អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស​ចោទ​ចិន​​ថាបាន​ឈ្លបយកការណ៍​ និ​ងប្រើ​ឥទ្ធិពល​​រំខាន​​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាថ្មីម្តងទៀត ចិនត្រូវគេចោទថា បាន​ប្រើប្រាស់បណ្តាញភ្នាក់ងារខ្លួន ឲ្យ​ឈ្លបយកការណ៍​ប្រមូលព័ត៌មាន នៅតាម​បណ្តាប្រទេសលោកខាងលិច។ កាលពីថ្ងៃសៅរ៍ ទី​៩​កញ្ញា ចុង​សប្តាហ៍​កន្លងទៅ សមត្ថកិច្ចអង់គ្លេស នៅទីក្រុងអេដាំងបួរ បានចាប់ខ្លួន​អ្នកស្រាវជ្រាវ​ម្នាក់ ធ្វើការ​នៅ​សភាអង់គ្លេស ហើយ​ដែល​គេសង្ស័យ​ថា គឺជាចារកិច្ច​ប្រមូលព័ត៌មាន​ឲ្យ​ចិន​។

ស្ថានទូតចិននៅទីក្រុងឡុងដ៍ ថ្ងៃទី ១១ កញ្ញា ២០២៣
ស្ថានទូតចិននៅទីក្រុងឡុងដ៍ ថ្ងៃទី ១១ កញ្ញា ២០២៣ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

ប្រើចារកិច្ច​ធ្វើការក្នុងសភាអង់គ្លេស​

ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មានអងគ្លេស Sunday Times បុរសដែលត្រូវគេចាប់ខ្លួន គឺជាជនជាតិ​អង់គ្លេស អាយុ​២៨ឆ្នាំ ឈ្មោះ Chris Cash។ ជននេះ​ជាអ្នកស្រាវជ្រាវនៅ​សភាអង់គ្លេស ហើយដែល​មាន​ទំនាក់ទំនង ​ជាមួយ​សមាជិក​សភាអង់គ្លេសជាច្រើននាក់ ក្នុងនោះ មាន​លោក Tom Tugenhat រដ្ឋលេខាធិការ​ទទួក​បន្ទុក​សន្តិសុខ លោកស្រី Alicia Kearns ប្រធានគណកម្មការសភាទទួល​បន្ទុកកិច្ច​ការបរទេស​។ ប្រភពដដែលអះអាងថា ជននេះ ត្រូវបានសមត្ថកិច្ចអង់គ្លេសឃាត់ខ្លួនម្តងហើយ ជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីខែ​មីនា។ ជនទាំង​២ត្រូវគេដោះលែងមកវិញ ក្នុងអំឡុងពេលរងចាំ​នីតិវិធីតុលាការ ដែលនឹងចាប់ផ្តើម​នៅរវាងខែតុលា ក្នុងសំណុំរឿងចារកិច្ចប៉ះពាល់​កិច្ចការសម្ងាត់ជាតិ​។

បន្ទាប់​ពី​មាន​ការចុះផ្សាយ​ស្តីពីការចាប់ខ្លួន​ជនសង្ស័យនេះ នៅក្នុង​ឱកាសជំនួប​កំពូល G20 នៅ​ទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ លោក​ រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានជួប​ជាមួយ​គណប្រតិភូចិន ដឹកនាំ​ដោយ​​លោក​នាយករដ្ឋមន្ត្រី Li Qiang។ លោក​ រីស៊ី ស៊ូណាល់ បានបញ្ជាក់ប្រាប់​អ្នកកាសែតថា ក្នុងពេល​ប្រជុំជាមួយ​ភាគី​ចិន លោក​​បានលើកឡើងអំពីការព្រួយបារម្ភដ៏ធំ​របស់លោក ទាក់ទិននឹង​សកម្មភាពឈ្លបយកការណ៍ ព្រមទាំងការ​ប្រើប្រាស់ឥទ្ធិពល​លូកដៃរបស់ចិន ចូលទៅក្នុងដំណើរការ​នៃស្ថាប័នរដ្ឋ​​ធំៗ របស់អង់គ្លេស​ ជាក់ស្តែង​​នៅសភាអង់គ្លេស​។​ ជាអំពើដែល​លោក​រីស៊ី ស៊ូណាក់ ចាត់ទុកថាធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ​​។

ជាប្រតិកម្មតបវិញចំពោះការចោទនេះ កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យ​ម្នាក់ នៅ​ស្ថានទូតចិន​ប្រចាំទីក្រុងឡុងដ៍ បានឆ្លើយ​បដិសេធ បែបចំអកថា ការចោទដែលថា​ចិន​ប្រើប្រាស់​បុគ្គលិកធ្វើការនៅសភាអង់គ្លេស ឲ្យ​ឈ្លបយកការណ៍​នោះ​ វាគឺជារឿងប្រឌិតបែបកំប្លែងប៉ុណ្ណោះ។ ដូចគ្នាដែរ នៅព្រឹកថ្ងៃចន្ទទី​១១កញ្ញា ពី​ទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ បាន​ប្រាប់អ្នកកាសែតថា ចិន​សូមច្រានចោទទាំងស្រុងចំពោះការចោទ ដោយ​គ្មាន​មូលដ្ឋាន​​របស់​ភាគីអង់គ្លេស។ លោកស្រីបានបន្តថា សូមឲ្យ​ភាគីអង់គ្លេស ឈប់ធ្វើសកម្មភាពផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ដើរនិយាយបង្កាច់បង្ខូច ប្រឆាំងនឹងចិនតទៅទៀត។

មិនមែនលើកទី​១

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី​១ទេ ដែល​ចិន​ត្រូវគេសង្ស័យ ឬត្រូវគេចោទ​ ថា​បានឈ្លបយកការណ៍ ប្រមូលព័ត៌មានសំងាត់ ពីតាមបណ្តាប្រទេសមហាអំណាចលោកខាងលិច។ យ៉ាងណាមិញ កាលពីខែកក្កដា គណកម្ម​ការ​សភាជាន់ទាបអង់គ្លេស បាន​អះអាងថា អង់គ្លេសកំពុងតែក្លាយជាផ្ទាំងស៊ីប នៃសកម្មភាពចារកិច្ច​ឈ្លបយកការណ៍​របស់​ចិន​។​ កន្លងមកមានករណីច្រើនរាប់មិនអស់ ដែលចិន​ប្រើ​វិធីសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ដើម្បីឈ្លបយក​ការណ៍ នៅតាម​ប្រទេស​ជាច្រើន​ ដែល​អាចជាគូរប្រជែងរបស់ចិន​ មិនថាក្នុងវិស័យភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ច​ពាណិជ្ជកម្ម​។

កាលពីដើមឆ្នាំ​២០២៣ អាមេរិកបានចោទចិន ​ថាបញ្ជាយាន​បាឡុងហោះលើអាកាស ដើម្បីឈ្លបយកការណ៍ ប្រមូលព័ត៌មាននៅអាមេរិក។ កងទ័ពអាមេរិក បាន​បាញ់​កម្ទេចបាឡុងរបស់ចិននេះទម្លាក់ ហើយ​បាន​បង្កឲ្យ​មាន​វិបត្តិការទូតរវាងប្រទេសទាំង២ ព្រោះចិនអះអាងថា បាឡុងនោះគឺជាប្រតិបត្តិការស្រាវជ្រាវ ផ្នែកឧតុនិយម​ តែប៉ុណ្ណោះ។

ជំនាញ​បច្ចេកវិទ្យាខាងលួចប្រមូលទិន្នន័យ​​

យោងតាម​អ្នកជំនាញ​ជាច្រើននៅតាមប្រទេសលោកខាងលិច ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ចិនបាន​ក្លាយ​ជាប្រទេសមានជំនាញខ្ពស់ណាស់ នៅក្នុងប្រតិបត្តិការវាយ​ប្រហារ​តាមបច្ចេកវិទ្យា​អ៊ីនធឺនិត ដែលគេហៅថា Cyber Attack។ ចោរព័ត៌មានវិទ្យា​ចិន ប្រើវិធីនេះ ដើម្បីបន្លំចូល​ទៅក្នុងប្រព័ន្ធ បូបស្រូបយកទិន្ន័យសំខាន់ៗ ទិន្នន័យសំងាត់ ក្នុងវិស័យ​ពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងស​ន្តិសុខជាតិ​។

ជាក់ស្តែង កាលពីឆ្នាំ​២០២១ សហរដ្ឋអាមេរិក ប្រទេសសមាជិកអូតង់ បានចោទ​រដ្ឋាភិបាលចិន ថាអ្នកជាអ្នកនៅពីក្រោយ​ ប្រតិបត្តិការ​វាយ​ប្រហារទ្រង់ទ្រាយធំ មកលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Microsoft។ ក្រុមចោរព័ត៌មាន​វិទ្យាចិន ត្រូវគេចោទផងដែរ ថាជាអ្នកធ្វើសកម្មភាព ចូលលួចប្រមូល​ទិន្នន័យ របស់​ក្រសួងថាមពលអាមេរិក ​ស្ថាប័ន​រដ្ឋអាមេរិក​ផ្សេងទៀត ក្រុម​ហ៊ុន​ទូរគមនាគមន៍​អាមេរិក ព្រមទាំង​​សកលវិទ្យាល័យ​មួយចំនួនផង។ នេះបើផ្អែកតាមការអះអាងរបស់សេតវិមាន និង​បណ្តាញសារព័ត៌មានមួយចំនួន​។

មិនត្រឹមប៉ុណ្ណោះទេ កម្មវិធីបច្ចេកវិទ្យារបស់ចិន ដែលគេនិយមប្រើក្នុងទូរស័ព្ទ ក៏អាចជាហានិភ័យ​ផងដែរ។ ជាក់ស្តែង​កម្មវិធី Tiktok ដ៏ល្បីល្បាញ។ អ្នកជំនាញ​ទាំងនៅអឺរ៉ុប និងនៅអាមេរិក បាន​ក្រើនរំលឹក ទាញសញ្ញាអាសន្ន ថា​Tiktok អាចជាឧបករណ៍​ដើម្បីប្រមូលយកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន Bytedance ម្ចាស់របស់ Tiktok ត្រូវគេជឿថាគឺជាភ្នាក់ងារ ដែលត្រូវប្រគល់​ទិន្នន័យ​ដែល​ប្រមូល​បាន យក​ទៅ​ឲ្យអាជ្ញាធរចិន​។ ដូចគ្នាដែរ រដ្ឋាភិបាល​អាមេរិក បាន​ចាត់បញ្ចូល​ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទថា​ Huawei គឺជាឧបករណ៍​ឈ្លបយកការណ៍​ ស្តាប់រាល់ការទំនាក់ទំនងទាំងអស់នៅអាមេរិក​។

ប្រើមនុស្ស​ឲ្យ​ប្រមូល​ព័ត៌មាន​

ក្រៅពីប្រើបច្ចេកវិទ្យាទំនើប ចិនអាចប្រើប្រាស់មនុស្សដោយផ្ទាល់ ក្នុងការប្រមូលបញ្ជូនព័ត៌មានទៅឲ្យខ្លួន។ តួយ៉ាងករណី​ វិស្វករជនជាតិ​ចិនម្នាក់ ឈ្មោះ Ji Chaoqun ដែលបាន​ទៅដល់ទឹកដី​អាមេរិក​នៅឆ្នាំ​២០១៣ក្នុងនាមជានិស្សិត  ហើយ​ក្រោយ​មកត្រូវបានសមត្ថកិច្ចអាមេរិក​ វែកមុខរកឃើញថាជននេះ ប្រមូលបញ្ជូនព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រជាន់ខ្ពស់ទៅ​ឲ្យចិន​។ កាលពីខែមករា តុលាការអាមេរិក​បានផ្តន្ទាទោសជននេះ ឲ្យ​ជាប់ពន្ធនាគារ​៨ឆ្នាំ​។ ហើយ​កាលពីឆ្នាំ​២០២០ វិស្វករចិនម្នាក់ទៀត ឈ្មោះ Wei Sun ចូលសញ្ជាតិអាមេរិក ដែលធ្វើការ​ឲ្យ​ក្រុម​ហ៊ុន Reython ផលិតគ្រឿងសព្វាវុធ ត្រូវបាន​តុលាការអាមេរិក​កាត់ទោស បន្ទាប់ពីជននេះ​បានយកម៉ាស៊ីនកុំព្យូរទ័ររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន ដែល​ក្នុងម៉ាស៊ីននោះ មានផ្ទុកដោយ​ទិន្នន័យ​សម្ងាត់ ស្តីពីប្រព័ន្ធមីស៊ីល​របស់​អាមេរិក​។

ចិនក៏អាចទទួលបាន​ព័ត៌មានសម្ងាត់នានា ដោ​យផ្ទាល់ពីមន្ត្រីធំៗ ឬថ្នាក់ដឹកនាំបរទេសដែរ តាមរយៈការប្រើ​មនុស្ស​ឲ្យ​ចូល​ទៅមានទំនាក់ទំនងស្អិតរមួត ជាមួយ​មន្ត្រីទាំងនោះ​។ តួយ៉ាងដូចក្នុងករណី​ នៅអង់គ្លេសដែលចុះផ្សាយ​ដោយ​កាសែត Sunday Times កាលពីថ្ងៃសៅរ៍។ នៅឆ្នាំ​២០២០ គេហទំព័រព័ត៌មានអាមេរិក Axios បានចុះផ្សាយអំពីករណី​នារីជនជាតិចិនម្នាក់ ឈ្មោះ Christine Fang ដែលមានទំនាក់ទំនង​យ៉ាងល្អូកល្អឺនជាមួយ​អ្នកនយោបាយអាមេរិក​ជាច្រើននាក់​។ ស្ត្រីចិនរូបនេះ បានទទួលទំនុកចិត្ត​ពីអ្នកនយោបាយអាមេរិក តាមរយៈការជួយ​រៀបចំប្រតិបត្តិការ ​ស្វែងរកថវិកាមូលនិធិផ្សេងៗ និង​អាចមានករណី​ទំនាក់ទំនងផ្លូវភេទថែមទៀតផង​។

នគរបាលសម្ងាត់

ក្រៅពីការឈ្លបយកការណ៍ ដោយ​ប្រើភ្នាក់ងារ និង​បច្ចេកវិទ្យា ចិន​ត្រូវបាន​គេ​ចោទផងដែរ ថាបាន​បង្កើត​​អង្គភាពពិសេស ធ្វើការជានគរបាល​សំងាត់ នៅតាមប្រទេសមួយចំនួន។ អង្គការ Safeguard Defender ដែល​មានទីតាំងនៅប្រទេសអេស្ប៉ាញ​ បានអះអាងថា នគរបាលសម្ងាត់ទាំងនេះ គឺចិនធ្វើដោយខុសច្បាប់ ដោយ​មិនជូនដំណឹងទៅប្រទេសម្ចាស់ស្រុក។ ប្រតិបត្តិការ​របស់​នគរបាលសម្ងាត់ចិន គឺតាមឃ្លាំមើលជនជាតិចិន ដែលមានទំនោរនយោបាយ​ប្រឆាំងរិះគន់ខ្លួន និងអាចមានករណីគំរាមសំឡុតថែមទៀត។  កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ អាជ្ញាធរហូឡង់ បាន​បញ្ជាឲ្យចិនបិទអង្គភាពនគរបាលសំងាត់ដែលខុសច្បាស់នេះ ចំនួន​២ទីតាំង។ ហើយ​១ខែក្រោយមក អាជ្ញាធរឆេកក៏បានបញ្ជាឲ្យបិទអង្គភាពសម្ងាត់របៀបនេះរបស់ចិន ចំនួន​២ទីតាំងដែរ នៅទីក្រុងប្រាហ្ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ