អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណាជា​លើក​ទីមួយ ចាប់ពី​ឆ្នាំ​២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ទូទៅ មាន​អាទិ៍​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​​បញ្ហា​អតិផរណា​ (ប្រមាណ​៣ទៅ​៥%​)​​នៅថ្ងៃពុធ​ទី ៩​សីហា​​នេះ​ មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក​បាន​​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ សន្ទស្សន៍​តម្លៃ​ទំនិញ​នៅ​ចិន​​បាន​ចុះ​ថ្លៃ​០,៣%​ នៅ​ខែ​កក្កដា។ នេះ​ជា​​ដំណឹង​មិន​ល្អទេ​សម្រាប់​ពិភពលោក និង​ដែល​បញ្ជាក់​ថា​​​សេដ្ឋកិច្ច​ចិនកំពុង​​ត្រដ។

ចិន​ធ្លាក់​ក្នុង​វិបត្តិ​បរិតផរណាជា​លើក​ទីមួយ រាប់​ចាប់​ពី​ឆ្នាំ​២០២១
ចិន​ធ្លាក់​ក្នុង​វិបត្តិ​បរិតផរណាជា​លើក​ទីមួយ រាប់​ចាប់​ពី​ឆ្នាំ​២០២១ REUTERS - TINGSHU WANG
ផ្សាយពាណិជ្ជកម្ម

​ហេតុអ្វីបញ្ហា​​បរិត្តផរណាមិនមែនជា​ដំណឹង​ល្អ​?

​ដោយហេតុ​តែ​តម្រូវ​ការ​ក្នុង​ស្រុក​​មិន​សកម្ម​ដែល​បង្ក​ឱ្យ​សេដ្ឋកិច្ច​ពិបាក​ស្ទុះ​ឡើង​វិញ ចិន​បាន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណា​ ជា​ផ្លូវការ​នៅថ្ងៃ​ពុធ​នេះ។ ​បរិត្តផរណា ជា​ពាក្យ​ផ្ទុយ​នឹង​អតិផរណា ​​និង​មាន​ន័យ​ថាតម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើ​ទំនិញថោក នោះ​វា​នឹង​អាច​ជួយ​ស្តារលទ្ធភាព​ចាយ​វាយប្រជាពលរដ្ឋឱ្យ​បាន​ប្រសើរឡើងហើយ?! បើ​តាម​និយម​ន័យ​វា​ពិត​ជា​បាតុភូត​ដ៏​ល្អ​មែន​ ប៉ុន្តែ​នៅក្នុងស្ថានភាព​ជាក់ស្តែង ​បរិត្តផរណា​ជា​ការ​គំរាមកំហែង​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះអតិថិជន​ចិន​នឹង​មិនចំណាយលុយ​​ទិញ​អ្វី​ដែល​នឹង​អាច​ចុះ​ថោកជា​លំដាប់​​​ឡើយ។ គេ​ច្បាស់​ជា​សុខចិត្ត​​ចាំ​ក្រែង​បានរបស់​​កាន់​តែ​ថោក។ បើ​គ្មានអ្នក​​ទិញ​​ ក្រុមហ៊ុន​សហគ្រាស​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន និង​ព្រម​បន្ថោក​តម្លៃ​ដើម្បី​បន្ធូរ​ស្តុក​ ហើយ​មិន​ត្រូវ​ការ​ជ្រើសរើស​អ្នក​ធ្វើការ​ថ្មី​ទេគឺ​មាន​តែ​​បណ្តេញ​-បញ្ឈប់​បុគ្គលិក​ពីការងារ​។ សម្រាប់​សេដ្ឋវិទូ​ ​នេះ​ជា​វិបត្តិ​វិល​វល់​គ្មាន​ច្រក​ចេញ​ដ៏​គ្រោះ​ថ្នាក់​ណាស់នៃសេដ្ឋកិច្ច។ ម្យ៉ាង​ទៀត បរិត្តផរណា​នឹង​ធ្វើ​ឱ្យ​ប្រទេសជាប់​​បំណុល​កាន់​តែធ្ងន់។ តាមក្បួន​ ប្រទេស​មាន​អតិផរណា​ (ទំនិញ​ឡើងថ្លៃ) ម្តុំ​២%​តែ​មិន​ជាប់​លាប់ ទើប​ចាត់​ទុក​ល្អ​សម្រាប់​សេដ្ឋកិច្ច។

អ្វីខ្លះ​ជា​ឧបសគ្គ​រារាំង​​សេដ្ឋកិច្ច​ចិនឱ្យ​ធ្លាក់​ក្នុង​វិបត្តិបរិត្តផរណា?

ចិនធ្លាប់ឆ្លងកាត់​​វិបត្តិ​បរិត្តផរណា​មួយភ្លែត​កាលពី​ចុង​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ដោយកាលណោះ​តម្លៃ​សាច់ជ្រូក​ អាហារ​ដ៏​ពេញនិយម​បំផុត​របស់​ពលរដ្ឋ​ចិន បាន​ក្បាល​ចុះ​យ៉ាង​ខ្លាំង។ វិបត្តិបរិត្តផរណាពិត​លើក​​​ចុងក្រោយ​គេគឺ​នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​អ្នក​វិភាគ​គិត​ថា​ វិបត្តិបរិត្តផរណា​លើក​នេះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង និង​អូស​បន្លាយ​ពេល​យូរ​ខ្លាំង ព្រោះ​ស្ថានភាពសេដ្ឋកិច្ច​មិន​ល្អ​ស្ទើរ​គ្រប់មុខ ​អត្រា​យុវជន​អត់ការងារ​ធ្វើឡើង​ដល់​កំរិត​កំពូល​ ដល់​ជិត​២០%​ឯណោះ។

​ពេល​​នេះ ​​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​បរិត្តផរណា​ គឺទំនង​ជា​​វិបត្តិ​អចលនទ្រព្យ ដែល​ធ្លាប់​តែ​ជា​វិស័យ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB)។ ​ទិញ​ផ្ទះសម្បែង​ជា​ការ​វិនិយោគ​សន្សំប្រាក់​ដ៏​ប្រាកដ​និង​ជា​ទីពេញ​និយម​របស់​ចិន ប៉ុន្តែ​វិបត្តិហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​សំណង់​និងអចលនទ្រព្យ​ បាន​ធ្វើ​ឱ្យ​អតិថិជន​ដ៏​មាន​សក្តានុពល​លែង​ទុកចិត្ត ចង់​ទិញ​ផ្ទះ​។ លែង​មាន​តម្រូវការ​ ​តម្លៃអចលនទ្រព្យ​​អាច​នឹង​បន្ត​ធ្លាក់​ជា​និរន្តន៍។

សន្ទស្សន៍​តម្លៃ​ផលិតកម្ម​ដែល​ជា​ការ​កំណត់​​ថ្លៃទំនិញ​ចេញ​ពី​រោងចក្របន្ត​​ធ្លាក់​ចុះ​ជា​ថ្មី​ នៅ​ខែ​កក្កដាអស់​៤,៤% ជា​គម្រប់​១០​ខែ​ជាប់​គ្នា​ និង​-៥,៤%​កាលពី​ខែ​មិថុនា​។ នេះ​បើតាម​ការិយាល័យ​ស្ថិតិជាតិ។ ចំណែក​វិស័យ​ការ​នាំ​ចេញ​វិញ ដែល​មាន​ប្រវត្តិ​ជា​គន្លឹះ​កំណើន​សេដ្ឋកិច្ច​ ក៏​ចុះថយ​ខ្លាំង (១៤,៤%)។ ស្ថានភាព​នេះ ប៉ះពាល់​ដោយ​ផ្ទាល់​​ដល់​​​ក្រុមហ៊ុនសហគ្រាស​ជា​ច្រើនពាន់​។ ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​ចិន​ក៏​មាន​កំរិត​ទាប​បំផុត​ មិន​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក។ នេះ​បើ​តាម​ធនាគារ​អាមេរិក​Goldman Sachs។

បើ​តាម​តួលេខ​ផ្លូវការ ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​និង​ទី​ពីរ មាន​កំរិត​ត្រឹម​តែ​០,៨% ទាប​ជាង​កម្មវត្ថុ​៥%​កំណត់​ដោយ​រដ្ឋាភិបាលឆ្ងាយណាស់។​

តើ​រដ្ឋាភិបាល​ចិន​នឹង​ចាត់​​វិធានការយ៉ាងណា?

ដើម្បី​ផ្តល់​សន្ទុះ​ដល់​​កំណើន​សេដ្ឋកិច្ច​ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​ទុន​​វិនិយោគ​ចាប់​តាំងពី​ចុងឆ្នាំ​២០០០មក ប្រមាណ​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​ ក្នុង​គម្រោង​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​ដ៏​មហាសាល (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ លង់នឹង​​បញ្ហា​ហិរញ្ញវត្ថុ​ ចិន​ជ្រើសរើស​ចាត់​វិធានការ​ចោះៗ ជាជាង​ចំណាត់ការ​ធំទ្រង់ទ្រាយ​​និង​ចំណាយ​ច្រើន។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ​ដោយ​រំពឹង​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយ​កំរើកឡើង​វិញ។ ប៉ុន្តែអាជ្ញាធរ​ចិនគ្មាន​គំនិត​រក​វិធី​បង្កើន​ចំណូល​ឱ្យ​គ្រួសារ​ពលរដ្ឋ​ ដែល​ប្រឹង​រឹតត្បិត ក្នុង​បរិបទ​សេដ្ឋកិច្ច​យ៉ាប់យឺន និង​ទីផ្សារការងារតាន​តឹង​ទេ។​បើ​មិន​គាស់​កាយឱ្យ​ដល់​ឫសគល់​នៃ​បញ្ហា​ទេ​ ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​តែ​មិន​ប្រាកដ ហើយ​សកម្មភាព​ចាយវាយ​ក្នុង​ស្រុក​នៅ​តែ​មិន​អាច​ស្ទុះ​ឡើង​វិញ​ឡើយ។ នេះ​បើ​តាម​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ចិន​នៅការិយាល័យ​Trivium។

ដូច្នេះសួរ​ថា​តើ​តួលេខ​ដ៏អាក្រក់ធ្លាក់​មក​​ជា​បន្ត​បន្ទាប់​គ្នា​ពេល​នេះ គ្រប់គ្រាន់​នឹង​រុញ​ច្រាន​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ថ្មី​ភ្លាម​ដែរ​ឬអត់? នេះ​ជា​សំណួរ​ដែល​ពុំ​ទាន់​មាន​ចម្លើយ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ពេល​រង់ចាំ​ ចិន​ទំនង​ជា​បាន​បញ្ជា​ឱ្យ​សេដ្ឋវិទូ​ចិន​កុំ​ពាំនាំ​ដំណឹង​អវិជ្ជមាន​ អាក្រក់ៗ​ខ្លាំង ទាក់ទង​នឹង​សេដ្ឋកិច្ច​ ​​ពិសេស​ដំណឹង​ស្តីអំពី​បញ្ហា​បរិត្តផរណា​នេះ មក​ផ្សព្វផ្សាយ។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេសFinancial Times និង​ភ្នាក់ងារ​Bloomberg៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ