អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុងម៉ូស្គូបានរងការវាយប្រហារដោយយានដ្រូន​សាជាថ្មី ដែលរុស្ស៊ីអះអាងថាជាស្នាដៃអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមការផ្សាយ​របស់​បណ្តាញព័ត៌មាន​រុស្ស៊ី កាលពីយប់​រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី​៣០កក្កដានេះ ទីក្រុងម៉ូស្គូ បានរងនូវការវាយ​ប្រហារ​ដោយយានដ្រូន។ ភាគីរុស្ស៊ីចាត់ទុកថាជាស្នា​ដៃរបស់អ៊ុយក្រែន​។ នេះគឺជាការវាយប្រហារជាថ្មីទៀត កណ្តាល​ក្រុងម៉ូស្គូ ដែល​អាចបញ្ជាក់ថា រដ្ឋធានី​ធំរបស់រុស្ស៊ីនេះ ហាក់ដូចជាមិនមានការ​ការពារផ្លូវអាកាស ឲ្យ​បានរឹងមាំនោះទេ​។

អគារនៅសង្កាត់ជំនួញ​ "Moscow City" ដែលរងការខូចខាត​ដោយការវាយប្រហារយានដ្រូន។ ម៉ូស្គូ ថ្ងៃទី ៣០កក្កដា ២០២៣
អគារនៅសង្កាត់ជំនួញ​ "Moscow City" ដែលរងការខូចខាត​ដោយការវាយប្រហារយានដ្រូន។ ម៉ូស្គូ ថ្ងៃទី ៣០កក្កដា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ដ្រូន​៣គ្រឿងវាយធ្លាក់កណ្តាលក្រុងម៉ូស្គូ​

ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មាន TASS របស់រុស្ស៊ី គឺយានដ្រូនចំនួន​៣គ្រឿងរបស់អ៊ុយក្រែន បានមកវាយប្រហារនៅ​ក្រុងម៉ូស្គូ កាលពីវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ​។ ដ្រូន​១គ្រឿង ត្រូវបាន​កំទេចបាន​ហើយធ្លាក់នៅជាយ​ក្រុង​ ក្នុងតំបន់ Odintsovo។ ចំណែកពីរគ្រឿងទៀត ត្រូវបានធ្លាក់នៅកណ្តាលក្រុងម៉ូស្គូតែម្តង ក្នុងសង្កាត់ដែលសំបូរអាគារខ្ពស់​ៗ។ បើផ្អែកតាមប្រភពខ្លះ គឺអគារដែលបានរងការវាយ​ប្រហារនោះ គឺជាអគារដ្ឋបាល ការិយាល័យ ដែលក្រសួងរដ្ឋរុស្ស៊ីប្រើប្រាស់​។

លោក Sergueï Sobrianine អភិបាលទីក្រុងម៉ូស្គូ បានសរសេរបង្ហោះ លើបណ្តាញតេឡាក្រាម នៅព្រឹកថ្ងៃអាទិត្យនេះថា ជញ្ជាំងកញ្ចក់អាគារចំនួន២ បានរងការខូចខាត បាក់បែក ដោយសារតែការវាយប្រហារនេះ​។ លោក​ម្នាក់នេះ អះអាងថា មិនមានមនុស្ស​ស្លាប់ឬរបួសដោយសារ​ការវាយប្រហារនេះទេ គឺមានតែការខូចខាតសម្ភារៈ។ រូបភាព​ពីក្រុមការងារ អ្នកយកព័ត៌មានបារាំង AFP បានបង្ហាញឲ្យឃើញ​ បំណែកបង្អួចកញ្ចក់ និងបំណែកអាគារធ្លាក់​មកលើដី។ ដោយសារតែការវាយប្រហារនេះដែរ ព្រលានយន្តហោះ Vnoukovo ជាយក្រុងម៉ូស្គូ ត្រូវបាន​ផ្អាកដំណើរការប៉ុន្មានម៉ោងដែរ​ នៅព្រឹកថ្ងៃអាទិត្យ​។

ក្រសួងការពារជាតិរុស្ស៊ីបាន​បរិហារថា នេះគឺជាទង្វើ​ ប៉ុនប៉ងវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន។ តែយ៉ាងណា សម្រាប់ពេលនេះ មិនទាន់​មានការ​ប្រកាសទទួលស្គាល់ណាមួយ​ពី​ភាគីអ៊ុយក្រែនទេ។ ដូចយើង​​បានដឹងហើយ ថានេះមិនមែនជាលើកទី១ទេ ដែលមានការ​វាយ​ប្រហារដោយយានដ្រូន​ នៅ​កណ្តាលក្រុងម៉ូស្គូ ហើយដែល​រុស្ស៊ីតែងតែចោទថាជាស្នាដៃអ៊ុយក្រែន​។ លោក​ហ្សេឡេនស្គី ធ្លាប់​បានសន្យាថានឹងវាយប្រហារទៅក្នុងទឹកដី​រុស្ស៊ីវិញ ដើម្បីសងសិកចំពោះការវាយប្រហារដែលរុស្ស៊ីបានធ្វើមកលើទីក្រុងអូដេសា កាលពីពេលថ្មីៗនេះ​។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញ បាន​ស្តីបន្ទោស ថាបើគ្មាន​អាមេរិក និងអូតង់ទេ អ៊ុយក្រែនក៏មិនអាចបើកការវាយ​ប្រហារនេះបានដែរ។ តែទន្ទឹមនឹងនេះ យើងឃើញថា ទីក្រុងម៉ូស្គូមួយទាំងមូល ហាក់ដូចជាមិនមាន​ប្រព័ន្ធការពារផ្លូវអាកាសរឹងមាំសោះ បានជាយានដ្រូនអាច​ហោះទៅវាយ​ប្រហារ​ម្តងហើយម្តងទៀតបែបនេះ​។

ដ្រូនអ៊ុយក្រែន​២៥គ្រឿង ប៉ុនប៉ងវាយប្រហារ​នៅគ្រីម៉េ

ក្រសួងការពារជាតិរុស្ស៊ីអះអាងថា នៅព្រឹកថ្ងៃអាទិត្យនេះ គឺមានយានដ្រូនរបស់អ៊ុយក្រែន ចំនួន​២៥គ្រឿងបាន​ប៉ុនប៉ងមកវាយប្រហារ នោះតំបន់គ្រីម៉េ។ ក្នុងនោះ​កងទ័ពរុស្ស៊ីបានវាយកំទេចទាន់ពេលវេលា ចំនួន​១៦គ្រឿង ដោយ​ប្រព័ន្ធការពារផ្លូវអាកាស ចំណែក​៩គ្រឿងទៀត ត្រូវបាន​ក្រុមជំនាញរុស្ស៊ី ដណ្តើមគ្រប់គ្រងបានពីចំងាយ​តាមប្រព័ន្ធព័ត៌មានវិទ្យា ហើយ​បានបញ្ជាឲ្យធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។

ហើយកាលពីថ្ងៃសុក្រវិញ រុស្ស៊ីអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ី២គ្រាប់ ចូលទៅក្នុងទឹកដីរុស្ស៊ី ត្រង់តំបន់ Taganrog ក្បែរព្រំដែនអ៊ុយក្រែន បណ្តាលឲ្យរបួសមនុស្ស​១៦នាក់។ ករណីបាញ់មីស៊ីលចូលដីរុស្ស៊ីនេះ គឺជារឿងកម្រណាស់។ មីស៊ីល២គ្រាប់នេះ រុស្ស៊ីថាជាប្រភេទមីស៊ីល S-200។

ដោយឡែក ខាងទឹកដីអ៊ុយក្រែនវិញ រុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារ ចំអគារសាលារៀនមួយ កាលពីយប់ថ្ងៃសៅរ៍ម៉ោង​៨ បណ្តាលឲ្យ​ស្លាប់ម្នាក់ និងរបួស៥នាក់ នៅទីក្រុងSoumy។ នេះបើផ្អែកតាមបណ្តាញព័ត៌មានអ៊ុយក្រែន Suspilne។ ហើយ​នៅថ្ងៃសៅរ៍ដែរ មនុស្ស២នាក់បានស្លាប់ដោយការវាយប្រហារ របស់រុស្ស៊ី នៅឯតំបន់ហ្សាប៉ូរីចា។

ប្រធានសហភាពអាហ្វ្រិកអំពាវនាវ​ឲ្យ​មានបទឈប់បាញ់​

វេទិកាកំពូល រុស្ស៊ី អាហ្វ្រិក បានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ ដោយ​លោក​ប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani បាន​ប្រាប់ទៅលោកពូទីនថា វាជារឿងចាំបាច់ណាស់ ដែលត្រូវតែឈានទៅ​ មានបទឈប់បាញ់ ឲ្យ​បានឆាប់បំផុត ជាមួយអ៊ុយក្រែន ព្រោះថា វាគឺជារឿងស្លាប់រស់ រឿងក្រពះ របស់ប្រជាជននៅអាហ្វ្រិក។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្នុងពេលប្រជុំ លោក​ពូទីន បានសន្យាប្រាប់ទៅថ្នាក់ដឹកនាំអាហ្វ្រិកថា កុំភ័យ ចាំរុស្ស៊ី​ដឹកគ្រាប់ធញ្ញជាតិទៅឲ្យ ជំនួសឲ្យ​គ្រាប់ធញ្ញជាតិរបស់​អ៊ុយក្រែន។ ជាងនេះទៀត រុស្ស៊ីនឹងអោយ​ដោយ​មិនគិតថ្លៃទេ ក្នុងទំហំមួយផ្នែកធំ សម្រាប់ប្រទេសប្រមាណ​៦ប្រទេស ដែលលំបាកខ្លាំង​។ តែការធានារបស់​លោកពូទីននេះ ត្រូវបាន​​​លោក Azali Assoumani ប្រធានសហភាពអាហ្វ្រិក បាន​ឆ្លើយបកទៅវិញថា វាមិនគ្រប់គ្រាន់ទេ។ អ្វីដែលចាំបាច់ គឺការឈានទៅ​មានបទឈប់បាញ់​។

 

លោកពូទីន ក្នុងពេល​ដឹកនាំវេទិកាកំពូល អាហ្វ្រិក-រុស្ស៊ី នៅក្រុងសាំងប៉េតេសបួរ ថ្ងៃទី ២៨ កក្កដា ២០២៣
លោកពូទីន ក្នុងពេល​ដឹកនាំវេទិកាកំពូល អាហ្វ្រិក-រុស្ស៊ី នៅក្រុងសាំងប៉េតេសបួរ ថ្ងៃទី ២៨ កក្កដា ២០២៣ AP - Donat Sorokin

 

លោកពូទីន៖ “ខ្ញុំមិនដែលបិទផ្លូវចរចាជាមួយអ៊ុយក្រែនទេ!

នៅថ្ងៃសៅរ៍​ទី​២៩កក្កដា​ ក្នុងសន្និសីទកាសែតមួយ នៅក្រុងប៉េតេសបួរ លោកពូទីន បាន​ឆ្លើយប្រាប់អ្នកកាសែតថា លោក​មិនដែលបិទផ្លូវ រឿងចរចាជាមួយអ៊ុយក្រែននោះឡើយ​។ លោក​បន្តទៀតថា សំណើរបស់​ក្រុមប្រទេសអាហ្វ្រិក ក៏ជាពីភាគីចិន ដែលចង់​ឲ្យ​មាន​ផែនការចរចា គឺរុស្ស៊ីនឹងយកមកគិត ប្រើវាជាមូលដ្ឋាន​។ ចំណែក​រឿងបទឈប់បាញ់វិញ ​លោក​បាន​លើកឡើងថា​ សម្រាប់ពេលនេះ គឺពិបាកធ្វើ​បន្តិចហើយ ព្រោះថាអ៊ុយក្រែន​ កំពុងតែបើកប្រតិបត្តិវាយ​បក ដែលតម្រូវឲ្យ​ខាងរុស្ស៊ីត្រូវតែទប់ទល់​ វាយប្រហារទៅវិញ។ តែយ៉ាងណា លោក​បានបញ្ជាក់ថា សម្រាប់ពេលនេះ គឺខាងកងទ័ព​រុស្ស៊ី មិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី មិនមានការបើកសម្រុកវាយប្រហារទ្រង់ទ្រាយធំណាមួយ នៅឯសមរភូមិ​ អ៊ុយក្រែនទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ