អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកគីមជុងអ៊ុនធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ពូទីនដើម្បីអ្វី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ស្រប​តាម​ការ​អញ្ជើញ​របស់​លោកប្រធានាធិបតី​រុស្ស៊ី លោក​គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទឹក​ដី​រុស្ស៊ី​ហើយ ហើយ​នឹង​មាន​ជំនួប​ជា​មួយ​លោក ​ពូទីន នៅ​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​។ ​ទស្សនកិច្ច​ផ្លូវការ​ ដែល​ជា​ដំណើរ​ទៅ​បរទេស​ជា​លើក​ទី​មួយ របស់​លោក​គីម ជុងអ៊ុន គិត​ចាប់​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​សកល​កូវីដ​១៩មក ទំនង​ជា​អាច​នាំ​ដល់​ការ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សព្វាវុធ ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការយោធា​​រុស្ស៊ី​នៅអ៊ុយក្រែន។ ម៉ូស្គូ​និង​ព្យុងយ៉ាង​ មិន​បង្ហើប​ឱ្យ​ដឹង​អំពី​ខ្លឹម​សារ​នៃ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​កូរ៉េខាង​ជើង​បាន​ផ្តល់​តម្រ៉ុយ​ខ្លះ​ៗ។

លោក​គីមជុងអ៊ុន ឡើង​រថភ្លើង​នៅក្រុង​ព្យុងយ៉ាងដើម្បី​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី។ រូបថត​ថ្ងៃទី ១០ កញ្ញា​២០២៣
លោក​គីមជុងអ៊ុន ឡើង​រថភ្លើង​នៅក្រុង​ព្យុងយ៉ាងដើម្បី​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី។ រូបថត​ថ្ងៃទី ១០ កញ្ញា​២០២៣ AP - 朝鮮通信社
ផ្សាយពាណិជ្ជកម្ម

ដូច​ជីតា​ គីមអ៊ីលស៊ុង​ ​ដែល​ធ្វើ​ដំណើរ​តែតាម​រថភ្លើង ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​ទៅ​ដល់ក្រុង​មាត់​សមុទ្ទ​ភាគខាងកើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី​ តាម​រថភ្លើង​ផ្ទាល់របស់​​ត្រកូល​គីម នៅ​ថ្ងៃអង្គារ​ទី ១២​កញ្ញា​២០២៣​នេះ ។ ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​រុស្ស៊ី បាន​បង្ហោះបង្ហាញទិដ្ឋភាព​ ​ក្បួន​រថភ្លើង​ពណ៌​បៃតង​ចាស់​របស់​លោក​គីមជុងអ៊ុន លូន​សន្សឹមៗ​ចូល​ក្នុង​ស្ថានីយ៍​អយស្ម័យយាន​ អូសទាញ​​ដោយក្បាល​រថភ្លើង​រុស្ស៊ី។ រថភ្លើងពិសេស​​ពាសដែក​ (បាញ់​មិនធ្លុះ) មាន​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួនរបស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ធ្ងន់​ខ្លាំង​ អាច​បើក​បរបាន​​ក្នុង​ល្បឿន​ត្រឹម​ប្រមាណ​៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះបើតាម​កាសែត​កូរ៉េខាង​ត្បូង​Chosun  Ilbo​ ពី​ព្យុងយ៉ាង​មក​ដល់​ក្រុង​Vladivostokរបស់​រុស្ស៊ី​ រថភ្លើង​ត្រូវការ​ថេរវេលា​​ ​យ៉ាង​ហោច​២០ម៉ោង​។

អ្វី​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម នៅ​រុស្ស៊ី?

ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​នៅបរទេស​ជា​ករណី​កម្រ​បំផុត។ តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក លោក គីមជុងអ៊ុន​ធ្វើ​ដំណើរ​ទៅបរទេស ជា​លើក​ទី​​១០ ​ប៉ុណ្ណោះ។ នេះ​ជា​ទស្សនកិច្ចនៅបរទេស​​លើក​ដំបូង គិត​ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិកូវីដ​១៩មក។ ​​

បើ​តាម​អ្នក​នាំពាក្យ​ក្រេមឡាំង​ស្រង់​យក​មក​​ផ្សាយ​ដោយទី​​ភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​រុស្ស៊ី Ria Novosti ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​គីមជុងអ៊ុន​នឹង​មាន​ជំនួប​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ដើម្បី​ជជែក​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ក្តៅ​គគុក​មួយ​ចំនួន។​ ប៉ុន្តែម៉ូស្គូ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ឡើយ​​​ថា​តើ​ជំនួបផ្លូវការ ជា​លើក​ទីពីរ ​​រវាង​ប្រមុខ​ដឹកនាំទាំងពីរ​ ប្រព្រឹត្តនៅ​​​​ថ្ងៃណា​ ទីណា កន្លែងណា​ឱ្យ​ប្រាកដទេ។ កាលពី​ឆ្នាំ​២០១៩ លោក​គីមជុងអ៊ុន​និង​លោក​ពូទីន ធ្លាប់ជួប​គ្នា​ជា​​ផ្លូវការ​ម្តង​ នៅ​ក្រុង​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី។ ពេល​នេះ​លោក​ពូទីន ក៏​កំពុង​ស្ថិត​នៅក្នុង​ក្រុង​វ្លាឌីវ៉ូស្តុក ដើម្បី​ចូល​រួម​​ក្នុង​វេទិកា​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃពុធ​ទី​១៣​កញ្ញា​ស្អែក។ គ្រាន់​តែ​ថា​ជំនួប​គីម-ពូទីន​ ត្រូវ​រៀប​ចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​មួយ​ទៀត។ នេះ​បើតាម​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង​Dmitri Peskov​ដដែល ដែល​បញ្ជាក់​ថា​ការ​​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ ពោល​គឺ​​កូរ៉េខាង​ជើងដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​​​ទើបសំខាន់ ឯ​​​ពាក្យ​ព្រមាន​របស់​សហរដ្ឋ​អាមេរិកមិន​សំខាន់​ឡើយ។ សម្រាប់​វ៉ាស៊ីនតោន ​ជំនួបនេះ​ជា​ឱកាស​សម្រាប់​រុស្ស៊ី​ស្វែង​រក​សព្វាវុធពីកូរ៉េខាង​ជើង​ ​ដើម្បី​ទ្រទ្រង់​និង​បន្ត​ប្រតិបត្តិការ​យោធា​នៅអ៊ុយក្រែន។

កូរ៉េខាង​ជើង​និង​រុស្ស៊ី​នឹង​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ?

ម៉ូស្គូ​និង​ព្យុងយ៉ាង​ បាន​ទម្លាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក​គីម ជុងអ៊ុន​នៅ​រុស្ស៊ី​យ៉ាង​តិច​តួច​បំផុត​។ ប៉ុន្តែ​​យោល​ទៅ​តាមសមាសភាព​ក្រុមប្រតិភូ​អម​ដំណើរ ដែល​មាន​ជាអាទិ៍​ថ្នាក់ដឹកនាំជាន់ខ្ពស់​យោធា និង​រដ្ឋមន្ត្រី​​ក្រសួងការបរទេស ព្រមទាំង​មេបញ្ជាការ​កងទ័ព​ជើងទឹក និង​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​អវកាស​កូរ៉េខាងជើង​ម្នាក់ ផង គេ​អាចកាត់​យល់​និ​ងសន្និដ្ឋាន​បាន​ថា ជំនួប​រវាងលោក​វ្លាឌីមៀរ ពូទីន​និងលោក​គីម ជុងអ៊ុន ជា​ការ​បង្ខិត​ទំនាក់ទំនង​​ការ​ទូតរវាង​ប្រទេស​ទាំងពីរ​ ជាមួយនឹង​​កម្មវត្ថុ​ឈាន​ទៅ​សម្រេចកិច្ចព្រមព្រៀង​សព្វាវុធ​ ព្រមទាំង​បច្ចេកវិទ្យា​នាវា​សង្គ្រាម និង​អវកាស។​ រូប​ភាពថត​នៅ​ស្ថានីយ៍​រថភ្លើង​​ក្រុង​ព្យុងយ៉ាង​​​​មុន​ពេលចេញ​ដំណើរ​​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​ឆ្លើយ​តប​ទាំង​ស្រុង​នឹង​ព័ត៌មាន​ផ្តល់​ដោយ​អាមេរិក​កាលពី​សប្តាហ៍​មុន។

កូរ៉េខាង​ជើង​និង​រុស្ស៊ី​​ក៏​អាច​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​សមយុទ្ធ​ជើងទឹក​រួម​គ្នាទៀត។

តើ​​កូរ៉េខាងជើង​អាច​ផ្តល់​សព្វាវុធ​អ្វី​ខ្លះ​ដល់​រុស្ស៊ី​?  

កាលពីដើម​ខែ​កញ្ញា វ៉ាស៊ីនតោន​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ ព្យុងយ៉ាងបានផ្តល់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់​​រ៉ុកកែត និងមីស៊ីល​សម្រាប់​ឱ្យ​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរប្រើ។ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ម៉ូស្គូ​ចាប់​អារម្មណ៍​និង​ចង់​បាន​ជាពិសេស​ពី​កូរ៉េខាង​ជើង​ នូវ​គ្រាប់​កាំភ្លើង​ធំ​ ព្រោះ​ព្យុងយ៉ាងមាន​​ឃ្លាំង​ស្តុក​គ្រាប់​កាំភ្លើង​ធំ​ផលិត​សម័យ​សហភាព​សូវៀត​ច្រើន​ជាង​គេ​បំផុត​ដែល​អាច​មក​បំពេញ​ស្តុក​រុស្ស៊ី​ ឱ្យ​ប្រសើរ​ឡើងវិញ​បាន។ ដោយហេតុ​សង្គ្រាម​នៅអ៊ុយក្រែន​គ្រាប់​ស្តុកក្នុង​ឃ្លាំង​រុស្ស៊ី​បាន​ថយ​ចុះ​ជា​លំដាប់។

តើ​កូរ៉េខាង​ជើង​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ?

រុស្ស៊ី​​ ដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ និង​ដែល​ធ្លាប់​គាំទ្រ​របប​ព្យុងយ៉ាង​តាំងពីថ្ងៃ​កកើត​​ឡើង​កាលពី​៧៥​ឆ្នាំ ​មាន​គ្រប់​អ្វីៗ​ដែល​កូរ៉េខាង​ជើង​ចង់បាន។

ដោយ​រុស្ស៊ី​គឺ​ជា​ប្រទេស​នាំ​ចេញ​អាហារ ជីរ​កសិកម្ម​និង​ថាមពល ជា​ថ្នូរ​នឹង​ការ​ផ្តល់​អាវុធ​និង​គ្រាប់​រំសេវដល់​ម៉ូស្គូ កូរ៉េខាង​ជើង​ចង់​បាន​ត្រលប់​មក​វិញ​នូវ​ជំនួយ​ស្បៀងអាហារ។ កំពុងស្វះ​​ស្វែងរក​​​​បច្ចេកវិទ្យា​សំខាន់ៗ ចំណេះ​ធ្វើ​និងបង្កើន​សមត្ថភាព​ឧស្សាហកម្ម​អាវុធ​កូរ៉េខាង​ជើង​ក៏​ទំនងឱ្យ​រុស្ស៊ី​ផ្ទេរ​បច្ចេកវិទ្យា​ស្ថាបនា​សាងសង់នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ​​បាន​គូស​បញ្ជាក់​នៅ​ឆ្នាំ​២០២២ថា​​​អ្នកការទូត​កូរ៉េខាងជើង​នៅ​ម៉ូស្គូ​​មាន​តួនាទី​ស្វែង​រក​បច្ចេកវិទ្យា​មីស៊ីលបាលីស្ទិក​និងស្វែង​រក​​ដែកថែប​បី​តោន​សម្រាប់​យក​មក​សម្រេច​កម្មវិធី​សាងសង់​នាវាមុជទឹក។ លើ​វិស័យ​អវកាស​វិញ ដោយ​ហេតុ​តែ​ការ​សាកល្បង​ពីរលើក​ចុងក្រោយ​ត្រូវ​បរាជ័យ​ ព្យុងយ៉ាង​អាចនឹង​ឆ្លៀត​ឱកាសទស្សនកិច្ច​នេះ សុំ​ជំនួយ​ពី​រុស្ស៊ី​ក្នុង​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​របស់​ខ្លួន​ទៅក្នុង​គន្លង​តារាវិថី។

ជា​ចុងក្រោយ​ ​តាម​គន្លង​របស់​ជីតា គីមអ៊ីលស៊ុង ដែល​ចេះ​ប្រើ​ ភាព​ប្រកួត​ប្រជែង​រវាង​ស្តាលីនិងម៉ៅ ​ក្នុង​រុញ​ប្រទេស​ទៅ​មុខ លោក​គីមជុងអ៊ុនក៏​​អាច​ទាញ​ប្រយោជន៍ពី​ជោគជ័យការ​ទូតបង្អួត​ចិន​​បាន​ដែរ ប្រសិន​បើ​រុស្ស៊ី​និង​កូរ៉េខាង​ជើង​អាច​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ​នឹង​គ្នា​មែន​។ តាំងពីសម័យ​​សង្គ្រាម​ត្រជាក់​មក​ កូរ៉េខាង​ជើង​តែង​អនុវត្ត​នយោបាយការទូត​ ម្តង​យោល​ចិនម្តង​​យោល​មកទៅ​ខាង​​សហភាព​សូវៀត។

​​កិច្ច​ព្រមព្រៀង​សព្វាវុធរុស្ស៊ី-​កូរ៉េខាង​ជើង អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​​សង្គ្រាមនៅអ៊ុយក្រែន?

ប្រសិន​បើ​​កិច្ចព្រមព្រៀង​សព្វាវុធ​រុស្ស៊ី​កូរ៉េខាង​ជើង​លេច​ជា​រូបរាងមែន ហើយ​កូរ៉េខាង​ជើង​ចាប់​ដឹក​​អាវុធ​និង​គ្រាប់​ទៅ​ឱ្យ​រុស្ស៊ី​ក៏​ដោយ ក៏រុស្ស៊ី​មិន​អាច​ឡើង​ប្រៀប​ខ្លាំង​លើ​សមរភូមិ​សង្គ្រាម​នៅ​អ៊ុយក្រែន​ឡើយ​ គឺ​បាន​ត្រឹម​ជួយ​បន្តក់​ដង្ហើម​ឱ្យ​រុស្ស៊ី​អាច​បន្ត​ធ្វើ​​សង្គ្រាមបាន​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​​បង្អាប់​ថា​រុស្ស៊ី​ធ្លាក់​ខ្លួន​ទៅ​អង្វរ​សុំ​គ្រាប់​ពីកូរ៉េខាង​ជើង។ ឯ​ការ​លក់​អាវុធ​ទៅ​រុស្ស៊ី ក៏​មិន​អាច​លើក​មុខ​មាត់​​កូរ៉េខាង​ជើង​ឱ្យ​ប្រសើរ​ឡើង​ដែរ​។ ព្យុងយ៉ាង​នឹង​ត្រូវ​បង់​ខាត​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ចំពោះ​ទង្វើ​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​លោក​ចេក ស៊ុយលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​អាមេរិក។

ប៉ុន្តែ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Sejong ប្រសិនបើ​ព្យុងយ៉ាង​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ម៉ូស្គូ​មែន​នោះ ​នោះ​សង្គ្រាម​អ៊ុយក្រែន​ នឹង​​ហានិភ័យអូសបន្លាយយូរ​​ ខ្ពស់​ខ្លាំង​ណាស់។ នៅពេល​រុស្ស៊ី​និង​កូរ៉េខាង​ជើង​ចាប់​ផ្តើម​បញ្ជូន​អាវុធ​និង​គ្រាប់​រំសេវ អន្តរជាតិ​មានទំនួល​ខុស​ត្រូវ​កំណត់​ទីតាំង​ដឹកជញ្ជូន​បាន​ព្រោះ​ព្យុងយ៉ាង​អាច​ដឹកគ្រាប់​កាំភ្លើង​ធំ​ទាំង​នោះ​ទៅ​ឱ្យ​រុស្ស៊ី​តាម​រថភ្លើង។

ម្យ៉ាង​ទៀត​ជា​រង្វាន់​តប​នឹង​ការ​ផ្តល់​ជំនួយ​អាវុធ​ដល់​រុស្ស៊ី កូរ៉េខាង​ជើង​អាច​នឹង​​អភិវឌ្ឍ​នាវាមុជទឹក​នុយក្លេអ៊ែរ និង​ផ្កាយរណប​ចារកម្ម​បាន​យ៉ាង​លឿន​ស្លេវ ហើយ​អាចយក​ឈ្នះ​លើ​ទណ្ឌកម្ម​អន្តរជាតិ​បាន​ទៀត។

​រចនាសម្ព័ន្ធ​សង្គ្រាម​ត្រជាក់ថ្មី​​រវាង​ម្ខាង​ជា​កូរ៉េខាង​ត្បូង-​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ទល់​នឹង​ម្ខាង​ទៀត​ជា​កូរ៉េខាង​ជើង ចិន​និង​រុស្ស៊ី នឹង​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ឡើង បើ​ទោះ​បី​ជា​​ជំនួប​រវាង​លោក​គីមជុងអ៊ុន​និង​លោក​វ្លាឌីមៀរពូទីន​មាន​លទ្ធផល​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រមុខ​សកលវិទ្យាល័យ​សិក្សា​កូរ៉េខាង​ជើង​​នៅក្រុង​សេអ៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ