អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេដ្ឋកិច្ចចិន​មានកំណើន​នៅ​ត្រីមាសទី​២ តែ​អ្នកជំនាញ​បារម្ភ​ថា ​អាច​ជាកំណើន​បំភ័ន្តភ្នែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅត្រីមាសទី​២ឆ្នាំ​២០២៣នេះ សេដ្ឋកិច្ច​ចិន បាន​មានកំណើនចំនួន ៦,៣% បើប្រៀបធៀបទៅឆ្នាំ​មុន​។ នេះបើផ្អែកតាមតួលេខផ្លូវការ ចេញផ្សាយ​ដោយ​អាជ្ញាធរ​ចិន​។ តែយ៉ាងណា អ្នកជំនាញ​វិភាគសេដ្ឋកិច្ច បាន​បង្ហាញ​ការព្រួយបារម្ភថា នៅពី​ក្រោយ​តួលេខកំណើននេះ គឺសេដ្ឋកិច្ចចិន មិនមានសុខភាពរឹងមាំប៉ុន្មាននោះទេ ក្នុងអំឡុងពេលនេះ។ សេដ្ឋកិច្ចចិន ដែល​ធំ​ជាង​គេ​​ទី២ ​លំដាប់ពិភពលោក​ អាចនឹងប្រឈមវិបត្តិជាច្រើនរងចាំនៅ​ពេលខាង​មុខ។

បុគ្គលិក​ម្នាក់​ កំពុងពិនិត្យ​ស្តុកទំនិញ នៅក្នុងរថយន្ត ។ ក្រុងបេកាំង ថ្ងៃទី១៥ ឧសភា ២០២៣
បុគ្គលិក​ម្នាក់​ កំពុងពិនិត្យ​ស្តុកទំនិញ នៅក្នុងរថយន្ត ។ ក្រុងបេកាំង ថ្ងៃទី១៥ ឧសភា ២០២៣ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ការិយាល័យស្ថិតិជាតិ របស់ចិន បានប្រកាសផ្សាយតួលេខផ្លូវការ​នៅព្រឹកថ្ងៃចន្ទ ទី​១៧កក្កដា​ ថា​ចំណូលដុល​ក្នុងស្រុក (PIB) របស់ចិន ក្នុងត្រីមាស​ទី​២ឆ្នាំ​២០២៣នេះ គឺបាន​កើនចំនួន​៦,៣% បើប្រៀបធៀបទៅត្រីមាសទី​២ ឆ្នាំ​២០២២។ ដូចយើងដឹងហើយ សេដ្ឋកិច្ចប្រទេសមហាអំណាចធំៗ កំពុងជួប​បញ្ហាដោយសារតែ​វិបត្តិអតិផរណា ទំនិញឡើងថ្លៃខ្លាំង​។

ដោយឡែក អ្នកជំនាញ​ច្រើននាក់បាន​ពន្យល់ថា តួលេខកំណើនសេដ្ឋកិច្ច​របស់ចិននៅត្រីមាសទី​២នេះ កុំឃើញច្រើនបែបនេះ ហើយគិតថាល្អនោះ។ ធាតុពិត នៅពីក្រោយ​​​តួលេខខ្ពស់នេះ សេដ្ឋកិច្ចចិនមិនសូវជាមានលំនឹងប៉ុន្មានទេ។ ទីមួយ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី​២ មានចំនួន ៦,៣%មែន តែប្រៀបធៀបទៅត្រីមាសទី​២ឆ្នាំ​២០២២ ដែល​ចិនកំពុងស្ថិតនៅក្នុងរណ្តៅ​វិបត្តិកូវីដ​កាលណោះ។ បើប្រៀបធៀបពី​ត្រីមាសទី​១ឆ្នាំ​២០២៣ យើងឃើញថា តាមពិតទៅ​កំណើនសេដ្ឋកិច្ច​ចិន បានកើនឡើងតិចបំផុត ពោលគឺប្រមាណ​តែ​ ០,៨%ប៉ុណ្ណោះ។ កាលពីត្រីមាស​ទី​១ រវាងខែមករា ដល់ខែមីនាដើមឆ្នាំនេះ សេដ្ឋកិច្ចចិន​បាន​កើនចំនួន​២,២% ពោលគឺជា​កំឡុងពេលស្ទុះឡើងវិញ បន្ទាប់ពីរដ្ឋចិនបាន​បើកចំហប្រទេសឡើងវិញ ក្រោយ​កូវីដ​១៩។ ក៏ប៉ុន្តែ កម្រិតស្ទុះឡើងនៃសេដ្ឋកិច្ចចិន ហាក់នៅទ្រឹងមួយកន្លែង​ គិតចាប់ពីខែមេសាមក។

ការបញ្ជាទិញពីក្រៅប្រទេស ធ្លាក់ចុះខ្លាំង​

លោក Erin Xin អ្នកជំនាញ​ម្នាក់​នៅធនាគារ HSBC បាន​លើកឡើងថា នៅត្រីមាសទី​២ សេដ្ឋកិច្ចចិន​បាន​បាត់បង់ល្បឿនស្ទុះឡើង ដោយសារតែ​ការបញ្ជាទិញពីក្រៅប្រទេស បានថយចុះច្រើនណាស់។ ដូចយើងដឹងហើយ ថាសេដ្ឋកិច្ចចិនរំពឹងខ្លាំង ទៅលើការនាំចេញទំនិញទៅក្រៅប្រទេស។ ប៉ុន្តែ បញ្ហាអតិផរណា បានធ្វើឲ្យ​ប្រជាជនតាម​បណ្តាប្រទេសផ្សេងទៀត កាត់បន្ថយ​ការចំណាយ ហើយ​ដែលធ្វើ​ឲ្យ​ការលក់ទំនិញរបស់ចិន​ បានចុះថយ​ខ្លាំង។​ កាលពីខែមិថុនា តួលេខនាំចេញរបស់ចិន បានធ្លាក់ចុះ ដល់ទៅ​១២,៤% ពោលគឺបានធ្លាក់ចុះខ្លាំង ២ខែជាប់គ្នា​។ បញ្ហានេះ បានធ្វើបាបសហគ្រាសចិនជាច្រើន ដែល​មានសកម្មភាពផលិត ដើម្បីនាំចេញទៅក្រៅប្រទេស​។

យ៉ាងណាមិញ លោក Fu Linghui អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិជាតិចិន បានទទួលស្គាល់នៅចំពោះមុខអ្នកកាសែត ក្នុងពេល​បង្ហាញតួលេខ ថា សេដ្ឋកិច្ចចិនកំពុងតែប្រឈមនឹង​កត្តាលំបាក​ជាច្រើនគួបផ្សំគ្នា នៅក្នុងបរិបទអន្តរជាតិ​។ លោក​បាន​បន្តថា ដូច្នេះវានៅមានការងារ​លំបាកជាច្រើនណាស់ ដែល​ចិនត្រូវធ្វើ ដើម្បី​ឈានធ្វើ​កំណែទម្រង់ ឈានទៅអភិវឌ្ឍន៍ និងធានាឲ្យមានស្ថិរភាពឡើងវិញ​។

យុវជនចិនជាង​២១% ​គ្មាន​ការងារធ្វើ

សេដ្ឋកិច្ចលំបាក ជីវភាពមនុស្សកាន់តែចុះខ្សត់ខ្សោយ ធ្វើ​ឲ្យ​ការប្រើប្រាស់ទិញលក់ទំនិញ ក្នុងស្រុករបស់ចិនបាន​ចុះថយច្រើនណាស់​។ កូវីដ៣ឆ្នាំជាប់គ្នា ប្រទេសត្រូវបិទខ្ទប់ជាប់ ពេលចាប់ផ្តើមបើក​មកវិញ ឃើញថាបានស្ទុះមួយភ្លែតនៅដើមឆ្នាំ២០២៣។ តែក្រោយមកចាប់ពីមេសា គេសង្កេតឃើញថា ប្រជាជនចិនមិនសូវហានចំណាយ​ទេ​។

វិស័យអចលនទ្រព្យ ដែលជាមែកធាងសំខាន់មួយនៃសេដ្ឋកិច្ច​ចិន ក៏នៅទ្រឹងក្នុងវិបត្តិដែរ។ គម្រោងជាច្រើន លក់មិនដាច់ ម្ចាស់គម្រោងជំពាក់បំណុលធានាគារ។ គម្រោងខ្លះ​សង់មិនទាន់រួចក៏បោះបង់ចោល​កណ្តាលទី​។ ថ្មីៗនេះ ធនាគារកណ្តាលចិន ទើបតែបានសម្រេច​បន្តយន្តការ​ ជួយ​សម្រួលការប្រាក់ ដល់​ក្រុមហ៊ុន​វិនិយោគអចលនទ្រព្យចិន រហូតដល់ចុងឆ្នាំ​២០២៤។ តែបើផ្អែកតាម​ការវិភាគ របស់​លោក Ting LU អ្នកវិភាគនៅធនាគារ Nomura គឺ​វិធានការនេះ ជួយបានតែមួយផ្នែកតែប៉ុណ្ណោះ ពោលគឺ​​វា​មិនគ្រប់គ្រាន់ទេ ដើម្បី​​អាចស្រោចស្រង់វិស័យ​អចលនទ្រព្យទាំងមូលរបស់ចិន​។​

កត្តាវិបត្តិទាំងអស់នេះ គឺវាបានធ្វើ​ឲ្យ​យុវជនចិនច្រើនណាស់ អត់ការងារធ្វើ​។ យោងតាមតួលេខផ្លូវការ ចេញផ្សាយ​កាលពីខែ​មិថុនា​ គឺ​ក្នុងចំណោម​យុវជនអាយុចន្លោះពី ១៦ទៅ​២៤ឆ្នាំ គឺមាន​២១,៤%% ដែលអត់ការងារធ្វើ​។ នេះគឺជាតួលេខខ្ពស់បំផុត​មិនធ្លាប់មានទេ។ ជាងនេះទៀត តួលេខនេះ គឺគេរាប់តែយុវជន​អត់ការងារធ្វើ នៅតាម​ទីក្រុងធំៗតែប៉ុណ្ណោះ។

Interview candidates talk with recruiters at a job fair at a shopping center in Beijing, Friday, June 9, 2023. A government survey in April found a record 1 in 5 young workers in cities were unemployed. (AP Photo/Mark Schiefelbein)
Interview candidates talk with recruiters at a job fair at a shopping center in Beijing, Friday, June 9, 2023. A government survey in April found a record 1 in 5 young workers in cities were unemployed. (AP Photo/Mark Schiefelbein) AP - Mark Schiefelbein

បារម្ភថាអាចមាន​បរិត្តផរណា​?

អ្វីដែលអ្នកជំនាញ​គេបារម្ភ គឺ​បញ្ហា បរិត្តផរណា នៃសេដ្ឋកិច្ចចិន​។ បរិត្តផរណា គឺវាផ្ទុយ​ពី​អតិផរណា ដែលទំនិញឡើងថ្លៃ។ ក្នុងករណី បរិត្តផរណា គឺតម្លៃ​ទំនិញ​និងសេវាគ្រប់សព្វ នឹងចុះថោកខ្លាំង​។ ការចុះថោកខ្លាំងបែបនេះ មើលមួយ​ភ្លែត ឃើញថាដូចជាល្អ សម្រាប់ជីវភាព​ប្រជាជន តែអ្នកជំនាញគេ ថាវាការគំរាម​មួយ​ដ៏គ្រោះថា្នក់​ ទៅលើសេដ្ឋកិច្ច​។​

កាលណាមានបរិត្តផរណា មនុស្សទូទៅនឹងមិនចំណាយ​ប្រាក់​ទិញទំនិញ​ប៉ុន្មាននោះទេ ព្រោះគេនឹងរងចាំឲ្យ​ទំនិញចុះ​ថោកថែមទៀត។ កាន់តែរងចាំ អ្នកលក់កាន់តែលែងដាច់។ ខ្វះអ្នកទិញ រោងចក្រផលិតទូទៅ នឹង​កាត់បន្ថយ​ការផលិត លែងទិញទំនិញវត្ថុធាតុដើម លែងរើសមនុស្សចូលធ្វើការ ឬអាចឈានទៅបណ្តេញ​កម្លាំងពលកម្មខ្លះចោលផង។ ដើម្បីលក់ទំនិញបញ្ចេញ​ពីស្តុក គេត្រូវ​លក់ក្នុងតម្លៃថោក ពេលខ្លះ​យកតែរួចដើមក៏មាន។ ជាសរុប គឺមានន័យថា បរិត្តផរណា ជាវដ្តមួយ​គ្រោះថ្នាក់ ​សម្រាប់សេដ្ឋកិច្ច និងទីផ្សារការងារ។

មួយវិញទៀត បរិបទ​ភូមិសាស្ត្រនយោបាយ រវាងចិន ជាមួយ​នឹងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសអឺរ៉ុប កាន់​តែឈានចូលដំណាក់កាលល្អក់កករខ្លាំង។ មិនថាអាមេរិក មិនថាអឺរ៉ុប គឺគេកំពុងតែរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ផ្តាច់ខ្លួន​ម្តងបន្តិចៗ ពីសេដ្ឋកិច្ចចិន ពីទីផ្សារទំនិញ ក៏ដូចជាវត្ថុធាតុដើមចិន​។ វាគឺជាគោលនយោបាយការពារ​សន្តិសុខជាតិ ជាក់ស្តែងទាក់ទិននឹងមុខទំនិញបច្ចេកវិទ្យាមួយចំនួន ដូចជា បន្ទះឈីប​ សឺមីកុងឌុកទ័រជាដើម។ មានន័យថា ក្នុងវិស័យ​បច្ចេកវិទ្យាទំនើបនេះ គឺចិនកាន់តែជួបឧបសគ្គនៅក្នុងការស្រាវជ្រា​វ ការ​ផលិត ការនាំចេញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ