អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កេនយ៉ា៖ ជំនួបកំពូល​អាហ្វ្រិកស្តីពីអាកាសធាតុជាលើកទី១ ដើម្បី​បង្ហាញ​សក្តា​នុពលរបស់អាហ្រ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៨កញ្ញា ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ត្រូវបើកទ្វាររៀបចំ​ជំនួប​កំពូលអាហ្វ្រិក ស្តីពីអាកាសធាតុ។ នេះគឺជាលើកទី១ហើយ ដែលមានជំនួប​កំពូលស្តីពីអាកាសធាតុ ដោយ​ផ្តោ​តតែទៅលើបណ្តា​​ប្រទេសទ្វីបអាហ្រ្វិក ក្រោមការសហការរៀបចំ ដោយ​​កម្មវិធី​សហប្រជាជាតិដើម្បីបរិស្ថាន ហៅកាត់ថា PNUE។ យ៉ាងហោចណាស់ មនុស្ស​ចំនួន​៣ម៉ឺននាក់ ដែលនឹងមកចូលរួម​ជំនួបកំពូលនេះ ដោយ​មានទាំងតំណាងរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវីល ព្រមទាំងវិស័យ​ឯកជន វិនិយោគជាច្រើន​។

លោក William Ruto ប្រធានាធិបតីកេនយ៉ា ថ្លែងសុន្ទរកថាបើកជំនួបកំពូល  Africa Climate Summit (ACS) 2023 នៅ​ Kenyatta International Convention Centre (KICC) ទីក្រុងណៃរ៉ូប៊ី ថ្ងៃទី ៤ កញ្ញា ២០២៣
លោក William Ruto ប្រធានាធិបតីកេនយ៉ា ថ្លែងសុន្ទរកថាបើកជំនួបកំពូល Africa Climate Summit (ACS) 2023 នៅ​ Kenyatta International Convention Centre (KICC) ទីក្រុងណៃរ៉ូប៊ី ថ្ងៃទី ៤ កញ្ញា ២០២៣ REUTERS - MONICAH MWANGI
ផ្សាយពាណិជ្ជកម្ម

មានចំណែកតិចក្នុង​ការ​បង្កបញ្ហា តែរងគ្រោះខ្លាំងជាងគេ​

មានប្រជាជនចំនួន ប្រមាណ​ ១៤០០លាននាក់ អាហ្វ្រិកត្រូវគេស្គាល់ថា គឺជាទ្វីបដែលក្រីក្រ និង​ងាយ​រងគ្រោះបំផុត ដោយ​គ្រោះមហន្តរាយ បង្កឡើងដោយវិបត្តិអាកាសធាតុ​។ តែបើយើងក្រឡេកទៅមើលកម្រិត​ចូលរួម ក្នុងការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ ទៅក្នុងបរិយាកាសវិញ ទ្វីបអាហ្រ្វិក​មានចំណែកតិចបំផុត ពោល​គឺប្រមាណ​តែ​៣%ប៉ុណ្ណោះ នៃ​ទំហំសកល។​ ហើយ​បើយើងដកប្រទេសធំៗ មួយក្តាប់តូច​ដែលបញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនបំផុតនៅអាហ្វ្រិក ដូចជាអាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា និង​ក្រុមប្រទេសតំបន់​ម៉ាហ្ក្រេប នោះយើងឃើញថា បណ្តាប្រទេសអាហ្វ្រិកទាំង​៤៩ប្រទេសផ្សេងទៀត បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់សរុប ត្រឹមតែ ០,៥៥%ប៉ុណ្ណោះ។​ ផ្ទុយទៅវិញ ប្រទេសអ្នកមានប្រមាណ​តែ​២០ប្រទេស បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ដល់ទៅ​៨០% ឯណោះ នៃទំហំរួមទូទាំងសកលលោក​។​

ពីមួយឆ្នាំទៅ​មួយឆ្នាំ មហន្តរាយ​ធម្មជាតិ ដែល​បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ​​​ ដូចជា​​ អាកាសធាតុក្តៅហួតហែង គ្រោះរាំងស្ងួត បំផ្លាញផលដំណាំនិងសត្វចិញ្ចឹម ខ្យល់ព្យុះស៊ីក្លូន ទឹកជំនន់ និង​សត្វល្អិតចង្រៃរាតត្បាតជាដើម ។ល។ បានធ្វើបាបបណ្តាប្រទេសអាហ្វ្រិកជាប្រចាំ។ មានសេដ្ឋកិច្ចក្រីក្រ បណ្តាប្រទេសអាហ្វ្រិក មិនអាចមានលទ្ធភាពទប់ទល់ ដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះទេ។ យោងតាមអង្គការ Unicef កុមារអាហ្វ្រិក គឺជាអ្នកប្រឈមខ្លាំងបំផុត នឹង​ផលវិបាកទាំងឡាយទាំងពួង ដោយ​សារតែវិបត្តិអាកាសធាតុ។ ផ្អែកតាមរបាយការណ៍​អ្នកជំនាញអាកាសធាតុនៃអង្គការសហប្រជាជាតិ វិបត្តិបម្រែបម្រួលអាកាសធាតុ បាន​ធ្វើ​ឲ្យ​ទ្វីបអាហ្វ្រិក គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ​ ដោយបញ្ហាបាត់បង់ឬធ្លាក់ចុះនូវ​​ទិន្នផល​កសិកម្ម​ ក្នុងទំហំ​ប្រមាណ​ជា​៣៤%។

អ្វីទៅជា​កម្មវត្ថុនៃជំនួបកំពូល?

នេះគឺជាលើកទីមួយ ដែលទ្វីបអាហ្វ្រិក ត្រូវគេ​យកធ្វើជាស្នូលកណ្តាល នៃការជជែកពិភាក្សាគ្នា ទាក់ទិននឹងបញ្ហាអាកាសធាតុ​។ ជាជំនួបកំពូល ដែល​នឹងញ៉ាំងបើកផ្លូវ ឲ្យ​ពិភព​លោក​បានដឹង បានឮអំពី​ការលំបាកដែលទ្វីបអាហ្វ្រិកកំពុងតែប្រឈម ព្រមទាំង​សក្តានុពល​ផ្សេងៗ ដែលទ្វីបអាហ្វ្រិក អាចមានលទ្ធភាពធ្វើបាន​ ដើម្បីជួយចូលរួមដោះស្រាយវិបត្តិ​។

មានប្រទេស៥៤ប្រទេស​ ទ្វីបអាហ្វ្រិកមានលក្ខណៈចម្រុះ ទាំងសង្គម នយោបាយ​ និងសេដ្ឋកិច្ច ដែលតម្រូវឲ្យ​មានការមូលមតិគ្នាតែមួយ ដើម្បីការពារផលប្រយោជន៍អាហ្វិ្រក និង​​ឈានទៅដោះស្រាយ​វិបត្តិអាកាសធាតុ ដែលជាបញ្ហារួម។ ក្នុងរវាង៤ខែតទៅមុខនេះ គឺជារយៈពេលដ៏មមាញឹក នៃការជជែកគ្នាក្នុងក្របខណ្ឌអន្តរជាតិ ជាក់ស្តែង សន្និសីទអាកាសធាតុ COP28 នៅទីក្រុង​ឌូបៃ នាខែ​វិច្ឆិកា។ លោក William Ruto ប្រធានាធិបតី​កេនយ៉ា ដែលជាម្ចាស់ផ្ទះរៀបចំជំនួប​កំពូល​នេះ បាន​លើកឡើងថា ជំនួបកំពូល​អាហ្វ្រិកស្តីពីអាកាសាធាតុ នៅណៃរ៉ូប៊ី គឺជា​ឱកាស ដែល​អនុញ្ញាតឲ្យ​ទ្វីបអាហ្វ្រិក ស្វែងរកការមូលមតិគ្នាតែមួយ ស្តីអំពីផែនការអភិវឌ្ឍន៍និង​អាកាសធាតុ ដើម្បីឈានទៅស្នើ “ដំណោះស្រាយមួយរបស់​អាហ្វ្រិក” នៅឯសន្និសីទCOP28។

លោកប្រធានាធិបតីកេនយ៉ា បាន​លើកឡើងទៀតថា គោលជំហររបស់អាហ្វ្រិក គឺជាដំណោះស្រាយស្រោចស្រង់ជីវិតមនុស្ស ហើយទន្ទឹមគ្នានេះ វាគឺជា​កាលវិភាគការងារ ដើម្បីការរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយ​សមធម៌ និង​ចីរភាព។ ក្នុងក្របខណ្ឌនេះ លោក​បានអំពាវនាវ ឲ្យ​សហគមន៍អន្តរជាតិ គោរពការសន្យា ប្រឹងប្រែង​បញ្ចេញកញ្ចប់ប្រាក់​មូលនិធិដើម្បីជួយវិនិយោគនៅទ្វីបអាហ្វ្រិក និង​ជួយសម្រាល​បន្ទុកបំណុល​​ការប្រាក់ ដែលសង្កត់ក​បណ្តាប្រទេសក្រីក្រនៅអាហ្វ្រិក។

សូមបញ្ជាក់ថា យោងតាម​ការគុណគូរ របស់មូល​និធិរូបិយវត្ថុអន្តរជាតិ FMI គេត្រូវ​វិនិយោគ ក្នុងទំហំទឹកប្រាក់ ២០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅទ្វីបអាហ្វ្រិក ក្នុងរវាង​១០ឆ្នាំទៅមុខ ដើម្បីជួយប្រទេសទាំងនេះ ក្នុង​ផែនការ​អន្តរកម្មថាមពល ព្រមទាំងការ​សម្របខ្លួន ទប់ទល់ជាមួយវិបត្តិអាកាសធាតុ។ ជោគជ័យនៃ​ជំនួបកំពូល​នៅណៃរ៉ូប៊ី គឺជាការកំណត់​ក្តីសង្ឃឹម នៅក្នុងក្របខណ្ឌការចរចា ជំនួបកំពូល G20 នៅរវាងប៉ុន្មានសប្តាហ៍ខាងមុខនៅឥណ្ឌា នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និង​មូលនិធិរូបិយវត្ថុអន្តរជាតិ នៅខែតុលាខាងមុខ។

ទ្វីបអាហ្វ្រិក មានសក្តានុពលអ្វីខ្លះ​?

ក្រៅពីគ្មានប្រាក់ចំណាយ​ ដោះសា្រយវិបត្តិអាកាសធាតុ ​ប្រទេសអាហ្វ្រិក មានការលំបាកក្នុងការ​ទាក់ទាញ​អ្នកវិនិយោគក្នុងវិស័យសេដ្ឋកិច្ចបៃតងណាស់។ ភាគច្រើននៃក្រុមហ៊ុនវិនិយោគ ចាប់អារម្មណ៍តែលើវិស័យជីកគាស់កកាយយករ៉ែ និងធនធានធម្មជាតិរបស់​អាហ្រ្វិកតែប៉ុណ្ណោះ។

លោក Joseph Nganga ប្រធានដឹកនាំជំនួបកំពូល​អាហ្វ្រិកស្តីពីអាកាសធាតុ បាន​លើកឡើងថា ទ្វីបអាហ្រ្វិកមិនមែនគ្រាន់តែជា​ជនរងគ្រោះនោះទេ។ តែទ្វីបអាហ្វ្រិកត្រូវតែបង្ហាញថា ខ្លួន​មានដំណោះស្រាយ មានលទ្ធភាពចូលរួមក្នុងការដោះស្រាយបញ្ហារបស់​សកលលោក​។ អ្នកជំនាញកេនយ៉ារូបនេះ អះអាងថា ទ្វីបអាហ្វ្រិក គឺជាឱកាសដ៏មានសក្តានុពល នៅក្នុងវិស័យ​ថាមពលបៃតង។

តាមការគ្រោងទុក នៅចុងជំនួបកំពូលនេះ គេគ្រោងចេញ ​សេចក្តីថ្លែងការរួមណៃរ៉ូប៊ី​។ យោងតាមសេចក្តីព្រាង ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានអាន គឺគេបានលើកឡើង អំពី​ សក្តានុពលរបស់អាហ្វ្រិក នៅក្នុងការរួមចំណែក​ដ៏ចាំបាច់នៃដំណោះស្រាយ។ ​ឯកសារនេះ បាន​រៀបចំលំអិត អំពី​ សក្តានុពល​ក្នុងវិស័យ​ថាមពលកកើតឡើងវិញ តួយ៉ាង ថាមពលសូឡា ទំហំកម្លាំងពលកម្ម​ដ៏ច្រើនសន្ធឹកនៃយុវជនក្មេងៗអាហ្រ្វិក  ព្រមទាំងសក្តានុពល​ធនធានធម្មជាតិ ឧស្ម័នអ៊ីដ្រូសែន និង​រ៉ែកម្រមួយចំនួន ដូចជា រ៉ៃកូបាល់ត៍ ម៉ង់កាណែស ប្លាទីន ដែល​សុទ្ធតែជារ៉ែដ៏ចាំបាច់ ក្នុងការផលិតថ្មអគ្គិសនី។

ឧបសគ្គច្រើន

តែយ៉ាងណាក៏ដោយ ទ្វីបអាហ្វ្រិកស្ថិតនៅលើដំណើរផ្លូវ​វែងឆ្ងាយណាស់ ក្នុងវិស័យ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ខណៈប្រជាជន​អាហ្វ្រិក​ប្រមាណ​៥០០លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់នៅឡើយ។ មានសមត្ថភាព​សក្តានុពលប្រមាណជា​៦០% នៃទំហំពិភពលោក ក្នុងការ​ផលិត​ថាមពល​ដើរដោយពន្លឺព្រះអាទិត្យ តែបច្ចុប្បន្នទ្វីបអាហ្វ្រិក​ទាំងមូល​​ អាចផលិត​បាន​ ក្នុងទំហំប៉ុនប្រទេសប៊ែលហ្ស៊ិកតែមួយប៉ុណ្ណោះ។ នេះបើផ្អែកតាម​​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​។ ជារួម ​​ការវិនិយោគ​​បរទេសក្នុងវិស័យ​​អន្តរកម្ម​ថាមពល បានមកដល់ដៃអាហ្វ្រិកក្នុងទំហំត្រឹមតែ​៣%ប៉ុណ្ណោះ។

លោកស្រី Charra Tesfaye Terfessa អ្នកជំនាញនៅក្រុមពិចារណា E3G បាន​លើកឡើងថា ក្រុមប្រទេសអាហ្វ្រិក ត្រូវតែ​យក​​ឱកាស​ជំនួប​កំពូល​នេះ ថ្លឹងថ្លែងរកតុល្យភាព ​រវាង​​សុទិដ្ឋិនិយមសង្ឃឹមខ្លាំង និង​ការវាយតម្លៃ​​កំណត់មុខសញ្ញាឧបសគ្គ និងការលំបាកនានា ហើយ​ឈានទៅកំណត់ផ្លូវដើរថ្មីមួយ ដែលអនុញ្ញាតឲ្យទ្វីបអាហ្វ្រិកអាច​ក្លាយ​ជា​កូនសោដ៏សំខាន់ នៅក្នុងការស្វែងរកដំណោះស្រាយ​របស់ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ