អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាថៃទាំង២អង្គ ប្រកាសមិនទទួលយកការស្នើឈ្មោះជាលើកទី២ របស់​​​លោក​ភិថា លីមចៈរើនរ៉ាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថៃកំពុងស្ថិតក្នុងភាពរំជើបរំជួល​នយោបាយបំផុត។ ថ្ងៃពុធទី​១៩កក្កដានេះ សភាថៃទាំង២អង្គ បាន​បើកសម័យ​ប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើ​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា​ លីមចៈរើនរ៉ាត់។ ក៏ប៉ុន្តែ ខណៈដែលការប្រជុំ​កំពុងដំណើរការទៅ ដំណឹងថ្មីមួយ​បាន​ផ្ទុះឡើង គឺ​តុលាការធម្មនុញ្ញថៃ បានសម្រេច​ព្យួរលោក ភិថា​ លីមចៈរើនរ៉ាត់ ពីសមាជិកសភា ​ជាបណ្តោះអាសន្នសិន ដោយ​ផ្អែកតាម​ការចោទប្រកាន់ពី​គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ។ លោក​ភិថា លីមចៈរើនរ៉ាត់​ ត្រូវបង្ខំចិត្តដើរចេញពីអង្គប្រជុំ ខណៈការបោះឆ្នោតនៅមិនទាន់ចាប់​ផ្តើមនៅឡើយ។ ក្រោយ​ការជជែកតឹងសរសៃក សមាជិកសភាទាំង​២អង្គបាន​បោះឆ្នោត​ បដិសេធមិន​ទទួលយកការដាក់ស្នើបេក្ខភាពជាលើកទី​២របស់ ភិថា លីមចៈរើនរ៉ាត់។

លោក ភិថា លីមចៈរើនរ៉ាត់ ប្រធានបក្សកាវក្លៃ ក្នុងពេលប្រជុំសភារួមទាំង​២អង្គ ថ្ងៃពុធ ទី​១៩កក្កដា ២០២៣
លោក ភិថា លីមចៈរើនរ៉ាត់ ប្រធានបក្សកាវក្លៃ ក្នុងពេលប្រជុំសភារួមទាំង​២អង្គ ថ្ងៃពុធ ទី​១៩កក្កដា ២០២៣ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តុលាការធម្មនុញ្ញ​ ព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោកភិថា​

តុលាការធម្មនុញ្ញថៃ ដែលបានទទួលបាន​ពាក្យបណ្តឹងពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​បោះឆ្នោតសម្រេច​នៅថ្ងៃទី​១៩កក្កដា ថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោក ភិថា លីមចៈរើនរ៉ាត់ ជាបណ្តោះអាសន្នសិន។ ចៅក្រម​៧រូប ក្នុងចំណោម​៩រូប នៃតុលាការធម្មនុញ្ញថៃបានបោះឆ្នោតយល់ព្រម​ ហើយ​សវនាកាសម្រេចសេចក្តីជាស្ថាពរ នៅត្រូវធ្វើក្នុងពេល​ឆាប់ៗខាងមុខនេះ​។ ផ្អែកតាមការចោទ របស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក ភិថា​ លីមចៈរើនរ៉ាត់ បានធ្វើបំពាននឹងច្បាប់បោះឆ្នោត ព្រោះលោក​មានចំណែក​ភាគហ៊ុន ក្នុងក្រុមហ៊ុនបណ្តាញទូរទស្សន៍ iTV។ ប្រសិន​បើ​តុលាការធម្មនុញ្ញថៃ រកឃើញថា លោក ភិថា​ លីមចៈរើនរ៉ាត់ ពិតជាបានធ្វើខុសមែន មានន័យថាលោក អាចនឹងប្រឈម​ទោស មិនអាច​ឈរឈ្មោះបោះឆ្នោត ដល់ទៅ​២០ឆ្នាំឯណោះ។

ក្នុងពេលប្រជុំសភា នៅព្រឹកថ្ងៃពុធទី​១៩​កក្កដា​ លោកភិថា​ បានទទួលលិខិតរបស់​តុលាការធម្មនុញ្ញ ហើយ​លោកបានឡើងអាន ថ្លែងនៅចំពោះមុខសភាតែម្តង ដែលលិខិតនេះ បានជូនដំណឹង​ថាត្រូវព្យួរសមាជិកភាពជាតំណាងរាស្ត្ររបស់​លោក ក្នុងពេលនេះម៉ោងនេះតែម្តង។ អានចប់ លោក​ក៏បាន​ដើរចេញពីអង្គប្រជុំសភា ក្រោមសំឡេងទះដៃផ្តល់កម្លាំងចិត្ត ពីសំណាក់ក្រុមសមាជិកសភាដែលគាំទ្ររូបលោក​។

តែយ៉ាងណា​ តាមច្បាប់ថៃ បេក្ខជននាយករដ្ឋមន្ត្រី មិនចាំបាច់ទាល់តែជាតំណាងរាស្ត្រនោះទេ។ ដូច្នេះ តាមធម្មតាម​គឺលោក​​ភិថា លីមចៈរើនរ៉ាត់ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល។ អង្គប្រជុំបាន​បន្ត ដោយ​សមាជិកសភាបក្សកាវក្លៃ និងបក្សភឿថា បានឡើងថ្លែងប្រកាស ថាគេសូមរក្សាស្នើបេក្ខជននាយករដ្ឋមន្ត្រីឈ្មោះដដែល ឲ្យសភាទាំង​២អង្គបោះឆ្នោត  គឺឈ្មោះ លោក ភិថា លីមចៈរើនរ៉ាត់។

ស្នើឈ្មោះមនុស្ស​ដដែល​ ឲ្យ​សភាបោះឆ្នោតម្តងទៀត ផ្ទុយនិងបទបញ្ជាផ្ទៃក្នុងសភា​?

មុននឹងឈានទៅដល់​ការបោះឆ្នោត យល់ព្រម ឬមិនយល់ព្រម តែងតាំង​លោក ភិថា​ លីមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រី សមាជិកសភាថៃទាំង២អង្គ បានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកបំផុត ទាក់ទិននឹងការដាក់​ស្នើបេក្ខភាព​របស់​លោកជាលើកទី​២។

ក្រុមសមាជិកព្រឹទ្ធសភាថៃជាច្រើននាក់​ ដូចដែលយើងដឹងហើយ ថាមិនគាំទ្រលោកភិថា លីមចៈរើនរ៉ាត់នោះ បាន​ឡើងថ្លែងអំណះអំណាងបន្តបន្ទាប់គ្នា​ ថា​ដោយ​ យោងតាមមាត្រា៤១ នៃបទបញ្ជាសភា គឺក្នុ​ងសម័យប្រជុំតែ១ គេមិនអាចបោះឆ្នោត​២ដង លើរឿងតែមួយនោះទេ​។ ពោលគឺ គេចង់បានន័យថា បេក្ខភាព​របស់​លោក​ភិថា លីមចៈរើនរ៉ាត់ ដែល​ក្រុម​គណបក្សចម្រុះមានបក្សកាវក្លៃ បក្សភឿថៃជាដើម បានដាក់ស្នើមកឲ្យសភាទាំង២អង្គបោះឆ្នោតសម្រេចនោះ គឺគេបានបោះឆ្នោតរួចហើយ កាលពី​ថ្ងៃទី​១៤កក្កដា។ លទ្ធផលគឺ​យើងដឹងហើយ គឺសម្លេងឆ្នោតគាំទ្រមានមិនគ្រប់ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់ទេ។ ដូច្នេះ គឺគេមិនអាចបោះឆ្នោតម្តងទៀត លើការស្នើបក្ខភាពជាលើកទី២ របស់​លោក ភិថា​ លីមចៈរើនរ៉ាត់ បានទេ ព្រោះថា​ឈ្មោះមនុស្សដដែល។

ក្រោយ​ការតវ៉ាគ្នាចុះឡើង លោក​ប្រធានសភាថៃ បានប្រកាសឲ្យ​សមាជិកសភា និង​សមាជិកព្រឹទ្ធសភាទាំងអស់ បោះឆ្នោត​ ថាតើយល់ស្រប ឬមិនយល់ស្រប ដែលថាការដាក់ស្នើឈ្មោះលោកភិថា លីមចៈរើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​សភាទាំង២អង្គបោះឆ្នោតជាលើកទី២​នេះ វាផ្ទុយនឹង​បទបញ្ជាផ្ទៃក្នុងសភា។ លទ្ធផលឆ្នោត បានបង្ហាញថា​​ ក្នុងចំណោម​សមាជិកសភាដែលមានវត្តមាន​ទាំង​៧១៥រូប គឺមាន៣៩៤បានយល់ស្របថាវាផ្ទុយពីបទបញ្ជាផ្ទៃក្នុងសភា។ ចំណែកសំឡេងឆ្នោតយល់ថាមិនផ្ទុយវិញ គឺមាន​៣១២ ពោលគឺជា​ចំនួនសមាជិកសភាទាំងអស់ ដែលស្ថិតនៅក្នុងសម្ព័ន្ធគណបក្ស​គាំទ្រលោក​ភិថា លីមចៈរើនរ៉ាត់នេះឯង។ សំឡេងអនុប្បវាទមាន៨សំឡេង និង​មានម្នាក់​សុំមិនបញ្ចេញមតិ​។

យោងតាមលទ្ធផលនេះ លោក​ប្រធានសភាថៃ បានប្រកាសថា គឺសភាទាំង២អង្គ សូម​បដិសេធមិនអនុញ្ញាតឲ្យ​លោក​ភិថា លីមចៈរើនរ៉ាត់ ដាក់ស្នើបេក្ខភាពមកជាលើកទី២ទេ ព្រោះវា​ផ្ទុយនឹងមាត្រា៤១នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។ ប្រធានសភាបានប្រកាសបិទអង្គប្រជុំ ក្រោម​សំឡេងស្រែកតវ៉ា យ៉ាងអឺងកង ពីសំណាក់តំណាងរាស្ត្រមកពីបក្សកាវក្លៃ។​ អង្គប្រជុំបានចប់ ដោយ​សភាមិនបាន​ឈានទៅដល់ការបោះឆ្នោត​ សម្រេចជ្រើសរើស ឬមិនជ្រើសរើសលោក​ភិថា លិមចៈរើនរ៉ាត់ ជានាយករដ្ឋមន្ត្រីផងទេ។

“សន្លឹកឆ្នោតរបស់ពលរដ្ឋ គ្មានតម្លៃ​​”

មាន​ការព្រួយបារម្ភធំណាស់ ថាថៃនឹងឈានចូលដល់ដំណាក់កាលវិបត្តិធ្ងន់ធ្ងរ ជាមួយការផ្ទុះបាតុកម្មតវ៉ា របស់ប្រជាជន​។ នៅថ្ងៃពុធទី​១៩កក្កដា ស្របពេលដែលសភាបើកការប្រជុំ​ នៅតាមទីតាំងសំខាន់ៗ ដូចជានៅទីលាន​ប្រជាធិបតេយ្យ កណ្តាលក្រុងបាងកក និង​នៅក្បែរវិមានរដ្ឋសភាជាដើម ប្រជាជនថៃ បានចាប់ផ្តើមជួបជុំគ្នាច្រើនពាន់នាក់ណាស់ ដើម្បីទាមទារ តវ៉ា ឲ្យសមាជិក​សភាទាំង២អង្គ ជាពិសេសគឺសមាជិកព្រឹទ្ធសភាតែម្តង គោរពការសម្រេចចិត្ត​របស់​ប្រជាជនម្ចាស់ឆ្នោត។

ប្រជាជន​ថៃបោះឆ្នោត​ឲ្យ​បក្យកាវក្លៃ របស់ភិថា លីមចៈរើនរ៉ាត់ឈ្នះឆ្នោត ដើម្បី​ដឹកនាំប្រទេស តែផ្ទុយទៅវិញ គឺក្រុមសមាជិកព្រឹទ្ធសភាថៃ ដែលត្រូវបានតែងតាំងដោយ​ក្រុម​អភិរក្សនិយម រាជានិយម និងកងទ័ព គឺជាអ្នករារាំងប្រឆាំងទៅវិញ​។ មានន័យថា សំឡេងឆ្នោតរបស់​ប្រជាពលរដ្ឋថៃ វាគ្មានតម្លៃអ្វីទាំងអស់ ពោលគឺថៃគ្មានលទ្ធិប្រជាធិបតេយ្យ​ទេ​។​

ទុកឲ្យ​បក្សភឿថៃ ស្នើបេក្ខជននាយករដ្ឋមន្ត្រី​​ម្តង

នៅព្រឹកថ្ងៃពុធនេះ ពេលដើរចេញពីសភាហើយ លោកភិថា លីមចៈរើន បានសរសេរ​លើ Instagram ដោយបានទទួលស្គាល់ថា លោកគ្មានសង្ឃឹមថា នឹងអាចទទួល​បានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់​ នៅក្នុងការបោះឆ្នោតនៅសភា ជាលើកទី​២នេះទេ។​ លោក​បន្តទៀតថា “វាច្បាស់ប្រាកដណាស់ ដែលថា សំឡេងឆ្នោតរបស់ប្រជាជនថៃ គ្មានតម្លៃគ្រប់គ្រាន់ ដើម្បីអាចគ្រប់គ្រងកំណត់ជោគវាសនាប្រទេសជាតិនោះទេ”។

សូមបញ្ជាក់ថា លោកភិថា លីមចៈរើនរ៉ាត់ បានបញ្ជាក់ហើយ ថាលោកនឹងមិនស្នើឈ្មោះលោក​ ជាលើកទី​៣​ទៀតទេ។ កាលពីថ្ងៃសៅរ៍​ លោកភិថា បានបញ្ជាក់ថា លោក​នឹងទុក​ឲ្យ​គណបក្សភឿថៃ ស្នើបេក្ខភាពម្តងចុះ ដើម្បី​កុំឲ្យ​ប្រទេសជាប់គាំងយូរពេក។ តាម​ការសន្និដ្ឋាន គឺបក្សភឿថៃ អាចនឹងស្នើឈ្មោះ លោក Srettha Thavisin អាយុ៦០ឆ្នាំ។ លោកម្នាក់នេះ ជាអ្នកនយោបាយផង និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ​ផង ហើយត្រូវគេសំឡឹងឃើញថា អាចមានការគាំទ្រច្រើន ពីក្រុមសមាជិកសភាអភិរក្សនិយមថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ