិះ​គន់ ទៅលើ​កងសមត្ថកិច្ច ក៏ដូចជាស្ថាប័ន​នគរបាលបារាំងទាំងមូលតែម្តង ថាបាននិង​កំពុងតែប្រើប្រាស់​កម្លាំងហួសប្រមាណ ទៅលើ​ប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអ្នករក្សាសន្តិសុខ​សុវត្ថិភាព​។ បញ្ហា​ អំពើហិង្សារបស់នគរបាល តែងតែជា​ចំណុចរសើប បង្កឲ្យ​មានការជជែក​តវ៉ា តឹងសរសៃក មិនថានៅលើឆាកនយោបាយ និងក្នុងសង្គមបារាំងជាទូទៅ។

សមត្ថកិច្ចនគរបាលបារាំង កំពុងអន្តរាគមន៍​ បំបែកក្រុមបាតុករហិង្សា ខណៈភ្លើងកំពុងឆាបឆេះ នៅលើទ្រូងផ្លូវ ក្នុងសង្កាត់ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី ២៧មិថុនា២០២៣
សមត្ថកិច្ចនគរបាលបារាំង កំពុងអន្តរាគមន៍​ បំបែកក្រុមបាតុករហិង្សា ខណៈភ្លើងកំពុងឆាបឆេះ នៅលើទ្រូងផ្លូវ ក្នុងសង្កាត់ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី ២៧មិថុនា២០២៣ AFP - ZAKARIA ABDELKAFI
ផ្សាយពាណិជ្ជកម្ម

ចាប់ពីល្ងាចថ្ងៃអង្គារ ឈានដល់យប់ជ្រៅ អំពើហិង្សាអនាធិបតេយ្យ បាន​ផ្ទុះឡើង នៅតាមសង្កាត់ជាច្រើន ត្រង់នេះបន្តិច ត្រង់នោះបន្តិច នៅ​តំបន់ Nanterre ជាយ​ក្រុងប៉ារីស ភាគខាងលិច​ ហើយ​បានរីកសាយ​ភាយទៅកាន់ឃុំ សង្កាត់​ផ្សេងៗទៀត ជាប់នោះដែរ​។ ក្រុមបាតុករ ដែលភាគច្រើន ជាយុវជន បាន​ដុតរថយន្ត ដុត​ជំរកស្ថានីយ៍រថយន្តក្រុង ជាច្រើនទីតាំង និង​បានវាយ​បំផ្លាញ​ទ្រព្យសម្បតិ្តសាធារណៈជាច្រើនផ្សេងទៀត។ អគ្គីភ័យបានឆាបឆេះសាលាតូរ្យតន្ត្រីមួយ​កន្លែងក្នុងសង្កាត់ ហើយ​ក្រុមបាតុករបានដុតភ្លើង នៅតាមបណ្តោយផ្លូវ​​រថភ្លើងថែមទៀត។ យ៉ាងហោចណាស់ បាតុករហិង្សា ចំនួន​២០នាក់ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ​។ ​គិតត្រឹមព្រឹកថ្ងៃពុធនេះ ស្ថានការណ៍​បានស្ងប់​បន្តិតទៅវិញហើយ តែ​មិនប្រាកដថាល្ងាចនេះ នឹងមិនផ្ទុះឡើងបន្តទៀតនោះទេ។

មិនឈប់រថយន្តតាមការបង្គាប់របស់នគរបាល

អំពើហិង្សា អនាធិបតេយ្យទាំងនេះ បាន​ផ្ទុះឡើង គឺបន្ទាប់​ពីមានករណី​នគរបាល​បានបាញ់បណ្តាល​ឲ្យ​ស្លាប់​យុវជនម្នាក់។ ហេតុការណ៍​បាន​កើតឡើង នៅព្រឹកថ្ងៃអង្គារ នៅសង្កាត់​ Nanterre ដែលជនរងគ្រោះស្លាប់ អាយុ១៧ឆ្នាំ កំពុងបើករថយន្តប្រណិតមួយ​។ ពីដំបូង ប្រភពពី​នគរបាលបារាំង អះអាងថា ជនរងគ្រោះបានបដិសេធមិនព្រមឈប់ ទៅតាម​ការឃាត់របស់នគរបាល២នាក់ ដែលជិះម៉ូតូ។ មិនស្តាប់ការឃាត់ហើយ ជនរងគ្រោះបាន​បើករថយន្តសំដៅចង់បុកនគរបាល ទើបធ្វើ​ឲ្យ​នគរបាល​ម្នាក់ក្នុងចំណោម២នាក់នោះ ប្រើកាំភ្លើងបាញ់​។

ដោយឡែក ស្រាប់តែនៅពេលរសៀលថ្ងៃអង្គារ មានវីដេអូខ្លី​មួយ ដែល​ត្រូវបាន​គេចែកចាយ​​ពាសពេញបណ្តាញ​សង្គម នៅបារាំង​​។ ក្នុង​វីដេអូនោះ គេឃើញថា រថយន្តប្រណិត Mercedes AMG ពណ៌លឿងបានឈប់ ហើយមាននគរបាល​២នាក់ កំពុងឱននិយាយជាមួយ​អ្នកនៅក្នុងរថយន្ត​ ដោយ​មានម្នាក់កាន់​កាំភ្លើងភ្ជង់ផង​។ តាមរយៈវីដេអូនេះ គេឮសំឡេងបន្លឺជាភាសាបារាំងថា “Tu vas te prendre une balle dans la tête” ដែលប្រែមកថា “ហ្អែង ប្រយ័ត្នយើងបាញ់​ចំកណ្ដាលក្បាល”។ ភ្លាមៗ រំពេចនោះ ស្រាប់តែរថយន្តបានបើកទៅមុខ ហើយ​ក៏មានសំលេងផ្ទុះ​គ្រាប់កាំភ្លើង​ភ្លាមដែរ។ រថយន្តបាន​ទៅ​បុក​បង្គោល​ផ្លាកសញ្ញាចរាចរណ៍ ហើយ​យុវជនអាយុ១៧ឆ្នាំ ដែលជាអ្នកបើក​រថយន្ត ត្រូវគ្រាប់កាំភ្លើងចំទ្រូង​ក្បែរបេះដូង ក៏ស្លាប់​ភ្លាមៗនៅនឹងកន្លែង​។ ក្នុងរថយន្តនោះ មានមនុស្ស​២នាក់ទៀត ម្នាក់ជាក្មេងជំទង់អនីតិជនដែរ ត្រូវបាន​នគរបាលឃាត់ខ្លួន ចំណែក​ម្នាក់ទៀត បានរត់គេចខ្លួន រកមិនទាន់ឃើញទេ។

មនុស្សឃាតដោយចេតនា​

មានការស៊ើបអង្កេត២ ត្រូវបាន​គេបើក ទីមួយ​ គឺពាក់ព័ន្ធទៅលើជនរងគ្រោះ អំពី​ ករណី​បដិសេធមិនសហការ មិនឈប់​រថយន្តទៅតាមការឃាត់របស់សមត្ថកិច្ច។ ចំណែកករណីទី២ គឺ​ករណី​មនុស្ស​ឃាតដោយចេតនា ធ្វើឡើងដោយ​បុគ្គល ដែលមានអំណាចសាធារណៈ គឺនគរបាល​នេះឯង។ នគរបាល អាយុ​៣៨ឆ្នាំ​ ដែលជាអ្នកបានបាញ់​គ្រាប់កាំភ្លើង បណ្តាល​ឲ្យ​ស្លាប់ក្មេងជំទង់នេះ ត្រូវបាន​គេឃាត់ខ្លួនហើយ ដោយ​ប្រឈមនឹង​បទចោទប្រកាន់ មនុស្ស​ឃាតដោយចេតនា។

ការស៊ើបអង្កេតទី១ ត្រូវ​បានប្រគល់ទៅឲ្យ​ អយ្យការអមតុលាការក្រុង Nanterre។ ​ចំណែកការស៊ើបអង្កេតទី២ គឺត្រូវបានប្រគល់​ទៅឲ្យ​ អគ្គស្នងការរដ្ឋានគរបាលជាតិបារាំង ដែល​មានតួនាទីស៊ើបអង្កេតទៅលើបទល្មើស បង្កឡើងដោយ​សមត្ថកិច្ចនគរបាល​។

ដោយឡែក ខាងក្រុមគ្រួសារជនរងគ្រោះវិញ នឹង​ដាក់ពាក្យបណ្តឹង២។ លោក Yassine Bouzrou ដែលជាមេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បាន​បញ្ជាក់ថា បណ្តឹងទី១ គឺទាក់ទិននឹងករណី​មនុស្ស​ឃាតដោយចេតនា ដែលសំដៅ​ទៅលើនគរបាល​ដែល​ជាខ្មាន់កាំភ្លើង និងករណីផ្សំគំនិត ដែលសំដៅទៅលើ​នគរបាល​ម្នាក់ទៀត ដែលមានវត្តមានក្នុងពេលកើតហេតុ។ ចំណែកបណ្តឹងទី២ គឺ​ទាក់ទិននឹង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែលប្រាសចាកពីការពិត។ បណ្តឹងនេះ គឺសំដៅលើស្ថាប័ន​​នគរបាល​តែម្តង ដែលបានលើកឡើងថា ហេតុការណ៍​បានកើតឡើង​ដោយសារតែជនរងគ្រោះ បើករថយន្តប៉ុនប៉ងបង្កគ្រោះថ្នាក់ ទៅលើសមត្ថកិច្ចនគរបាល ទើបបណ្តាលឲ្យ​មានការបាញ់គ្រាប់កាំភ្លើង។ លោក​មេធាវីការពារគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ការផ្សព្វផ្សាយ​របស់នគរបាល​ខាងលើនេះ​ ត្រូវបាន​បកអាក្រាត​យ៉ាងច្បាស់ថា មិនមែនជាការពិត​ទេ​ បន្ទាប់ពីគេបាន​ឃើញវីដេអូ ថតផ្ទាល់នៃហេតុការណ៍នេះ​។

នរគបាលបារាំងហិង្សា?

បញ្ហាអំពើហិង្សារបស់នរបាល គឺជាចំណុចរសើបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅបារាំង​។ ក្រុមអ្នកនយោបាយ​ប្រឆាំង តែងតែយកវាមកចោទ ​រិះគន់​ការប្រើអំណាចរបស់អាជ្ញាធរ រដ្ឋាភិបាល ជាពិសេសនៅក្នុងពេលធ្វើបាតុកម្ម​តវ៉ាផ្សេងៗ ដែលមាន​ការបង្ក្រាបធម៌ក្តៅ។ តែទន្ទឹមគ្នានេះ បាតុកម្ម​ក៏វាកាន់តែហិង្សាដែរ។

ទាក់ទិននឹងករណី​ សមត្ថកិច្ចនគរបាល ប្រើប្រាស់​កាំភ្លើងបាញ់​បណ្តាល​ឲ្យ​ស្លាប់ ទៅលើអ្នកបើកបរ​ដែលមិនស្តាប់ការឃាត់រថយន្តនេះ គឺពិតជាបានកើនឡើងខ្លាំងពិតមែន​។ ក្នុង​ឆ្នាំ​២០២២កន្លងទៅ គឺមាន​ស្លាប់មនុស្សចំនួន​១៣នាក់ ពោលគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានទេ។ សំណួរ សួរថា តើនគរបាលបារាំងកាន់តែហិង្សា ឬមួយក៏មកពី​អ្នកបើកបរ ដែលកាន់តែលែងស្តាប់បញ្ជារបស់នគរបាល​ ? វាអាចមានកត្តាច្រើនណាស់ គួបផ្សំគ្នា ទីមួយ​ មនុស្សក្នុងសង្គមបារាំងអាចស្អប់នគរបាលកាន់តែខ្លាំង នគរបាលឃាត់មិនស្តាប់។ តែទន្ទឹមគ្នានេះ ករណីបទល្មើសចរាចរណ៍ ការជួញដូរគ្រឿងញៀន កាន់តែសំបូរ ហើយ​នៅពេលសមត្ថកិច្ច​ចុះអន្តរាគមន៍ឃាត់រថយន្ត អ្នកបើកបរដែលមានខ្លួន ដែលភ័យ ក៏គេចវេស​ ព្រមទាំងបើករថយន្តបំបុកសមត្ថកិច្ច​នគរបាល​ថែមទៀត។ ធ្លាប់​មានហើយ ករណីនគរបាល​ឈរឃាត់ ហើយត្រូវអ្នកបើកបរបើក​បុកស្លាប់។

តាមច្បាប់ គឺសមត្ថកិច្ច​នគរបាល មានសិទ្ធិការពារខ្លួន ក្នុងករណីមានការគំរាមកំហែងលើរូបរាងកាយ។​ តែការការពារខ្លួនរបស់​សមត្ថកិច្ចនេះ​ គឺ​ត្រូវតែធ្វើ​ដោយ​ប៉ាន់ប្រមាណកម្លាំង ឲ្យ​ត្រឹមត្រូវបំផុត មិនឲ្យហួស​ហេតុនោះទេ។ មុននឹងសម្រេចបាញ់ សមត្ថកិច្ចត្រូវតែថ្លឹងថ្លែង។ ក្រោយ​ហេតុការណ៍​កើតឡើងកាលពីម្សិលមិញនេះ អ្នកនយោបាយខ្លះ បានចេញមុខស្រែករិះគន់ថា “បារាំងគ្មានទោសប្រហារជីវិតទេ ហេតុអ្វីក៏នគរបាលបាញ់មនុស្ស​ស្លាប់បែបនេះ​”។ អ្នកខ្លះទៀត បានរិះគន់ថា ត្រឹម​ករណី​មិនឈប់រថយន្ត ទៅតាមការឃាត់របស់នគរបាល មិនអាចបើកសិទ្ធិឲ្យនគរបាល​នោះ បាញ់សម្លាប់​មនុស្សនោះទេ។

តែយ៉ាងណា យើងមិនអាច​និយាយម៉ៃជាទូទៅ ថា​នគរបាល​បារាំងសុទ្ធតែហិង្សា បាញ់សម្លាប់​មនុស្សយ៉ាងអនាធិបតេយ្យនោះដែរ។ ទះដៃម្ខាងគឺមិនវាមិនឮទេ។ ក្នុងសង្គមមួយដែលកាន់តែ​ហិង្សា កាន់តែសំបូរ​បទល្មើស ឧក្រិដ្ឋកម្មផ្សេងៗ គឺវាតែងតែមានការបង្ក្រាប ដែលពេលខ្លះវាជ្រុលដៃ ដោយចៀសមិនរួច។ ដូច្នេះគ្រប់ករណីទាំងអស់ គឺត្រូវតែឆ្លងកាត់ការស៊ើបអង្កេត ឲ្យ​បានស៊ីជម្រៅ ដោយ​ប្រព័ន្ធតុលាការ។

លោកប្រធានាធិបតី​ម៉ាក្រុង បាន​មានប្រសាសន៍​នៅព្រឹក​មិញនេះ ថា ករណី​ស្លាប់យុវជនអាយុ១៧ឆ្នាំកាលពីថ្ងៃអង្គារ វាគឺជារឿងមួយមិនអាចអត់ឱនឲ្យ​បានទេ។​ លោកស្រីនាយករដ្ឋមន្ត្រី ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក៏បាន​ប្តេជ្ញាដែរ ថាត្រូវតែវែករកការពិតឲ្យបាន ប្រគល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលបារាំង បានអំពាវនាវ សុំឲ្យ​រក្សាភាពស្ងៀមស្ងាត់ ទប់កំហឹង បញ្ឈប់រាល់អំពើហិង្សាអនាធិបតេយ្យ ដែលកាន់តែធ្វើ​ឲ្យសង្គមជាតិបាក់បែកគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ