អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិស័យ​ដឹកជញ្ជូន​ផ្លូវសមុទ្រ ត្រូវតែកំណត់​ត្រីវិស័យ​ថ្មី ដើម្បី​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃសុក្រទី៧កក្កដា អង្គការនាវាចរណ៍អន្តរជាតិ ដែលមានតួនាទីសម្របសម្រួល​​វិស័យ​ដឹកជញ្ជូន​ផ្លូវសមុទ្រ នឹងបើកកិច្ចប្រជុំពិសេសមួយ ជាមួយ​ប្រទេសសមាជិក និង​ដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីជជែក​អំពីការកាត់​បន្ថយឧស្ម័ន​កាបូនិក។ វិស័យ​ដឹកជញ្ជូនផ្លូវសមុទ្រ គឺជាវិស័យមួយ ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិកទៅក្នុងបរិយាកាស យ៉ាងក្រាស់ក្រែល​បំផុត ពោលគឺ​ប្រហាក់ប្រហែល​នឹង​វិស័យដឹកជញ្ជូន​ផ្លូវអាកាសដែរ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីពាក់​ព័ន្ធក្នុងវិស័យនេះ នៅតែគ្មានការត្រូវរ៉ូវគ្នា ដើម្បីកំណត់ទិសដៅ និងកម្មវត្ថុជាក់ច្បាស់ ឈានទៅ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក ដែលជា​ប្រភពបង្កឲ្យ​មានវិបត្តិអាកាសធាតុនោះទេ។

នាវា​ 'Mumbai Maersk' នៅក្នុងសមុទ្រខាងជើង ជិតកោះ Wangerooge, ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ៣ កុម្ភៈ ២០២៣
នាវា​ 'Mumbai Maersk' នៅក្នុងសមុទ្រខាងជើង ជិតកោះ Wangerooge, ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ៣ កុម្ភៈ ២០២៣ AP - Sina Schuldt
ផ្សាយពាណិជ្ជកម្ម

៣%នៃទំហំឧស្ម័នកាបូនិកទូទាំងពិភពលោក​

បច្ចុប្បន្ន​នេះ វិស័យដឹកជញ្ជូន​ផ្លូវសមុទ្រ មាននាវាគ្រប់ប្រភេទ សរុបចំនួន១សែនគ្រឿង ហើយ​ដែលពាក់កណ្តាល​​នេះ គឺជានាវាដឹកទំនិញ។ នាវាទាំងអស់នេះ បញ្ចេញ​ឧស្ម័ន​កាបូនិកទៅក្នុងបរិយាកាស តាមរយៈវត្ថុធាតុដើម​ថាមពល ដែល​គេប្រើ​ក្នុងម៉ាស៊ីន​នាវាទាំងនេះ​ឯង។ ជាទូទៅ​ម៉ាស៊ីន​នាវាធំៗដឹក​ទំនិញទាំងនេះ គឺគេប្រើ​ប្រេងម្យ៉ាងដែល​ធ្ងន់ខ្លាំងណាស់ ដែលគេហៅថា ប្រេងBunker ឬយើងហៅជាភាសាសាមញ្ញ ថាប្រេងខ្មៅ។ ប្រេងខ្មៅ​ប្រភេទនេះ វាគឺជាកាកសំណល់​ ដែល​នៅសល់បន្ទាប់ពីគេយក​ប្រេងកាតទៅចម្រាញ់ ជាប្រេងឥន្ធនៈ សាំង ឬ​ម៉ាស៊ុតរួចហើយ។ ពោលគឺ​​ខាប់ខ្លាំងណាស់ ពោរពេញ​ដោយសារធាតុពុល។

ប្រេងខ្មៅឆេះក្នុងម៉ាស៊ីននាវា​ បញ្ចេញ​ជាផ្សែង ដែលពោរពេញដោយ ឧស្ម័ន​កាបូនិក CO2 ឧស្ម័ន​ម៉េតាន CH4 និង​ឧស្ម័ន​ប្រូតុកស៊ីដ អាស៊ូត N2O។ ឧស្ម័នទាំង៣នេះ វាគឺឧស្ម័ន​ផ្ទះកញ្ចក់ ជាមេបង្កបញ្ហា ធ្វើ​ឲ្យ​បរិយាកាសជុំវិញផែនដីយើងឡើងកំដៅ។ យោងតាមតួលេខស្រាវជ្រាវ គឺក្នុងរវាង​១០ឆ្នាំចុងក្រោយនេះ វិស័យ​ដឹកជញ្ជូនផ្លូវសមុទ្រនេះ បញ្ចេញ​ឧស្ម័ន​កាបូនិកចំនួន ចន្លោះពី ៦០០ ទៅ ១១០០លានតោនក្នុងមួយឆ្នាំ។

យោងតាមតួលេខប្រចាំឆ្នាំ​២០២២ នៃរបាយការណ៍អ្នកជំនាញ​អន្តររដ្ឋាភិបាល ស្តីពីបញ្ហាអាកាសធាតុ GIEC គឺជារួម វិស័យដឹកជញ្ជូន​ផ្លូវសមុទ្រ បញ្ចេញ​ឧស្ម័ន​កាបូនិកប្រចាំឆ្នាំ​ ចំនួន​៣%នៃទំហំ​ឧស្ម័ន​កាបូនិក​ក្នុងបរិយាកាស ទូទាំងពិភពលោក​។ ពោលគឺ វាមានទំហំប្រហាក់ប្រហែលនឹង វិស័យដឹកជញ្ជូនផ្លូវអាកាសដែរ។ ប្រសិន​បើ​វិស័យដឹកជញ្ជូន​ផ្លូវសមុទ្រ ជាប្រទេសវិញ គឺមានន័យថា វាស្ថិតក្នុងចំណោមប្រទេស​ធំៗទាំង១០ ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើនជាងគេបង្អស់។

កម្មវត្ថុអព្យាក្រិត្យភាពកាបូនឆ្នាំ​២០៥០​

ហេតុដូច្នេះហើយ បានជាអង្គការ​នាវាចរណ៍​អន្តរជាតិ​ បើកការប្រជុំ​ពេញមួយសប្តាហ៍ ចាបពីថ្ងៃចន្ទនេះនៅទីក្រុងឡុងដ៍ ដើម្បី​និយាយអំពីកម្មវត្ថុ កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក។ តែយ៉ាងណា ភាគី​ពាក់​ព័ន្ធនីមួយៗ មានការខ្វែងគំនិត​គ្នាច្រើនណាស់។ ប្រទេសនីមួយៗ ព្រមទាំងក្រុមហ៊ុន​ធំៗរកស៊ីដឹកជញ្ជូន​ផ្លូវសមុទ្រ គឺ មានផលប្រយោជន៍​មិនដូចគ្នាទេ​។ ប្រទេសកូនកោះតូចៗ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​ប្រឈមខ្លាំងនឹង​វិបត្តិអាកាសធាតុ ការឡើងកំពស់ទឹកសមុទ្រ ពួកគេមានគោលជំហរ ទាមទារឲ្យ​កិច្ចប្រជុំ​នេះ ត្រូវតែកំណត់​កម្មវត្ថុ​អព្យាក្រិត្យភាពកាបូន ក្នុងវិស័យ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ ឲ្យ​បានឆាប់ជាទីបំផុត។ ផ្ទុយទៅវិញ ប្រទេសធំៗ ដែលនាំចេញទំនិញច្រើនបំផុត តួយ៉ាង ចិន និង​ប្រេស៊ីលជាដើម កំពុងប្រើគ្រប់​មធ្យោបាយ ដើម្បីរារាំង​កិច្ចប្រជុំនេះកុំ​ឲ្យសម្រេចអ្វី ដែលប៉ះពាល់ ដល់​ប្រយោជន៍​របស់គេ​។

លោក Nicolas Netrup នាយកអង្គការ​នាវាចរណ៍អន្តរជាតិ ដែលរៀបចំការប្រជុំនេះ បាន​លើកឡើងថា វានឹងគឺជាការបោះជំហាន​មួយ​ដ៏សំខាន់ណាស់ សម្រាប់​ប្រយោជន៍មនុស្សជាតិរបស់យើង ប្រសិនបើវិស័យដឹកជញ្ជូន​ផ្លូវសមុទ្រ អាច​ឈានទៅសម្រេច​កម្មវត្ថុ​អាព្យាក្រិត្យភាពកាបូន នៅឆ្នាំ​២០៥០។ មាន​ន័យ​ថា គឺត្រូវតែធ្វើ​ឲ្យ​វិស័យនេះ លែងបញ្ចេញ​ឧស្ម័ន​កាបូន​និកសោះតែម្តង នៅឆ្នាំ​២០៥០។ ប្រទេសដែលគាំទ្រកម្មវត្ថុនេះ គឺមាន​ប្រមាណ​៤៥ប្រទេស ក្នុងនោះមានប្រទេសមាជិកទាំង​២៧របស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស ន័រវែស និងក្រុមប្រេសកូនកោះ​ក្នុង​ប៉ាស៊ីហ្វិក​ជាដើម​។

ដោយឡែក សហភាពអឺរ៉ុប ចង់ស្នើឲ្យ​មានកម្មវត្ថុ២ដំណាក់​កាល​បន្ថែមទៀត មុននឹងឈានទៅមានអព្យាក្រិត្យ​ភាព​កាបូនទាំងស្រុង។ ទីមួយ គឺ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន​២៩%ពីនេះដល់ឆ្នាំ​២០៣០ ហើយបន្ទាប់មកទៀត ពីនេះ​​ដល់ឆ្នាំ​២០៤០ គឺកាត់បន្ថយ​ឲ្យ​បាន​៨៣%។ ក្រុមប្រទេសខ្លះទៀត ដូចជា​​សហរដ្ឋអាមេរិក និង​កាណាដា ទាមទារថាត្រូវធ្វើឲ្យ​បានខ្លាំងជាងនេះ គឺ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន ៩៦%នៅរវាងឆ្នាំ២០៤០។ ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាលវិញ បានទាម​ទារ ថាត្រូវតែកាត់បន្ថយ​ ឲ្យ​បាន ចំនួន​៥០% នៅរវាងឆ្នាំ​២០៣០ ហើយ​អព្យាក្រិត្យភាពកាបូនវិញ នៅឆ្នាំ​២០៤០។ នេះបើ​ផ្អែកតាម​ របាយការណ៍​ប្រជុំបច្ចេកទេស កាលពីសប្តាហ៍​មុន មុននឹងបើកការជជែក​ជាផ្លូវការ​នៅថ្ងៃសប្តាហ៍នេះ​។

រកប្រភពថាមពលថ្មីមកជំនួសប្រេងខ្មៅ Bunker

មធ្យោបាយដ៏ចាំបាច់បំផុត ដែលត្រូវគេលើកឡើង ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក របស់វិស័យនេះ គឺការផ្លាស់ប្តូរ​ប្រភពថាមពល ដែលគេប្រើ​ក្នុងម៉ាស៊ីននាវា។ ពោលគឺត្រូវតែឈប់​ប្រើ ប្រភេទប្រេងខ្មៅខាប់ ដែលគេប្រើបច្ចុប្បន្ន។ ទាក់ទិននឹង​បញ្ហាអន្តរកម្មថាមពលនេះ គេសង្កេតឃើញថា វិស័យ​ដឹកជញ្ជូន​ផ្លូវសមុទ្រនេះ ដើរយឺតជាងគេខ្លាំងណាស់។

មានគំនិតខ្លះ បាន​លើកឡើងថា ឧស្ម័នហ្កាសរាវ GNL អាប្រហែលជាជំរើសល្អ ដើម្បីជំនួសប្រេងខ្មៅ Bunker។ ចំណុចល្អរបស់​ ឧស្ម័នរាវ គឺថាវាអាចកាត់បន្ថយ​ ឧស្ម័ន​ស៊ូហ្វរ៍ និង​ល្អងធូលីតូចឆ្មារក្នុងបរិយាកាស។ មួយទៀត គឺវាងាយដឹកជញ្ជូន ហើយ​ងាយ​ស្រួលយកទៅ​ប្រើ​តាមនាវាច្រើនប្រភេទ​ ដោយ​មិនចាំបាច់រុះរើ កែប្រែ​អ្វីច្រើន​។​ តែយ៉ាងណាក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល​ស្តីពីបញ្ហាអាកាធាតុ មិនទទួលស្គាល់ឧស្ម័ន​រាវ ជាប្រភេទថាមពលដែលបញ្ចេញឧស្ម័នកាបូនិកតិចនោះទេ ព្រោះថាធាតុពិត ឧស្ម័នប្រភេទនេះវាបញ្ចេញ​ឧស្ម័ន​ម៉េតានច្រើនណាស់។

ចំណែក​ធនាគារពិភពលោក ព្រមទាំង​កម្មវិធីសហប្រជាជាតិដើម្បី​បរិស្ថាន បានអំពាវនាវថា ត្រូវតែវិនិយោគ លើប្រភពថាម​ពលថ្មីៗ ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិកតិចបំផុត តួយ៉ាង ប៊ីយ៉ូកាបួរ៉ង់ អ៊ីដ្រូសែនបៃតង ប្រភពថាមពលកកើតឡើងវិញ និង​កាបួរ៉ង់សំយោគជាដើម ដែលគេនិយមហៅថា ជា e-methanol។ យ៉ាងណាមិញ ក្រុមហ៊ុនដាណឺម៉ាក Maersk ដែលធំជាងគេក្នុង​វិស័យដឹកជញ្ជូន​ផ្លូវ​សមុទ្រ បានប្រកាសថា នាវារបស់ខ្លួនជាង​២០គ្រឿង នឹងចាប់​ផ្តើម​ប្រើ e-methanol នៅរវាង​ឆ្នាំ​២០២៣-២០២៥។

ចំណែក ក្រុមហ៊ុន​អាល្លឺម៉ង់ Man Energy Solutions ដែលជាក្រុមហ៊ុនឧស្សាហកម្ម​​ផលិត​ម៉ាស៊ីន​នាវាធំៗ បាន​ប្រកាសថា គេកំពុងស្រាវជ្រាវ ធ្វើម៉ាស៊ីនដែលដើរដោយ e-ammoniac ផលិត​ចេញ​ពី អ៊ីស្រូដែន និងអាស៊ូត។ ម៉ាស៊ីននាវាប្រភេទនេះ អាចចាប់ផ្តើមដាក់​ឲ្យ​ប្រើនៅរវាង​ឆ្នាំ​២០២៥។ ក្រៅពីនេះ នៅមានមធ្យោបាយ​បច្ចេកទេសផ្សេងៗទៀត ដូចជាការប្រើក្តោង ឬប្រើស្រទាប់ពោងដាក់​ពីក្រោមបាតនាវា ដើម្បីកាត់​បន្ថយ​ការកកិតជាមួយទឹក កាត់បន្ថយ​វត្ថុធាតុដើមថាមពល​ដែលប្រើក្នុងម៉ាស៊ីន។ ការបន្ថយល្បឿននាវា ក៏ជាមធ្យោបាយ​មួយដែរ តែបញ្ហាចោទ ទំនិញ​ខ្លះ​ជាទំនិញ​ចំណីអាហារ ត្រូវការ​ពេលវេលាដឹកជញ្ជូន​ឲ្យ​បានខ្លីបំផុតដើម្បីកុំឲ្យខូចគុណភាព​។

យកពន្ធថ្លៃបញ្ចេញ​ឧស្ម័នកាបូនិក​

ការយកពន្ធ លើទំហំឧស្ម័នកាបូនិក ដែល​វិស័យដឹកជញ្ជូន​ផ្លូវសមុទ្របំពុល​បរិយាកាស ក៏ជាចំណុចសំខាន់មួយដែរ នៅក្នុងការប្រជុំមួយសប្តាហ៍នេះ ហើយវាក៏ជាប្រភពនៃការខ្វែងគំនិតគ្នាដែរ។ គោលគំនិត​ ដាក់​កាតព្វកិច្ចបង់ពន្ធថ្លៃ​បញ្ចេញឧស្ម័នកាបូនិក លើវិស័យនេះ មានប្រទេសខ្លះបានទាមទារច្រើនឆ្នាំមកហើយ។ កោះសាឡូម៉ុង បានស្នើថា ត្រូវយកពន្ធ ចំនួន ១០០ដុល្លារ ក្នុង​មួយតោនកាបូនបញ្ចេញចោលក្នុងបរិយាកាស ពោលគឺស្មើនឹង​៣០០ ទៅ៤០០ដុល្លារ ក្នុងមួយលីត្រប្រេងខ្មៅ។ យោងតាមធនាគារពិភពលោក​ វិធានការនេះ អាចប្រមូលប្រាក់ យ៉ាងហោច ៦០ ទៅ ៨០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីយកទៅជួយប្រទេសក្រីក្រ ដែលប្រឈមរងគ្រោះខ្លាំងដោយ​វិបត្តិអាកាធាតុ​។

ប្រទេសធំៗជាច្រើន ក្នុងនៅមានបារាំងដែរ គាំទ្រគំនិតនេះ។ តែមានប្រទេសខ្លះទៀត ដូចជាចិន អាហ្សង់ទីន ប្រេស៊ីល ប៉េរូ អូស្ត្រាលី អាហ្វ្រិកខាងត្បូងជាដើម គឺគេប្រឆាំង។ ប្រេស៊ីលលើកឡើងថា យកពន្ធច្រើនបែបនេះ គឺវានឹងធ្វើឲ្យ​តម្លៃដឹកជញ្ជូន​កាន់តែឡើងថ្លៃ ហើយអ្នកដែលរងថ្មបាក់ គឺប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ទៅវិញទេ។ វាប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ប្រទេសក្រីក្រ។ ចិនវិញ លើកឡើងថា​ មិនត្រូវផ្ទេរកាតព្វកិច្ចកាត់បន្ថយ​ឧស្ម័នកាបូនិក ពីប្រទេសនីមួយៗ យកទៅដាក់បន្ទុកលើក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវសមុទ្របែបនេះទេ។

តែយ៉ាងណា ផ្អែកតាម លោក Tristan Smith សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ UCL គឺក្រុមហ៊ុនធំរកស៊ីក្នុងវិស័យនេះ ពិតជាមួយ​មធ្យោបាយ​ហិរញ្ញវត្ថុ មានប្រាក់បង់ពន្ធច្រើន ហើយ​មានប្រាក់​ដើ​ម្បីវិនិយោគ ប្តូរនាវាទាំងអស់របស់ខ្លួន ងាកទៅ​​ប្រើនាវាថ្មី ដែល​ដើរដោយ​ម៉ាស៊ីនថ្មី​ ប្រភពថាមពលថ្មី ដែល​គោរពបរិស្ថាន។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រកើបប្រាក់ចំណេញបានច្រើនខ្លាំងណាស់ ហើយតាមការព្យាករណ៍ វិស័យនេះនឹងមានកំណើនថែមទៀត។ ប្រសិនបើវិស័យនេះមិនព្រមធ្វើអ្វីសោះទេ គឺការបញ្ចេញ​ឧស្ម័នកាបូនិកនៃវិស័យនេះ នឹងកើនឡើងខ្លាំង មានទំហំប្រមាណ​១៧%ឯនោះ នៅឆ្នាំ​២០៥០ មិនមែន​ត្រឹម៣%ដូចបច្ចុប្បន្ននេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ