អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖ លោក ភិថា លីមចារើនរ៉ាត់ បរាជ័យ​ មិនអាចទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ក្លាយជានាយករដ្ឋមន្ត្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍ទី ១៣កក្កដានេះ ប្រទេសថៃទាំងមូល ត្រូវទប់ដង្ហើម រងចាំលទ្ធ​ផល​បោះឆ្នោត​នៅសភា ដែលនឹងតែងតាំង​នាយករដ្ឋមន្រ្តីថ្មី។ សមាជិកសភាថៃ​ទាំង២អង្គ ត្រូវបោះឆ្នោតលើ​បេក្ខភាពនាយករដ្ឋមន្ត្រី របស់​លោក ភិថា លីមចារើនរ៉ាត់ ប្រធានគណបក្ស​កាវក្លៃ ដែលបានសំឡេងឆ្នោតនាំមុខគេ កាលពីពេលបោះឆ្នោត នៅខែ​​ឧសភាកន្លងទៅ។ ដូចការព្រួយបារម្ភពិតមែន លទ្ធផល​បោះឆ្នោតថ្ងៃព្រសហ្បតិ៍ ទី​១៣កក្កដា បានបង្ហាញថា បេក្ខភាពនាយករដ្ឋមន្ត្រី​របស់​លោកភិថា លីមចារើនរ៉ាត់ គឺមិនបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់តែ​។ តែយ៉ាងណា លោកភិថា បានប្រាកាសសន្យាថា លោកនឹងមិនបោះបង់សេចក្តីសង្ឃឹមទេ។

លោកភីថា លីមចារើនរ៉ាត់ យកដៃជ្រោងសក់បែបអស់សង្ឃឹម ខណៈការបោះឆ្នោតរំកិលទៅមុខ ហើយ​សំឡេងឆ្នោតគាំទ្ររូបលោក​ មិនគ្រប់ចំនួន៣៧៥សំឡេង។ វិមានរដ្ឋសភាថៃ ក្រុងបាងកក​ ថ្ងៃទី១៣កក្កដា ២០២៣
លោកភីថា លីមចារើនរ៉ាត់ យកដៃជ្រោងសក់បែបអស់សង្ឃឹម ខណៈការបោះឆ្នោតរំកិលទៅមុខ ហើយ​សំឡេងឆ្នោតគាំទ្ររូបលោក​ មិនគ្រប់ចំនួន៣៧៥សំឡេង។ វិមានរដ្ឋសភាថៃ ក្រុងបាងកក​ ថ្ងៃទី១៣កក្កដា ២០២៣ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ត្រូវការ​សំឡេងឆ្នោតគាំទ្រ ចំនួន​៣៧៥

សម័យប្រជុំដ៏ពិសេស នៃសភាទាំង២អង្គរបស់ថៃ បាន​ចាប់ផ្តើមនៅម៉ោង ៩ និង​៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៣កក្កដា​។ សភាទាំង២ ត្រូវបោះឆ្នោតសម្រេច លើ​បក្ខជននាយករដ្ឋមន្ត្រី​ដែលមានតែម្នាក់ទេ ដែល​បានដាក់ឈ្មោះស្នើមក គឺលោក ភិថា លីមចារើនរ៉ាត់ ប្រធានគណបក្សកាវក្លៃ ដែល​បានសម្លេងឆ្នោត​នាំមុខ កាលពីពេលបោះឆ្នោតខែ​ឧសភា។ នៅខាងក្រៅជុំវិញវិមានរដ្ឋសភា ប្រព័ន្ធការពារសន្តិសុខ ត្រូវបានដាក់​ហ៊ុំព័ទ្ធយ៉ាងតឹងតែងបំផុត ដើម្បី​បង្ការ​ការ​ផ្ទុះបាតុកម្មតវ៉ាណាមួយ នៅ​ក្រោយ​ការប្រកាសលទ្ធផល​ឆ្នោត​។

សមាជិកសភាទាំង២អង្គ មានសរុប៧៥០នាក់ តែកាលពីថ្ងៃពុធម្សិលមិញ មានសមាជិក​ព្រឹទ្ធសភាម្នាក់ បានលាឈប់ពីមុខតំណែង។ ដូច្នេះ នៅសល់តែ ៧៤៩នាក់ទេ។ មានន័យថា លោក​ ភិថា លីម ចារើនរ៉ាត់ ត្រូវការសំឡេងគាំទ្រ ចំនួន ៣៧៥សំឡេង ដើម្បីអាចក្លាយ​ជានាយករដ្ឋមន្ត្រី​ ដោយយោងតាមមាត្រា ១៧២នៃរដ្ឋធម្មនុញ្ញថៃ។ ជាចំនួន​ដ៏​ច្រើន ដែល​មតិជាច្រើនបាន​បង្ហាញការព្រួយបារម្ភ ថាពិបាក​នឹងទទួលបាន​ ព្រោះថាសមាជិកព្រឹទ្ធិសភាច្រើននាក់ណាស់ ដែល​បានប្រកាសថាមិនគាំទ្រ ឲ្យ​លោកភិថា លីមចារើនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីនោះទេ។

តែយ៉ាងណា មុននឹងចូលក្នុងសភា លោក​ភិថា បានប្រាប់អ្នកកាសែតថា លោកមានទំនុកចិត្ត  នៅក្នុងការទទួល​បាន​នូវលទ្ធភាព ឈានទៅធ្វើការ ដឹកនាំប្រទេស ដោយ​ប្រើប្រាស់សមត្ថភាព​ទាំងអស់របស់លោក ដើម្បីឆ្លើយតបទៅនឹង​សេចក្តីសង្ឃឹមរបស់​ប្រជាពលរដ្ឋថៃ ក៏ដូចជាឆ្លើយតបចំពោះការគាំទ្ររបស់ពួកគេ។ នៅក្នុងអង្គសភាមុននឹងបើកការបោះឆ្នោត លោក​ភិថា លីមចារើនរ៉ាត់ បានថ្លែងថាលោក​ចង់នាំប្រទេសថៃដើរឆ្ពោះលើមាគ៌ាលិទ្ធិប្រជាធិបតេយ្យ និង​ការរីកចម្រើន ដោយ​អនុឡោមទៅតាម​លទ្ធផលសន្លឹកឆ្នោត​ ដែលប្រជាជន​ថៃបាន​សម្តែងមតិកាលពីខែ​ឧសភា​។​

សូមរំលឹកថា លោក​ភិថា លីមចារើនរ៉ាត់ ប្រធានបក្សកាវក្លៃ បានបង្កើត​សម្ព័ន្ធគណបក្សដើម្បី​រៀបចំធ្វើរដ្ឋាភិបាល​ចម្រុះ ជាមួយ​​គណបក្សផ្សេងៗទៀត ក្នុងនោះ​មានបក្ស​ភឿថៃ ដែលធ្លាប់ជាបក្សដ៏ធំមួយនៅថៃ។ សម្ព័ន្ធគណបក្សចម្រុះដឹកនាំដោយ​លោកភិថានេះ មានចំនួន​អាសនៈសរុបក្នុងសភាជាតិ​ ៣១២អាសនៈ ក្នុងចំណោម​៥០០។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន​ គឺលោកភិថា ត្រូវការ​សំឡេងឆ្នោតគាំទ្រពីព្រឹទ្ធសភា ចំនួន​៦៣ទៀត ដើម្បីបានគ្រប់ ៣៧៥។

៣២៤សំឡេងគាំទ្រ​

​ការបោះឆ្នោតបានចាប់ផ្តើម នៅវេលាម៉ោង ប្រមាណ​ជា៤រសៀល បន្ទាប់ពី​លោក​ភិថា បេក្ខជននាយករដ្ឋមន្ត្រី ប្រធានបក្សធំៗ ព្រមទាំង​លោក​ប្រធានសភា បាន​ថ្លែងសុន្ទរកថាចប់សព្វគ្រប់។ ការបោះឆ្នោត​បាន​ប្រព្រឹត្តិទៅ ដោយ​មាន​មនុស្ស​ម្នាក់ ហៅឈ្មោះ​សមាជិកសភា និងសមាជិកព្រឹទ្ធសភា ម្តងម្នាក់ៗ ទៅតាម​លេខរៀងតួអក្សរ។ បន្ទាប់មក សមាជិកសភាម្នាក់​ៗ ដែលបានឮឈ្មោះ ត្រូវប្រកាសសំឡេងតាមមីក្រូហ្វូនតែម្តង ថា គាំទ្រ  មិនគាំទ្រ ឬមួយ​ក៏អនុវប្បវាទ ពោលគឺមិនបញ្ចេញមតិ។

គិតត្រឹមម៉ោង៦ល្ងាច ម៉ោងនៅបាងកក គឺការបោះឆ្នោត​បានចប់ហើយ ក៏ប៉ុន្តែនៅមិនទាន់មាន​ការប្រកាសលទ្ធផល​ផ្លូវការទេ ព្រោះថាគេកំពុងតែជជែក​គ្នាបន្តទៀត ដោយសារតែ​មាន​សមាជិកខ្លះ បាន​ដូរចិត្តចុះឡើង។ យ៉ាងណាមិញ សមាជិក​សភាបក្សភឿថៃម្នាក់ មកពីខេត្ត​ឆៀងម៉ៃ បាន​ឡើងថ្លែង សុំឲ្យ​ប្រធានសភា រិះរកវិធីយ៉ាងណា កុំ​ឲ្យ​មានការ​ប្តូរចិត្តចុះឡើងបែបនេះ​។

លទ្ធផលបឋមបានបង្ហាញថា លោក​ភិថា លីមចារើនរ៉ាត់ បានទទួលសំឡេងឆ្នោតគាំទ្រ ចំនួន ៣២៤សំឡេង ក្នុងនោះ មាន​៣១១មកពីសភាជាតិ ឬសភាជាន់ទាប និង១៣សំឡេង មកពី​ព្រឹទ្ធសភា។ ចំណែកសំឡេងឆ្នោតមិនគាំទ្រវិញ គឺមាន​ ១៨២សំឡេង ៣៤មកពីព្រឹទ្ធសភា ១៤៨មកពីសភា។ ដោយឡែក សំឡេងឆ្នោតអនុប្បវាទ មានច្រើនខ្លាំងណាស់ គឺ១៩៩សំឡេង ដែលក្នុងនោះ ១៥៩មកពីព្រឹទ្ធសភា ៤០សំឡេងមកពី​សភា​។

ជាសរុប យើងឃើញថា បេក្ខភាពលោកភិថា លីមចារើនរ៉ាត់ គឺមិនបានទទួលសំឡេងឆ្នោតគាំទ្រ គ្រប់៣៧៥ទេ។ នេះជាឧបសគ្គ ដែលត្រូវបាន​គេព្រួយបារម្ភច្រើនថ្ងៃមកហើយ ព្រោះថាក្រុមអ្នកនយោបាយចាស់វស្សាថៃ ដែលមានទំនោរអភិរក្សនិយម រាជានិយម គាំទ្រកងទ័ព គឺមិនពេញចិត្តចំពោះគំនិត​នយោបាយ​សម័យទំនើប បែបចំរើននិយមរបស់​លោក ភិថា លីមចារើនរ៉ាត់នេះទេ។

កងទ័ពអន្តរាគមន៍ ឬដូរបេក្ខជន​នាយករដ្ឋមន្ត្រី?

តាមធម្មតា សភាទាំង២អង្គ នឹងបើកសម័យប្រជុំ​ម្តងទៀត ពោលគឺពុំមានចំនួន​កំណត់ទេ ដើម្បី​បោះឆ្នោត​ជាថ្មី។ តែក៏មានន័យថា ប្រទេសថៃ ក៏កំពុងតែឈានជើងចូលក្នុងវិបត្តិនយោបាយ យូរខែដែរ ព្រោះថាមើលទៅ គឺមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រី បង្កើតរដ្ឋាភិបាលថ្មីបានដោយងាយទេ។ លោកភិថា លីមចារើនរ៉ាត់ ត្រូវតែព្យាយាម​ បញ្ចុញបញ្ចូល​សមាជិកសភា និងព្រឹទ្ធសភា​ យ៉ាងហោច ៥១នាក់ទៀត ដែលបានបោះឆ្នោត​អនុវប្បវាទ ឲ្យ​ងាកមកគាំទ្រលោក​។

បើនៅតែមិន​មានលទ្ធផល​ យូរថ្ងៃទៅមុខ អ្នកវិភាគខ្លះបានលើកឡើងថា គឺអាចមានការចរចាគ្នា ដើម្បី​ផ្លាស់ប្តូរបេក្ខជននាយករដ្ឋមន្ត្រី។​ គណបក្សភឿថៃ ដែលស្ថិតនៅក្នុងគម្រោង​រដ្ឋាភិបាលចម្រុះដែរនោះ អាចនឹងស្នើបេក្ខភាព​ លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ កូនស្រីលោកថាក់ស៊ីន។ តាមការវិភាគ លោកស្រី ភែថងថាន មានទំនោរទន់ជាង​លោក​ភិថា ជាពិសេសទាក់ទិននឹង​ការធ្វើកំណែទម្រង់ដ៏រសើបមួយចំនួន ដែលអាចប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ​។​

អ្នកវិភាគខ្លះទៀត ក៏នៅតែបង្ហាញការព្រួយបារម្ភដែរ ថា​ក្រុមយោធាអាចនឹងរកលេស ចូលអន្តរាគមន៍ គ្រប់គ្រងប្រទេសឡើងវិញ ប្រសិន​ជាប់គាំងយូរខែទៅមុខ គ្មាននាយករដ្ឋមន្ត្រី គ្មានរដ្ឋាភិបាល​។ ប្រជាជនដែលបានបោះឆ្នោត​គាំទ្រលោកភិថា លីមចារើនរ៉ាត់ ភ្លូកទឹកភ្លូកដីកាលពីខែ​ឧសភា ក៏អាចនឹងចុះផ្លូវធ្វើបាតុកម្មតវ៉ាវដែរ។​ ពោលគឺមានន័យថា សេណារីយូវិបត្តិធ្ងន់ធ្ងរ អាចឈានដល់ផ្ទុះអំពើហិង្សា កំពុងរងចាំប្រទេសថៃ​នៅថ្ងៃខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ