អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពីកោះ​វ៉ានូទូ លោកម៉ាក្រុង បរិហារអំពី​ “នយោបាយចក្រពត្រ​និយម​សម័យថ្មី​” ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីចេញពី​កោះ​នូវែលកាឡេដូនី បានធ្វើដំណើរទៅ​ដល់​ កោះវ៉ានូទូ ដែលជាប្រទេសឯករាជ្យ​មួយ​ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកខាងត្បូង។ នេះគឺជាដំណើរទស្សនកិច្ច ក្នុងទិសដៅដែល​លោក​ម៉ាក្រុង ចង់​ពង្រឹងបញ្ជាក់ អំពីវត្តមានរបស់​បារាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងតែស្ថិតនៅចន្លោះ នៃការ​ដណ្តើម​វាតទីឥទ្ធិពល រវាងចិន និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីកោះវ៉ានូទូ លោកម៉ាក្រុង បានថ្លែងបរិហារដោយ​មិនបញ្ចេញ​ឈ្មោះ ស្តីអំពី​ គោល​នយោបាយ​ចក្រពត្រនិយមសម័យថ្មី នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​។​

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សហគមន៍ជនជាតិបារាំង នៅ​ក្រុង Port Vila ប្រទេសវ៉ានូទូ ថ្ងៃទី ២៧កក្កដា២០២៣
លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សហគមន៍ជនជាតិបារាំង នៅ​ក្រុង Port Vila ប្រទេសវ៉ានូទូ ថ្ងៃទី ២៧កក្កដា២០២៣ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចរបស់លោកម៉ាក្រុងនៅវ៉ានូទូ វាស្ថិតនៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រការទូតរបស់បារាំង ដើម្បី​ឈរជើងមានវត្តមាន សហការជាមួយដែនដី ព្រមទាំង​​ប្រទេសកូនកោះទាំងអស់ នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ កាលពីដើមសប្តាហ៍នេះ លោកម៉ាក្រុង​បានទៅដល់​ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មាន​ ពីប្រជុំកោះវ៉ានូទូ។

“វត្តមានបារាំង ដើម្បីការពារ​អធិបតេយ្យភាពរបស់​ប្រជាជនម្ចាស់ស្រុក”​

កោះវ៉ានូទូ គឺជា​ប្រទេសឯករាជ្យតែមួយគត់ក្នុងតំបន់​នេះ ដែល​និយាយភាសាបារាំង។ កាលពី​អតីត​កាល កោះនេះធ្លាប់ត្រូវបាន​បារាំងដាក់អាណានិគមដែរ ដោយ​ប្រជែងគ្នា​ជាមួយ​អង់គ្លេស។​ នៅក្នុងសុន្ទរកថា ថ្លែងចេញពីក្រុង ប៉រវីឡា រដ្ឋធានីវ៉ានូទូ លោក​ម៉ាក្រុង បានរៀបរាប់ អំពីគោលគំនិតរបស់រដ្ឋបារាំង ទាក់ទិននឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​។ យុទ្ធសាស្ត្រនេះ លោក​ម៉ាក្រុង បានបញ្ជាក់ថា នឹងផ្តោតទៅលើ​ បន្ទាត់២ដ៏សំខាន់ ដែល​បារាំងបានផ្តល់អាទិភាព ទីមួយគឺផ្នែកសន្តិសុខការពារជាតិ ហើយទី​២គឺ ការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅ​ផែនដី ដែលជាចំណុចស្លាប់រស់ នៃបណ្តាប្រទេសកូនកោះក្នុងតំបន់នេះ តួយ៉ាងដូចវ៉ានូទូនេះឯង។

ហើយ​នៅពីក្រោយបន្ទាត់សំខាន់ទាំង​២នេះ គឺលោក​ម៉ាក្រុង បានបញ្ជាក់ថា បារាំងបានកំនត់​ត្រីវិស័យថ្មីមួយ ដោយធ្វើយ៉ាងណា ជួយ​ការពារ បូរណភាព អធិបតេយ្យភាព ជូនប្រជាជន​ម្ចាស់ស្រុក ព្រមទាំងការពារ​ឯករាជ្យភាព ភាពជាម្ចាស់ការ របស់​រដ្ឋ របស់​ប្រទេសក្នុង​តំបន់នេះ​។

លោក​ម៉ាក្រុង បានថ្លែងបញ្ជាក់ថា ក្នុងនាមលោក​ជាប្រធានាធិបតីបារាំង លោក​ពិតជាទទួលស្គាល់ ចំពោះប្រវត្តិសាស្ត្រ​ ការឈឺចាប់ទាំងអំបាលម៉ាន ដែលបាន​កើតឡើងដោយសារតែ​ការដាក់អាណានិគមបារាំង កាលពី​អតីតកាល។ បារាំងកាលជំនាននោះ បាន​បាន​កាប់គាស់​បូមជញ្ជក់ស្រូប​យក​ធនធាន របស់កោះវ៉ានូទូ ព្រមទាំង​បាន​ជិះជាន់​កេងប្រវញ្ចលើប្រជាជនម្ចាស់ស្រុក​។ តែយ៉ាងណា លោក​ម៉ាក្រុង បាន​ថ្លែង​ថា សម្រាប់ពេលនេះនិងពេលអនាគត បារាំងដែល​មានវត្តមាន​ ​នៅ​កោះនូវែល​កាឡេដូនី និងប្រជុំកោះប៉ូលីណេស៊ី គឺបារាំងចង់​ពង្រឹ​ងវត្តមាន​ មានសិទ្ធិឈរជើង ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដោយ​គោរព និង​មានតម្លាភាពបំផុត​។​ ពោលគឺបារាំង អាចជាជម្រើសមួយ​ដ៏ត្រឹមត្រូវ សម្រាប់ប្រទេសក្នុងតំបន់នេះ​។

“ចក្រពត្រនិយមសម័យថ្មី”

យ៉ាងណាមិញ ដោយ​មិនបានបញ្ចេញ​ឈ្មោះឲ្យចំ លោក​ម៉ាក្រុង បានថ្លែងសារបរិហារ អំពីគ្រោះថ្នាក់ នៃនយោបាយ “ចក្រពត្រនិយមសម័យថ្មី” នៅក្នុងតំបន់​នេះ​​។ នរណាៗក៏ដឹងដែរថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ កំពុងតែក្លាយជា​សង្វៀនប្រជែង ដណ្តើមឥទ្ធិពល រ​វាងចិននិងសហរដ្ឋអាមេរិក​។ ស្ថិតក្នុងបរិបទនេះ លោក​ម៉ាក្រុង បានលើកឡើងថា បារាំងអាចជាកម្លាំងមួយថ្មី ដើម្បីធានាតុល្យភាព នៅចន្លោះការប្រជែងដណ្តើមគ្នា រវាង​ចិន និងសហរដ្ឋអាមេរិក។ ពោលគឺយើងនិយាយឲ្យងាយ​ស្តាប់​ថា លោក​ម៉ាក្រុង ខំប្រឹងអួតថា បារាំង គឺជាមហាអំណាចមួយ​ ដែលរក្សាតុល្យភាព​។

លោកម៉ាក្រុង បាន​បន្ថែមថា នៅតំបន់​អូសេអានី ប៉ាស៊ីហ្វិក​ខាតត្បូងនេះ ការលូកដៃចូលជ្រៀតជ្រែកពីមហាអំណាចធំៗ គឺកាន់តែខ្លាំងដៃទៅ​ៗហើយ។ ជាសកម្មភាព ដែល​លោក​ម៉ាក្រុង ចាត់ទុកថា ជា​គោលនយោបាយ ចក្រពត្រសម័យថ្មី របស់​ប្រទេសខ្លះ ដែលចង់សង្កត់ឥទ្ធិពលទៅលើប្រទេស​តូចៗក្នុងតំបន់នេះ​។ គោលនយោបាយ​នេះ វាគំរាម​អធិបតេយ្យភាព ឯករាជ្យភាពរបស់​ប្រទេសទាំងនេះ។ លោក​បានលើកឧទាហរណ៍ អំពី​ ការផ្តល់​ប្រាក់កំចី ទាំងដុំៗ ជាមួយ​លក្ខខណ្ឌគ្មានតម្លាភាព ដើម្បីបងបញ្ឆោតប្រទេសតូចៗ។ ជាបំណុលដែលចងក ច្របាច់ក ធ្វើ​ឲ្យ​រដ្ឋកូនបំណុល ឈានធ្លាក់ទ្រុឌទ្រោម ស្ថិតក្រោមគំនាមគេតែម្តង។

លោក​ម៉ាក្រុង មិនបានបញ្ចេញ​ឈ្មោះចិនទេ តែ​កាលពីនៅ​កោះនូវែលកាឡេដូនី លោក​ម៉ាក្រុង បាននិយាយក្រឿនរំលឹក ដល់ក្រុមអ្នកនយោបាយដែលចង់បានឯករាជ្យ ហើយចង់​បើកឲ្យចិនចូលមកវិនិយោគបើកកំពង់ផែធំៗ។ លោក​ម៉ាក្រុង បាន​ថ្លែងបែបចំអក កុំសង្ឃឹមថានឹងការពារ​ឯករាជ្យបាន នៅពេលណាបើក​កំពង់ផែឲ្យ​ចិនមកគ្រប់គ្រងនោះ។​

ទាក់ទិននឹងសហរដ្ឋអាមេរិកវិញ យើងសង្កេតថាមានការចៃដន្យណាស់ ព្រោះថា លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិក ឡយ អូស្ទីន កំពុងតែ​មានវត្តមាននៅ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ តាមធម្មតាថ្ងៃស្អែកនេះ លោក​ម៉ាក្រុង នឹងបន្តដំណើរទៅទីនោះ។ តែគ្មានគម្រោងជួបគ្នាណាមួយ​ រវាងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ​ជាមួយ​ លោក​ម៉ាក្រុងទេ​។ លោក​ម៉ាក្រុងបានប្រកាសថា បារាំងនឹងបើក​ស្ថានទូតមួយ នៅឯកោះសាម៉័រ។ ចំណែកលោក​អង់តូនីប្លីងកិនវិញ កំពុងស្ថិតនៅ​កោះតុងហ្កា ដើម្បីបើក​សម្ពោធស្ថានទូតមួយដែរ។ លោក​ប្លីងកិន ក៏បាន​ថ្លែង​ក្រើនរំលឹកដែរ ឲ្យ​ប្រយ័ត្នចំពោះបំណុល កម្ចី​វិនិយោគ ដែលចិនប្រើជាអន្ទាក់​។

“បារាំងជាមហាអំណាច​នៃតុល្យភាព​”

បើយើងស្តាប់សម្តីលោក​ម៉ាក្រុង អ្វីដែល​បារាំង​មាន​ជាពិសេសជាងគេ​ គឺភាពស្មោះត្រង់ និងតម្លាភាព​។ វត្តមាន​របស់​បារាំង គឺជាវត្តមាន​ដែលនឹងផ្តោតជាអាទិភាព ដល់សុខមាលភាព និង​​ការរីកចម្រើនរបស់​ប្រជាជនម្ចាស់ស្រុក​។ លើសពីនេះ បារាំងមានភាពស្របច្បាប់ ព្រោះបារាំងជាប្រទេសអឺរ៉ុបតែមួយគត់ ដែល​មានដែនដី​រដ្ឋបាល​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រជាជនបារាំងមានចំនួន​១លាន​៦សែននាក់ រស់នៅតាម​ដែនដី​នាយសមុទ្រទាំង៧របស់បារាំង ក្នុងតំបន់នេះ​។ បារាំងមាន​សិទ្ធិស្របច្បាប់ លើ​លំហដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ ទំហំ ៩លានគីឡូម៉ែត្រក្រឡា។

គម្រោងរបស់បារាំង គឺមិនមែនផ្តោតតែទៅលើ​បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម ឬការពារជាតិនោះទេ។ តែបារាំងនឹងជួយជ្រោមជ្រែង​ប្រទេសកូនកោះទាំងអស់ ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាមិញ កោះវ៉ានូទូ ជាកោះដែលប្រឈមបំផុត ដោយសារទឹកសមុទ្រឡើងកំពស់ ហើយរដ្ឋាភិបាលប្រទេសនេះ គឺជាអ្នកនាំមុខគេមួយ នៅក្នុង​យុទ្ធនាការអូសទាញ ពញ្ញាក់សហគមន៍អន្តរជាតិ ឲ្យ​ប្រឹងប្រែង​ដោះស្រាយ​វិបត្តិអាកាសធាតុ​។ បារាំង ធ្លាប់​បានគាំទ្រយ៉ាងសកម្ម នៅពីក្រោយ​វ៉ានូទូ ជាពិសេសក្នុងឈានទៅ​អនុម័តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខ ស្តីពី​ការកំណត់កាតព្វកិច្ច​របស់ប្រទេសនីមួយៗ ដែលត្រូវដោះស្រាយវិបត្តិអាកាសធាតុ​។

ជាសក្ខីកម្មមួយបញ្ជាក់ពីការសន្យាជួយ​របស់បារាំងក្នុងតំបន់​ ប៉ាស៊ីហ្វិកខាងត្បូង​ លោក​ម៉ាក្រុងបានប្រកាសថា ទីភ្នាក់ងារ​បារាំងដើម្បី​ការ​អភិវឌ្ឍន៍​ នឹងមានកញ្ចប់ប្រាក់​ចំនួន ២០០លានអឺរ៉ូ ពាក់កណ្តាលជាជំនួយឥតសំណង ពាក់កណ្តាល​ជា​កម្ចីវិនិយោគ ដើម្បីប្រើក្នុងតំបន់នេះ។ ទឹកប្រាក់នេះកើនលើស៥ឆ្នាំមុន មួយទ្វេរជា​៥ឯណោះ។ ចេញពី​វ៉ានូទូ លោក​ម៉ាក្រុងនឹងបន្តដំណើរទៅស្រីលង្ការ ប្រទេសកូនបំណុលមួយទៀតរបស់ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ