អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងបាញ់មីស៊ីល​ក្រ័រស្យែរ ជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

៣ថ្ងៃបន្ទាប់ពីបាន​បាញ់មីស៊ីល​បាលីស្ទីកចំនួន២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍ទី​២២កក្កដា​​ កូរ៉េខាងជើងបានបាញ់​មីស៊ីល​ចំងាយ​ឆ្ងាយ ជាច្រើនគ្រាប់ទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រលឿង។ ការបាញ់សាកល្បងអាវុធ​ផ្ទួនៗ បំពាននឹងសេចក្តី​សម្រេចចិត្តនៃអង្គការ​សហប្រជាជាតិនេះ បានទទួល​នូវការ​ប្រកាសថ្កោលទោសជាខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ក្រុមប្រទេសធំៗនៅអង្គការសហប្រជាជាតិ បានរួមគ្នាចេញលិខិតមួយ រន្ធាន់​ឲ្យ​រដ្ឋាភិបាល​ចិន ត្រូវតែ​ចូលរួម​ឲ្យ​បានសកម្ម​ នៅក្នុង​ការ​អនុវត្តទណ្ឌកម្ម​ដែលអង្គការសហប្រជាជាតិ​បានដាក់ទៅលើ​របបផ្តាច់ការកូរ៉េខាងជើង ជាពិសេសទាក់ទិននឹងការលួច​នាំប្រេងចូល​កូរ៉េខាងជើង ដោយ​ឆ្លងកាត់​ប្រទេសចិន​។

មនុស្ស​ដើរកាត់មុខកញ្ចក់ទូរទស្សន៍ ផ្សាយដំណឺងនៃការបាញ់មីស៊ីលបាលីស្ទិកកូរ៉េខាងជើង កាលពីថ្ងៃទី​១៩កក្កដា២០២៣។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ១៩ កក្កដា ២០២៣
មនុស្ស​ដើរកាត់មុខកញ្ចក់ទូរទស្សន៍ ផ្សាយដំណឺងនៃការបាញ់មីស៊ីលបាលីស្ទិកកូរ៉េខាងជើង កាលពីថ្ងៃទី​១៩កក្កដា២០២៣។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ១៩ កក្កដា ២០២៣ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

យោងតាមដំណឹង​ប្រកាសដោយ​អគ្គបញ្ជាការដ្ឋានអន្តរកងទ័ពកូរ៉េខាងត្បូង គឺកូរ៉េខាងជើង បានបាញ់​ប្លោង​មីស៊ីល ក្រ័រស្យែរ ឬមីស៊ីលចំងាយ​ឆ្ងាយ​ជាច្រើនគ្រាប់ ឆ្ពោះទៅកានើសមុទ្រលឿង សមុទ្រដែល​ខណ្ឌចែក​ឧបទ្វីបកូរ៉េ និងទឹកដីចិន​។ យោងតាមប្រភពដដែលនេះ គឺការបាញ់​ប្លោង​បានចាប់ផ្តើម​នៅវេលាម៉ោង​ប្រមាណ​ជា​៤ទាបភ្លឺ​ ព្រឹកថ្ងៃសៅរ៍ ទី​២២កក្កដា។​

កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក​ដែលប្រចាំការនៅឧបទ្វីបកូរ៉េ កំពុងតែប្រមូលទិន្នន័យព័ត៌មានលំអិត ស្តីពីមីស៊ីល​ទាំងនោះ និងកំពុង​តាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវសកម្មភាព​បំលាស់ទីនានារបស់​កងទ័ពកូរ៉េខាងជើង ក្រែងលោមាន​ការបាញ់សាកល្បងអាវុធផ្សេងទៀត។

កាលពីថ្ងៃ១៩កក្កដា ព្យុងយ៉ាងបាន​បាញ់​មីស៊ីល​បាលីស្ទីក ចំងាយជិត ចំនួន​២គ្រាប់ ឆ្ពោះទៅកាន់ទិសខាងកើត ធ្លាក់ចូលសមុទ្រជប៉ុន។ ការបាញ់សាកល្បងអាវុធផ្ទួនៗនេះ គឺវាបំពាន​នឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ តែកូរ៉េខាងជើងនៅតែផ្គើន នៅតែបន្ត​បាញ់​បង្ហោះអាវុធ។ ជាងនេះទៀត លោកគីម ជុងអ៊ុន មេដឹកនាំរបបផ្តាច់ការនេះ បានប្រកាសទៀតថា កម្មវិធីអភិវឌ្ឍន៍សព្វាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនអាចថយក្រោយ​បានទេ គឺមានតែដើរឆ្ពោះទៅមុខជាមុខជានិច្ច​។

កូរ៉េខាងជើងបាន​គម្រាម​ថា គេអាចនឹង​ប្រើ​អាវុធនុយក្លេអ៊ែរតាកទិក

របបព្យុងយ៉ាងបាន បាន​ប្រកាសគំរាម កាលពីថ្ងៃព្រហស្បតិ៍ ថាការដែល​កងទ័ពអាមេរិក បានបញ្ជូន​នាវាមុជទឹកបាតសមុទ្រ ដើរដោយ​ថាមពលនុយក្លេអ៊ែរ ចូលទៅចតនៅ​កូរ៉េខាងជើងត្បូង គឺវាអាច​ជាលក្ខខណ្ឌ​មួយ អនុញ្ញាតឲ្យ​កូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកបាន ដោយ​អនុឡោមទៅតាមច្បាប់​សន្តិសុខ​នុយក្លេអ៊ែរជាធរមាន របស់​កូរ៉េខាងជើង​​។ លោក កាង ស៊ុនណាំ រដ្ឋមន្ត្រីក្រសួង​ការពារជាតិកូរ៉េខាងជើង បាន​ប្រកាស​ដូច្នេះ បន្ទាប់ពីនា​វាមុជទឹកបាតសមុទ្រ ប្រភេទ Ohio ដើរដោយ​ថាមពលនុយក្លេអ៊ែររបស់កងទ័ពអាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន កាលពីថ្ងៃពុធកន្លងទៅ។

ស្រាប់ទៅនៅថ្ងៃសុក្រ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានឆ្លើយតបទៅកូរ៉េខាងជើង​​វិញថា ប្រសិន​បើ​កូរ៉េខាងជើង ហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មកលើទឹកដីកូរ៉េខាងត្បូង នោះកូរ៉េខាងត្បូង រួមទាំងអាមេរិក នឹងឆ្លើយតបទៅវិញ ដោយ​មិនបង្អង់ដៃឡើយ។ ចម្លើយឆ្លើយតបទៅវិញ ដែលនឹងអាចកម្ទេចរបបផ្តាច់ការព្យុងយ៉ាង ឲ្យដួលរលំតែម្តង។

ដូចយើង​បាន​ដឹងហើយ ថាទំនាក់ទំនង​រវាងប្រទេសកូរ៉េបងប្អូនទាំង២នេះ កំពុងតែធ្លាក់ចុះដុនដាបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងការទូត ដើម្បីបើកផ្លូវចរចាគ្នា គឺជាប់គាំងទាំងស្រុង មានតែពាក្យ​គំរាមទៅគំរាមមក ដែលធ្វើ​ឲ្យ​គេព្រួយបារម្ភជាខ្លាំង​។ បញ្ហាកាន់តែតានតឹងនេះ វាជួនចំពេល មានករណីទាហានអាមេរិកម្នាក់ ដែលទើបតែ​ត្រូវបានលែងចេញពីគុកនៅកូរ៉េខាងត្បូង បាន​រត់គេចចូលទៅខាងទឹកដីកូរ៉េខាងជើងបាត់ដំណឹងឈឹង កាលពីថ្ងៃ​អង្គារ​។ គេជឿថាទាហានអាមេរិក​រូបនោះ ត្រូវកូរ៉េខាងជើងចាប់ខ្លួនហើយ តែកូរ៉េខាងជើងមិន​ឲ្យដំណឹងអ្វីទាំងអស់ ទោះខាងកងទ័ពអាមេរិកខិតខំព្យាយាមទាក់ទងទៅយ៉ាងណាក៏ដោយ​។

ចិនត្រូវតែចូលរួម ក្នុងការអនុវត្តទណ្ឌកម្ម​អន្តរជាតិ​

ដោយឡែក បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់មីស៊ីលចំងាយ​ឆ្ងាយនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមប្រទេសមួយចំនួននៅអង្គការសហប្រជាជាតិ បានរួម​គ្នាធ្វើលិខិតមួយ ផ្ញើជូនចំពោះ លោក ចាង ជុន អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ។ លិខិត​នេះ ត្រូវបាន​ចុះហត្ថលេខាដោយ អគ្គរដ្ឋទូតអូស្ត្រាលី បារាំង អង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​កូរ៉េខាងត្បូង​។ ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបាន​អានលិខិតនេះ គឺក្រុមប្រទេសធំៗទាំងនេះ បាន​អំពាវនាវ ប្រាប់ទៅភាគីចិន ថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បី​រារាំងកុំ​ឲ្យកូរ៉េខាងជើង អាចគេចវេសពី​ទណ្ឌកម្ម​របស់សហគមន៍អន្តរជាតិ។

លិខិតនេះបាន​សង្កត់បន្ថែមថា ដោយ​ផ្អែកតាមប្រភពច្បាស់ការ គឺគេបានសង្កេតឃើញថា មាននាវា​ដឹក​ប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង បានចូលចត និង​ប្រើប្រាស់​កំពង់ផែ តំបន់Sansha របស់ចិន​ ដោយ​អាជ្ញាធរចិន​ជាអ្នកបើកដៃ​ ដើម្បី​ឲ្យ​នាវាទាំងនោះ អាចទៅដឹកប្រេងនាំចូលទៅកូរ៉េខាងជើង​។ អង្គការសហប្រជាជាតិ ​បានសម្រេច​ទណ្ឌកម្មជាបន្តបន្ទាប់ តាំងតែពីឆ្នាំ​២០០៦ម្លេះ​ ដើម្បី​បិទច្រក​ផ្លូវ​ រារាំងកុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាព​មាន​ប្រភពថាមពលប្រេង យកទៅប្រើ​ក្នុង​វិស័យ​កងទ័ពនិងសព្វាវុធ។ តែផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយ​សារតែចិនជាអ្នកជួយ​។ លិខិតខាងលើនេះ បានបន្ថែមថា គេនឹងផ្ញើររូបភាពផ្កាយរណប​ បញ្ជាក់ជាភស្តុតាង ថាសកម្មភាពបំពានទាំងអស់នេះ គឺចិនបាន​បើកដៃឲ្យ​កូរ៉េខាងជើង ជា​រហូតមក ជាពិសេសក្នុងឆ្នាំ​២០២២​និង​២០២៣នេះតែម្តង នៅចំណុចកំពង់ផែ Sansha។

លិខិតខាងលើបានសរសេរទៀតថា យើងទាំងអស់គ្នាសូមសំណូមពរ​ជាថ្មីម្តងទៀត ទៅកាន់រដ្ឋាភិបាលចិន​ ថាត្រូវតែចាត់វិធានការ​ឲ្យ​បានតឹងតែង​ ក្នុងការ​​ត្រួតពិនិត្យ​នាវា ស្រាវជ្រាវទប់ស្កាត់​ចរាចរណ៍​ខុសច្បាប់ ដែលបំពាននឹង​​សេចក្ដីសម្រេចចិត្ត​របស់អង្គការសហប្រជាជាតិ​។ វាគឺជារឿងចាំបាច់ណាស់ ដែល​សហគមន៍អន្តរជាតិទាំងមូល ដោយ​រាប់ទាំងចិនផង ត្រូវ​តែ​ផ្ញើសារជាក់ច្បាស់ និងម៉ឺងម៉ាត់ ប្រាប់ទៅរបបព្យុងយ៉ាង ​ឲ្យ​គោរពកាតព្វកិច្ច​ខ្លួន​ ដែលអង្គការសហប្រជាជាតិបានសម្រេច ដើម្បីឈានទៅរំលាយ​កម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងដើម្បីកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។

យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គ្មានប្រតិកម្មណាមួយ​ពីខាងភាគីចិនទេ ទាក់ទិន​នឹងលិខិតដែលគេផ្ញើទៅនេះ។ កន្លងមក ដូចយើងបានសង្កេតឃើញហើយ ថាទាំងចិន ទាំងរុស្ស៊ី ហាក់ដូចជាបានជួយ​កូរ៉េខាងជើងច្រើន តាមរយៈការបោះឆ្នោតវ៉េតូ ប្រឆាំងមិនឲ្យ​មានការសម្រេចដាក់ទណ្ឌកម្មជាឯកច្ឆន្ទ នៅក្រុម​ប្រឹក្សាសន្តិសុខ។ សហរដ្ឋអាមេរិកបានចោទថា ចិននិងរុស្ស៊ីមិនត្រឹមតែ​ការពារកូរ៉េខាងជើងទេ គឺថែមទាំងបាន​ពន្យុះឲ្យ​កូរ៉េខាងជើង​កាន់តែឡើងចាង បាញ់សាកសព្វា​វុធនុយក្លេអ៊ែរថែមទៀតផង។ ស្ថានការណ៍​ដែលហាក់ដូចជាស្ថិតនៅផ្លូវទ័លនេះ បានញ៉ាំងឲ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ពង្រឹង​សហប្រតិបត្តិការយោធាកាន់តែខ្លាំង។ តាមការគ្រោងទុក នៅខែសីហាខាងមុខនេះ នឹងមានជំនួបកំពូលពិសេសមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំង​៣នេះ ដើម្បីរៀបចំយុទ្ធសាស្ត្រ​​សង្កត់កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ