អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​អាស៊ាន ក្នុងបរិបទ​វិបត្តិភូមា​ និងការប្រជែងគ្នា​នៃ​មហាអំណាច​ធំៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់ដឹកនាំ​ក្រុមប្រទេសអាស៊ាន បានចាប់​ផ្តើមជួបប្រជុំគ្នា​កាលពីថ្ងៃអង្គារ ទី​៥កញ្ញា នៅទីក្រុងចាកាតា។ សំណុំរឿងជាច្រើន ត្រូវបាន​គេលើក​មកនិយាយគ្នា​​ ដែលក្នុងនោះ គឺមានជាអាទិ៍ បញ្ហា​ជម្លោះដែនទឹក ក្នុងសមុទ្រចិនខាងត្បូង បញ្ហាសេដ្ឋកិច្ច និងជាពិសេស​​សំណុំរឿងភូមា ដែលថ្នាក់ដឹកនាំរបបសិក ​ត្រូវគេហាមឃាត់មិនឲ្យ​មានវត្តមាននៅក្នុងជំនួបកំពូលនេះ​។​ ការប្រជែងគ្នា រវាងចិន និង​អាមេរិក ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ដែលគំរាមសន្តិសុខស្ថិរភាពតំបន់​ ក៏មិនទៅណាឆ្ងាយ​ពីតុប្រជុំដែរ។ ​នៅថ្ងៃទី​៦កញ្ញានេះ ថ្នាក់ដឹកនាំប្រទេស​អាស៊ាន ជួបប្រជុំជាមួយថ្នាក់​ដឹកនាំ​ ចិន កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក​។

ថ្នាក់​ដឹកនាំ​ប្រទេសអាស៊ានទាំង១០ (គ្មានភូមា) ថតរូបអនុស្សាវរីយ៍ជាមួយ​នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង។ ក្រុងចាកាតា ថ្ងៃទី ៦ កញ្ញា ២០២៣
ថ្នាក់​ដឹកនាំ​ប្រទេសអាស៊ានទាំង១០ (គ្មានភូមា) ថតរូបអនុស្សាវរីយ៍ជាមួយ​នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង។ ក្រុងចាកាតា ថ្ងៃទី ៦ កញ្ញា ២០២៣ AP - Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

អាស៊ានប្រកាសអ្វីខ្លះ ស្តីពីបញ្ហាភូមា?

នៅក្នុងសេចក្តីប្រកាសរួម ដែល​ទីភ្នាក់ងារព័ត៌មានបារាំង AFP  បានអាន ថ្នាក់​ដឹក​នាំ​ក្រុមប្រទេសអាស៊ាន​ បានហៅ​ឲ្យ​ភាគីភូមាទាំងអស់ ជាពិសេសរបបសិក​ភូមាតែម្តង ត្រូវតែ​បិទបញ្ចប់​ឲ្យ​បាននូវអំពើហិង្សា និងត្រូវតែ​បញ្ឈប់ ការ​វាយប្រហារទាំងអស់ ដែលសំដៅទៅលើ​ប្រជាជនស៊ីវីល ភូមិស្រុកផ្ទះសម្បែង សាលារៀន ផ្សារ មន្ទីរពេទ្យ និង​ទីកន្លែងសាសនា​ជាដើម​។

ទាក់ទិននឹងផែនការ​សន្តិភាពទាំង​៥ចំណុច ដែល​អាស៊ានបានចុះហត្ថលេខាជាមួយ​របបសិកភូមា កាលពីឆ្នាំ​២០២១វិញ គឺវា​ជាស្ថិតនៅលើផ្លូវទ័លច្រក។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីសំណាក់​លោកស្រី Retno Marsuda រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែល​បាន​ប្រាប់អ្នកសារព័ត៌មានក្រោយ​ចេញពី​កិច្ចប្រជុំនៅល្ងាចថ្ងៃអង្គារ​។ លោកស្រី បញ្ជាក់ថា របបសិកភូមា មិន​បានគោរពការសន្យាទាំង​៥ចំណុចនេះទេ តែទោះជាយ៉ាងណា ផែនការនេះនៅតែមាន​សុពលភាពជាធរមានដដែល​។​

ដោយឡែក ក្រុម​ប្រទេសអាស៊ាន បានសម្រេច​ថា នៅឆ្នាំ២០២៦ ប្រទេសភូមា នឹង​មិនអាចធ្វើជាប្រធានវិលជុំអាស៊ាន​បានទេ។​ ការងារនេះ នឹងត្រូវប្រគល់ទៅឲ្យ​ប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាងកាលពីរសៀលថ្ងៃអង្គារ ថាប្រទេសលោកបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រធានវិលជុំអាស៊ាន នៅឆ្នាំ​២០២៦ ជំនួសឲ្យ​ភូមា​។​ បើផ្អែកតាម​មន្ត្រីទូតម្នាក់ ដោយ​សុំមិនបញ្ចេញឈ្មោះ ការសម្រេច​ប្រគល់ការងារជាប្រធានវិលជុំទៅឲ្យ​ហ្វីលីពីន ជំនួសឲ្យ​ភូមានេះ គឺអាស៊ាន​មិនចង់ក្លាយ​ជា​ចំណាប់ខ្មាំងនៃសំណុំ​​រឿងភូមា ហើយធ្វើឲ្យ​ដំណើរការ​​ប្រជុំ​លើសំណុំរឿងផ្សេងទៀត ត្រូវជាប់គាំងទាំងស្រុង។

ប្រតិកម្មតបទៅនឹងសេចក្តីប្រកាសរបស់​អាស៊ាន ដែលថ្កោលទោសខ្លួន រឿងវាយប្រហារទៅលើ​ប្រជាជនស៊ីវីល របបសិក​ភូមា​បានថ្លែងនៅព្រឹកថ្ងៃពុធ ទី​៦កញ្ញា ថាសេចក្តីថ្លែងការណ៍​នេះ មានលក្ខណៈ “ឯកតោភាគី” និង “លំអៀង”។ ក្រសួងការបរទេសភូមា​បានចេញលិខិតមួយ ចុះផ្សាយដោយកាសែតរដ្ឋ Global New Light of Myanmar ដោយ​បានអំពាវនាវឲ្យ​អាស៊ាន ត្រូវគោរព​គោលការគ្រិះនៃកតិកាសញ្ញាអាស៊ាន ដែលកំណត់អំពីការ​មិនលូកដៃចូល​ក្នុងកិច្ចការផ្ទៃក្នុងរបស់​ប្រទេសសមាជិក។

វិវាទដែនទឹក​ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅពុះកញ្ជ្រោល​?

ក្រៅពីសំណុំរឿងភូមា សំណុំរឿងវិវាទដែនទឹក ក្នុងសមុទ្រចិនខាងត្បូងក៏ជា​បញ្ហាធំផងដែរ ដែលប្រទេសអាស៊ានមួយចំនួនចង់ជជែក។​ ប៉ុន្មានថ្ងៃមុន​ការបើកជំនួបកំពូលនេះ ចិនបានចេញផ្សាយ​នូវផែនទីផ្លូវការថ្មីមួយទៀត ដែល​គូសវាស​លើតំបន់សមុទ្រចិនខាងត្បូង។ យោងតាមផែនទីថ្មីនេះ តំបន់សមុទ្រចិនខាងត្បូងសឹងទាំងស្រុងគឺជាដែនកម្មសិទ្ធិរបស់ចិន ហើយបានធ្វើ​ប្រទេសអាស៊ានខ្លះ ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីជាដើម បង្ហាញការខឹងសម្បារ​ភ្លាមដែរ​។

នៅថ្ងៃពុធទី​៦កញ្ញា លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានមានវត្តមាននៅក្នុងជំនួបកំពូល ជាមួយបណ្តាប្រទេសអាស៊ាន។ លោក​បានថ្លែងថា ចិនមានកម្មវត្ថុរួមជាមួយ​បណ្តាប្រទេសអាស៊ាន​ គឺប្រឹងប្រែងការពារសន្តិភាព និង​ស្ថិរភាពតំបន់។ ដោយ​បានថ្លែងសរសើរអំពី​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ស្អិតរមួត រវាងចិននឹងអាស៊ាន លោកនាយករដ្ឋមន្ត្រីចិនបានបន្ថែមថា ចិននឹងខំប្រឹងរក​ចំណុចប្រសព្វស្រុះស្រួលគ្នា ដោយ​ទុកមួយឡែកនូវ​បញ្ហាវិវាទផ្សេងៗ។​ លោក​បន្តថា ដរាបណាយើងស្ថិតនៅលើផ្លូវ​ដែលត្រឹមត្រូវ នោះទោះព្យុះសង្ឃរាណាក៏ដោយ ក៏មិន​អាច​មករំខាន​​​ចំណង​សហប្រតិបត្តិការ រវាងចិននិងអាស៊ានបានដែរ​។​

គួរកត់សំគាល់ថា ថ្វីបើ​វិវាទអធិបតេយ្យភាពដែនទឹក ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅគគុក រវាងចិននឹងប្រទេសអាស៊ានមួយចំនួនមែន តែ​បើកតាមការវិភាគ គឺ​ក្រុមប្រទេសអាស៊ាន ទំនងជាមិនអាចរួមគ្នាប្រកាសថ្កោលទោស ឬបរិហារសកម្មភាពវាតទីរបស់ចិន ដោយ​ចំៗបានទេ។ លោក Aleksius Jamadu អ្នកជំនាញកិច្ចការអន្តរជាតិ នៅ​សកលវិទ្យាល័យPelita Harapan ក្រុង​ចាកាតា បាន​លើកឡើងថា ក្នុងកាលៈទេសៈនេះ ក្រុមប្រទេសអាស៊ានត្រូវគិត​ការពារ​ផលប្រយោជន៍សេដ្ឋកិច្ច​ច្រើនជាង ជាជាងការប្រឈមមុខជាមួយចិន។

យ៉ាងណាក៏ដោយ ផ្អែកតាមប្រភពពីមន្ត្រីទូតខ្លះ ក្រុមប្រទេសអាស៊ាន បានសរសេរនៅក្នុងសេចក្តីព្រាង​ នៃ​​សេចក្តីថ្លែងការណ៍រួម ដោយ​លើកឡើងពីការព្រួយបារម្ភ ទាក់ទិននឹងវិវាទដែនទឹក​ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ជាបញ្ហាដែលកើតឡើងដោយ​សកម្មភាពមួយចំនួន​របស់ចិន ដែល​វា​អាច​បង្ក​ឲ្យ​មានភាពតានតឹងកាន់តែខ្លាំងឡើង រំខានដល់​សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់​។​ ទាក់ទិននឹងបញ្ហានេះដែរ ក្រុមប្រទេសអាស៊ាន បានសន្យាគ្នាថាពីនេះដល់​ឆ្នាំ​២០២៦ នឹងចរចាសម្រេច​ឲ្យ​បាននូវ​ “បទដ្ឋាន​រួម​” ​មួយដែលមានខ្លឹម​សារ​ ឈានទៅកាត់​បន្ថយ​បញ្ហាតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង​។

អាស៊ាន​គួរប្រកាន់ជំហរបែបណា ចំពោះ​ការប្រជែងគ្នារវាងមហាអំណាចធំៗ?

ថ្ងៃពុធទី​៦កញ្ញានេះដែរ ក្រុមប្រទេសអាស៊ាន ត្រូវចាប់ផ្តើម​បើកជំនួបកំពូល អាស៊ាន+៣ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ សំណុំរឿងកូរ៉េខាងជើង ក៏គឺជាចំណុចមួយសំខាន់ផងដែរ ខណៈសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ស្ថិតនៅក្នុងការគំរាមកំហែងជាប្រចាំ ដោយអាវុធនុយ​ក្លេអ៊ែរ របស់​កូរ៉េខាងជើង។ វត្តមាន​របស់​លោក ហ្វូមីអូ គីស្ហីដា នាយករដ្ឋមន្ត្រីជប៉ុន និង​លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល ដែលនឹងត្រូវជួបលោក​នាយករដ្ឋមន្ត្រីចិន​នៅក្នុងកិច្ចប្រជុំនេះ ត្រូវគេរងចាំតាមដានជាខ្លាំង ដោយសារតែប្រមាណ​១សប្តាហ៍​កន្លងមកនេះ ជប៉ុនត្រូវបាន​ប្រជាជនចិន និងកូរ៉េខាងត្បូង ចោទប្រកាន់ថ្កោលទោសយ៉ាងខ្លាំង​​ រឿងបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរ ចូលទៅ​ក្នុងសមុទ្រ។​

កាលវិភាគបន្ទាប់ទៅទៀត គឺជំនួបកំពូលអាស៊ីខាងកើត ដែល​មានទាំងអស់១៨ប្រទេស ក្នុងនោះគឺមាន ចិន​ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក​ និ​ងរុស្ស៊ីផងដែរ​។ គួរបញ្ជាក់ថា អាស៊ានស្ថិតនៅ​លើ​ចំណុចកណ្តាល ប្រទាញប្រទង់គ្នា រវាងមហាអំណាចធំៗ គឺមានចិន រុស្ស៊ី និងសហរដ្ឋអាមេរិក​ មិនថាក្នុងសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្ម និង​បញ្ហា​ភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល បញ្ហាតៃវ៉ាន់ និង​សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនជាដើម​។ តាមការគ្រោងទុក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក នឹងជួបគ្នាជាមួយ​លោក​ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នៅក្នុងវេទិកាតុមូល​​មួយ។​

ទាក់ទិននឹងការប្រជែងគ្នារវាងមហាអំណាចធំៗ​នេះ លោក​ចូកូ វីដូដូ ប្រធានាធិបទីឥណ្ឌូណេស៊ី ដែលជា​ប្រទេសម្ចាស់ផ្ទះ រៀបចំ​កម្មវិធីជំនួបកំពូលនេះ បាន​លើកឡើងកាលពីថ្ងៃអង្គារទី​៥កញ្ញាថា ក្រុមប្រទេសអាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខ្លួនឲ្យ​​ក្លាយជា​អន្តរការី ឬជា​កូនចៅ​​រណបឲ្យ​មហាអំណាចណាមួយទាំងអស់។ លោក​បន្តថា អាស៊ានត្រូវតែ​សហការជាមួយ​ប្រទេសទាំងអស់ ដើម្បីសន្តិភាព និង​ការរីកចម្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ