អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុង​ទៅ​កោះនូវែល​កាឡេដូនី បញ្ជាក់ពីភាពចាំបាត់នៃវត្តមានបារាំង ក្នុងលំហឥណ្ឌូប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានធ្វើដំណើរទៅដល់ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ខាងត្បូង​។ ជាច្រើនឆ្នាំមកហើយ ដែល​កោះនូវែលកាឡេដូនី បាន​ព្យាយាម​បោះឆ្នោតប្រជាមតិ​ ដើម្បី​រលាស់ខ្លួន ឈានទៅមានឯករាជ្យពេញលេញ។ បើទោះបីជាបារាំង បានអះអាងថា មិន​ប្រឆាំងនឹង​ការផ្តាច់ខ្លួន​របស់កោះនូវែលកាឡេដូនីក៏ដោយ តែធាតុពិត បារាំងមានអត្ថប្រយោជន៍ធំសម្បើមណាស់ ក្នុងការរក្សាកោះនេះ ឲ្យបន្ត​​ស្ថិតក្នុង​រង្វង់អំណាចរដ្ឋបាល​របស់​បារាំង។ បារាំងក្រោមការដឹកនាំរបស់​លោក​ម៉ាក្រុង កំពុងតែ​ព្យាយាម​ពង្រឹងវត្តមានខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនាមជាមហាអំណាចមួយ​ ស្ថិតនៅ​ចន្លោះរវាងចិន និងសហរដ្ឋអាមេរិក​។

លោក​ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង ក្នុងពេលប្រគល់គ្រឿងឥស្សរិយៈយស ជូនលោកស្រី Marie-Claude Tjibaou ភរិយាលោក​ Jean-Marie Tjibaou តំណាងចលនាប្រជាជនកាណាក់ ដែលត្រូវបាន​គេធ្វើឃាត។ ក្រុងនូម៉េអា កោះនូវែលកាឡេដូនី ថ្ងៃទី ២៤ កក្កដា ២០២៣
លោក​ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង ក្នុងពេលប្រគល់គ្រឿងឥស្សរិយៈយស ជូនលោកស្រី Marie-Claude Tjibaou ភរិយាលោក​ Jean-Marie Tjibaou តំណាងចលនាប្រជាជនកាណាក់ ដែលត្រូវបាន​គេធ្វើឃាត។ ក្រុងនូម៉េអា កោះនូវែលកាឡេដូនី ថ្ងៃទី ២៤ កក្កដា ២០២៣ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

​ទឹកដីបារាំងក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក​

កោះនូវែលកាឡេដូនី នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង​ ជាដែនដីនាយសមុទ្ររបស់បារាំង ដែលកំពុងស្ថិតនៅវិបត្តិ​រដ្ឋបាល​​និងស្ថាប័នដ៏ធ្ងន់ធ្ងរ។ តាមពិតទៅ រដ្ឋបារាំង បានចុះកិច្ចព្រមព្រៀងនៅឆ្នាំ​១៩៩៨ ជាមួយ​រដ្ឋបាល​កោះកាឡេដូនី ដោយ​រដ្ឋបារាំងសន្យាថា នឹងបើក​ផ្លូវ​ឲ្យ​កោះនេះ បានទទួលឯករាជ្យក្លាយជាប្រទេសពេញសិទ្ធិ ប្រសិន​បើ​ប្រជាជនម្ចាស់ស្រុកពិតជាចង់បាន​មែន​។

តាមរយៈរបៀបវារៈនេះ គេបានរៀបចំការបោះឆ្នោត​ប្រជាមតិ​ ៣ដងហើយ នៅកោះនូវែលកាឡេដូនីនេះ តែ​គឺសំឡេងឆ្នោត​មិនគាំទ្រការប្រកាសឯករាជ្យ​ បានឈ្នះជានិច្ច។ ការបោះឆ្នោតប្រជាមតិចុងក្រោយ គឺកាលពីវិច្ឆិកា ឆ្នាំ​២០២១។ តែយ៉ាងណា ការគ្រប់គ្រងរដ្ឋបាល និងនយោបាយ​នៅកោះនេះ គឺត្រូវពុះចែក​ ប្រកែកតទល់គ្នាសម្បើមណាស់ រវាង​ក្រុមអ្នកនយោបាយខាងសហគមន៍​ជនជាតិ​កាណាក់ ដែលជាជនជាតិដើម​ម្ចាស់ស្រុក ហើយ​ដែលចង់​បានឯករាជ្យ និង​ក្រុមអ្នកនយោបាយម្ខាងទៀត ដែលនៅខាងរដ្ឋបារាំងចង់​ឲ្យ​កោះនេះស្ថិតនៅជាដែនដី​បារាំងតទៅទៀត។ គឺក្រុមអ្នកដឹកនាំចលនានយោបាយទាំង២នេះ ដែលឈ្លោះប្រកែកគ្នា ចរចាគ្នាមិនត្រូវសោះ​។

លោក​ម៉ាក្រុង បានទៅដល់​ទីក្រុងនូម៉េអា ទីក្រុងធំរបស់​កោះនូវែលកាឡេដូនី ម្តងហើយ កាលពីឆ្នាំ​២០១៨ ដើម្បី​ផ្តល់​សន្ទុះឲ្យ​មានការ​បង្រួបបង្រួមគ្នា ការពារអ្វីដែលជាប្រយោជន៍រួម​របស់កោះ។ នៅលើកនេះ លោក​ម៉ាក្រុង​ទៅទស្សនកិច្ច​២ថ្ងៃ ដោយលោកនឹងជួបជាមួយ​ភាគីចលនានយោបាយទាំងសងខាង។

សេដ្ឋកិច្ច​ និង​អត្តសញ្ញាណ​វប្បធម៌ជនជាតិកាណាក់​

ផ្អែកតាម លោក Gil Brial អភិបាលរងទី២នៃខេត្តខាងត្បូង និង​ជាអ្នកនាំពាក្យចលនាយោបាយ ភក្តីភាពនឹងរដ្ឋបារាំង បាន​លើកឡើងថា អ្វីដែលគេរំពឹងរងចាំបំផុត គឺ​អន្តរាគមន៍របស់លោក​ម៉ាក្រុង បញ្ជាក់ឲ្យ​បានច្បាស់ ថាពិតជាបើកការចរចា ត្រីភាគី នៅខែសីហាខាងមុខ មែនឬយ៉ាងណា។ ការចរចាដែលក្រុមចលនានយោបាយភក្តីភាពនឹងបារាំងនេះ បាន​រំពឹងថា នឹងអាចបិទបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ​១៩៩៨ ហើយឈានទៅបើកទំព័រ កំណត់លក្ខខន្តិកៈថ្មី សម្រាប់កោះនេះ ដោយរក្សា​ឲ្យ​​ស្ថិតនៅក្នុងរង្វង់រដ្ឋបាល​បារាំងដដែល​។ លោក​ម្នាក់នេះ បានអះអាងថា គម្រោងត្រឹមតែ​ធ្វើកំណែទម្រង់ចាំបាច់មួយចំនួន សម្រាប់កោះនូវែលកាឡេដូនី​ ទាក់ទិននឹង​ប្រព័ន្ធ​បោះឆ្នោត គឺវាមិនគ្រប់គ្រាន់ទេ គឺត្រូវចាកចេញពីកិច្ចព្រមព្រៀងនូម៉េអា។

ដោយឡែក ក្រុមចលនានយោបាយ​​ឯករាជ្យនិយមវិញ ដែលការពារជនជាតិ​កាណាក់ គេបានយល់ព្រមបើក​ផ្លូវឲ្យ​មានការចរចាគ្នា​ទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកោះនេះ។ ក៏ប៉ុ​ន្តែពួកគេបាន​ទាមទារ ថារដ្ឋបារាំង ត្រូវតែរៀបចំផែនការ​ឲ្យ​បានច្បាស់ ទាក់ទិននឹងប៉ះប៉ូវសងសំណងខូចខាតកាលពីអតីតកាល ដោយសារតែបារាំងបានដាក់អាណានិគមន៍​លើកកោះនេះ។​ លោក Roch Wamytan តំណាងម្នាក់​នាំចលនានយោបាយឯករាជ្យនិយម  បានលើកឡើងថា លោកចង់ឃើញលោក​ម៉ាក្រុង លើកឡើងអំពី​ការអភិរក្ស​លើកកំពស់អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ប្រជាជនកាណាក់ ហើយ​អ្វីដែល​សំខាន់មួយទៀត គឺគោលនយោបាយ​ប៉ះប៉ូវសងការខូចខាត ការឈឺចាប់ ដោយសារតែការដាក់អាណានិគមន៍​។

បន្ថែមពីនេះ លោកប្រធានសភាតំបន់​កាឡេដូនី បាន​លើកឡើងថា បញ្ហាសេដ្ឋកិច្ច​ក៏ជាចំណុចមួយសំខាន់ណាស់ដែរ ដែលរដ្ឋបារាំងត្រូវតែរកវិធីជួបកោះនេះ។ គម្រូសេដ្ឋកិច្ច​បានដើរដល់ភាពទ័លច្រក ហិរញ្ញវត្ថុសាធារណៈរបស់កោះនេះ ជាប់ជំពាក់​បំណុល​ជាង​២០០%ឯនោះ នៃចំណូលដែលរកបាន​។ ប្រជាជន ជាពិសេសជនជាតិដើមកាណាក់ កាន់តែក្រីក្រ​។ ដូច្នេះ រដ្ឋបារាំង ត្រូវតែផ្តល់សន្ទុះដល់​សេដ្ឋកិច្ច​កោះនូវែលកាឡេដូនី​ ជួយជីវភាពមនុស្ស​ មានការរីកចម្រើន អារម្មណ៍​ដែលស្អប់ខឹងរដ្ឋបារាំង ហើយចង់​បានឯករាជ្យ ក៏វាចុះថយទៅតាមនោះដែរ​។

ពង្រឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ​បារាំង នៅឥណ្ឌូប៉ាស៊ីហ្វិក​

យើងដឹងហើយថា កោះនូវែលកាឡេដូនី សំបូររ៉ែ​នីកែលខ្លាំងណាស់។ រ៉ែកម្រនេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច​បារាំង។ តែលើសពីនេះ កោះនូវែលកាឡេដូនី ក៏មានតម្លៃខ្លាំងបំផុតសម្រាប់បារាំងដែរ ផ្នែក​​យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ។ កោះនូវែលកាឡេដូនី គឺជាដែនដី ដែលអនុញ្ញាតឲ្យ​បារាំង អាចមានវត្តមានស្របច្បាប់ ពេញសិទ្ធិ ​នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្បែរតំបន់អាស៊ីអាគ្នេយ៍។ មួយវិញទៀត លោក​ម៉ាក្រុង បាន​កំនត់ទិសដៅ​ភូមិសាស្ត្រនយោបាយថ្មី ដើម្បីឈានទៅពង្រឹង​វត្តមានរបស់​បារាំង នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលតែម្តង។ ពោលគឺជាលំហតំបន់ដ៏ធំ គិតចាប់ពីឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា រហូតមកដល់តំបន់ប៉ាស៊ីហ្វិក​។ ជាវត្តមាន​ដែលបារាំង ចង់ដើរតួ ក្នុងនាមជាមហាអំណាចរក្សាតុល្យភាព ខណៈដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ កំពុងតែស្ថិតនៅក្នុងបរិបទហែកដណ្តើមគ្នារវាងចិននិងអាមេរិក។

បើ​ផ្អែកតាម​ប្រភពពី​វិមានប្រធានាធិបតីបារាំង គឺលោក​ម៉ាក្រុង នឹងថ្លែងសារបញ្ជាក់ប្រាប់ប្រជាជនកោះនូវែលកាឡេដូនីថា វាសនា​អនាគតរបស់​បារាំង និង​របស់​កោះនេះ គឺវាវេញជាប់គ្នាជាធ្លុងមួយ​។ នៅក្នុងលំហដ៏ធំធេងនេះ បារាំងគឺជាបង្អែក​សន្តិសុខ ស្ថិរភាព​ សេដ្ឋកិច្ច សម្រាប់​កោះនូវែលកាឡេដូនី​។ ចេញពីនូវែល​កាឡេដូនី លោកម៉ាក្រុង នឹងបន្តដំណើរទៅកោះវ៉ានូអាទូ នៅថ្ងៃព្រហស្បតិ៍​ទី២៧កក្កដា មុននឹង​បន្តដំណើរទៅ​ប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃបន្ទាប់​។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺច្បាស់ណាស់ លោក​ម៉ាក្រុងនឹងចាប់ផ្តើមគូសវា​ប្រាប់ថាបារាំងសន្យាមាន​វត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ