អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន និង រុស្ស៊ី ប្រឈមមុខគ្នាជាលើកទី​១ នៅ​តុលាការយុត្តិធម៌អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ ទី​១៨​កញ្ញា តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ចាប់ផ្តើម​បើកសវនាកា រហូតដល់ថ្ងៃទី​២៧កញ្ញា នៅក្នុងនីតិវិធីប្តឹងមួយ ដែលអ៊ុយក្រែននិង​រុស្ស៊ី​ប្រឈមមុខដាក់គ្នា។​ ក្នុងសំណុំរឿងនេះ​ រដ្ឋាភិបាល​​អ៊ុយក្រែន បានចោទទៅលើរុស្ស៊ី ថា​បាន​​ប្រើ​ប្រាស់ហេតុផល “ប្រល័យពូជសាសន៍” ដោយ​គ្មានមូលដ្ឋាន​ ដើម្បី​ធ្វើ​ជា​សំអាង​​លើកទ័ព ចូលមក​ឈ្លានពាន វាយ​ប្រហារលើ​អ៊ុយក្រែន​។ នេះ​ជា​លើកទី​១ ​ក្រោយ​​សង្គ្រា​ម​នៅ​អ៊ុយក្រែន​បានផ្ទុះឡើង ដែល​ភាគី​​រុស្ស៊ី និង​អ៊ុយក្រែន ត្រូវ​ធ្វើបទបង្ហាញ​នូវ​អំណះអំណាង​រៀងៗខ្លួន​​ ចំពោះមុខចៅក្រមទាំង​១៥រូប នៅ​តុលាការយុត្តិធម៌អន្តរជាតិ​។

អង្គសវនាការតុលាការយុត្តិធម៌អន្តរជាតិ ICJ-CIJ។ ក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី​៦ មិថុនា ២០២៣
អង្គសវនាការតុលាការយុត្តិធម៌អន្តរជាតិ ICJ-CIJ។ ក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី​៦ មិថុនា ២០២៣ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

ការបកស្រាយ​ពាក្យ “ប្រល័យពូជសាសន៍​” នៅក្នុង​សន្ធិសញ្ញា​១៩៤៨

ដំណើរដើមហេតុ គឺប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​បាន​ចោទថា រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើ “អំពើ​ប្រល័យពូជសាសន៍” ទៅលើប្រជាជន​និយាយភាសារុស្ស៊ី ដែលរស់នៅតំបន់ដុនបាស ​ភាគខាងកើតអ៊ុយក្រែន​។ លោកពូទីន​អះអាងថា គឺដោយ​ហេតុផលនេះហើយ ទើបធ្វើ​ឲ្យរុស្ស៊ី ត្រូវតែ​បង្ខំចិត្ត ​បើក “ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន” នៅថ្ងៃទី​២៤កុម្ភៈ ២០២២​ ដើម្បី​ជួយរំដោះប្រជាជន​ដែលរងគ្រោះ​ ។​

ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើងបាន​២ថ្ងៃ គឺថ្ងៃទី២៦កុម្ភៈ ២០២២ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ដាក់ពាក្យ​ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយបានលើកឡើងថា​ អំណះអំណាងរបស់រុស្ស៊ីដែលចោទថាអ៊ុយក្រែនបានធ្វើអំពើប្រល័យពូជសាសន៍នោះ គឺវាជាការចោទប្រកាន់ ដែលគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់។ ភាគីអ៊ុយក្រែន​ អះអាងថា អំណះអំណាងរបស់រុស្ស៊ី ដើម្បី​ធ្វើជាលេស​​បើកផ្លូវធ្វើសង្គ្រាមឈ្លានពានខ្លួននេះ គឺវាផ្ទុយស្រឡះអំពី​ខ្លឹមសារ ដែលមានចែង​ក្នុង​សន្ធិសញ្ញាអន្តរជាតិ ស្តីពី​អំពើប្រល័យពូជសាសាន៍ ចុះហត្ថលេខានៅឆ្នាំ​១៩៤៨។

សូមបញ្ជាក់ថា​ កាលពី​ខែមីនា២០២២ តុលាការ​យុត្តិធម៌អន្តរជាតិ បាន​ចេញដីកាបឋមមួយ ដោយ​បានបញ្ជា ឲ្យភាគីរុស្ស៊ី ត្រូវតែ​បិទផ្អាកជាបន្ទាន់ នូវ​ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដើម្បីរងចាំការជំនំជំរះចុងក្រោយ ស្តីអំពីការសម្រេច​​ “អំណាចយុត្តាធិការ” របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងនេះ​​។ ចៅក្រុមតុលាការក្រុងឡាអេ លើកឡើងថា ប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី អាចនឹង​ប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់អ៊ុយក្រែន ព្រមទាំងការខូចខាតផ្សេងៗទៀត។ ទោះជាយ៉ាងណា ដីកាបង្គាប់របស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិនេះ មានសុពលភាពតែនៅក្រដាសប៉ុណ្ណោះ​ ព្រោះថាដូចយើងទាំងអស់គ្នាដឹងហើយ ថា​រុស្ស៊ីបានបន្តធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន រហូតមកដល់សព្វថ្ងៃនេះ​។

តើតុលាការយុត្តិធម៌អន្តរជាតិ មានអំណាចយុត្តាធិការដែរឬទេ?

គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ កន្លងមកភាគីរុស្ស៊ីបាន​ប្រកែក​ មិន​បញ្ជូនមនុស្សមកចូលរួមដោយផ្ទាល់ នៅក្នុងនីតិវិធីសួរដេញដោយ​ផ្ទាល់មាត់ នៅមុខចៅក្រមទេ។ ផ្អែកតាមតុលាការក្រុងឡាអេ រុស្ស៊ី បានត្រឹម​តែ​​ផ្ញើលិខិតមួយ​មកប៉ុណ្ណោះ ដោយអះអាងថាគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀបចំឯកសារច្បាប់ និងគ្មានមេធាវីដើម្បីការពារ​។ នៅ​ក្នុងលិខិតនោះ ភាគីរុស្ស៊ីបានអះអាងទៀត​ថា តុលាការយុត្តិធម៌អន្តរជាតិ គ្មានអំណាចយុត្តាធិការ​ កាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះ​ថាករណីអ៊ុយក្រែន គឺវាមិនចូលទៅក្នុង​ សន្ធិសញ្ញាស្តីពី​អំពើប្រល័យពូជសាសន៍ ចុះឆ្នាំ​១៩៤៨ទេ។

សវនាកាបើកនៅថ្ងៃចន្ទ ទី១៨កញ្ញានេះ វាជាលើកទី១ហើយ ដែល​រុស្ស៊ីបានបញ្ជូនក្រុមអ្នកច្បាប់ ឲ្យ​មកតំណាង និងចូលរួមដោយ​ផ្ទាល់។ តាមការគ្រោងទុក ថ្ងៃទី​១៨កញ្ញា គឺចៅក្រមទាំង​១៥រូប នឹងស្តាប់អំណះអំណាងរបស់ភាគីរុស្ស៊ី។ ហើយថ្ងៃទី​១៩ គឺដល់វេនដើមចោទ គឺភាគីអ៊ុយក្រែន ដែលនឹងត្រូវធ្វើអំណះអំណាង។ បន្ថែមពីនេះ នៅថ្ងៃពុធ ទី​២០កញ្ញា ចៅក្រមទាំង​១៥រូប នៃតុលាការយុត្តិធម៌អន្តរជាតិ នឹងស្តាប់អំណះអំណាងរបស់តំណាងប្រទេសចំនួន​ ៣២ប្រទេស ដែលនឹងមកផ្តល់សក្ខីកម្ម ការពារអ៊ុយក្រែន ដែលជាប្រទេសរងគ្រោះដោយ​ការឈ្លានពានរបស់រុស្ស៊ី​។

សូមបញ្ជាក់ថា អង្គសវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី​២៧កញ្ញា មុននឹងចៅក្រមសម្រេចសេចក្តី ថាតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ មានអំណាចយុត្តាធិការ​ ឬក៏គ្មាន ដើម្បីជំនំជំរះ លើពាក្យបណ្តឹងនេះ​​របស់អ៊ុយក្រែន​។ សេចក្តីសម្រេច ដែលអាចនឹងត្រូវការពេល​ច្រើនខែបន្ថែមទៀត។ គួរបញ្ជាក់ដែរថា ក្រៅពីសំណុំរឿងនេះ តុលាការយុត្តិធម៌អន្តរជាតិ ត្រូវជំនំជំរះលើសំណុំរឿងផ្សេងទៀត ជាក់ស្តែងសំណុំរឿង​ដែលអ៊ុយក្រែនចោទរុស្ស៊ី ថាបាន​ផ្គត់ផ្គង់ថវិកានិងអាវុធ ដល់ក្រុមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបំពានទៅនឹង​សន្ធិសញ្ញាអន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ហិរញ្ញវត្ថុ​ក្រុមភេរវនិយម។

ការ​ប្រយុទ្ធស្វិតស្វាញទាំងផ្លូវច្បាប់ និងនៅសមរភូមិ

ក្នុងអំឡុងពេលដែល ក្រុមអ្នកច្បាប់រុស្ស៊ី និងអ៊ុយក្រែន​​ត្រូវប្រយុទ្ធ​​តទល់គ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ នៅឯសមរភូមិប្រយុទ្ធឯណោះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី​ក៏នៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញដែរ។ ប្រតិបត្តិការវាយបក ដណ្តើមយកទឹកដីមកវិញ ដែលអ៊ុយក្រែនបានចាប់ផ្តើមធ្វើជាច្រើនខែមកហើយនោះ បានដំណើរការទៅយ៉ាងយឺតយ៉ាវ និងបានលទ្ធផល​ស្តួចស្តើងបំផុត។ យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី​១៨កញ្ញានេះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា គេទើបតែបាន​រំដោះបាន​ទឹកដី​ប្រមាណ​ ៧គីឡូម៉ែត្រក្រឡាបន្ថែមទៀត នៅចំណុច Klichtchiïvka ក្បែរតំបន់ Bakhmout។

លោក​វ្លូដីមៀរ ហ្សេឡេនស្គី បានថ្លែងសារតាមវីដេអូ នៅយប់ថ្ងៃអាទិត្យទី​១៧កញ្ញា អបអរសាទរ និងកោតសរសើរចំពោះវីរភាពកងទ័ពអ៊ុយក្រែន ដែល​តស៊ូប្រយុទ្ធដណ្តើមកយកវិញនូវទឹកដី​។ អ្នកនាំពាក្យ​កងកម្លាំងអ៊ុយក្រែន​​នៅសមរភូមិខាងកើត បាន​អះអាងថា កងទ័ពអ៊ុយក្រែនកំពុងព្យាយាមដណ្តើមដែនដី ដើម្បី​កាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមផ្លូវដែក របស់កងទ័ពរុស្ស៊ី​។

ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សាយ​កាលពីថ្ងៃអាទិត្យ លោក Mark Milley អគ្គ​មេបញ្ជាការ​កងទ័ពអាមេរិក បានទទួលស្កាល់ថា ប្រតិបត្តិការដណ្តើ​មយកទឹកដីវិញរបស់អ៊ុយក្រែន គឺជួបឧបសគ្គច្រើន ដែលត្រូវចំណាយពេលយូរ តែយ៉ាងណាប្រតិបត្តិការនេះមិនបានបរាជ័យទេ។ ដូចគ្នាដែរ លោក Jen Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានថ្លែងតាមបណ្តាញព័ត៌មានអាល្លឺម៉ង់ Funke ថាសង្គ្រាមអ៊ុយក្រែន នឹង​អូសបន្លាយពេល​យូរទៅមុខទៀត​។

គួរបញ្ជាក់ដែរថា លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូដីមៀរ ហ្សេឡេនស្គី នឹងធ្វើដំណើរទៅជួបថ្នាក់ដឹកនាំអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅ​ថ្ងៃព្រហស្បតិ៍ទី២១​កញ្ញា​។ ជាដំណើរទៅស្របពេលដែលសភាខុសហ្ក្រេសអាមេរិក កំពុងត្រៀម​បោះឆ្នោត ​ផ្តល់កញ្ចប់ថវិកាជំនួយថ្មីមកឲ្យអ៊ុយក្រែន​ ដែល​មានទឹកប្រាក់​​ប្រមាណ​២៤ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ