អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បច្ចេកទេសស្រូបឧស្ម័ន​កាបូនិករីកចម្រើនខ្លាំង ជាក្តីសង្ឃឹមដល់​យុទ្ធនាការ​ទប់ស្កាត់ការឡើងកំដៅផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧស្ម័ន​កាបូនិក​ដែលមនុស្សយើងបញ្ចេញទៅក្នុង​បរិយាកាស គឺជាប្រភពដ៏ចំបង ធ្វើឲ្យ​ផែនដីយើងឡើងកំដៅ ហើយ​ធ្វើ​ឲ្យ​មាន​វិបត្តិអាកាសធាតុ។ តែទោះជាយ៉ាងណា ការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច ហាក់ដូចជាស្ថិតនៅលើផ្លូវមួយ​ដ៏លំបាក សម្រាប់​មនុស្សជាតិយើង។ ប្រឈមនឹងបញ្ហានេះ ពិភពលោក​យើង បាន​ដាក់ក្តីសង្ឃឹមទៅលើ​បច្ចេកវិទ្យាថ្មីៗ ដើម្បី​ចាប់យក ឬស្រូបយកឧស្ម័ន​កាបូនិកពីក្នុងបរិយាកាស យកទៅបង្ឃាំងទុក។ មានក្រុមហ៊ុន សហគ្រាសជាច្រើន ដែលបានចាប់ផ្តើម​វិនិយោគ​លើ​គម្រោងធំៗ​របៀបនេះ។ តើបច្ចុប្បន្ន​ បច្ចេកទេស​ស្រូប​យកឧស្ម័ន​​កាបូនិក មានអ្វីខ្លះ ហើយ​វាមានប្រសិទ្ធភាព​យ៉ាងណាខ្លះ នៅក្នុងការ​កាត់​បន្ថយ​ឧស្ម័ន​នេះពីក្នុងបរិយាកាស?

ផ្សែងហោះចេញពី​រោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្ម Lethabo power station នៅតំបន់ Vereeniging អាហ្វ្រិកខាងត្បូង។ ថ្ងៃទី ៥ ធ្នូ ២០១៨
ផ្សែងហោះចេញពី​រោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្ម Lethabo power station នៅតំបន់ Vereeniging អាហ្វ្រិកខាងត្បូង។ ថ្ងៃទី ៥ ធ្នូ ២០១៨ AP - Themba Hadebe
ផ្សាយពាណិជ្ជកម្ម

យើងដឹងហើយថា ឧស្ម័ន​កាបូនិកដ៏សែនក្រាសក្នុងបរិយាកាស ដែលកើតចេញពីសកម្មភាពរបស់​មនុស្សយើង បាន​និងកំពុងជះផល​អាក្រក់អ្វីខ្លះ មកលើកត្តាអាកាសធាតុ ព្រមទាំង​សុខមាលភាពរបស់​មនុស្សជាតិ​។ តែទន្ទឹមគ្នានេះ ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក វាគឺជារឿងមួយលំបាកខ្លាំងណាស់។ មនុស្សយើងនៅតែបញ្ចេញ​ឧស្ម័ន​ពុលនេះទៅក្នុងបរិយាកាស ក្នុងកម្រិតខ្ពស់ដដែល មិនថាក្នុងជីវភាពប្រចាំថ្ងៃ ដោយ​ការប្រើរថយន្ត និងចរន្តអគ្គីសនី ឬដោយសកម្មភាពផលិតតាមរោងចក្រនានាទូទាំងពិភពលោក​។ ដូច្នេះ មានតែ​រកវិធីទៅចាប់យក ឬស្រូបយកឧស្ម័ន​កាបូនិកដែល​មនុស្សយើងបញ្ចេញ​ចោលនោះ យកទៅបង្ឃាំងទុកវិញ ដើម្បី​កុំឲ្យ​វានៅអណ្តែតហ៊ំព័ទ្ធក្នុងបរិយាកាស ធ្វើ​ឲ្យសីតុណ្ហភាពផែនដីយើង ឡើងកំដៅ​។

បច្ចេកទេស២ អាចស្រូបយកឧស្ម័នកាបូនិក​

បច្ចុប្បន្ននេះ បច្ចេកវិទ្យាស្រូបយក ឬចាប់យកឧស្ម័នកាបូនិក គឺមាន​២ប្រភេទ ដែលគេកំពុងផ្តោត​ការយកចិត្តទុកដាក់។ បច្ចេកទេសទាំង២នេះ​ មានលក្ខណៈខុសគ្នា តែភាគច្រើនមនុស្ស​ចេះតែច្រឡំគ្នា។ បច្ចេកទេសទី១​ គឺការចាប់យក ឬការកាក់យកឧស្ម័នកាបូនិកភ្លាមៗតែម្តង មិនឲ្យ​វាអណ្តែតចូលទៅក្នុងបរិយាកាសទាន់ទេ។ បច្ចេកទេសនេះ គេហៅកាត់ជាភាសាអង់គ្លេសថា CCS។ ចំណែកបច្ចេកទេស​ទី២ គឺជាការ​ទៅស្រូបយកឧស្ម័ន​កាបូនិក ដែលស្ថិតនៅក្នុងបរិយាកាសរួចហើយ ដើម្បីយកវាទៅបង្ឃាំងទុកនៅ​កន្លែងផ្សេង។ បច្ចេកទេសនេះ គេហៅឈ្មោះថា DAC។

បច្ចេកទេស CCS គឺគេប្រើ​នៅតាមរោងចក្រធំៗ ដែលធម្មតាបញ្ចេញ​ផ្សែងឧស្ម័នកាបូនិកខ្លាំងណាស់ តួយ៉ាង ដូចជា​រោងចក្រផលិតចរន្តអគ្គិសនី រោងចក្រស៊ីម៉ង់ត៍​ ឬរោងចក្រស្លដែក​ជាដើម។​ ឧស្ម័នកាបូនិក​ដែល​កើតដោយចំហេះថាមពលហ្វូស៊ីល ដែលគេប្រើក្នុងរោងចក្រទាំងនេះ នឹងត្រូវគេចាប់បង្ឃាំងយកទុក ដោយប្រើបច្ចេកទេសពិសេស រំលាយវាឲ្យ​ទៅជារាវដូចទឹក មិនឲ្យ​វាអណ្តែតចេញទៅ​ក្នុងបរិយាកាសទេ។

រីឯបច្ចេកទេស DAC គឺគេប្រើកង្ហារធំៗ បូកផ្សំជាមួយប្រតិកម្មគីមី ឈានទៅស្រូបយក​ឧស្ម័ន​កាបូនិក​ដែលស្ថិតនៅក្នុងបរិយាកាស។ ក៏ប៉ុន្តែ ដោយសារតែ​ឧស្ម័នកាបូនិកនៅក្នុងបរិយាកាស វារសាត់សាយភាយ​ឡាយ​ឡំនឹងឧស្ម័ន​ផ្សេងទៀតច្រើនមុខ ដូច្នេះហើយទើបបច្ចេកទេសនេះ គេត្រូវការប្រើថាមពលច្រើន ហើយជាពិសេសនោះគឺប្រើទឹកច្រើនណាស់។ មានន័យថា វាមានន័យថា គេត្រូវចំណាយប្រាក់និងធនធានធម្មជាតិច្រើន បើប្រៀបធៀបទៅបច្ចេកវិទ្យា CCS។

យកទៅកប់ទុកចោលក្នុងដីជ្រៅ ឬនៅបាតសមុទ្រ​

ជាមួយ​នឹង​​បច្ចេកទេសទាំង២នេះ គឺកាបូនិកដែល​គេ​ចាប់បាន គឺគេយកវាទៅបំប្លែងឲ្យរាវ ហើយបន្ទាប់មកគេយកទៅទុកកប់ជ្រៅក្នុងស្រទាប់ដី ឬុមួយនៅក្រោមបាតសមុទ្រជាដើម។ ឧទាហរណ៍ នៅតាមអណ្តូងប្រេងកាត ឬអណ្តូងឧស្ម័នដែលលែងដំណើរការ សោះនឹងបោះបង់ចោល គឺគេនឹងប្រើវា ដើម្បី​ចាក់កប់ឧស្ម័នកាបូនិករាវទាំងនេះ។ ជាក់ស្តែង នៅក្នុងសមុទ្រខាងជើងទ្វីបអឺរ៉ុប គឺគេបាន​ធ្វើរួចហើយ ដោយយកឧស្ម័នកាបូនិកទៅបង្ហូរ កប់ចូលជ្រៅក្នុងស្រទាប់ដីបាតសមុទ្រ។ ក្នុងករណីខ្លះ គេអាចយកឧស្ម័នកាបូនិកដែលគេចាប់យកបាននេះ យកទៅប្រើជាធាតុផ្សំ​ ក្នុងការផលិតផលិត​ផលមួយចំនួន​ដែរ ឧទាហរណ៍​ ដូចជា​​ ដុំចំហេះ ដែលមនុស្សយើងអាចយកទៅប្រើ ដើម្បីដុតជាភ្លើងជាដើម។

តាមពិតទៅ​បច្ចេកទេស CCS គឺមានយូរហើយ តាំងតែពីឆ្នាំ​១៩៧០ម្លេះ ដោយគេប្រើវាក្នុងវិស័យឧស្សាហកម្មចម្រាញ់ប្រេងឥន្ធនៈ។ គេប្រើដើម្បី​ពន្លឿនការចម្រាញ់ប្រេង តែមិនមែនដើម្បី​ចាប់យកឧស្ម័នកាបូនិកកុំឲ្យវាទៅបំពុលបរិយាកាសអីនោះទេ។ តែឥឡូវទើបគេ​កែច្នៃយក ប្រើបច្ចេកទេសនេះដើម្បី​ទប់ឧស្ម័នកាបូនិកកុំឲ្យ​វាហោះចូលទៅបរិយាកាស។ យោងតាមតួលេខ របស់ទីភ្នាក់ងារ​ថាមពលអន្តរជាតិ ហៅកាត់ថា AIE គឺនៅក្នុងឆ្នាំ​២០២២ មាន​ក្រុមហ៊ុនសហគ្រាសចំនួន​ ៣៥ ដែលបានប្រើ​បច្ចេកទេសនេះ ហើយគេបានចាប់ឧស្ម័នកាបូនិកទុក សរុបចំនួន៤៥លានតោន។

ដោយឡែកបច្ចេកទេស DAC ដែលស្រូបឧស្ម័ន​ពីក្នុងបរិយាកាស គឺជាបច្ចេកទេសថ្មី ហើយ​ប្រសិទ្ធភាពស្រូបវិញទៀតសោត ក៏បានតិចដែរ មិនច្រើនដូចបច្ចេកទេស CCS ទេ។ ក្នុងឆ្នាំ​២០២២ មានរោងចក្រចំនួន​១៨ ដែល​ប្រើបច្ចេកទេសនេះ ដោយបានស្រូបឧស្ម័នកាបូនិកពីបរិយាកាស បានប្រមាណ ១ម៉ឺនតោន ពោល​គឺ​ស្មើ​ទំហំបញ្ចេញចោលឧស្ម័នកាបូនិក​ទូទាំងពិភពលោក ក្នុងរយៈពេល​១០វិនាទីតែប៉ុណ្ណោះ។​ ប្រឹងស្រូបអស់មួយឆ្នាំ ស្មើបញ្ចេញចោល១០វិនាទី គឺវាតិចយកតែមែនទែន​។​

កម្មវត្ថុដ៏ធំ ដែលតម្រូវឲ្យ​​បន្ថែមការប្រឹងប្រែង

ដើម្បីឈានទៅសម្រេចកម្មវត្ថុ ហ្សេរ៉ូកាបូន ឬ អព្យាក្រិត្យាភាពកាបូន​នៅឆ្នាំ២០៥០​ គឺវាច្បាស់ណាស់ ដែលគេត្រូវតែពង្រីក ការប្រើប្រាស់បច្ចេកទេសទាំងនេះ ឲ្យ​បានទូលំទូលាយ ទូទាំងពិភពលោក​។ ដើម្បីសម្រេចកម្មវត្ថុនេះ ទីភ្នាក់ងារ​ថាមពលអន្តរជាតិ បានព្យាករណ៍ថា នៅរវាងឆ្នាំ​២០៣០ បច្ចេកវិទ្យា CCS ត្រូវតែអាច​បូមស្រូបយកឧស្ម័ន​កាបូនិក ចំនួន ១៣០០០លានតោនក្នុងមួយឆ្នាំ ពោលគឺត្រូវ​តែច្រើនជាង​ឆ្នាំមុន ឲ្យ​៣០ដង​​ឯណោះ។ ចំណែកបច្ចេកវិទ្យា DAC វិញ គឺត្រូវ​តែ​អាចស្រូបឧស្ម័នកាបូនិក បាន​ខ្ទង់ ៦០លានតោនក្នុងមួយឆ្នាំ​។

ពោលគឺកម្មវត្ថុទាំងនេះ វាធំៗ ស្ថិតនៅខ្ពស់ឆ្ងាយណាស់។ ដូច្នេះ គឺត្រូវតែ​វិនិយោគឲ្យ​បានច្រើនបំផុត នៅក្នុងវិស័យនេះ​។ តែយ៉ាងណា លោក Gregory Nemet សាស្តាចារ្យនៅសកលវិទ្យាល័យ Wisconsin បានលើកឡើងថា ពិភពលោកយើងអាចធ្វើ​បាន​រួចហើយ មិនមែនមិនធ្លាប់ទេ។ ជាក់ស្តែង ក្នុងវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ ត្រឹមតែ​ប្រមាណជាង​១០ឆ្នាំគឺបាន​រីកចម្រើនខ្លាំងណាស់។ តែឧបសគ្គដ៏ធំមួយ​ ដែលចោទទៅលើបច្ចេកទេសស្រូបចាប់យកឧស្ម័នកាបូនិក គឺ​ការស្តុកទុក។​ ការជីករណ្តៅ រៀបចំស្តុក​កប់​វាក្នុងដី ឬក្នុងបាទសមុទ្រ អាចចំណាយ​ពេលរៀបចំសាងសង់យូរឆ្នាំណាស់។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនសហគ្រាសខ្លះបានចាប់ផ្តើមវិនិយោគហើយ។ នៅអាមេរិក រោងចក្រថ្មីមួយនឹងចាប់ផ្តើម​ដំណើរការ​នៅឆ្នាំក្រោយ ដែលបំពាក់ដោយ​បច្ចេកវិទ្យា ស្រូបយកឧស្ម័នកាបូនិកបានដល់ទៅ​១លានតោនក្នុងមួយឆ្នាំ។ នៅចិនវិញ រោងចក្រមួយនៅ ខេត្តJiangsu ទើបចាប់ផ្តើមដំណើរការ អាចចាប់កាក់ឧស្ម័នកាបូនិក បាន​៥សែនតោនក្នុងមួយឆ្នាំ​។ អាមេរិក កាណាដា ចិន កូរ៉េខាងត្បូង និងអឺរ៉ុបជាដើម គេចាប់ផ្តើមនាំគ្នាវិនិយោគក្នុងវិស័យនេះយ៉ាងក្រាស់ក្រែល។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏បានសន្យា​ផ្តល់ប្រាក់វិនិយោគដែរ។

តែទន្ទឹមគ្នានេះ មនុស្សលោកយើង​ មិនអាចដាក់ក្តីសង្ឃឺម តែទៅលើការស្រូបយកឧស្ម័នកាបូនិកទៅទុកនេះដែរ។ វាជាមធ្យោបាយមួយល្អហើយ ក្នុងការកាត់បន្ថយកម្រិតឧស្ម័នកាបូនិក។ តែ​គ្រប់គ្នាក៏ត្រូវតែកាត់បន្ថយ​ការបញ្ចេញ ការផលិត​ឧស្ម័នកាបូនិកដែរ មិនមែនអាងតែបញ្ចេញហើយ អាចចាប់ទុកវិញនោះទេ។ មួយវិញទៀត វាមានមធ្យោបាយផ្សេងទៀត បែបធម្មជាតិ ដែល​មានប្រសិទ្ធភាពដែរ នោះគឺការ​រក្សាការពារព្រៃឈើ ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្តុក​ទុកឧស្ម័នកាបូនិក កុំឲ្យ​វាអណ្តែតទៅក្នុងបរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ