អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេដ្ឋកិច្ច​ចិនបន្ត​បន្ថយ​ល្បឿន ​ ​រដ្ឋាភិបាលគ្មាន​ផែនការ​ស្រោចស្រង់​​គ្រប់គ្រាន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​ពាណិជ្ជកម្មនៅ​តែ​មិន​​​ព្រម​ប្រសើរ​ឡើង​​សោះ។ ការនាំ​ចេញប្រចាំ​ខែ​សីហា​បាន​បន្ត​ធ្លាក់​ចុះ​ ជា​គម្រប់​បួន​ខែ​ជាប់​គ្នា។ ប៉ុន្តែរដ្ឋាភិបាល​ចិន​នៅ​តែចចេស​​មិន​ព្រម​រៀបចំ​​ផែនការ​ផ្តល់ការ​សន្ទុះទ្រង់ទ្រាយ​ធំ​ ដូច​អនុសាសន៍​របស់​សេដ្ឋវិទូ​ទេ។ ហេតុ​អ្វី?

សេដ្ឋកិច្ចចិនបន្តបន្ថយល្បឿន  រដ្ឋាភិបាលគ្មានផែនការស្រោចស្រង់គ្រប់គ្រាន់?
សេដ្ឋកិច្ចចិនបន្តបន្ថយល្បឿន រដ្ឋាភិបាលគ្មានផែនការស្រោចស្រង់គ្រប់គ្រាន់? REUTERS/Lucy Nicholson/File Photo
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​ផ្លូវការ​របស់​ភ្នាក់ងារ​ពន្ធគយ​ចិន ចេញ​ផ្សាយ​នៅ​​ថ្ងៃព្រហស្បតិ៍​ទី ៧ កញ្ញា​២០២៣ ការ​លក់​ផលិតផលចិន​​ទៅ​ឱ្យ​បរទេស​ ​បាន​ធ្លាក់​ចុះ​អស់​៨,៨%​។ ជា​ការ​ធ្លាក់​​ចុះ​តិច​ជាង​ការ​ព្យាករទេ ប៉ុន្តែ​នេះ​ជា​សញ្ញា​ថ្មី​មួយ​ទៀតដែល​បញ្ជាក់ឱ្យ​ឃើញ​អំពី​ដំណើរ​​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក។

តើចិន​មាន​​ស្ថានភាពសេដ្ឋកិច្ច​យ៉ាងណា​?

ក្នុង​ពេល​លុប​បំបាត់​វិធានការ​ហ្សេរ៉ូកូវីដ នា​​ខែ​ធ្នូ​២០២២​ ​ចិនរំពឹង​ថា​សេដ្ឋកិច្ចនឹង​​ចាប់​កំរើក​ឡើង​វិញ​ ដោយ​ពលរដ្ឋ​នឹង​​ធ្វើ​ដំណើរ ចាយវាយ​ ចូល​ហាងទិញ​ដូរ​ ឬឡើង​ភោជនីដ្ឋាន​។ ប៉ុន្តែ​សន្ទុះ​សេដ្ឋកិច្ច​មាន​កំរិត​ទាប​ជាង​ក្តី​សង្ឃឹម​ឆ្ងាយ​ណាស់​ ហើយ​ផ្នែក​ខ្លះ​ ជាក់ស្តែង ​វិស័យ​ឧស្សាហកម្ម​នៅ​តែស្ទក់​ជាង​គេ​ខ្លាំង​​ជា​ពិសេស។

បូក​ផ្សំ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​វិបត្តិ​អតិផរណា​ ​សេដ្ឋកិច្ច​ចិន​កាន់​តែ​ត្រដរ​ និង​ធ្លាក់​ក្នុង​វិបត្តិបរិតផរណា​ជា​លើក​ទី​មួយ កាលពី​ខែកក្កដា ព្រោះ​​គ្មានការ​បញ្ជា​ទិញ​សកម្ម។ លើ​ផ្នែក​ទីផ្សារការងារ​វិញ អត្រា​​យុវជនអត់​ការធ្វើ​បាន​ឡើង​ដល់​កំរិត​កំពូល​នៅ​ខែ​មិថុនា ហើយ​តាំងពីពេល​នោះ​មក​អាជ្ញាធរ​ចិន​លែង​ចេញ​ផ្សាយ​តួលេខ​សោះ។ វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB) ក៏​កំពុងមាន​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន។ ​ក្រុមហ៊ុន​សំណង់​និងអចលនវត្ថុ​ ដ៏​ចម្បង​របស់​ប្រទេស​ Evergrande និង Country Garden លង់​ក្នុង​បំណុល​ស្ទើរ​ក្ស័យធន។

​ធ្លាប់ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​កំណើន​សេដ្ឋកិច្ចជាតិ​ ការនាំចេញ អចលនវត្ថុ​និង​ការចាយវាយ​ក្នុង​ស្រុក វិស័យទាំងបីកំពុង​​រួញ​ក្រញាញ់​ទន្ទឹមពេល​គ្នា។ នៅទីបំផុត​ ចិន​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ទាប​ ជាង៥%​​​​​ ជា​កម្មវត្ថុកំណត់​ដោយ​​រដ្ឋាភិបាល​។

​​​​វិធានការ​របស់រដ្ឋាភិបាលមិន​​គ្រប់គ្រាន់ឬ​គ្មាន​ប្រសិទ្ធភាព?

នៅចំពោះ​មុខ​ស្ថានភាព​សេដ្ឋកិច្ច​អាប់អួរ​ គ្មាន​សន្ទុះ​ដូច​ការ​ព្យករ ប៉េកាំងមាន​ចំណាត់ការ​យ៉ាង​​ប្រុងប្រយ័ត្ន​និង​ជ្រើសរើសប្រើ​​វិធានការ​​ចោះៗ ជាជាង​រៀប​ផែនការ​ជាទ្រង់ទ្រាយ​ធំ​​និង​ចំណាយ​ច្រើន។ ដើម្បី​​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយក្នុង​ស្រុក​​កំរើកឡើង​វិញ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ដូច​ជា​ កាលពី​ខែ​កក្កដា ប៉េកាំង​បាន​ចេញ​វិធានការលើក​ស្ទួយ​​​ការ​ទិញ​ឧបករណ៍​អគ្គិសនី​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ឡាន​អាគុយ។ បន្ធូរបន្ថយ​ពន្ធ​ដល់​គ្រួសារ​និង​ក្រុម​ហ៊ុន​ណា​ដែល​បាន​គាំទ្រ​វិស័យ​ចាយវាយ។

ធនាគារ​កណ្តាល​ចិន​ក៏​ចូល​រួម​បំប៉ន​សកម្មភាព​សេដ្ឋកិច្ច​ ដោយ​កាត់​បន្ថយ​អត្រាការប្រាក់គោល​ពីរ​ ដើម្បី​រុញ​ច្រាន​​ធនាគារ​ពាណិជ្ជកម្មឱ្យ​​ព្រម​ផ្តល់​កម្ចី​មាន​ការ​ប្រាក់​ទាប​បាន​ច្រើន​ជាង​មុន។

ប៉ុន្តែ​គឺ​ទើប​តែ​​សប្តាហ៍​មុនប៉ុណ្ណោះ​ដែល​ រដ្ឋាភិបាល​​បាន​ចេញ​ប្រកាស​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​អចលនវត្ថុ។ ក្រុង​ធំៗ​ ដូចជា​ប៉េកាំង សៀងហៃ កង់តុង បាន​បន្ធូរ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ផ្ទះ​ប្រចាំ​ដើម្បី​ខ្ចី​លុយ។ អ្នក​ទិញ​ផ្ទះ​ជា​លើក​ទី​មួយ មាន​លទ្ធភាព​ទៅ​ចរចា​ជាមួយ​ធនាគារ​ឡើង​វិញ ដើម្បី​បាន​ទទួល​ការ​បញ្ចុះ​អត្រា​ការប្រាក់​ខ្លះ។

ប៉ុន្តែ​​​សេដ្ឋវិទូ​ជា​ច្រើន គ្មាន​ជំនឿ​លើ​ផែនការ​ចោះៗ​របស់​រដ្ឋាភិបាល​នេះ​ទេ។ បើ​តាម​ការិយាល័យ​សេដ្ឋកិច្ច​ Gavekal Dragonomics សេដ្ឋកិច្ច​ចិន​មិនអាច​ងើប​រួច​ឡើយ​បើ​ទីផ្សារ​អចលនទ្រព្យ​មិន​ប្រសើរ​ឡើង​នោះ។ ការ​បន្ថយ​អត្រាការប្រាក់​មិន​អាច​ប្តូរ​ផ្លាស់​បញ្ហា​ដល់​ឬសគល់​ទេ​ ពលរដ្ឋ​ចិន​រង់​ចាំ​ទាល់​តែ​ផ្ទះ​ចុះ​ថ្លៃ​មែនទែន​ទើប​ទៅ​រក​ទិញ។ នេះ​បើ​តាម​អ្នក​វិភាគ​​នៃ​ការិយាល័យ​សេដ្ឋកិច្ច​BCA។សម្រាប់​អ្នក​វិភាគ​នៅ​ធនាគារ​អាមេរិក​ Goldman Sachsវិញ ស្ថានភាពសេដ្ឋកិច្ច​​មិន​ជាក់លាក់​ ជា​ឧបសគ្គ​ដ៏​ចម្បង​រារាំង​មិន​ឱ្យ​មាន​សន្ទុះនៃ​ចាយ​វាយ​ទេ។ ជា​ទូទៅ​ ​ពលរដ្ឋ​ត្រូវការ​​​សន្សំ​ប្រាក់​ជាង​ចាយវាយ ឬ​ធ្វើ​វិនិយោគ​។

សេដ្ឋវិទូ​ផ្តល់​អនុសាសន៍​យ៉ាងណា?

អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ផ្តល់​អនុសាសន៍​ស្រប​និង​ដូច​គ្នា​ក្នុង​សំឡេង​តែមួយ ឱ្យ​ចិនរំញោច​សេដ្ឋកិច្ច​ ពោល​គឺ​ត្រូវ​មាន​ផែនការ​ផ្តល់សន្ទុះ​ពិតៗ។ ប៉ុន្តែ​រដ្ឋាភិបាល​ប៉េកាំង​ ហាក់​ចចេស​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ទេ​។

នៅ​ចុង​តាំងពី​ចុងឆ្នាំ​២០០០ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច​​ ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​។ ផែនការ​ផ្តល់​សន្ទុះ​ដ៏​មហាសាល បាន​ជំរុញឱ្យ​មាន​ការ​អភិវឌ្ឍយ៉ាង​លឿន​ស្លេវ​​រចនា​សម្ព័ន្ធ​ (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ ​

​បន្ទាប់​ពី​ឆ្លង​កាត់​វិបត្តិ​កូវីដ​១៩​អស់​បី​ឆ្នាំ​ ដែល​បាន​បឺតស្រូប​ថវិកា​អស់​យ៉ាង​ច្រើន​មហិមារ​ តាម​រយៈ​នយោបាយ​បាយ​កូវីដសូន្យ រដ្ឋាភិបាល​ចិន​មិន​ត្រូវ​ការ​ប្រើ​ក្បួន​ចាស់​ទេ។ តាំងពី​ឡើង​កាន់​អំណាច​មក អាទិភាពចម្បង​របស់​​ប្រធានាធិបតី​ចិន លោក ស៊ីជីនពីង គឺ​ដោះ​បំណុល​ជាតិ។ លោក ស៊ីជីនពីង​ ​ប្រឆាំង​ដាច់​ខាត​នឹង​ចំណាយ​ដែល​គ្មាន​ការ​គ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ