អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នីហ្សេ៖ ប្រធានាធិបតីជាប់ឃុំ ដង្ហើយហៅក្រុមប្រទេសលោកលិច​ ពុំនោះទេតំបន់សាហ៊ែលនឹងធ្លាក់ទៅក្នុងដៃរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​នីហ្សេ Mohamed Bazoum ដែលបច្ចុប្បន្ន​ត្រូវក្រុម​យោធាធ្វើរដ្ឋប្រហារ​ ចាប់បង្ឃាំងទុកនោះ បានផ្ញើសារមួយ ចុះផ្សាយ​ដោយ​កាសែត Washington Post នៅព្រឹកថ្ងៃសុក្រទី​៤សីហា។ ក្នុងសារនេះ លោក​ប្រធានាធិបតី Bazoum បានដង្ហើយហៅឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិច ត្រូវរួមគ្នាជួយ​នីហ្សេ ទប់ទល់ជាមួយ​នឹងក្រុម​ឧទ្ទាមរបបសិក ដែលបានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់របស់លោក​។

បាតុករនីហ្សេគាំទ្ររដ្ឋប្រហារ លើកបដាសរសេរថា ៖ "បារាំងត្រូវតែចុះចាញ់​ ជ័យោពូទីន​" អមដោយ​ទង់ជាតិរុស្ស៊ី​បក់រវិចពីក្រោយ។ ក្រុងនីអាម៉េ ថ្ងៃទី​ ៣០ កក្កដា ២០២៣
បាតុករនីហ្សេគាំទ្ររដ្ឋប្រហារ លើកបដាសរសេរថា ៖ "បារាំងត្រូវតែចុះចាញ់​ ជ័យោពូទីន​" អមដោយ​ទង់ជាតិរុស្ស៊ី​បក់រវិចពីក្រោយ។ ក្រុងនីអាម៉េ ថ្ងៃទី​ ៣០ កក្កដា ២០២៣ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

"តំបន់សាហ៊ែលអាចធ្លាក់ទៅក្នុងក្រញ៉ាំរុស្ស៊ី"

លោកប្រធានាធិបតី Bazoum​បានថ្លែងការបារម្ភថា ប្រសិន​បើ​ក្រុមយោធារបបសិក អាច ឈានចូលមកកាន់អំណាចនៅនីហ្សេពិតមែន នោះគឺតំបន់សាហ៊ែលទាំងមូល នឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី តាមរយៈវត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner។

លោក​ប្រធានាធិបតី Bazoum បានរំលឹកថា បច្ចុប្បន្ននេះ នីហ្សេគឺជាដែនដីចុងក្រោយដែល​ឈរការពារ​សិទ្ធិសេរីភាព សន្តិសុខ ស្ថិរភាព តាមរយៈការសហការជាមួយ​កងទ័ពសម្ព័ន្ធមិត្ត ប្រយុទ្ធតទល់បោសសំអាតក្រុម​ភេរវកម្មជាច្រើនក្រុម ដែលធ្វើសកម្មភាព​នៅតំបន់សាហ៊ែល។​ តែប្រសិនបើនីហ្សេ ធ្លាក់ចូលទៅក្នុងដៃរបបសិកផ្តាច់ការ នោះនីហ្សេនឹងមានវាសនា​មិនខុសពី​ ម៉ាលី ឬបួគីណាហ្វាសូ ទេ ពោលគឺប្រជាជន​នីហ្សេ និង​ត្រូវរស់​ក្នុងការភ័យខ្លាច គ្មានសិទ្ធិសេរីភាព អស្ថិរភាព អសន្តិសុខ ជាមួយនឹង​​អំពើកាប់សម្លាប់ សាហាវព្រៃផ្សៃរបស់ទាហានស៊ីឈ្នួលរុស្ស៊ី​។ លោកសង្កត់បន្ថែមថា ប្រសិនបើតំបន់​សាហ៊ែលត្រូវធ្លាក់ខ្លួន ក្នុងក្រញ៉ាំរបស់រុស្ស៊ីពិតមែននោះ នោះ​វាគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ទ្វីបអាហ្វ្រិក ក៏ដូចជាពិភពលោកទាំងមូល។

នៅក្នុងសារនេះដែរ លោកប្រធានាធិបតី Bazoum បានលើកឡើងថា អ្វី​ដែលក្រុមយោធាបានឃោសនា ថាខ្លួនបានធ្វើរដ្ឋប្រហារ ក៏ព្រោះតែចង់ស្តារឡើងវិញ នូវសន្តិសុខសុវត្ថិភាពនីហ្សេនោះ វាគឺជាពាក្យ​កុហក​ទាំងអស់​។ លោកប្រធានាធិបតី Bazoum បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសន្តិសុខរបស់នីហ្សេបានល្អប្រសើរខ្លាំងណាស់ ក៏ដោយ​សារតែជំនួយ ​និងការសហការពីកងទ័ព​សម្ព័ន្ធមិត្តលោកខាងលិច។ នៅខាងត្បូង ក្រុមឧទ្ទាមបូកូហារ៉ាំ បានចុះថយលែងវាយប្រហារ២ឆ្នាំមកហើយ។ នៅខាងជើងវិញ ការវាយប្រហារភេរវកម្ម របស់​ក្រុមឧទ្ទាម​ជីហាតអាល់កាយដាតំបន់សាហ៊ែល ក៏បានថយចុះច្រើនដែរ តាំងតែពីឆ្នាំ​២០២១មក។

របបសិកប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយបារាំង​

នៅយប់ថ្ងៃព្រហស្បតិ៍ ទី​៣សីហា​ ក្រុម​កងទ័ពនីហ្សេដែលធ្វើ​រដ្ឋប្រហារ បានប្រកាស​ ដកខ្លួនចេញពីកិច្ចព្រមព្រៀង សហប្រតិបត្តិការយោធាជាមួយបារាំង។ មានន័យថា កងទ័ពបារាំងដែលឈរជើងនៅនីហ្សេ ចំនួន​ប្រមាណ​១៥០០នាក់ នឹងត្រូវតែចាកចេញពីទឹកដីនីហ្សេ។ នៅក្នុងសារផ្សាយ​តាមកញ្ចក់ទូរទស្សន៍​ អ្នកនាំពាក្យក្រុមកងទ័ពនីហ្សេ បាន​គំរាមទៀតថា គេនឹងប្រើកម្លាំងឆ្លើយតបវិញ ប្រសិន​បើមានអន្តរាគមន៍​វាយ​ប្រហារណាមួយ ពី​ក្រុមប្រទេស​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO។

 

មេបញ្ជាការ Abdourahmane Tchiani មេដឹកនាំការធ្វើ​រដ្ឋប្រហារ ថ្លែងសារនៅថ្ងៃទី ២៨ កក្កដា ២០២៣ តាមកញ្ចក់ទូរទស្សន៍នីហ្សេ។
មេបញ្ជាការ Abdourahmane Tchiani មេដឹកនាំការធ្វើ​រដ្ឋប្រហារ ថ្លែងសារនៅថ្ងៃទី ២៨ កក្កដា ២០២៣ តាមកញ្ចក់ទូរទស្សន៍នីហ្សេ។ AP

 

ជាមួយ​គ្នានេះ របបសិក​នីហ្សេបាន​ប្រកាស បញ្ចប់មុខងារ​អគ្គរដ្ឋទូតនីហ្សេប្រចាំនៅ​បួន​ប្រទេស ដែលមាន បារាំង សហរដ្ឋអាមេរិក នីហ្សេរីយ៉ា និង​តូហ្គោ។ ក្រោយ​ការប្រកាសនេះ លោកអគ្គរដ្ឋទូតនីហ្សេ ប្រចាំនៅក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ឲ្យ​របបសិកងាកមកគិតពិចារណាឲ្យ​បានច្បាស់​ កុំនាំប្រទេសផុងជ្រៅទៅក្នុងវិបត្តិបែបនេះ​។ លោក​អគ្គរដ្ឋទូតនីហ្សេ បានក្រើន​រំលឹកថា បើស្ថានការ​ណ៍​នៅតែចុះដុនដាបបែបនេះ សន្តិសុខតំបន់សាហ៊ែលទាំងមូល នឹងត្រូវ​ដួលរលំ​ជាក់ជាមិនខាន​។

គិតមកទល់ពេលនេះ មិនទាន់​មានប្រតិកម្ម​អ្វីពី​ខាងរដ្ឋាភិបាលបារាំងទេ។ ដោយឡែក កងទ័ពអាមេរិក​ក៏មានវត្តមាននៅនីហ្សេដែរ ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយបារាំអ ដើម្បី​បោសសំអាតក្រុមជីហាតអ៊ីស្លាម​ភេរវកម្ម​តំបន់សាហ៊ែល។ ល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិក បានអះអះអាងថាសម្រាប់ពេលនេះ អាមេរិកនៅតែរក្សាកងកម្លាំងនៅនីហ្សេដដែល មិនទាន់មានការផ្លាស់​ប្តូរអ្វី​ទេ។​ គួរបញ្ជាក់ដែរ ថាកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានទូរស័ព្ទនិយាយគ្នា ជាមួយ​លោកអង់តូនីប្លីងកិន ដោយ​អ្នកទាំង២បានអះអាងដូចគ្នា ថាបន្តគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យ​ស្របច្បាប់ របស់​លោក​ប្រធានាធិបតី Mohamed Bazoum។

ជម្រើសអន្តរាគមន៍យោធា របស់​CEDEAO 

ក្រុមប្រទេស​សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO បានដាក់ឱសានុវាទមួយសប្តាហ៍ ឲ្យ​របបសិកនីហ្សេ ត្រូវតែនាំប្រទេសឲ្យត្រលប់ទៅកាន់​មាគ៌ាប្រជាធិបតេយ្យឡើងវិញ។ ពុំនោះទេ គេអាចនឹងសម្រេចប្រើកម្លាំងអន្តរាគមន៍យោធា។ ឱសានុវាទនេះ ត្រូវដល់ថ្ងៃកំណត់ នៅថ្ងៃអាទិត្យទី​៦សីហា។ CEDEAO ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្ម​ទៅលើនីហ្សេដែរ ដោយបានសម្រេច ​ព្យួរការដោះដូរពាណិជ្ជកម្មជាមួយនីហ្សេ ហើយ​ប្រទេសនីហ្សេរីយ៉ាវិញ​ បាន​សម្រេច​ផ្តាច់ចរន្តអគ្គីសនីមួយផ្នែកធំ ដែលខ្លួនផ្គត់​ផ្គង់​ឲ្យ​នីហ្សេ។

ល្ងាចថ្ងៃព្រហស្បតិ៍ ទី៣សីហា​​ គណៈប្រតិភូតំណាង​ CEDEAO បានធ្វើដំណើរទៅដល់ទី​ក្រុងនីអាម៉េ​ ក្នុងគោលបំណងបើកការចរចា ជាមួយ​ក្រុម​យោធានីហ្សេដែលបានធ្វើ​រដ្ឋប្រហារ។ តែទៅដល់​បានប៉ុន្មានម៉ោង គណៈប្រតិភូនេះ បានត្រលប់ទៅវិញ ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់។ គណៈប្រតិភូ CEDEAO មិនត្រូវបាន​ក្រុមយោធានីនីហ្សេ អនុញ្ញាតឲ្យចូលជួបនិយាយជាមួយ មេធំរបស់គេ ឈ្មោះ Abdourahaman Tiani ទេ ហើយ​ក៏មិនឲ្យចូលទៅជួបលោក​ប្រធានាធិបតី​ Mohamed Bazoum ដែលកំពុងជាប់ឃុំដែរ។

ក្រោយបរាជ័យនេះ អគ្គបញ្ជាការ​កងទ័ពនៃប្រទេសសមាជិក CEDEAO បាន​បើកការប្រជុំភ្លាមៗ ដើម្បីពិភាក្សាគ្នា អំពីលទ្ធភាព​ប្រើប្រាស់អន្តរាគមន៍​យោធា។ លោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu ដែលបច្ចុប្បន្នជាប្រធានវិលជុំ​ CEDEAO បានអះអាងថា សហគមន៍នេះនឹងផ្តល់អាទិភាពដល់ការចរចា តែសូមរក្សា​ អន្តរាគមន៍​យោធា ជាជម្រើសចុងក្រោយ​។ យ៉ាងណាមិញ ប្រទេសសេណេហ្កាល់ បានអះអាងមុនគេថាខ្លួនបានត្រៀម​កម្លាំងរួចហើយ ដើម្បី​ចូលទៅអន្តរាគមន៍​ បណ្តេញក្រុម​យោធារដ្ឋប្រហារ​នីហ្សេ។

ជាមួយស្ថានការណ៍​ដ៏ច្របូកច្របល់នៅនីហ្សេនេះ មានការព្រួយបារម្ភថា ភ្លើង​សង្គ្រាមអាចឆាបឆេះ​ឡើង​​ បង្កអស្ថិរភាព​តំបន់សាហ៊ែល​អាហ្វ្រិក ទាំងមូលតែម្តង ព្រោះថា របបសិកបួគីនាហ្វាសូ និង របបសិកម៉ាលី បាន​ប្រកាសហើយថា គេនឹងមកជួយ​របបសិក​នីហ្សេ ប្រសិនបើមានអន្តរាគមន៍យោធាពីក្រុមប្រទេសCEDEO ឬពីខាងសម្ព័ន្ធមិត្តលោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ