អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ហ្សេ៧ ជួយ​អ៊ុយក្រែន​ភ្លេច​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍មែន​​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​ទី ១៦​កក្កដា ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ ឬ​ហៅកាត់​ថា ហ្សេ៧ កំពុង​ជួបប្រជុំ​​គ្នា​នៅក្រុង​ហ្កង់ឌីណាហ្កា ​ប្រទេស​ឥណ្ឌា។ ជំនួប​នេះ​ត្រូវ​បន្ត​ដោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់ខ្លាំង​​ទាំង​២០​ដំបូង​គេ​នៅ​លើ​ពិភពលោក​ (ហ្សេ២០)។ កិច្ច​ពិភាក្សាត្រូវ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​​រក​មធ្យោបាយ​សម្រាល​បំណុល​របស់​ក្រុមប្រទេស​ក្រីក្រកំពុង​អភិវឌ្ឍ អំពីការ​ធ្វើ​កំណែទម្រង់​ធនាគារ និង​ការ​យកពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ​ដោយ​មិន​រំលង​ទេសំណុំ​រឿង​​ជួយ​​អ៊ុយក្រែន។ សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចានែត យេលែន ជួយ​អ៊ុយក្រែន​គឺ​ជា​ទង្វើ​ដ៏​ប្រសើរ​បំផុត​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ ជួយ​អ៊ុយក្រែន​និងក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជា​វិញ្ញាសាពីរ​ដែល​ចង​ជាប់​គ្នា​យ៉ាង​ខ្លាំង។

លោកស្រី ចានែត យេលែន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ឥណ្ឌា​ថ្ងៃទី ១៦ កក្កដា ២០២៣​
លោកស្រី ចានែត យេលែន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ឥណ្ឌា​ថ្ងៃទី ១៦ កក្កដា ២០២៣​ © 路透社图片
ផ្សាយពាណិជ្ជកម្ម

ក្រុង​ហ្កង់ឌីណាហ្កា ក្រុង​ទើប​បង្កើត​ថ្មីនៅទសវត្សរ៍​​ឆ្នាំ​១៩៦០ ដើម្បី​ឧទ្ទិស​ដល់​បិតា​ឯករាជ្យជាតិ​ឥណ្ឌា លោក ហ្កង់ឌី ថ្ងៃ​នេះ​កំពុង​ទទួល​បើក​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​ហ្សេ​៧ ហើយ​នឹង​បន្ត​ដោយ​ ​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ២០​ដំបូង ឬ​ហៅកាត់​ថា​​ហ្សេ​២០ ដែលមាន​ឥណ្ឌា​ជា​ប្រធាន​ផ្លាស់​វេន។

ជំនួប​នេះ​មាន​ពិភាក្សា​ជា​ចម្បង​អំពី​ការ​សម្រាល​បំណុល​របស់​ក្រុមប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ ការ​ធ្វើ​កំណែទម្រង់​ធនាគារ និង​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ពហុជាតិ ព្រមទាំង​សំណុំ​រឿង​អ៊ុយក្រែន។​ ក្រុមហ្សេ៧ ចង់ផ្តល់​ការ​គាំទ្រ​​ដល់​ធនាគារ​អភិវឌ្ឍ​ធំៗ ដូច​យ៉ាង​ធនាគារ​ពិភពលោក ដើម្បី​តម្រង់​ជំនួយ​ហិរញ្ញវត្ថុ​ឱ្យ​ចំ​ទិស​ដៅ​ប្រឈម​ គឺ​ការ​ឡើង​កម្តៅ​អាកាសធាតុ ព្រោះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គេ​ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធានការ​រួម​គ្នា​ ជួយស្រោចស្រង់​​ក្រុមប្រទេសមាន​ចំណូល​ទាប​​ដែល​ជាង​ពាក់​កណ្តាល​​កំពុង​ ឬ​មាន​ហានិភ័យ​ធ្លាក់​ខ្លួន ជាប់​បំណុល​ជាន់​លើ​បំណុល​។​

ម្យ៉ាង​​ទៀត រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចានែត យេលែន ​ចង់​ប្រើ​ជំនួប​ប្រជុំ​ថ្ងៃ​នេះជា​ខ្នោសកោស​លុប​បំបាត់​ក្តី​ព្រួយ​បារម្ភ​របស់​ក្រុម​ប្រទេស​ក្រីក្រ​​ដែល​ខ្លាច​ហ្សេ៧​សម្រុក​ជួយ​អ៊ុយក្រែន​ពេក​​ ភ្លេច​រឿង​ជួយដល់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍។

​​ភាព​​ក្រីក្រ និងទំនុកចិត្ត

​​នៅ​​សប្តាហ៍នេះ ​ប្រធាន​ធនាគារ​ពិភពលោកថ្មី លោក អាចាយ បង់ហ្កា Ajay Banga បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ក្នុង​ខណៈ​ដែល​ពិភពលោក​ត្រូវ​ការ​សាមគ្គី​រួប​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​​លើ​ផែន​ដី​ ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​​ និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ​ដែល​ញាំញី​បន្ថែម​ដោយ​វិបត្តិ​អតិផរណា​និង​សង្គ្រាមអ៊ុយក្រែន ក្រុម​ប្រទេស​អ្នក​ក្រ​មាន​ចំណូល​ទាប ​បាន​បាត់​បង់​​ទំនុក​ចិត្ត​លើ​ក្រុម​ប្រទេស​អ្នក​មាន និង​ព្រួយ​បារម្ភខ្លាច​ប្រទេស​អ្នក​មាន​មិន​គោរពពាក្យ​សន្យា​ ដោយ​បង្វែរ​មធ្យោបាយ​ទៅជួយ​​ស្តារស្ថាបនា​​ប្រទេស​អ៊ុយក្រែន។

​ជា​ការ​ព្រួយ​បារម្ភ​ដែល​គេ​អាច​យល់​និង​ទទួល​យក​បាន ព្រោះ​ ពួក​គេ​មាន​អារម្មណ៍​ថា​ជំនួយ​សម្រាប់ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​ ​ហាក់​មាន​កំរិត​ ព្រោះ​ច្បាប់​ថាមពល​មិន​ទាន់​អនុវត្ត​ជា​លក្ខណៈ​សកល ហើយខ្លាច​តែ​ភាព​យឺតយាវ​ក្នុង​ការ​អភិវឌ្ឍ​អាច​​ច្រាន​ទម្លាក់ប្រទេស​​ទៅ​ក្នុង​​អន្លង់​នៃ​ភាព​ក្រីក្រកាន់​តែជ្រៅ។

ប៉ុន្តែ​សម្រាប់​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ការ​ជួយ​អ៊ុយក្រែន និង​ជួយក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​ដើរ​ចេញពី​ភាព​ក្រីក្រ ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ ជា​ការ​ពិត​ជាក់​ស្តែង​ពីរ​ដែល​មិន​អាច​ផ្តាច់​ពី​គ្នា​បាន​ឡើយ។

បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទ្វេ​ឡើង​ក្នុង​ការ​ជួយ​អ៊ុយក្រែន ជា​អាទិភាព​គន្លឹះ​តែ​ម្តង ព្រោះបញ្ចប់​សង្គ្រាមជា​កាតព្វកិច្ច​​ដាច់​ខាតខាង​សីលធម៌ តែ​ក៏​ជា​ទង្វើ​ដ៏​​ប្រសើរ​បំផុត​របស់​យើង​សម្រាប់ជួយស្តារ​​សេដ្ឋកិច្ច​ពិភពលោក។ សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ពី​សំណាក់​រុស្ស៊ី ដែល​ជា​ប្រទេសជម្រុក​ស្រូវ​សាលី​ដ៏​សំខាន់ទាំងពីរ​​នៅ​លើ​ពិភពលោក បាន​ធ្វើ​កន្ទ្រាក់​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​រួញ​ក្រញាញ់ តាម​រយៈ​ការ​ឡើង​ថ្លៃ​ផលិតផល​ស្បៀងអាហារ និង​ថាមពល។ នេះ​ជា​ប្រសាសន៍​លោកស្រី ដោយ​សង្កត់​ធ្ងន់​ទៀត​ថា សង្គ្រាម​បង្ក​ឡើង​ដោយ​រុស្ស៊ី​ គឺ​ជា​មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ច្រើន​ផ្សេង​ទៀត​ដែល​ជំរុញ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​លុង​ក្នុង​វិបត្តិ​បំណុល​កាន់​តែធ្ងន់ធ្ងរ។

ប៉ុន្តែ​និយាយទទូច​​អំពីការ​គាំទ្រ​អ៊ុយក្រែន​នៅ​ឥណ្ឌា និង​នៅ​ចំពោះ​មុខ​ក្រុម​ហ្សេ​២០ ពិត​ជា​មិន​ស្រួល​ទេ ព្រោះ​ឥណ្ឌា​មិន​ដែល​ថ្កោល​ទោស​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ ហើយមាន​​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ច្រើន​ណាស់​ដែល​មិន​បញ្ជាក់​ជំហរ​​ដោយ​ចំហ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។

ហេតុ​ដូច្នេះ​បាន​ជា​ដើម្បី​បង្ហាញ​ថា​ក្រុមប្រទេស​អ្នក​មាន មិន​បន្ធូរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ក្រុមប្រទេស​កំពុង​ចាប់​លូត​លាស់ ​រដ្ឋមន្ត្រី​ក្រសួ​ងហិរញ្ញវត្ថុ​អាមេរិក បាន​លើ​កឡើង​អំពីវឌ្ឍនភាព​នៃ​​គម្រោង​ និង​កំណែទម្រង់​ផ្សេងៗ​ក្នុង​ផ្នែក​ជំនួយ​អភិវឌ្ឍន៍​ និង​ដែល​ជំនួបថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ហ្សេ២០ ត្រូវ​លើក​មក​ជជែក​ទៀត។ លោកស្រីយេលែន ​ក៏​បាន​ផ្តល់​ឧទាហរណ៍​ជាក់​ស្តែង​អំពី​សកម្មភាព​កំពុង​ដំណើរការ​ធ្វើ​កំណែទម្រង់​ធនាគារអភិវឌ្ឍ​ន៍​ពហុភាគី ធនាគារ​ពិភពលោក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្តល់​ជំនួយ​នាឆ្នាំ​ខាង​មុខ និង​អំពី​ការ​សើរើ​បំណុល​របស់​ប្រទេស​មួយ​ចំនួន​ដូច​យ៉ាង​ប្រទេស​ហ្សំប៊ី ​ហ្កាណា​និង​ស្រីលង្កា​។

ជំនួប​ហ្សេ​២០ ក៏​ជា​ឱកាស​បន្ត​ជជែក​ចរចា​រក​កិច្ចព្រមព្រៀងអន្តរជាតិ ស្តី​ពី​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុនពហុជាតិ ដែល​សមាជិក​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជិត​១៤០ប្រទេសបាន​អនុម័ត​លើ​គម្រោង​បឋម​រួច​ហើយ​​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ