អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របបសឹកនីហ្សេចោទប្រកាន់បារាំងថាមានគម្រោងធ្វើអន្តរាគមន៍យោធា​នៅ​នីហ្សេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច Cdeao ដែលមានសមាជិក​១៥ប្រទេស រួមទាំងនីហ្សេ​​បាន​ចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ​អាទិត្យ ដែលនៅក្នុង​នោះ គេទុកពេល​ឲ្យ​របបសឹកនីហ្សេ​១សប្តាហ៍ដើម្បីដោះលែងប្រធានាធិបតី និងស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ។ នៅក្នុង​សេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស​អាហ្រិ្វកខាងលិច​ព្រមានផងដែរ​ការប្រើកម្លាំងយោធា ក្នុងករណី របបសឹកមិនព្រមធ្វើតាមការទាមទារ​របស់​ Cdeao។ នៅមុនសេចក្តីថ្លែងការណ៍រួមរបស់​ Cdeao មេដឹកនាំ​របបសឹកនីហ្សេ ដែលបានធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​បាហ្ស៊ូម​បរិហារពី​ការគំរាមកំហែងធ្វើអន្តរាគមន៍យោធា​របស់​បារាំងរួមជាមួយប្រទេស​នៅក្នុង​តំបន់​អាហ្វ្រិក នៅក្នុងទឹកដីនីហ្សេ។​ នៅថ្ងៃអាទិត្យ ស្ថានទូតបារាំង​នៅទីក្រុង​នីអាម៉េបាន​ក្លាយជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​បាតុករដែលគាំទ្រក្រុមយោធា​ធ្វើរដ្ឋប្រហារ​នៅ​នីហ្សេ។

នៅមុខស្ថានទូតបារាំង ក្នុងទីក្រុង​នីអាមេ ក្រុមបាតុករមួយចំនួន​បាន​លើកបដា​សរសេរ​អក្សរទាមទារឲ្យបារាំង​​ត្រូវតែចាកចេញពីនីហ្សេ។
នៅមុខស្ថានទូតបារាំង ក្នុងទីក្រុង​នីអាមេ ក្រុមបាតុករមួយចំនួន​បាន​លើកបដា​សរសេរ​អក្សរទាមទារឲ្យបារាំង​​ត្រូវតែចាកចេញពីនីហ្សេ។ © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ស្ថានទូតបារាំងនៅទីក្រុងនីអាម៉េបានជា​ស្ថានទូតបរទេស​តែមួយគត់​ដែលរង​ការវាយប្រហារពីក្រុមបាតុករគាំទ្រ​រដ្ឋប្រហារ​យោធា។ ក្រុមបាតុករមួយចំនួន​បាន​លើកបដា​សរសេរ​អក្សរទាមទារឲ្យបារាំង​​ត្រូវតែចាកចេញពីនីហ្សេ។ និន្នាការស្អប់ប្រឆាំង​បារាំង​ក្នុង​ចំណោម​បាតុករ​ធ្លាប់កើតមានកន្លងមក នៅក្នុង​ប្រទេស​ដែល​កើតមាន​រដ្ឋប្រហារ​យោធា ទម្លាក់រដ្ឋាភិបាល ដូចជា​នៅប្រទេស​ម៉ាលី បួគីណាហ្វាសូ និង​ហ្គីណេជាដើម។

នៅ​នីហ្សេ បាតុកម្ម​ប្រឆាំងបារាំងនៅនីហ្សេ​កើតចេញពីការអំពាវនាវ​របស់​ចលនា​M62 ដែលជា​ក្រុមចេញមុខ​ប្រឆាំង​អន្តរាគមន៍​យោធា​របស់​បារាំងនៅ​តំបន់​សាហែល។ នៅនីហ្សេ ស្ថានទូតបារាំង​ជាគោលដៅ​វាយប្រហារ​របស់​បាតុករគាំទ្រ​ក្រុមយោធា អាច​ជាលទ្ធផលនៃការសន្សំទុកជាយូរមកហើយ​នៃគំនិតស្អប់​មិនចូលចិត្ត​វត្តមានរបស់​​បារាំងនៅនីហ្សេ។

បារាំងធ្លាប់ធ្វើ​ជា​ម្ចាស់ធ្វើអាណានិគមលើនីហ្សេ​តាំង​ពី​ឆ្នាំ ១៩២២ រហូត​ដល់​ឆ្នាំ ១៩៦០។  បារាំង​បាន​ត្រលប់​ទៅ​បោះទីតាំង នៅនីហ្សេ ក្នុងនាមជាសម្ព័ន្ធមិត្តយោធា និងសេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​នីហ្សេ។ ​នៅមុនប្រធានាធិបតី​បាហ្ស៊ូម មេដឹកនាំ​មុនៗ​របស់​នីហ្សេបាន​បើកភ្លើងខៀវ​ឲ្យ​កងទ័ពបារាំងចេញចូលក្នុងក្របខ័ណ្ធប្រតិបត្តិការយោធា​ប្រឆាំងក្រុមភេរវនិយម នៅមុន អនុញ្ញាតឲ្យបារាំង ដែលដកកងទ័ពចេញពីម៉ាលី ដោយសារ​រដ្ឋប្រហារនៅ​ម៉ាលី បង្កើតមូលដ្ឋានទ័ពនៅ​នីហ្សេ។ ប្រជាជននីហ្សេដុះគំនិតស្អប់បារាំង​ក្នុងហេតុផលថា​រដ្ឋាភិបាលបារាំង​អាងអំណាច​ធ្វើអន្តរាគមន៍​យោធា​នៅ​កុងហ្គោ នៅលីប៊ី ដោយសារ​គ្មានការពិគ្រោះយោបល់ ឬ​ការចូលរួម​របស់​ប្រទេស​អាហ្វ្រិកក្នុងតំបន់។

បន្ថែមពីលើការស្អប់បារាំងក្នុងនាមជាអតីតប្រទេសអាណានិគមនិយមលើនីហ្សេកន្លងមក យុវជននីហ្សេដែលចូលរួមក្នុងបាតុកម្ម​លើកនេះ ភាគច្រើនទទួលព័ត៌មាន​​ពីខាងក្រៅដែលជំរុញ​ឲ្យស្អប់បារាំង ដូចជាថា ប្រជាជននីហ្សេនៅតែក្រីក្រ រងគ្រោះដោយសារសំរាមនុយក្លេអ៊ែរក្នុងខណៈពេលដែលបារាំងវិញ​ជីកយកប្រយោជន៍​ពីរ៉ែអ៊ុយរ៉ាញ៉ូមរបស់នីហ្សេ សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

តើបារាំងធ្វើអន្តរាគមន៍យោធាដើម្បីរំដោះប្រធានាធិបតីបាហ្ស៊ូមដែលពួកយោធាចាប់ឃុំខ្លួន?

របបសឹកដែលផ្តួលអំណាច​ប្រធានាធិបតីលោកម៉ូហាម៉េដ បាហ្ស៊ូម បាន​ចោទបារាំង​កាលពីថ្ងៃ​ចន្ទទី ៣១​កក្កដាថា ចង់ធ្វើអន្តរាគមន៍យោធាដើម្បី​ស្តារអំណាចប្រធានាធិបតី លោក​ម៉ូហាម៉េដ បាហ្ស៊ូម។ តាម​សេចក្តីប្រកាសដែលអ្នកនាំពាក្យ​របស់​របបសឹក​អាននៅតាម​កញ្ចក់ទូរទស្សន៍ជាតិ ប៉ារីសកំពុង​ស្វែងរកផ្លូវ ​មធ្យោបាយដើម្បីលូកដៃអន្តរាគមន៍យោធា​នៅនីហ្សេ។ បើតាម​ក្រុមយោធា​ដែលធ្វើរដ្ឋប្រហារ បារាំង ដែលមាន​កងទ័ពរបស់ខ្លួន ១៥០០នាក់​ប្រចាំការឈរជើង​នៅនីហ្សេ​បានទាក់ទងជាមួយ បញ្ជាការដ្ឋាន​ឆ្មាំការពារជាតិនីហ្សេ ដើម្បី​ទទួលបាន​សិទ្ធិលូកដៃទាំងផ្នែកនយោបាយ និង​យោធា។

​មេដឹកនាំរបបសឹក ដែលជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បី​ស្រោចស្រង់មាតុភូមិ បាន​ចោទប្រកាន់បារាំងថា ដោយមានការអនុញ្ញាត​ពី​រដ្ឋមន្រ្តីការបរទេស​នីហ្សេ បារាំងនឹងអាចធ្វើការវាយប្រហារ​យោធា​នៅ នីហ្សេ ដើម្បីស្តារអំណាច​ប្រធានាធិបតី។ នៅថ្ងៃអាទិត្យ មេដឹកនាំរបបសឹកបានចោទប្រកាន់​បារាំងថា បាន​បញ្ជា​ឲ្យកងទ័ពរបស់ខ្លួន បាញ់​គ្រាប់បែកផ្សែងចេញពីក្នុងស្ថានទូត​សំដៅ​ក្រុមបាតុករ រហូតធ្វើឲ្យមានមនុស្ស​របួស ៦នាក់។​

តើក្រុមអាហ្វ្រិកខាងលិច​នឹងធ្វើអន្តរាគមយោធាដូចការគំរាម?

ក្រោយជំនួបកំពូលបន្ទាន់ នៅប្រទេស​នីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ សហគមន៍សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិកខាងលិច Cedeaoបាន​ចេញសេចក្តីថ្លែងការណ៍រួមទុកពេលឲ្យ​ពួកយោធានីហ្សេ ១សប្តាហ៍ដើម្បីស្តាររដ្ឋាភិបាល​ស៊ីវិល និងការប្រគល់អំណាច​ទៅ​ឲ្យ​លោកប្រធានាធិបតី​បាហ្ស៊ូមវិញ។ តាម​សេចក្តីថ្លែងការណ៍រួមរបស់​Cedeao ការប្រើកម្លាំងយោធា ជាជម្រើសមួយ បើសិន​របបសឹក​មិនគោរពតាម​កាលកំណត់​១សប្តាហ៍។ ហេតុអ្វី ក្រុមប្រទេស​អាហ្វ្រិកខាងលិច​ដែលមាន​នីហ្សេជាសមាជិក លូកដៃ​ក្នុង​រឿងធ្វើរដ្ឋប្រហារ​នៅនីហ្សេ ប៉ុន្តែ នៅ​ស្ងៀម​មិន​ក្អកអ្វីទាំងអស់ នៅពេលមានរដ្ឋប្រហារ​នៅម៉ាលី និង​បួគីណាហ្វាសូ?

តាមនាយករដ្ឋមន្រ្តីនីហ្សេ ការប្រកាសជំហរដាច់ណាត់របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាហ្វ្រិកខាងលិច​ មិនមែនជា​រឿងភ្ញាក់ផ្អើល។ នៅក្នុងសន្និសីទកាលពីខែ​មិថុនាកន្លងទៅ ក្រុមប្រទេស​អាហ្វ្រិកខាងលិច ដែល​សំដែងការធុញទ្រាន់នឹង​រឿងធ្វើរដ្ឋប្រហារ​ដើម្បីដណ្តើមអំណាច​ចូលដឹកនាំប្រទេស​នៅអាហ្វ្រិក បាន​យល់ព្រមគ្នា​ថា ត្រូវ​តែចាត់វិធានការ​ចាំបាច់​ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ទ្វីបអាហ្វ្រិកដែលជា​តំបន់​សំបូររឿងធ្វើរដ្ឋប្រហារ​យោធា។ ការចាត់វិធានការ​ក្តៅ ជាពិសេស​អន្តរាគមន៍យោធា គឺជារឿងចាំបាច់ដើម្បីស្តារទំនុកចិត្ត​លើ​Cedeao ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យនៅអាហ្វ្រិក។

នៅក្នុងការសម្រេច​របស់Cedeao មានផងដែរ​គម្រោងបង្កើតកងទ័ពពិសេស​ដើម្បីធ្វើអន្តរាគមន៍​នៅក្នុងករណីមាន​រដ្ឋប្រហារ​នៅ​ក្នុង​ទឹកដីអាហ្វ្រិក។ នៅក្នុងប្រវត្តិរបស់ខ្លួន​Cedeaoធ្លាប់​ធ្វើអន្តរាគមន៍​បញ្ជូនទ័ព​សេណេហ្កាល់ទៅ ប្រទេស​ហ្កំប៊ីកាលពីឆ្នាំ ២០១៧ បន្ទាប់ពី​មេដឹកនាំយូរឆ្នាំ​របស់​ហ្កំប៊ី លោក Yahya Jammeh  បដិសេធមិនចុះចេញពីអំណាច​នៅក្រោយ​ការចាញ់ឆ្នោត។ ប្រភពស្និទ្ធនឹងមន្រ្តីនីហ្សេរីយ៉ាបាននិយាយថា នីហ្សេរីយ៉ាដែលមានព្រំដែនជាប់នីហ្សេបានត្រៀមកម្លាំងទ័ពរួចហើយ នៅជិតព្រំដែននីហ្សេ ក្នុងករណីមានការបើកប្រតិបត្តិការយោធានៅនីហ្សេ។

តើវិបត្តិនយោបាយនៅនីហ្សេចេញតាមច្រកណា?

អន្តរាគមន៍យោធាជាជម្រើសមួយ ប៉ុន្តែ ចាប់តាំងពីថ្ងៃអាទិត្យ ថ្នាក់ដឹកនាំប្រទេសអាហ្វ្រិកបានជំរុញយន្តការចរចាការទូតដើម្បីដោះស្រាយវិបត្តិនយោបាយនៅ នីហ្សេ។ នៅថ្ងៃចន្ទ ប្រមុខដឹកនាំឆាត ដែលមិនមែនជាសមាជិករបស់​Cedeao​បាន​ចូលខ្លួនជាអ្នកសម្របសម្រួល ដោយ​បានធ្វើដំណើរទៅជួប​ទាំងមេដឹកនាំរបបសឹក និង​លោកប្រធានាធិបតី​បាហ្ស៊ូម ដែលកំពុងជាប់ឃុំក្នុងដៃ​របស់​អ្នកធ្វើរដ្ឋប្រហារយោធា។ ចំណែកអតីតប្រធានាធិបតី​នីហ្សេដែលជាអ្នកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធិជាមួយ លោកចានីដែលជា​មេដឹកនាំធ្វើរដ្ឋប្រហារ​កំពុង​ចរចា​បញ្ចុះបញ្ចូល​ឲ្យក្រុមធ្វើរដ្ឋប្រហារ​ប្រគល់អំណាច​ទៅលោក​ប្រធានាធិបតី​បាហ្ស៊ូមវិញ។ សម្រាប់អ្នកនយោបាយ​នីហ្សេ នីហ្សេ​ដែលរស់ពឹងអាស្រ័យលើជំនួយបរទេស និង​ត្រូវការជំនួយកម្លាំងយោធា​បរទេស​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរនិយមនៅតំបន់សាហែល មិនអាច​រស់បានយូរទេ បើសិន​គ្មានជំនួយបរទេស ហើយត្រូវ​ប្រទេស​អាហ្វ្រិកជុំវិញ បិទព្រំដែនជើងគោក និងព្រំដែនអាកាស ដោយសាររដ្ឋប្រហារយោធា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ