អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖ ពពកខ្មៅ​គ្របដណ្តប់​លើ​លោក ភិថា លីមចារើនរ៉ាត់ ក្រោយ​គណកម្មការបោះឆ្នោត ​ស្នើឲ្យ​ព្យួរបេក្ខភាព​ជានាយករដ្ឋមន្ត្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍ ​ទី​១៣កក្កដាស្អែកនេះ សភាថៃទាំង២អង្គ និង​បើកការប្រជុំរួមគ្នាដើម្បី​បោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ មកដឹកនាំរដ្ឋាភិបាល​។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយ​បក្សកាវក្លៃ ដែលជាអ្នកបានសំឡេងឆ្នោតនាំមុខគេកាលពីពេលបោះឆ្នោតនៅចុងខែឧសភា បាន​ស្នើបេក្ខជន​នាយករដ្ឋមន្ត្រី​គឺលោក ភិថា លីមចារើនរ៉ាត់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធនេះ គណកម្មជាតិជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាស សម្រេចស្នើឲ្យព្យួរបេក្ខភាពរបស់​លោក ភិថា លីមចារើនរ៉ាត់ បន្ទាប់​ពីបាន​ស៊ើបអង្កេតអស់ជិត១ខែ ទាក់ទិននឹងការបំពានច្បាប់បោះឆ្នោត​។ កាលៈទេសៈនយោបាយ​ថៃ ពេលនេះកំពុងតែរំជើបរំជួលខ្លាំងណាស់ ដោយ​គ្មាននរណាអាចដឹងបាន​ទេ ថា​លោកភិថា លីមចារើនរ៉ាត់ ពិតជាអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីឬយ៉ាងណានោះទេ​។

ប្រធានគណបក្ស កាវក្លៃ "Move Forward" លោក ភិថា លីមចារើនរ៉ាត់ នៅវិមានរដ្ឋសភាថៃ ថ្ងៃទី ៤ កក្កដា ២០២៣
ប្រធានគណបក្ស កាវក្លៃ "Move Forward" លោក ភិថា លីមចារើនរ៉ាត់ នៅវិមានរដ្ឋសភាថៃ ថ្ងៃទី ៤ កក្កដា ២០២៣ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បញ្ជូនសំណុំរឿងទៅកាន់​តុលាការធម្មនុញ្ញ​

នៅ​មួយថ្ងៃមុន​សភាទាំង២អង្គរបស់ថៃបោះឆ្នោត យើងឃើញថាអ្វីៗនៅមិនប្រាកដទាំងអស់ សម្រាប់អនាគតនយោបាយ របស់​លោក ភិថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សកាវក្លៃ ដែលបានសំឡេងឆ្នោតនាំមុខគេ កាលពីពេល​បោះឆ្នោតនៅចុងខែឧសភា។

កាលពីខែមិថុនា គណកម្ម​ការជាតិរៀបចំការបោះឆ្នោតថៃ បាន​បើកការស៊ើបអង្កេតមួយ ទាក់ទិននឹង​ការសង្ស័យថា លោក​ ភិថា លីមចារើនរ៉ាត់ បាន​បំពានលើច្បាប់បោះឆ្នោត​។ ករណីនេះ គឺគេបានចោទថា លោកភិថា លីមចារើនរ៉ាត់ មានចំណែក​ភាគហ៊ុន​ នៅក្នុង​ក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ថៃមួយ ឈ្មោះ iTV។​ តាមច្បាប់​បោះឆ្នោតថៃ គឺបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ មិនអាច​មានចំណែកគ្រប់គ្រងកម្មសិទ្ធិ នៅក្នុង​បណ្តាញព័ត៌មានជាដាច់ខាត។

មានន័យថា លោកភិថា លីមចារើនរ៉ាត់ អាចនឹងប្រឈមទោសជាប់ពន្ធនាគារផង អាចបាត់បង់អាសនៈសភាផង ហើយនឹងត្រូវគេដកសិទ្ធ​ឈរឈ្មោះបោះឆ្នោត រយៈពេល​២០ឆ្នាំថែមទៀត។ តែយ៉ាងណា លោក ភិថា លីមចារើនរ៉ាត់ បានអះអាងថា ចំណែកភាគហ៊ុនដែលលោក​មាន​នោះ គឺជាកេរ្តិ៍មរតកប្រគល់ឲ្យ​ពីឪពុកលោក​មកទេ មិនមែនលោកទៅទិញដើម្បីរៀបចំយុទ្ធសាស្ត្រនយោបាយអ្វីទេ ហើយ​មួយវិញទៀត បណ្តាញទូរទស្សន៍នេះបានឈប់ដំណើរការផ្សាយ​តាំងតែពីឆ្នាំ​២០០៧មកម្លេះ​។

បន្ទាប់ពីបាន​ស៊ើបអង្កេតបាន​ជិត១ខែ​ គណកម្ម​ការជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាសនៅព្រឹកថ្ងៃពុធ​នេះថា​ គេពិតជាបានប្រមូល​នូវធាតុផ្សំគ្រប់គ្រាន់ ថាលោកភិថា បានបំពានច្បាប់បោះឆ្នោត​ ហើហយគេបាន​សម្រេច ស្នើឲ្យ​ព្យួរបេក្ខភាពរបស់​ លោកភិថា លីមចារើនរ៉ាត់។ លោក អ៊ិធិភុន ប៊ូនប្រាកង ប្រធាន​គណកម្មការជាតិរៀបចំការបោះឆ្នោតថៃ បាន​អះអាងប្រាប់អ្នកយកព័ត៌មាន​បារាំង AFP នៅព្រឹកមិញនេះ ថាគណកម្មការលោក ​មានហេតុផលគ្រប់គ្រាន់ ដើម្បីរុញសំណុំរឿងនេះ ជូនទៅ​តុលាការ​ធម្មនុញ្ញថៃ ជាអ្នកសម្រេច​។ ដូច្នេះ​អំណេះតទៅ គឺអ្វីៗស្ថិតក្នុងដៃរបស់​តុលាការធម្មនុញ្ញថៃ ក្នុងការសម្រេច​ចាត់ទុក ឬមិនចាត់ទុក​​ជាមោឃៈ​ នូវបេក្ខភាព​របស់​លោក ភិថា លីមចារើនរ៉ាត់។

ពិបាក​បាន​គ្រប់សំឡេង ៣៧៦

ស្ថានការណ៍ពេលនេះ គឺថាគ្មានអ្វីប្រាកដទាល់តែសោះ។ គ្មាននរណាអាចស្មានបានទេ ហើយអ្វីៗក៏អាចកើតឡើងបានដែរ នៅក្នុង​ប្រវត្តិនយោបាយថៃ។ តុលាការធម្មនុញ្ញថៃ គឺជាស្ថាប័នកំពូលមួយ តែងតែចូលមកលូកដៃសម្រេចវាសនានយោបាយថៃ ជារឿយៗ ឲ្យតែពេលមានបញ្ហាវិបត្តិម្តងៗ។

សម្រាប់ការបោះឆ្នោតនៅសភាទាំង២អង្គនៅថ្ងៃស្អែកនេះ​ ក៏គេមិនដឹងថាលោកភិថា លីមចារើនរ៉ាត់ អាចទទួល​បានសំឡេងគាំទ្រគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រីថ្មី បង្កើតរដ្ឋាភិបាលដែរ​។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយ​បក្សកាវក្លៃ មានអាសនៈភាគច្រើននៅសភាមែន គឺចំនួន៣១២ ក្នុងចំណោម៥០០អាសនៈ ក៏ប៉ុន្តែ ​គេត្រូវការ​ឲ្យ​បាន​សំឡេងភាគច្រើន ទាំងសភា និងព្រឹទ្ធសភា ដែលមានអាសនៈ២៥០ទៀត។ ពោលគឺ ទាល់តែបាន​សំឡេងឆ្នោតគាំទ្រសរុប ចំនួន​៣៧៦ ទើបអាចក្លាយជានាយករដ្ឋមន្ត្រីបាន​។ មានន័យថា លោកភិថា លីមចារើនរ៉ាត់ ត្រូវការសំឡេងគាំទ្របន្ថែមពីខាងសមាជិក​ព្រឹទ្ធសភា ចំនួន​យ៉ាងហោច ៦៤នាក់ទៀត ទើបគ្រប់ ៣៧៦។ ជាចំនួនច្រើនណាស់ ដែលគ្មាននរណាសង្ឃឹមថា​អាចបានទេ ព្រោះសមាជិកព្រឹទ្ធសភាភាគច្រើន តែងតាំងដោយក្រុមរាជានិយម ក្រុមកងទ័ព ហើយ​មានទំនោរអភិរក្សនិយមខ្លាំងណាស់។

សមាជិកព្រឹទ្ធសភា​ជាច្រើននាក់ហើយ បាន​ប្រកាសថា គឺនឹងមិនបោះឆ្នោត​ឲ្យ​បេក្ខជន​លោក​ភិថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីនោះទេ។​ អ្វីដែល​ធ្វើ​ឲ្យសមាជិក​ព្រឹទ្ធសភាអភិរក្សនិយមថៃ គេមិនចង់ឲ្យ​លោកភិថា លីមចារើនរ៉ាត់ ក្លាយ​ជានាយករដ្ឋមន្ត្រី គឺដោយសារតែគោលនយោបាយ​របស់គាត់​ ដែលគេចាត់ទុកថា​វា ចម្រើននិយមជ្រុលហួសហេតុពេក​​។ ក្នុងកម្មវិធីនយោបាយ​របស់​បក្សកាវក្លៃ គឺលោកភិថា លីមចារើនរ៉ាត់ បាន​សន្យាថានឹង​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន ដែលត្រូវបាន​​តាក់តែងឡើងដោយ​ក្រុមយោធា ដើម្បីក្រុមយោធា​។ ចំណុចដ៏សំខាន់មួយទៀត គឺលោកបាន​​សន្យា​ធ្វើកំណែទម្រង់​ ច្បាប់ផ្តន្ទាទោស​ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាលោកចាត់ទុកថាជាច្បាប់​ធ្ងន់ធ្ងរជ្រុលហួសហេតុ ចាស់គំរិត ហួសសម័យ មិនត្រូវសម័យ​និងការរីកចម្រើនៃសង្គមថៃ។

បន្ថែមពីនេះ លោកភិថា លីមចារើនរ៉ាត់ បានសន្យា​លុបចោលកាតព្វកិច្ចយោធា បើកចំហវិស័យមួយចំនួន ដើម្បី​​ទទួលយក​ការវិនិយោគចូលរួមពី​ឯកជន និង​បានសន្យា​ទទួលស្គាល់ជាផ្លូវការនូវសិទ្ធិរៀនអាពាហ៍ពិពាហ៍ របស់អ្នកស្រលាញ់ភេទដូចគ្នា​។ គោលនយោបាយសេរី និងចម្រើននិយមទាំងអស់នេះ គឺវាប្រឆាំងនឹងការយល់ឃើញ របស់​ក្រុមអ្នកមានអំណាចចាស់វស្សានៅថៃ ដូច​ជា​ក្រុម​យោធាអភិរក្សនិយម និងក្រុម​រាជានិយមថៃ ដែលអះអាងថាខ្លួនគឺ​ជា​អ្នក​​ការពារ​តម្លៃ​សង្គម​តាមបែបប្រពៃណីពីបុរមបុរាណ។​

ជំនោរនៃការផ្លាស់ប្តូរថ្មី​

លទ្ធផលបោះឆ្នោតកាលពីខែឧសភា ដែល​បានផ្តលជ័យជំនះជូនគណបក្សកាវក្លៃ គឺវាមានន័យថាប្រជាជនថៃ បានបង្ហាញ​ឆន្ទៈ ចង់ឲ្យ​មានការផ្លាស់ប្តូរថ្មី តាមរយៈបេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ភិថា លីម ចារើនរ៉ាត់រូបនេះ​។ ប្រជាជនថៃ ជាពិសេស គឺយុវជនវ័យក្មេងៗតែម្តង បានបង្ហាញ​ឆន្ទៈ ចង់ឲ្យ​មានការផ្លាស់ប្តូរ ចង់​ឲ្យសង្គមរីកចម្រើនទៅមុខ ទៅតាមសម័យកាល។ ពួកគេនឿយណាយ នឹងវិបតិ្តនយោបាយ រដ្ឋប្រយោធាម្តងហើយម្តងទៀត នឿយណាយ​នឹងការដឹកនាំប្រទេស របស់​ពួកយោធា​ថៃ ហើយដែលបានធ្វើឲ្យសេដ្ឋកិច្ច​ថៃធ្លាក់ចុះខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។

យ៉ាងណាមិញ នៅថ្ងៃពុធនេះ លោក​ភិថា លីមចារើនរ៉ាត់ បាន​ថ្លែងសារថា ការបោះឆ្នោត​តែងតាំងរដ្ឋាភិបាលថ្មី ដោយ​​សភា​ទាំង២អង្គ នៅថ្ងៃស្អែកនេះ គឺមិនមែនជារឿងបោះឆ្នោត​ដើម្បីតែងតាំង​រូប​លោក ឬដើម្បី​បក្សកាវក្លៃរបស់លោក​នោះទេ។ តែវាជាការបោះឆ្នោត ដែល​សមាជិកសភានិងព្រឹទ្ធសភា អាចឈានទៅបើកទំព័រថ្មី បើក​ផ្លូវនាំប្រទេសថៃឲ្យត្រលប់​ទៅកាន់​មាគ៌ាប្រជាធិបតេយ្យធម្មតាដូចគេឯងឡើង​វិញ និងជាការបោះឆ្នោត​​ ដោយគោរពឆន្ទៈរបស់​ប្រជាពលរដ្ឋថៃ ដែល​បានសម្តែងមតិតាមរយៈសន្លឹកឆ្នោតកាលពីចុងខែឧសភា។

ប្តូរ​បេក្ខជន​នាយករដ្ឋមន្ត្រី?​

លោកភិថា លីមចារើនរ៉ាត់ អាចប្រហែលជាមិនបានសំឡេងឆ្នោតគ្រប់ទាំង​៣៧៦ទេ នៅថ្ងៃព្រហស្បតិ៍​ទី​១៣កក្កដា​។ តាមធម្មតា សភាទាំង២អង្គ អាចប្រជុំគ្នា ម្តងហើយម្តងទៀត ដោយ​គ្មានចំនួន​កំណត់ទេ ដើម្បីធ្វើយ៉ាងណា បោះឆ្នោតឲ្យចេញជាលទ្ធផលស្ថាពរតែងតាំងនាយករដ្ឋមន្ត្រីថ្មី​។

បើនៅតែមិន​មានលទ្ធផល​ យូរថ្ងៃទៅមុខ អ្នកវិភាគខ្លះបានលើកឡើងថា គឺអាចមានការចរចាគ្នា ដើម្បី​ផ្លាស់ប្តូរបេក្ខជននាយករដ្ឋមន្ត្រី ព្រោះថាគេមិនអាចដាក់ បេក្ខជនលោក​ ភិថា លីមចារើនរ៉ាត់ រហូតនោះទេ ដោយដឹងថាបោះមិនចេញដដែលជាដដែល។​ គណបក្សភឿថៃ ដែលស្ថិតនៅក្នុងគម្រោង​រដ្ឋាភិបាលចម្រុះដែរនោះ អាចនឹងស្នើបេក្ខភាព​ លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ កូនស្រីលោកថាក់ស៊ីន ដែលតាមទំនោរគឺក្រុម​អភិរក្សនិយមថៃមិនប្រឆាំងខ្លាំងពេក ដូចលោក​ភិថា លីមចារើនរ៉ាត់។

ទន្ទឹមគ្នានេះ គ្មានអ្វីធានាថា ក្រុមយោធាថៃនឹងមិនអន្តរាគមន៍នោះទេ ប្រសិនបើវិបត្តិនេះរ៉ាំរៃយូរខែ ធ្វើឲ្យ​ប្រទេសជាប់គាំង។ យោងតាមអ្នកវិភាគនយោបាយថៃ គឺ​លោក​ប្រាយុទ្ធ ចាន់អូចា ដែលបានប្រកាសលាចាកពីជីវិតនយោបាយ កាលពីថ្ងៃម្សិលមិញមែន​ តែមិនប្រាកដថា គាត់នឹងមិនវិលត្រលប់​មកវិញ ​ជាមួយ​កងទ័ពថៃ​នោះទេ។ ដូ​ច្នេះ សម្រាប់ពេលនេះ អនាគតនយោបាយថៃ គឺស្ថិតនៅក្នុងភាពមិនប្រាកដប្រជាទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ